កំពង់ឆ្នាំងៈ ប្រជាសហគមន៍និងគណៈកម្មការអាចារ្យវត្តភ្នំព្រះធាតុ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ការពារ និងអភិរក្សសត្វក្ងោកព្រៃ បន្ទាប់ពីមានករណីជនមិនស្គាល់អត្តសញ្ញាណចំនួន ៣ នាក់ បាននាំគ្នាលបលួចចូលបរបាញ់សត្វក្ងោកនៅក្នុងព្រៃសហគមន៍ពួកគាត់ជាបន្តបន្ទាប់។
លោក ប៊ុន សារិទ្ធ អនុប្រធានគណៈកម្មការអាចារ្យវត្តភ្នំព្រះធាតុបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា សត្វក្ងោកព្រៃ ចំនួន ៧ ក្បាល តែងតែបង្ហាញខ្លួននៅក្នុងព្រៃសហគមន៍ភូមិច្រកកូវ ហើយយូរៗម្ដងពួកវាបានហើរមកទំលើដើមឈើហើយពេលខ្លះបានចុះដើរលេងនៅក្នុងទីធ្លាវត្តផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានក្រុមជនមិនស្គាល់អត្តសញ្ញាណប្រមាណជា ៣ នាក់ បាននាំគ្នាដើរមកបរបាញ់សត្វក្ងោកទាំងនោះនៅក្នុងព្រៃរបស់សហគមន៍។
លោក សារិទ្ធ បានបញ្ជាក់ថា៖ «កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមយាយជី តាជី ក្នុងវត្តរបស់យើងបានប្រទះឃើញសត្វក្ងោក ១ ក្បាលងាប់នៅក្នុងព្រៃក្បែរជើងភ្នំ ដោយមានស្នាមត្រូវគ្រាប់ធ្លាយពីគល់ស្លាបម្ខាងទៅម្ខាងទៀត»។
លោក សារិទ្ធ បានអះអាងថា បន្ទាប់ពីមានករណីនេះកើតឡើង ក្រុមពលរដ្ឋ និងគណៈកម្មការអាចារ្យវត្តបាននាំគ្នាចុះល្បាតតាមព្រៃក្បែរជើងភ្នំក្នុងតំបន់ការពាររបស់សហគមន៍ដើម្បីស្រាវជ្រាវ និងទប់ស្កាត់បទល្មើសប្រមាញ់សត្វក្ងោកព្រៃ។ លុះដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ មានប្រជាសហគមន៍ម្នាក់បានប្រទះឃើញក្រុមជន ៣ នាក់ បានលួចចូលទៅបរបាញ់សត្វព្រៃហើយបានថតជាប់ពីសកម្មភាពរបស់ពួកគេមួយចំនួនទុកជាភ័ស្ដុតាងផងដែរ ប៉ុន្តែពួកគេបានដឹងខ្លួនហើយបានឡើងរថយន្តជិះទៅកន្លែងផ្សេង។
ជាមួយគ្នានេះលោក ច័ន្ទ ពន្លឺ ប្រធានស្ដីទីគណៈកម្មការវត្តភ្នំព្រះធាតុបានថ្លែងថា៖ «យើងសង្ស័យក្រុមជនទាំងនោះជាអ្នកបាញ់សម្លាប់សត្វក្ងោកព្រៃ ១ ក្បាលកាលពីមុននោះ។យើងសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ហើយតាមចាប់ខ្លួនជនសង្ស័យទាំងនោះ មកផ្ដន្ទាទោសទៅតាមច្បាប់ ព្រោះយើងមានភ័ស្ដុតាងច្បាស់លាស់ហើយ»។
ជុំវិញករណីនេះ លោក សៅ វ៉ាន់ នាយនគរបាលប៉ុស្តិ៍ឃុំពាម បានថ្លែងថា ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណក្រុមជនទាំង ៣ នាក់នោះ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ទទួលបានតម្រុយពីពួកគេនៅឡើយទេ៕