ភ្នំពេញៈ បន្ទាប់ពីពលរដ្ឋសហគមន៍បឹងកក់តវ៉ារយៈពេលពីរថ្ងៃផ្ទួនៗគ្នា នៅដើមអាទិត្យនេះនៅថ្ងៃពុធម្សិលមិញ ពលរដ្ឋសហគមន៍៣៤៧ និងបុរីកីឡាប្រមាណ៥០នាក់ បានមកផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីរំឭកអាជ្ញាធរឲ្យជួយដោះស្រាយវិវាទដីធ្លីនិងផ្ទះសម្បែងពួកគាត់ឲ្យឆាប់ខណៈរដូវភ្លៀងបានញ៉ាំញីការរស់នៅក្នុងភាពមិនច្បាស់លាស់សព្វថ្ងៃ។
ការតវ៉ាកាលពីម្សិលមិញនេះ ថ្វីបើពុំមានសន្ទុះខ្លាំងក្លាដូចការឃោសនារបស់គណបក្សនយោបាយប៉ុន្តែវាគឺជាសារមួយសម្រាប់មន្ត្រីរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចដែលមិនបានអនុវត្តគោលនយោបាយរបស់គណបក្ស ខ្លួនត្រូវគិតគូរពីបច្ចុប្បន្នភាពដែលកំពុងតែឃោសនារកសំឡេងគាំទ្រពីម្ចាស់ឆ្នោតផងដែរ។
លោក បញ្ញា ពៅ តំណាងពលរដ្ឋនៃសហគមន៍ ៣៤៧ មកពីសង្កាត់បឹងកក់១ ខណ្ឌទួលគោក បាននិយាយថា៖«ខ្ញុំពិតជាសោកស្ដាយចំពោះទង្វើរបស់មន្ត្រីរដ្ឋាភិបាលដែលប្រសូតចេញពីគណបក្សប្រជាជនកម្ពុជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ដែលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្រីក្រខ្ញុំ ដូចអ្វីដែលមានក្នុងគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះទេ»។
លោកបន្តថា សារឃោសនានយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានធានាដល់ជីវភាពរស់នៅនិងបង្កលក្ខណៈល្អប្រសើរដល់ពលរដ្ឋក្រីក្រដែលគ្មានដីធ្លី សម្រាប់សាងសង់លំនៅឋាននិងធ្វើកសិកម្មប៉ុន្តែការអនុវត្តរបស់មន្ត្រីជាអាជ្ញាធរដែនដីគឺផ្ទុយពីសារឃោសនានេះទាំងស្រុង។
លោកថ្លែងថា៖«យើងខំប្រឹងតវ៉ាការពារសិទ្ធិលំនៅឋាន និងដីធ្លី របស់ខ្លួនពីការរំលោភបំពាន ពីបុគ្គលមានអំណាចនិងមានលុយដោយស្វែងរកកិច្ចអន្តរាគមន៍ ពីគ្រប់ស្ថាប័នរដ្ឋាភិបាលឲ្យជួយដោះស្រាយប៉ុន្តែជាលទ្ធផលរយៈពេលជាង៦ឆ្នាំមកនេះពួកគាត់គ្មានទទួលបានដំណោះស្រាយអ្វីក្រៅពីឲ្យរង់ចាំពីមួយឆ្នាំទៅមួយឆ្នាំទៀតដោយគ្មានទីបញ្ចប់»។
អ្នកស្រី ឆាយ គឹមហ៊ន តំណាងពលរដ្ឋក្រីក្រសហគមន៍បុរីកីឡា ដែលកំពុងរស់នៅក្រោមសំយាបនៃកាំជណ្ដើរអគារផ្ទះល្វែងនិង ក្រោមដំបូលតង់កៅស៊ូធ្លុះធ្លាយ លើគំនរសំរាមចោមរោមដោយសត្វរុយរាប់លានក្បាលនិងជំងឺឆ្លងផ្សេងៗ និយាយថា៖«អាជ្ញាធររាជធានីភ្នំពេញបានសន្យាថានឹងផ្ដល់ស្បៀង អាហារនិងតង់កៅស៊ូដល់ពួកខ្ញុំ ក្នុងអំឡុងរង់ចាំដំណោះស្រាយជាផ្ទះល្វែង ប៉ុន្តែ មកទល់ពេលនេះពួកយើងមិនទទួលបានស្បៀងនិងតង់កៅស៊ូដូចសន្យា ឡើយខណៈការអត់ឃ្លាននិងរដូវភ្លៀងកំពុងញាំញីដល់ការរស់នៅ យ៉ាងវេទនាស្រាប់ផងនោះ»។
ឆ្លើយតបនឹងការក្រើនរំឭកនេះតំណាងអាជ្ញាធររាជធានីបានមកជួបនិងជម្រាបក្រុមអ្នកតវ៉ាថា បញ្ហាពួកគាត់សាលារាជធានីកំពុងតែគិតគូរដោះស្រាយហើយ តែសុំឲ្យពួកគាត់រង់ចាំដល់ការបោះឆ្នោតរួចរាល់សិន។
មន្ត្រីរដ្ឋបាលសាលារាជធានីម្នាក់ជម្រាបអ្នកតវ៉ាថា៖«សូមបងប្អូនមេត្តាអត់ធ្មត់សិន គណៈកម្មការសាលារាជធានីកំពុងធ្វើការស្រាយហើយ តែឥឡូវត្រូវរង់ចាំបោះឆ្នោតហើយ ព្រោះអាជ្ញាធរជាប់តាមដានយុទ្ធនាការរបស់គណបក្សនយោបាយនានា»។
ប៉ុន្តែយ៉ាងណា ក៏ក្រុមអ្នកតវ៉ាសុំឲ្យអាជ្ញាធរដោះស្រាយស្បៀង និងតង់សម្រាប់ពួកគាត់ដែលកំពុងប្រឈមនឹងការលំបាកខណៈមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃដែរ ប៉ុន្តែមន្ត្រីសាលារាជធានីបានត្រឹមតែប្រាប់ថា លោកនឹងពាំនាំសំណូមពរនេះទៅជម្រាបលោកអភិបាលរាជធានីតែប៉ុណ្ណោះ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមបានថ្លែងថា ថ្វីបើវិបត្តិដីធ្លីបានប៉ះពាល់ដោយផ្ទាល់ទៅលើប្រជាពលរដ្ឋ ក្រីក្រ មានចំនួនប្រមាណពី១០ ទៅ១៥ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុបជាង១២លាននាក់ ប៉ុន្តែ ចំនួនអ្នកឈឺឆ្អាលបានកើនឡើងគួរជាទីកត់សម្គាល់ ដែលនេះជាហានិភ័យមួយសម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងការទាក់ទាញមកវិញនូវសំឡេងគាំទ្រ។
លោកបន្តថា គណបក្សដទៃដែលកំពុងធ្វើការប្រកួតប្រជែងរកសំឡេងឆ្នោត អាណត្តិនេះពិសេសគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏អាចនឹងជួបហានិភ័យដូចគ្នាដែរ ដោយសារតែយុវជនប្រមាណជាងកន្លះលាននាក់ដែលរំពឹងថា ជាអ្នកគាំទ្រខ្លួននោះបានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
លោក កែម ឡី ថ្លែងថា៖«ទោះជាយ៉ាងណាក្ដីវិបត្តិដីធ្លី និងវិបត្តិមួយចំនួនទៀត ដូចជាវិបត្តិការងារអាចនឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ប្រឈមនឹងការបាត់បង់អាសនៈតិចតួច បើធៀបនឹងអាណត្តិទី៤»៕