The Phnom Penh Post Search

Search form

ពលរដ្ឋ​តវ៉ា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​សាឡង់​បូម​ខ្សាច់​ខុស​ច្បាប់

ពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​សាលា​ស្រុក​ឲ្យ​ចូលរួម​ទប់ស្កាត់​បទល្មើស។
ពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​សាលា​ស្រុក​ឲ្យ​ចូលរួម​ទប់ស្កាត់​បទល្មើស។ រូបថត សហការី

ពលរដ្ឋ​តវ៉ា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​សាឡង់​បូម​ខ្សាច់​ខុស​ច្បាប់

កោះកុងៈ សកម្មជន​មាតា​ធម្មជាតិ និង​ប្រជាសហគមន៍​ជិត​ ១០០ ​នាក់​កាលពី​ម្សិលមិញ​បាន​នាំ​គ្នា​តវ៉ា​លើក​បដា​នៅ​មុខ​សាលាស្រុក​បទុមសាគរ​ ខេត្ត​កោះកុង​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​បណ្តេញ​សាឡង់​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​ពីរ​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​នៅ​ព្រែក​អណ្តូងទឹក​។

លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក អន ភារៈ អភិបាល​ស្រុក​បុទុមសាគរ​បាន​អញ្ជើញ​តំណាង​ក្រុម​មាតា​ធម្មជាតិ​ចំនួន​ ៥ ​នាក់​​ឲ្យ​ចូលរួម​ពិភាក្សា​លើ​បញ្ហា​តវ៉ា​បណ្តេញ​សាឡង់​បូម​ខ្សាច់​នៅ​ព្រែក​អណ្តូងទឹក​តែ​ពួកគេ​បាន​បដិសេធ​ហើយ​ក៏​បាន​នាំ​​គ្នា​ជិត​ ១០០ ​នាក់​មក​តវ៉ា​នៅ​សាលា​ស្រុក​វិញ​ដោយ​បាន​លើក​បដា​ និង​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​ចេញ​មុខ​អន្តរាគមន៍​បញ្ឈប់​សាឡង់​ក្រុមហ៊ុន​វៀតណាម​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ International Rainbow និង​ Direct Access ​ដែល​មាន​សាឡង់​បូម​ និង​ដឹកជញ្ជូន​ជិត​ ១០០ ​គ្រឿង​ធ្វើ​សកម្មភាព​បូម​ជា​រៀងរាល់​ថ្ងៃ។

យុវជន​ សាន់ ម៉ាឡា សកម្មជន​អង្គការ​មាតា​ធម្មជាតិ​បាន​ឲ្យ​ដឹងថា​សកម្មជន​ ៥ ​នាក់​បដិសេធ​មិន​ចូលរួម​ពិភាក្សា​​ជាមួយ​អាជ្ញាធរ​នោះ​ទេ​ព្រោះ​បញ្ហា​មិនមែន​ជា​របស់​សកម្មជន​នោះ​ទេ​គឺ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​រង​ផល​ប៉ះពាល់​ទាំង​មូល​ចង់​ឲ្យ​អាជ្ញាធរ​ចូលរួម​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​ទោះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក៏ដោយ​គឺ​វា​ប៉ះពាល់​ដល់​បរិស្ថាន។

យុវជន​រូប​នោះ​ថា៖ «យើង​ចេញ​សកម្មភាព​បណ្តេញ​ដោយ​ផ្ទាល់​គ្មាន​ការ​ចូលរួម​របស់​អាជ្ញាធរ​គឺ​ពួកគេ​ឈប់​តែ​មួយ​ភ្លេត​ទេ​ស្អែក​ឡើង​មាន​សកម្មភាព​នៅ​ដដែល​អ៊ីចឹង​យើង​ទាំងអស់​គ្នា​មក​តវ៉ា​នៅ​សាលា​ស្រុក​ឲ្យ​ចេញ​មុខ​ជាមួយ​ពួក​យើង​»។

នេះ​ជា​ថ្ងៃ​ទី​ ៤ ​ហើយ​ដែល​ក្រុម​យុវជន​ និង​សហគមន៍​នាំ​គ្នា​រៀបចំ​ជា​យុទ្ធនាការ​បណ្តេញ​សាឡង់​បូម​ខ្សាច់​ពី​ព្រែក​អណ្តូង​។​ពួកគេ​នឹង​បន្ត​សកម្មភាព​ដរាប​ក្រុមហ៊ុន​ទាំងនោះ​បញ្ឈប់​សកម្មភាព​បូមខ្សាច់​ដែល​នាំឲ្យ​បាក់​ច្រាំង​ ទឹក​កខ្វក់​​ និង​ប៉ះពាល់​ជីវៈ​ចម្រុះ​។

លោក​ អន ភារៈ អភិបាល​ស្រុក​បទុមសាគរ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​តវ៉ា​ថា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​ក្នុង​ទីតាំង​ដែល​បាន​កំណត់​ហើយ​ការ​តវ៉ា​នឹង​បណ្តេញ​សាឡង់​ដោយ​ខ្លួនឯង​ពី​សំណាក់​យុវជន​ និង​សហគមន៍​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុមហ៊ុន​៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។