The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ទាំង​ភូមិ​នៅ​ភូមិ​ស្រែ​គបន្ត​និយាយ​ភាសា​ឡាវ

ពលរដ្ឋ​ទាំង​ភូមិ​នៅ​ភូមិ​ស្រែ​គបន្ត​និយាយ​ភាសា​ឡាវ

ពលរដ្ឋ​ទាំង​ភូមិ​នៅ​ភូមិ​ស្រែ​គបន្ត​និយាយ​ភាសា​ឡាវ

130408_06
ចាន់ ភក្តី (ឆ្វេង) អាយុ ២២ ឆ្នាំ និងមិត្តភក្ដិ កំពុងអង្គុយនៅសាលាឆទាននាមាត់ទន្លេសេសាន ម៉ៃ វីរៈ

ស្ទឹងត្រែងៈ នៅ​ច្រាំង​ទន្លេ​សេសាន បុរស​វ័យ​ក្មេង​កម្ពុជា​មួយ​ក្រុម​កំពុង​ជជែក​គ្នា អំពី​ការ​​ហែល​ទឹក ការ​នេសាទ និង​ភាគ​ច្រើន គឺ​បញ្ហា​ស្ត្រី​។ ប៉ុន្តែ​ភាសា​ដែល​ពួក​គេ​និយាយ​គ្នា​មាន​លក្ខណ​ពិសេស​គួរ​ឲ្យ​ភ្ញាក់​ ផ្អើល​ព្រោះ​ពួក​គេ​និយាយ​ភាសា ​ដែល​មនុស្ស​ជា​ច្រើន នៅ​ទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ពុំ​អាច​យល់​បាន។

ប្រជាជន វ័យ​ក្មេង​ទាំង​នេះ ​រស់​នៅ​ភូមិ​ដាច់​ស្រយាល ដែល​ប្រជាជន​កម្ពុជា​គ្រប់គ្នា គឺ​ចាប់​ពី​មនុស្ស​វ័យ​ចាស់ រហូត​ដល់​កុមារ​តូចៗ និយាយ​ភាសា​ឡាវ បើ​ទោះ​បី​ជា​ពួក​គេ​ខ្លះ​ មិន​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​និយាយ​ភាសា​ឡាវ​នេះ​ក៏​ដោយ។​

លោក ចាន់ ភក្តី អាយុ ២២ ឆ្នាំ បាន​ថ្លែង​ថា៖ «​ឡាវ​ជា​ភាសា​ទី ១ របស់​ខ្ញុំ។ យើង​ភាគ​ច្រើន ​និយាយ​ភាសា​ឡាវ​ក្នុង​ភូមិ​នេះ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ភាសា​ខ្មែរ​បាន​ផង​ដែរ»។

លោក ភក្តី និង​មិត្ត​ភក្តិ​មក​ពីភូមិ​ស្រែគ ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បាន​ចាត់​ទុក​ខ្លួន​ពួក​គេ​ថា ជា​ជន​កម្ពុជា ប៉ុន្តែ​ពួក​គេ បាន​ធំ​ដឹង​ក្តី ដោយ​និយាយ​ភាសា​ឡាវ។ ពួក​គេ​បាន​និយាយ​ភាសា​ឡាវ​សម្រាប់​ជីវ​ភាព​ប្រចាំ​ថ្ងៃ បើ​ទោះ​បី​ជា​វា​មិន​មែន​ជា​ភាសា​ ដែល​ពួក​គេ​ចេះ​សរសេរ ហើយ​មិន​ដែល​បាន​រៀន​នៅ​ឯ​សាលា​ក៏​ដោយ។

លោក​ភក្តី ​និយាយ​ថា​៖«ខ្ញុំ មិន​ដឹង​ទេ​ថា តើ​ជីតា​ខ្ញុំ​ ជា​ជនជាតិ​ឡាវ ឬ​កម្ពុជា? យុវ​ជន​ជា​ច្រើន​នាក់​នៅ​ទី​នេះ ភាន់​ច្រឡំ​អំពី​ចំណុច​នេះប៉ុន្តែ​ខ្ញុំ​ច្បាស់​ជា​កំណត់​ខ្លួន​ឯង​ថា ជា​ជន​កម្ពុជា»។

មិត្តភក្តិ​របស់​លោក ភក្តី​ ក៏​គិត​បែប​នោះ​ដែរ ​ ហើយ​គាត់​បាន​ចែក​រំលែក​រឿង​រ៉ាវ​អំពី​ការ​ធំ​ដឹង​ក្តី ដោយ​ប្រើប្រាស់​ភាសា​របស់​ប្រទេស​ជិត​ខាង​កម្ពុជា ដែល​ធ្វើ​ដំណើរ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ពី​កម្ពុជា។

លោក ភក្តី បាន​លើក​ឡើង​ថា៖ «​យើង​មិន​ស្គាល់​អ្នក​ណា​ម្នាក់​ ​នៅ​ប្រទេស​ឡាវ​ទេ ដូច្នេះ​យើង​មិន​ដឹង​ថា តើ​ភាសា​ឡាវ​យើង​និយាយ​ក្នុង​ភូមិ ​ខុស​គ្នា​យ៉ាង​ដូច​ម្តេច ពី​ភាសា​ឡាវ​ ដែល​និយាយ​នៅ​ក្នុង​ប្រទេស​ឡាវ​នោះ​ទេ»។

យោង​តាម​លោក សួយ ហ្វរ ​នាយក​សាលា​បឋម​សិក្សា​ស្រែគ ប្រជាជន​មួយ​រយ​ភាគ​រយ​ ក្នុង​ភូមិ​នេះ និយាយ​ភាសា​ឡាវ​ជា​ភាសា​ទី ១។ លោក ហ្វរ បាន​បន្ថែម​ថា ក្មេង​នៅ​ក្នុង​ភូមិ​នេះ ​មិន​ចេះ​ពាក្យ​ខ្មែរ​សូម្បី​តែ​មួយ​ម៉ាត់​ឡើយ មុន​ពេល​ពួក​គេ​ទៅ​សាលារៀន។

លោក​បាន​បញ្ជាក់​ថា៖ «វា​ពិបាក​ ក្នុង​ការ​អប់រំ​ក្មេង​ថ្នាក់​ទី ១ ណាស់ ពី​ព្រោះ​ពួក​គេ​មិន​ចេះ​​និយាយ​ភាសា​ខ្មែរ និយាយ​តែ​ភាសា​ឡាវ​»។ លោក​បាន​បន្ថែម​ថា ភាសា​ឡាវ ពុំ​ស្ថិត​នៅ​ក្នុង​កម្មវិធី​សិក្សា​ទេ ហើយ​គ្រូ​មក​ពី​ឆ្ងាយ មិន​អាច​​ធ្វើ​ឲ្យ​សិស្ស​តូចៗ ចូល​រួម​ក្នុង​សកម្ម​ភាព​សិក្សា​បាន​ឡើយ។ លោក​បាន​បន្ថែម​ថា៖ «​ពួកគេ​ព្យាយាម​ប្រាប់​ពាក្យ​ដូច​ជា «ចេក» ​ហើយ​ពួកគេ ​មិន​ដឹង​ថា​ តើ​ពាក្យ​ចេក បក​ប្រែ​ជា​ភាសា​ឡាវ​ជា​អ្វី​នោះ​ទេ ដូច្នេះ ក្មេង​មិន​ស្គាល់​វត្ថុ ដែល​ពាក្យ​ខ្មែរ​សំដៅ​លើ​ទេ​។ គ្រូ​ត្រូវ​ការ​ចេក​ពិត​​ ប៉ុន្តែ​ពួក​គេ​គ្មាន​ចេក​ពិត​ទេ​»។

ខេត្ត ស្ទឹងត្រែង មាន​ព្រំ​ដែន​ជាប់​​ប្រទេស​ឡាវ ហើយ​បើ​ទោះ​បី​ជា​ខេត្ត​នេះ ធ្លាប់​ជា​ផ្នែក​នៃ​អាណាចក្រ​ខ្មែរ​ក៏​ដោយ ក៏​ប៉ុន្តែ​ខេត្ត​នេះ ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ស្តេច​ឡាវ​ កាល​ពី​ដើម​សតវត្សរ៍​មុន​។ មាន​ការ​ប៉ាន់​ប្រមាណ​ថា ជន​ជាតិ​ឡាវ​ជាង ១០០០០ នាក់​ កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នក​ខ្លះ ក្នុង​ភូមិ​​ស្រែគ ​បាន​កំណត់​ខ្លួន​ឯង​ថា ​ជា​ជន​កម្ពុជា ពី​ព្រោះ​ពួកគេ​ មិន​បាន​ដឹង​ច្បាស់​អំពី​ប្រវត្តិ​គ្រួសារ​របស់​ពួក​គេ​ទេ។

យោង​តាម​ ការ​សិក្សា​ថ្មីៗ​នេះ ដោយ​អង្គ​ការ​វេទិកា​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ ស្តីពី​កម្ពុជា ​លើ​តំបន់​ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​រតនគិរី​ ដែល​នឹង​ត្រូវ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទំបន់​វារីអគ្គិសនី​សេសាន​ក្រោម ២ ​នោះ​ វត្ត​មាន​របស់​ជន​ជាតិ​ឡាវ និង​ភាសា​ឡាវ បាន​រីកសាយ​​ហួស​ពី​ភូមិ​ស្រែគ​ទៅ​ទៀត។

របាយការណ៍​បាន​លើក​ឡើង​ថា៖ «​ឡាវ​ជា​ភាសា​ពេញ​និយម​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ បើ​ទោះ​បី​ជា​ប្រជាជន​ភាគ​ច្រើន ក្នុង​តំបន់​បាន​សិក្សា​ គឺ​ជា​ខ្មែរ​ក៏​ដោយ»។ ​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាជន​ភាគ​ច្រើន​ ដែល​បាន​ស្ទង់​មតិ​ ក្នុង​ឃុំ​ស្រែគ​ បាន​កំណត់​ខ្លួន​គេ​ថា​ ជា​ជន​ជាតិ​ឡាវ។

មនុស្ស​ចាស់​ក្នុង​ភូមិ​ជា​ច្រើន​នៅ​ស្រុក​សេសាន អាច​យល់​ភាសា​ខ្មែរ​បាន​ខ្លះ​ ប៉ុន្តែ​មិន​បាន​ច្រើន​ទេ ហើយ​ពួក​គេ​ មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ក្មេង​ជំទង់ ឬ​កុមារ​ អាច​យល់​ភាសា​ខ្មែរ​បាន​ច្រើន ប៉ុន្តែ ពួក​គេ​ប្រើ​ភាសា​ឡាវ ឬ​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​ សម្រាប់​ធ្វើ​ការ​ទាក់​ទង​ប្រចាំ​ថ្ងៃ​ក្នុង​ភូមិ​របស់​ពួកគេ​។

អ្នក​ស្រី ហេដ ម៉ាតា អាយុ ៣១ ឆ្នាំ ដែល​ធំ​ដឹង​ក្តី នៅ​ភូមិ​ស្រែគ និយាយ​ភាសា​ឡាវ បាន​ចំណាយ​ពេល​តែ ៦ ឆ្នាំ​គត់​ សិក្សា​នៅ​សាលា​បឋម​សិក្សា​ខ្មែរ មុន​ពេល​បោះ​បង់​ការ​សិក្សា ដោយ​សារ​តែ​ក្នុង​ភូមិ គ្មាន​គ្រូ​សម្រាប់​ថ្នាក់​អនុវិទ្យាល័យ​។ អ្នក​ស្រី​បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​ចង់​បន្ត​ការ​សិក្សា ប៉ុន្តែ​គ្មាន​គ្រូ​មក​យក​ថ្នាក់​យើង​ទេ។ សិស្ស​រង់​ចាំ​ ២ ឆ្នាំ ប៉ុន្តែ​គ្មាន​អ្វី​សោះ ដូច្នេះ យើង​សម្រេច​ចិត្ត​រៀប​ការ​»។ អ្នក​​ស្រី​បាន​បន្ថែម​ថា ឥឡូវ​នេះ អ្នក​ស្រី និយាយ​​ខ្មែរ​តែ​ក្នុង​ឱកាស​ពិសេ​ស​ប៉ុណ្ណោះ ពេល​មាន​ភ្ញៀវ​ចុះ​មក​។ អ្នក​ស្រីបាន​ឲ្យ​ដឹង​ថា​៖«​យើង​ចេះ​សរ​សេរ​ និង​និយាយ​ខ្មែរ ប៉ុន្តែ​រៀង​រាល់​ថ្ងៃ​ យើង​និយាយ​ភាសា​ឡាវ»។

លោកស្រី​ យឹម ចាន់ស្រី ប្រធាន​នាយក​ដ្ឋាន​អប់រំ​ថ្នាក់​មតេ្តយ្យ នៅ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​ថ្លែង​ថា ​រដ្ឋាភិបាល​ បាន​ផ្តោត​លើ​ការ​លើក​កម្ពស់​ស្ថានភាព​របស់​សិស្ស​ក្មេង​ៗ​ នៅ​តំបន់​ស្រែ​គ រាប់​ទាំង​ជួល​អ្នក​បក​ប្រែ​ថែម​ទៀត​ក្នុង​ថ្នាក់​រៀន។ លោក​ស្រី​បាន​បន្ថែម​ថា៖​«យើង​ព្យាយាម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រៀន​ភាសា​ ខ្មែរ តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ដូច្នេះ ពួកគេ​អាច​ឡើង​ទៅ​សាលា​បឋម​សិក្សា​ វិទ្យាល័យ និង​សាកល​វិទ្យាល័យ។ នៅ​សាកល​​វិទ្យាល័យ​ ពួក​គេ​អាច​បន្ត​សិក្សា​ភាសា​ឡាវ ប្រសិន​បើ​ពួក​គេ​ចង់​រៀន»។

ខណៈ​ដែល​មិត្ត​ភក្តិ​របស់​លោក ភក្តី  ពុំ​អាច​ពន្យល់​បាន​ថា​ តើ​មូល​ហេតុ​អ្វី​ បាន​ជា​អ្នក​ជំនាន់​​ក្រោយ​និយាយ​តែ​ភាសា​ឡាវ លោក ឡន យឿន ​អាយុ ៥៣ ឆ្នាំ បាន​ដឹង​អំពី​ការ​ពិត​ថា គ្រួសារ​របស់​លោក មាន​ប្រភព​ពី​ខាង​ជើង។ ខណៈ​ពេល​កំពុង​លម្ហែកាយ នៅ​ហាង​កាហ្វេ​​នា​ច្រាំង​ទន្លេ​សេសាន អ្នក​នេសាទ​ម្នាក់​នេះ​បាន​ថ្លែង​ថា៖ «​ជីតា​ទួត​របស់​ខ្ញុំ​គឺ​ជន​ជាតិ​ឡាវ​»​។

លោក​ឡន យឿន ​បន្ត​ថា​៖«​ពួក​គេ​ចេះ​អាន និង​សរ​សេរ​ភាសា​ឡាវ។ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​ តើ​ពេល​ណា​ពួក​គេ​មក​ទី​នេះ​ទេ​។ ​ពួក​គេ​ជា​អ្នក​នេសាទ​»។ លោក យឿន ចេះ​និយាយ​ភាសា​ខ្មែរ ប៉ុន្តែ​លោក​និយាយ​ភាសា​ឡាវ​ស្ទាត់​ជាង។​ លោក​ឲ្យ​ដឹង​ថា​៖«​ពេល​ខ្ញុំ​អាយុ ៣២ ឆ្នាំ​ ខ្ញុំ​ទៅ​ព្រំ​ដែន​ឡាវ។ ខ្ញុំ​គ្មាន​បញ្ហា​ទំនាក់​ទំនង​ជាមួយ​ពួក​គេ​ទេ​។ ​ពេល​ខ្លះ ខ្ញុំ​ពិបាក​យល់​មនុស្ស​មក​ពី​ឡាវ។ យើង​និយាយ​ខុស​គ្នា។ ប៉ុន្តែ​មនុស្ស​ទី​នោះ​ ​តែង​តែ​ដឹង​ថា​ តើ​ខ្ញុំ​កំពុង​និយាយ​អំពី​អ្វី»៕ TK

អត្ថបទគួរចាប់អារម្មណ៍