ព្រៃវែងៈ តំណាងប្រជាពលរដ្ឋចំនួន ៨ នាក់ក្នុង ភូមិត្នោត ស្រុកពោធិរៀង បានបដិសេធទទួលយកដីកាកោះដើម្បីធ្វើការសាកសួរពីតុលាការ ខេត្តព្រៃវែង ទាក់ទងនឹងជម្លោះដីធ្លី ខណៈពេលដែលអាជ្ញាធរបានចោទថា ពួកគេកំពុងតែធ្វើខុសនឹងច្បាប់ភូមិបាល។
លោក ចាន់ ឱ អតីត មេភូមិត្នោត និងជាអ្នកដែលត្រូវតុលាការចេញដីកាកោះឲ្យចូលខ្លួនសាកសួរនៅសប្តាហ៍ក្រោយបាននិយាយថា មេប៉ុស្តិ៍បានយកដីកាកោះតុលាការជូនលោក តែលោកមិនបានផ្តិតមេដៃទទួលយកទេ ដោយសារលោកមិនបានធ្វើអីខុសដែលត្រូវតុលាការសួរឡើយ។
លោកបានថ្លែងថា៖ «ហេតុអីក៏ខ្ញុំត្រូវទទួលដីកាកោះនេះ បើខ្ញុំមិនបានធ្វើអីខុសផង»។
ប្រជាពលរដ្ឋក្នុង ភូមិត្នោត មានបញ្ហាជម្លោះដីធ្លីជាមួយនឹងអធិការ ស្រុកពោធិរៀង លោក អ៊ុង ផាន ដែលត្រូវបានប្រជាពលរដ្ឋចោទថា បានលួចលក់ដីសម្រាប់ធ្វើសាលាឆទានទំហំ ៥,៧០ ម៉ែត្រគុណនឹង ១១ ម៉ែត្រដោយមិនបានពិភាក្សាជាមួយប្រជាពលរដ្ឋ ហើយបានប្តឹងប្រជាពលរដ្ឋទៀត។
លោក ចាន់ ឱ បានបន្តទៀតថា ដីនោះជាដីរបស់រដ្ឋ មិនមានអ្នកណាមានសិទ្ធិក្នុងការលក់ ឬយកជាដីកម្មសិទ្ធិបានទេ។ ប្រជាពលរដ្ឋមិនបានធ្វើអីខុសទេ ពួកគេកសាងសាលាឆទានសម្រាប់មនុស្សគ្រប់រូបប្រើប្រាស់ តែបែរជាអាជ្ញាធរមកហាមឃាត់ និងប្តឹងពួកគេ។
លោកបានថ្លែងបន្តទៀតថា៖ «សមត្ថកិច្ចចោទយើងថា បានប្រើហិង្សាលើពួកគេ តែតាមពិតពួកយើងមិនបានធ្វើអ្វីសោះ។ សមត្ថកិច្ចរាប់រយនាក់បានចុះមកហាមពួកយើងមិនឲ្យបន្តការសាងសង់សាលាឆទាន តែបែរជាមកថា យើងប្រើហិង្សាលើពួកគេរហូតមានរបួស។ អ្វីដែលបានចោទនេះគឺខុសស្រឡះ»។
អ្នកភូមិម្នាក់ទៀតដែលនិយាយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងភូមិទាំងមូលប្រមាណជាជាង ៦០០ នាក់បានគាំទ្រមិនឲ្យមនុស្ស ៨ នាក់នេះទទួលយកដីកាកោះទេ ហើយពួកគេនឹងធ្វើការតវ៉ាប្រសិនបើមានការឃាត់ខ្លួនអ្នកណាម្នាក់។
លោកថា៖ «តុលាការមិនត្រូវហៅអ្នកអត់មានកំហុសទៅសាកសួរទេ គឺ ត្រូវហៅលោកអធិការដែលលួចលក់ដីរដ្ឋទៅសាកសួរវិញ បានត្រឹមត្រូវ»។
ឆ្លើយតបទៅនឹងការចោទប្រកាន់ថា បានលួចដីរដ្ឋលក់ លោក អ៊ុង ផាន បានបដិសេធទៅលើអ្វីដែលប្រជាពលរដ្ឋមួយភូមិបានចោទមកលើរូបលោក ហើយលោកបានចោទប្រកាន់ទៅពលរដ្ឋទាំងនោះវិញថា កំពុងតែប្រព្រឹត្តខុសច្បាប់។
លោក អ៊ុង ផាន បានរៀបរាប់ឲ្យដឹងថា លោកបានប្រាប់ទៅដល់ប្រជាពលរដ្ឋទាំងនោះរួចហើយថា លោកមិនបានលក់ដីរដ្ឋដូចដែលពួកគេបានចោទនោះទេ ហើយអ្វីដែលពលរដ្ឋទាំងនោះកំពុងតែធ្វើនោះវាខុសច្បាប់ភូមិបាលហើយ ដោយសារតែដីនោះជាកន្លែងរបស់ប៉ុស្តិ៍សមត្ថកិច្ចដែលកំពុងធ្វើការរាល់ថ្ងៃ។
លោកបានថ្លែងថា៖ «តាមពិតវាមានមែនសាលាឆទានពីដើម ប៉ុន្តែបន្ទាប់ពីមានការពង្រីកធ្វើផ្លូវរបស់ក្រសួងអភិវឌ្ឍជនបទ ក៏បានប៉ះនឹងសាលាឆទាននោះអស់ដែរ ប៉ុន្តែពួកគេមិនស្តាប់ខ្ញុំសោះ»។
លោក អ៊ុង ផាន បានបន្តទៀតថា កាលពីថ្ងៃ ទី២៧ ខែតុលា ពលរដ្ឋទាំងនោះបាននាំគ្នាមកធ្វើសាលាឆទានដោយមិនញញើតនឹងអាជ្ញាធរទេ។
លោកបានបញ្ជាក់ថា៖«សាលាខេត្ត និងស្រុកបានបង្កើតគណៈកម្មការមួយដោយបាន ជូនដំណឹងដល់បងប្អូនឲ្យផ្អាកការសាងសង់ ដោយរង់ចាំគណៈកម្មការដោះស្រាយជូន ប៉ុន្តែពួកគេមិនព្រមទេ។ យើងអស់លទ្ធភាពដោះស្រាយជាមួយគាត់ហើយ មានតែដាក់ដោះស្រាយតាមផ្លូវច្បាប់តែប៉ុណ្ណោះ។ យើងថែមទាំងបញ្ជាក់ប្រាប់គាត់ទៀតថា អាជ្ញាធរនឹងរកដីកន្លែងផ្សេងជូនពួកគាត់ តែនៅតែមិនស្តាប់។ គាត់ដេញប៉ុស្តិ៍សមត្ថកិច្ចចេញ ដើម្បីធ្វើសាលាឆទាន»។
លោក អ៊ុង ផាន នឹងយកដីកាកោះទៅឲ្យតុលាការវិញ និងរង់ចាំការសម្រេចពីតុលាការ ជាបន្តទៀត៕