ភ្នំពេញៈ នៅពេលលោក ម៉ៅ ជឿន អាយុ៣០ឆ្នាំ ត្រូវបានកោះហៅទៅតុលាការដើម្បីសាកសួរពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លីមួយនៅក្នុងស្រុកបវេលខេត្តបាត់ដំបង កាលពីដើមខែមីនា ភ្លាមៗនោះគាត់ត្រូវបានគេចោទប្រកាន់ និងដាក់ពន្ធនាគារ។
ដោយត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើហិង្សាទៅលើក្រុមហ៊ុនឯកជនមួយដែលបានរឹបអូសយកដីពីគ្រួសាររបស់គាត់តាមរយៈវិធីសាស្រ្តសម្បទានដីសេដ្ឋកិច្ចដែលចេញដោយរដ្ឋាភិបាលលោក ជឿន បានចំណាយពេលជិតបីខែនៅក្នុងពន្ធនាគាររហូតទើបអាជ្ញាធរលើកលែងបទចោទប្រកាន់លើរូបគាត់ក្នុងស្ថានភាពមិនច្បាស់លាស់កាលពីចុងខែឧសភា។
ឪពុករបស់គាត់ លោកឈុត ម៉ៅ អាយុ ៦៤ឆ្នាំបានថ្លែងកាលពីម្សិលមិញ ដោយសំដៅទៅលើឈ្មោះឧកញ៉ាម្នាក់ដែលលោកសុំមិនឲ្យបញ្ចេញឈ្មោះថា៖ «ពួកគេមានមន្រ្តីឋានៈខ្ពស់នៅពីក្រោយហើយនៅពេលយើងនាំគ្នាតវ៉ាពួកគេបានចោទប្រកាន់យើងថាបានប្រព្រឹត្តអំពើហិង្សា»។
ឪពុកនិងកូនប្រុសនេះគឺជាមនុស្សក្នុងចំណោមមនុស្សតវ៉ាប្រមាណ៥០០នាក់ពី២៤សហគមន៍ទូទាំងប្រទេសដែលកាលពីម្សិលមិញ បានធ្វើការតវ៉ានៅក្នុងរាជធានីភ្នំពេញដើម្បីទាញចំណាប់អារម្មណ៍ ចំពោះបញ្ហាដីធ្លីដែលពួកគេនិយាយថា នៅទីបំផុតត្រូវបានបញ្ចប់ជាមួយការដាក់ពន្ធនាគារនិងការបណ្តេញចេញពីដីធ្លី។
លោកបានថ្លែងបន្តថា៖ «យើងមកទីនេះដើម្បីសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការចាប់ខ្លួនក្រុមអ្នកការពារដីធ្លីផ្ទះសម្បែងរបស់ខ្លួនធនធានធម្មជាតិ និងសិទ្ធិមនុស្សដាក់គុក»។
ក្រុមអ្នកតវ៉ាបានច្រៀងនិងវាយ ស្គរ បន្ទាប់ពីបង្ហាញការមិនសុខចិត្តរបស់ខ្លួននៅមុខក្រសួងយុត្តិធម៌ និងទាញអូសរូប«មន្រ្តីពុករលួយ»ទៅរដ្ឋសភាក្រសួងការបរទេសនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោក ជឿន ដែលរូបលោកផ្ទាល់ស្ថិតនៅក្នុងចំណោមអ្នកតវ៉ាទាំងនោះបានថ្លែងថា ប្អូនប្រុសរបស់លោក ឈ្មោះ ម៉ៅ សានិត អាយុ២៨ឆ្នាំ និងតំណាងដទៃៗទៀតដែលបាន«ការពារដីកសិកម្មរបស់យើង»ត្រូវបានកោះហៅទៅប្រឈមមុខនឹងតុលាការនៅពីរសប្តាហ៍ខាងមុខ។ លោកបន្តថា៖ «ដូច្នេះយើងត្រូវការក្រសួងយុត្តិធម៌ជួយអន្តរាគមន៍លើកចោលករណីរបស់យើង»។
អ្នកភូមិម្នាក់ទៀតឈ្មោះ ផុន ផន អាយុ៦០ឆ្នាំបានថ្លែងថា គ្រួសារជាច្រើន នៅតែមានក្តី បារម្ភថា អំពើពុករលួយគឺ«កំពុងកើតមានគ្រប់ទីកន្លែង» រួមទាំងនៅក្នុងតុលាការដែលធ្វើឲ្យប្រជាពលរដ្ឋក្រីក្ររងគ្រោះ។
សមាជិកនៃបណ្តាញ សន្តិភាពសហគមន៍ (CPN) និងបណ្តាញសហគមន៍ព្រៃឡង់ ព្រមទំាងប្រជាជនមកពីស្រុកស្នួល ខេត្តក្រចេះ ដែលជាកន្លែងកើតមានការកាប់បំផ្លាញព្រៃឈើបំពានលើតំបន់អភិរក្ស សត្វព្រៃ ៧៥ ០០០ ហិកតាក៏បាននាំគ្នាមកដើរដង្ហែក្បួនតវ៉ាផងដែរ។
អ្នកតវ៉ាម្នាក់ ឈ្មោះ ស៊ន យ៉ាន អាយុ៦០ឆ្នាំ មកពីស្រុកស្នួលបានថ្លែងថា សភាត្រូវតែធ្វើការបង្ក្រាបទៅលើការកាប់បំផ្លាញព្រៃឈើខុសច្បាប់.នៅតំបន់ដាច់ស្រយាលនិងត្រូវធានាថា សម្បទានសេដ្ឋកិច្ចត្រូវបានលុបចោលនៅពេលក្រុមហ៊ុនឯកជនបំពាន លើកិច្ចសន្យារបស់ខ្លួន។
លោក បានថ្លែងបន្តទៀតថា៖ «ព្រៃឈើនៅតំបន់ឦសាន រួមទាំងព្រៃសហគមន៍ និងតំបន់អភិរក្សត្រូវបានបំផ្លាញដោយវិនិយោគិនដែលមិនស្មោះត្រង់ដែលកើតមានយ៉ាងច្រើននៅក្នុងស្រុកស្នួល»។
លោកបន្តថា៖ «ស្ទើរជារៀងរាល់ថ្ងៃយើងឃើញនិងឮអាជ្ញាធរធ្វើការបង្ក្រាបទៅលើការកាប់ឈើខុសច្បាប់និងរឹបអូសឈើប្រណីតនិងឡាន។ ពេលខ្លះពួកគេចាប់អ្នកបើកឡានពីរបីនាក់...ប៉ុន្តែមនុស្សដែលនៅពីក្រោយការកាប់ឈើខុសច្បាប់ទាំងនោះមិនដែលត្រូវបានចាប់ខ្លួនទេ»។
លោក សេង សុខេង នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព និងនិរន្តរភាព (CDPS) និងក្រុមការងារជាតិរបស់ CPN បានដាក់ញត្តិមួយទៅសភា ដែលតំណាងសភានិយាយថា ពួកគេអាចធ្វើតិចតួចប៉ុណ្ណោះដើម្បីជួយ។
លោកបានថ្លែងថា៖ «ខ្ញុំខកចិត្តណាស់នៅពេលតំណាងសភា ... និយាយថាខ្លួនគ្មានអំណាចដោះស្រាយបញ្ហារបស់យើងទេ»។ «ខ្ញុំបានប្រាប់ពួកគេថា សភាមានសិទ្ធិបញ្ជាមន្រ្តីរដ្ឋាភិបាលឲ្យឆ្លើយសំណួរ អំពីថា តើពួកគេកំពុងធ្វើអ្វីខ្លះប្រឆាំងបំពានលើច្បាប់»។
នាយខុទ្ទកាល័យក្រសួងយុត្តិធម៌ លោក សំ ប្រជាមានិត បានថ្លែងថា គ្មាននរណាម្នាក់មានសមត្ថភាព ឬសិទ្ធិជ្រៀតជ្រែកនៅក្នុងករណីតុលាការទេ។
លោកបន្តថា៖ «ប៉ុន្តែប្រសិនបើពួកគេ[អ្នកភូមិ]ដាក់ពាក្យបណ្តឹងផ្ទាល់មកក្រសួងយើងនឹងបញ្ជូនក្រុមស៊ើបអង្កេតទៅពិនិត្យ។ ប៉ុន្តែយើងខ្លួនឯងមិនជ្រៀតជ្រែកនីតិវិធីរបស់តុលាការទេ»។
បញ្ហាជម្លោះដីធ្លី ដែលកើតឡើងនៅស្ទើរពាសពេញផ្ទៃប្រទេសធ្វើឲ្យប្រជាពលរដ្ឋជាច្រើនម៉ឺនគ្រួសារទទួលរងគ្រោះ និងការកើតមានការកាប់បំផ្លាញព្រៃឈើដ៏រីករាលដាល ត្រូវបានអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធទៅនឹងបញ្ហានេះ បានដាក់ការស្តីបន្ទោសទៅលើរដ្ឋាភិបាល ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនដោយពុំបានធ្វើការសិក្សាពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវ៕ PS
រាយការណ៍បន្ថែម មុំ គន្ធា