កណ្តាល: ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង ៥០០ នាក់​/​អង្គ រស់នៅ​ភូមិ​ពោធិ៍ធំ និង​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយ​ចោទ​លោកគ្រូ​/​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ពោធិ៍ធំ​ចំនួន ៦ ​នាក់​ថា​បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​ «​វត្ត​សារិកាកែវ​» ​ទៅ​ឲ្យ​ឈ្មួញ​ជា​ឧកញ៉ា​មាន​អំណាច​។

លោក​ ខូយ ស្រេង​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ពោធិ៍ធំ​បាន​ឲ្យ​ដឹង​ថា​លោកគ្រូ និង​អ្នកគ្រូ​ចំនួន ៦ នាក់​បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​ដែល​គ្រប់គ្រង​ដោយ​ព្រះចៅ​អធិការវត្ត​សារិកាកែវ​ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បាន​ដឹង​នោះ​ទេ​។

លោក​បន្ត​ថា​ដី​នេះ​មាន​ទំហំ​ប្រមាណ​ជាង ១០០ ម៉ែត្រការ៉េ​ស្ថិត​នៅ​ជិត​វត្ត​សារិកាកែវ ហើយ​គ្រប់គ្រង​ដោយ​ព្រះចៅអធិការ​វត្ត​ចាប់​តាំងពី​ឆ្នាំ ១៩៨១ មក​ម្ល៉េះ​។ លុះ​ដល់​ឆ្នាំ​ ១៩៩៩ លោកគ្រូ អ្នកគ្រូ បាន​សុំ​ខ្ចី​ដី​នោះ​ប្រើប្រាស់​សម្រាប់​ឲ្យ​បណ្ដុះបណ្ដាល​សិស្ស​រៀន​ដាំ​ដំណាំ និង​បន្លែ​ផ្សេងៗ​ និង​ធ្វើ​ជា​កន្លែង​ពិសោធន៍​ទាក់ទង​នឹង​វិស័យ​កសិកម្ម​រហូត​ដល់​ឆ្នាំ​ ២០១៥ មាន​ឈ្មួញ​ជាច្រើន​នាក់​បាន​ចុះ​មក​សួររក​ទិញ​ដី លោកគ្រូ អ្នកគ្រូ​បម្រុង​នឹង​លក់​ ប៉ុន្ដែ​ត្រូវ​បាន​ហាម​ពី​ពលរដ្ឋ និង​ព្រះសង្ឃ​បាន​ជោគជ័យ​។

លោក ស្រេង បញ្ជាក់​ថា​៖ «​ដី​គេ​បម្រុង​លក់​ម្ដង​ហើយ​កាលពី​ឆ្នាំ​ ២០១៥ ប៉ុន្ដែ​ពួកយើង​រារាំង​បាន​ហើយ​ដល់​ពេល​ឥឡូវ​នេះ​គេ​លក់​ម្ដង​ទៀត​គេ​អត់​មាន​ឲ្យ​ពលរដ្ឋ និង​ព្រះសង្ឃ​ដឹង​ទេ គេ​ធ្វើ​កិច្ចព្រមព្រៀង​គ្នា​ពី​ថ្នាក់​លើ​មក​វិញ​ទាំង​ស្ងាត់ៗ ហើយ​គេ​ថា​មិន​បាច់​នាំ​គ្នា​តវ៉ា​ទេ អត់​ប្រយោជន៍ គេ​ព្រមព្រៀង​គ្នា​រួច​ហើយ​។ ពេល​ទទួល​ដំណឹង​នេះ​ពលរដ្ឋ និង​ព្រះសង្ឃ​ផ្ទុះ​ការតវ៉ា​បែប​នេះ​»​។

ព្រះតេជគុណ ទូច ពិសិដ្ឋ ព្រះចៅ​អធិការ​វត្ត​សារិកាកែវ​នៅ​ភូមិ​ពោធិ៍ធំ​មាន​សង្ឃដីកា​ថា ព្រះអង្គ​ទើប​តែ​មក​គ្រប់គ្រង​នៅ​វត្ត​នេះ​រយៈពេល​ ២ ​ឆ្នាំ​ទេ ប៉ុន្ដែ​ព្រះអង្គ​នឹង​មិន​អនុញ្ញាត​ឲ្យ​បាត់បង់​ដី​វត្ត​តាមរយៈ​ឈ្មួញ​ឃុបឃិត​គ្នា​យក​ដី​វត្ត​ទៅ​លក់​ក្នុង​តម្លៃ ១៥ ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទេ​។

ព្រះតេជគុណ​បន្ត​ថា​អតីត​ព្រះចៅអធិការ​វត្ត​សារិកាកែវ​មុនៗ​បាន​ផ្ដល់​ដី​ឲ្យ​សាលា​បឋមសិក្សា​ពោធិ៍ធំ​ខ្ចី​ប្រើប្រាស់​សម្រាប់​ឲ្យ​សិស្ស​អនុវត្ត​មុខ​ជំនាញ​កសិកម្ម ប៉ុន្ដែ​បែរ​ជា​លោកគ្រូ អ្នកគ្រូ​យក​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​ទៅវិញ​។ «​កន្លង​មក​អាត្មា​មិន​បាន​គិតថា លោកគ្រូ អ្នកគ្រូ​គាត់​មាន​គំនិត​បែប​នេះ​ទេ ប៉ុន្ដែ​នៅពេល​ទទួល​ដំណឹង​នេះ អាត្មា​ហួស​ចិត្ត អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​សុទ្ធតែ​ដឹង​ថា វា​ជា​របស់​វត្ត​ដែរ​។ អាត្មា​មិន​ទាន់​មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត​ទេ អាត្មា​ចាំ​មើល​ជំហរ​របស់​ពលរដ្ឋ និង​ភាគី​អ្នក​លក់​ដី​ហ្នឹង គេ​ចូល​ខ្លួន​ដោះស្រាយ​គ្នា​យ៉ាង​ណា​សិន​»​។

លោក ឌុច ចាន់ មេឃុំ​អរិយក្សត្រ​ថ្លែង​ថា​លោក​គ្រាន់​តែ​បាន​ទទួល​ព័ត៌មាន​ថា ពលរដ្ឋ និង​ព្រះសង្ឃ​នាំ​គ្នា​តវ៉ា ប៉ុន្ដែ​លោក​ជាប់​រវល់​ប្រជុំ​នៅ​សាលាស្រុក​ល្វាឯម​នៅ​ឡើយ​។ លោក​បញ្ជាក់​ថា​៖ «​គេ​លក់​ដី​ហ្នឹង គេ​អត់​មាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ទេ គេ​ទៅ​ស៊ីញ៉េ​ពី​ណា​មក ខ្ញុំ​អត់​ដឹង​ទេ​»​។

ចំណែក​លោក អន ពេញ នាយប៉ុស្ដិ៍​ឃុំ​អរិយក្សត្រ​បាន​ឲ្យ​ដឹង​ដែរ​ថា ពិត​ជា​មាន​ការតវ៉ា​បែប​នេះ​មែន ប៉ុន្ដែ​លោក​មិន​អាច​ប្រាប់​ព័ត៌មាន​លម្អិត​បាន​ទេ​។ លោក​ថ្លែង​ថា​៖ «​ហ្នឹង​ហើយ​ពិតជា​មាន​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​មែន​ ប៉ុន្ដែ​ខ្ញុំ​អត់​អាច​និយាយ​អ្វី​លម្អិត​ជុំវិញ​បញ្ហា​នេះ​ទេ​។ ចំណែក​បញ្ហា​សន្ដិសុខ​ក្នុង​អំឡុង​ពេល​តវ៉ា​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​»​។

លោក ដា នី នាយក​សាលាបឋមសិក្សា​ពោធិ៍ធំ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ​។

ចំណែក​លោក គង់ សុភ័ណ្ឌ អភិបាលស្រុក​ល្វាឯម​ក៏​នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ដែរ​ដោយ​ទូរស័ព្ទ​មិន​ចូល​៕