
ភ្នំពេញៈ ប្រជាពលរដ្ឋ៨នាក់ នៅក្នុងសហគមន៍ថ្មគោល ក្នុងសង្កាត់ចោមចៅ ដែលប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋាន ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនរហូតដល់យប់ទើបដោះលែង ខណៈពួកគេឡើងបាញ់ថ្នាំជាពាក្យ SOS និងបិទរូបលោក អូបាម៉ា នៅលើដំបូលផ្ទះជាប់នឹងរបងព្រលានយន្តហោះពីព្រឹកម្សិលមិញ ដើម្បីរកជំនួយលើសិទ្ធិតាំងលំនៅដ្ឋាន។
អ្នកស្រី ឡេង វី អ្នកភូមិក្នុងសហគមន៍នេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ប្តីគាត់ អ៊ុន សុខនីត្រូវអាជ្ញាធរខណ្ឌ ចាប់ខ្លួននៅម៉ោង៨:៤៥នាទីព្រឹក បន្ទាប់ពីបានឡើងបាញ់ថ្នាំជាពាក្យ SOS នៅលើដំបូលផ្ទះ។ អ្នកស្រីបន្តថា៖ «អាជ្ញាធរជាង២០នាក់ រាប់ទាំងនគរបាល កងរាជអាវុធហត្ថនិងយោធា បានមកផ្តុំនៅមុខផ្ទះខ្ញុំ ហើយសួរខ្ញុំថាតើ អ្នកណាបាញ់ពាក្យនេះ។ ពេលនោះ ប្តីខ្ញុំប្រាប់គេត្រង់ថា គាត់ជាអ្នកបាញ់! ពួកគេក៏ចាប់ខ្លួនគាត់ ហើយនាំទៅអធិការដ្ឋានប៉ូលិសខណ្ឌទៅ»។
អ្នកស្រីបន្តថា៖ «យើងមិនបានធ្វើអ្វីខុសទេ។ យើងគ្រាន់តែបាញ់ថ្នាំពាក្យ SOS ដើម្បីសុំសហគមន៍អន្តរជាតិ និងប្រធានាធិបតីនៃប្រទេសមានអំណាចឲ្យជួយយើងពីការបណ្តេញ ចេញ»។
លោក សូន ឌីរ៉ាត អាយុ ២៨ ឆ្នាំ អ្នកភូមិម្នាក់ដែរបានឲ្យដឹងថា ពីរសៀលថ្ងៃពុធ អាជ្ញាធរបានមកប្រាប់និងព្រមានចាប់ខ្លួនអ្នកភូមិ បើសិននៅតែយករូបលោក អូបាម៉ា និងមិនលុបអក្សរ SOS ចេញពីលើដំបូលផ្ទះទេនោះ»។
គាត់បន្ថែមថា៖ «ដោយអាជ្ញាធរបានហាមប្រាមរួចហើយ ពួកគេបានមកម្តងទៀត ហើយចាប់ខ្លួនមនុស្សប្រាំបីនាក់ទៅអធិការដ្ឋានខណ្ឌព្រឹកមិញ ។ ខ្ញុំឃើញហើយ ខ្ញុំភ័យខ្លាំងណាស់ ក៏ប្រញាប់យករូបលោកប្រធានាធិបតី អូបាម៉ា ចេញហើយលុបពាក្យSOSចេញពីដំបូលផ្ទះ»។
នៅអធិការដ្ឋានប៉ូលិសខណ្ឌ ក្មេងស្រីអាយុ១០ឆ្នាំ ឈ្មោះ ផល ស្រីផូ ឈរបីប្អូនប្រុសអាយុ ១៨ ខែនៅចិញ្ចើមផ្លូវមុខអធិការដ្ឋាន រង់ចាំម្តាយគឺអ្នកស្រី ភួង សុភាព ជាអ្នកភូមិម្នាក់ ក្នុងចំណោម ៨ នាក់ ដែលត្រូវបានចាប់ខ្លួន។
ក្មេងតូចនេះនិយាយថា ៖ «ប្អូនប្រុសខ្ញុំយំតាមម៉ែខ្ញុំព្រោះវាឃ្លាន។ ប៉ុន្តែ ប៉ូលិសមិនឲ្យខ្ញុំនាំវាទៅជួបម៉ែខ្ញុំទេ»។ ក្មេងស្រីថា៖ «ឪពុកម្តាយខ្ញុំពីមុនរស់នៅបុរីកីឡា យើងទើបតែមករស់នៅទីនេះបានជាង១ឆ្នាំ។ ខ្ញុំមិនដឹងថា ហេតុអីប៉ូលិសចាប់ខ្លួនម្តាយខ្ញុំទេ»។
លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា មនុស្សទាំងនោះបានធ្វើសកម្មភាពប្រឆាំងនឹងមន្រ្តីសាធារណៈ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។
លោកបន្តថា ៖ «ដោយសារចំណេះដឹងតិចតួច ពួកគេជឿលើជនបរទេសដែលមកញុះញង់ឲ្យធ្វើខុសនិងបង្កភាពអត់ សណ្តាប់ធ្នាប់។ ប៉ុន្តែ យើងមិនចង់ចោទប្រកាន់ឬផ្តន្ទាទោសពួកគេទេ។ ឥឡូវនេះ យើងកំពុងរៀបចំកិច្ចសន្យាឲ្យពួកគេផ្តិតមេដៃឈប់បន្តធ្វើបែ បនេះទៀត»។
លោក អំ សំអាត មន្ត្រីថ្នាក់ខ្ពស់អង្គការលីកាដូ អះអាងថា អ្នកទាំង៨នាក់ត្រូវបានដោះលែងនៅម៉ោង៧យប់មិញអស់ហើយដោយពុំមានការចោទប្រកាន់អ្វីទាំងអស់ គឺបន្ទាប់ពីអ្នកស្រីប្រធានអង្គការលីកាដូ ពុង ឈីវកេក បានចេញមុខទៅធានា។
ការចាប់ខ្លួនប្រជាសហគមន៍ស្វែងរកអន្តរាគមន៍បញ្ចៀសការបណ្តេញ ចេញពីលំនៅដ្ឋាន ៨នាក់នេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍បន្តបន្ទាប់ និងហៅករណីនេះថាជាការរំលោភសិទ្ធិមនុស្សថ្មីមួយពីអាជ្ញាធរ កម្ពុជា។
សេចក្តីថ្លែងការណ៍ពីអង្គការអាដហុកកត់សម្គាល់ថា៖«សកម្មជន ក្នុងសហគមន៍គ្មានពិរុទ្ធលើបទល្មើសអ្វីឡើយ ក្រៅពីអនុវត្តសិទិ្ធស្របច្បាប់ ក្នុងការបញ្ចេញមតិ ហើយថា ការចាប់ខ្លួននិងការឃុំខ្លួនសកម្មជនទាំងនេះ គឺជាឧទាហរណ៍ថ្មីមួយនៃការរំលោភសិទិ្ធមនុស្សពីអាជ្ញាធរ កម្ពុជា»។
សម្ព័ន្ធអង្គការសិទិ្ធមនុស្សចំនួន ៦ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការចាប់ខ្លួននេះដែរ។ លោកស្រី ណាលី ពីឡូក នាយកអង្គការលីកាដូ បានថ្លែងថា ៖ «អាជ្ញាធរកម្ពុជាកំពុងព្យាយាមបង្ក្រាបការតវ៉ានៅមុន កិច្ចប្រជុំកំពូលអាស៊ាន។ វាហាក់ដូចជា ពួកគេមានឆន្ទៈធ្វើអ្វីៗ ដើម្បីសម្រេចតែកិច្ចការមួយនេះ បើទោះជាត្រូវចាប់ខ្លួនប្រជាសហគមន៍ ដែលប្រើមធ្យោបាយដោយសន្តិវិធីក៏ដោយ»។
លោក អៀង វុទ្ធី នៃអង្គការសមធម៌កម្ពុជាបានមានប្រសាសន៍ថា ពួកគេគ្រាន់តែផ្សព្វផ្សាយការពិត ដែលត្រូវអាជ្ញាធរបណ្តេញចេញដោយខុសច្បាប់។ ប៉ុន្តែទង្វើទាំង នោះមិនមែនជាអ្វីដែលរដ្ឋាភិបាលកម្ពុជាចង់ឲ្យឥស្សរជនដែល ធ្វើដំណើរមកប្រជុំកំពូលអាស៊ានបានមើលឃើញឡើយ»៕
រាយការណ៍បន្ថែម Shane Worrell