សៀមរាបៈ ពលរដ្ឋជិត៦០គ្រួសារមកពី២ភូមិក្នុងឃុំដូនកែវ ស្រុកថ្មពួក ខេត្តសៀមរាបបាននាំគ្នាផ្តិតមេដៃដាក់ការតវ៉ាទៅអាជ្ញាធរអប្សរាទាមទារសំណងថ្លៃការឈូសដីធ្វើប្រឡាយ បញ្ចៀសទឹកជំនន់ចូលទីរួមខេត្ត ប៉ះពាល់លើដីស្រែរបស់ពួកគេ ប៉ុន្តែខាងអាជ្ញាធរអប្សរាថា ដីដែលជីកជាប្រឡាយនោះជាដីរបស់រដ្ឋ។
លោក ទឹម ពន្លក ជាតំណាងពលរដ្ឋបានឲ្យដឹង កាលពីម្សិលមិញថា អ្នក ភូមិ៥៨គ្រួសារបានសម្រេចចិត្តផ្តិត មេដៃដាក់ស្នើទៅអាជ្ញាធរអប្សរាឲ្យផ្តល់សំណងខ្ពស់ជាងអ្វី ដែលអាជ្ញាធរអប្សរាបានផ្តល់ជូនពួកគាត់ ក្នុងការដែលអាជ្ញាធរនេះបានឈូសឆាយដីធ្វើប្រឡាយប៉ះចំដីស្រែរបស់ពួកគាត់។
លោក ទឹម ពន្លក និយាយថា៖ «ខាងអាជ្ញាធរអប្សរាបានផ្តល់ឲ្យយើង ១ ម៉ែត្រការ៉េតម្លៃ ៨០០ រៀល ប៉ុន្តែប្រជាពលរដ្ឋនឹងដាក់សុំទាមទារក្នុងតម្លៃ៦ពាន់រៀល ពីព្រោះតម្លៃដែលគេផ្តល់ជូនយើងវាថោកពេកដែលយើងមិនអាចទទួលយកបាន ហើយណាមួយដីដែលប៉ះពាល់នោះយើងតែងតែប្រមូលផលស្រូវបានជារៀងរាល់ឆ្នាំ»។
លោកបន្តថា លោកមិនមែនប្រឆាំងទៅនឹងការអភិវឌ្ឍនោះទេ តែលោកសុំឲ្យការអភិវឌ្ឍណាដែលមិនធ្វើឲ្យប្រជាពលរដ្ឋរងទឹកភ្នែក ឬរងទុក្ខដោយសារការអភិវឌ្ឍនេះដែរ។
លោក ឡាយ ហុង មេឃុំដូនកែវ បានប្រាប់ដែរថា លោកមិនទាន់បានទទួលពាក្យបណ្តឹងឬព័ត៌មានណាមួយទាក់ទងនឹងការទាមទាររបស់ប្រជាពលរដ្ឋក្នុងឃុំលោកទេ ប៉ុន្តែ តាមដែលលោកដឹងក្នុងពេលប្រជុំជាមួយនឹងប្រជាពលរដ្ឋ និងអាជ្ញាធរអប្សរា គឺមានតែប្រជាពលរដ្ឋ ៥គ្រួសារតែប៉ុណ្ណោះ ដែលមិនព្រមលើសំណងនេះ។
លោកបញ្ជាក់ថា ៖ «ប្រឡាយនេះជាគម្រោងរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរអប្សរាក្នុងការបញ្ចៀសទឹកមិនឲ្យទឹកជន់លិចក្រុងជាពិសេស ប្រាសាទនានា។ តាមដែលខ្ញុំដឹង គឺប្រឡាយនេះមានប្រវែងប្រមាណជា ៧ទៅ៨គីឡូម៉ែត្រដែលបានចាប់ផ្តើមជីកជាង ២ខែ មកហើយ ប៉ុន្តែត្រូវបានផ្អាកវិញ ដោយសារតែមានភ្លៀងខ្លាំងពេក»។
លោក ឡាយ ហុង បានឲ្យដឹងទៀតថា ប្រឡាយនេះចាប់ផ្តើមពីព្រំប្រទល់ឃុំគោកចកទៅកាន់ព្រំប្រទល់ឃុំដូនកែវ ដោយឆ្លងកាត់ភូមិចំនួន៥ ហើយតាមគម្រោង គឺអាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
លោកនិយាយថា លោកនឹងចុះទៅជួបជាមួយនឹងប្រជាពលរដ្ឋដែលមានបញ្ហានោះ។
លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរាបានធ្វើការពន្យល់ពីការជីកប្រឡាយនេះ កាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិទៅឲ្យអាជ្ញាធរអប្សរាគ្រប់គ្រងទឹកនៅតំបន់សៀមរាបដើម្បីរៀបចំកុំឲ្យលិចក្រុង ប្រាសាទ និងកន្លែងផ្សេងៗហើយប្រឡាយដែលអាជ្ញាធរអប្សរាបានធ្វើនេះជាប្រឡាយចាស់ត្រូវស្តារឡើងវិញ។
លោកស្រីថ្លែងទៀតថា៖«វាជាប្រឡាយចាស់ពីដើម ជាដីកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែប្រជាពលដ្ឋទាំងនោះបានមករស់នៅហើយយកដីនោះជាកម្មសិទ្ធិរបស់គាត់។ ដោយសារតែខាងអាជ្ញាធរអប្សរាមានការអាណិតអាសូរគាត់ ទើបបានចេញសំណងមួយចំនួនឲ្យគាត់ ហើយលុយដែលយើងចំណាយទៅលើការធ្វើប្រព័ន្ធប្រឡាយនេះគឺជិត ២០ លានដុល្លារ»។
លោកស្រីអ្នកនាំពាក្យបន្តថា ប្រឡាយដែលអាជ្ញាធរអប្សរាធ្វើនេះគឺដើម្បី ជាប្រយោជន៍សម្រាប់ពួកគាត់ឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងគ្រប់រដូវកាល ប៉ុន្តែ បែរជាគាត់មិនយល់ពីការងាររបស់យើងទៅវិញ៕