បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ឃុំ​ឈ្នួរមានជ័យ ស្រុក​ព្រះនេត្រព្រះ បានរួម​សហការគ្នា​អភិរក្ស​ត្រី​ និង​សត្វស្លាប​ក្នុង​តំបន់​ការពារ​ធម្មជាតិ​រហាល​កេះអាវៀន​ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឱ្យទៅជា​តំបន់​បេតិកភណ្ឌ​ទេសចរណ៍ធម្មជាតិ​។

លោក ខុង ប៊ុន ជំទប់​ទី​ ១ ឃុំ​ឈ្នួរមានជ័យ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា តំបន់​ការពារ​ធម្មជាតិ​រហាលកេះអាវៀន មាន​ផ្ទៃដី​ប្រមាណ​ជាង​ ២៨ ​ហិកតា​ មាន​ចម្ងាយ​ប្រមាណ​ ១០ ​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ស្រុក​ព្រះនេត្រព្រះ និង​ត្រូវបាន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ទទួលស្គាល់​នៅ​ថ្ងៃទី​ ៣០ ខែ​ មករា​ ឆ្នាំ​ ២០២០ ​បន្ទាប់ពី​ពលរដ្ឋ​និង អាជ្ញាធរ​ឃុំ​ឈ្នួរមានជ័យ​បាន​ប្រឹងប្រែង​ការពារ​ និង​អភិរក្ស​ធនធាន ត្រី សត្វ​ស្លាប និង​ជីវចម្រុះ​ដ៏សំបូរបែប​ក្នុង​តំបន់​នោះ​បាន​ដោយ​សុវត្ថិភាព​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​។

លោក​ ប៊ុន ​និយាយ​ថា​៖ «​នៅពេលនេះ យើង​ចង់​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​បេតិកភណ្ឌ​ទេសចរណ៍ធម្មជាតិ​មួយ​ដ៏ទាក់ទាញ​សម្រាប់​ជា​ប្រយោជន៍​នៅក្នុង​សហគមន៍​មូលដ្ឋាន​របស់​យើងខ្ញុំ​ទៅ​ថ្ងៃ​អនាគត​»​។

បើតាម​លោក ប៊ុន តំបន់​ការពារ​ធម្មជាតិ​រហាលកេះអាវៀន​បាន​បែងចែក​ជា​ ២ ​ផ្នែក​ក្នុង​នោះ​ ១ ​ផ្នែក​ជា​បឹង​អភិរក្ស​ត្រីពូជ​មាន​ទំហំ​ ៥ ​ហិកតា​ នឹងមាន​ទឹក​មិនចេះ​រីងស្ងួត​ទោះ​ក្នុង​រដូវប្រាំង​ក្ដៅ​ហួតហែង​យ៉ាងណាក្តី​។ ចំណែក​មួយផ្នែក​ទៀត​ជា​ព្រៃ​លិច​ទឹក​ក្នុង​រដូវវស្សា គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ ២៣ ​ហិកតា​ និង​សម្បូរ​ទៅដោយ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​រស់នៅ ពិសេស​នៅក្នុង​ចន្លោះ​ខែកញ្ញា​ដល់​ខែ​កុម្ភៈ​ដែល​ជា​រដូវ​បង្កាត់​ពូជ និង​ពង​កូន​។

កាលពី​អំឡុង​ឆ្នាំ​ ២០១៦ តំបន់​នេះ​មិន​សម្បូរ​ត្រី និង​សត្វ​ស្លាប​រស់នៅ​នោះទេ​ព្រោះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​នាំគ្នា​បរបាញ់ ដាក់​អន្ទាក់​សត្វព្រៃ និង​បូម បាច​ចាប់ត្រី​ដោយ​មិន​ខ្វល់​អំពី​ការបាត់បង់​ធនធាន​ធម្មជាតិ​។ ប៉ុន្តែ​នៅ​ដើមឆ្នាំ​ ២០១៧ ​បន្ទាប់ពី​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ខេត្ត ចុះ​ផ្សព្វផ្សាយ​ស្ដីពី​ច្បាប់​ជលផល និង​ពន្យល់​ណែនាំ​អំពី​កាតព្វកិច្ច​នៃ​ការចូលរួម​ការទទួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ​និង អាជ្ញាធរ​មូលដ្ឋាន​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ​រួចមក លោក ប៊ុន បាន​បង្កើត​គណៈកម្មការ ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​រហាលកេះអាវៀន ដោយមាន​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ ៧ ​នាក់​ជា​សមាជិក​។ គណៈកម្មការ​នេះ​មាន​តួនាទី​ចុះ​ល្បាត​ការពារ​ និង​អភិរក្ស​តំបន់​រហាលកេះអាវៀន​។

លោក​ ប៊ុន ​បន្តថា ដោយសារ​គ្មាន​ជំនួយ​គាំទ្រ​ជា​ថវិកា​ និង​ស្បៀងអាហារ សមាជិក​គណៈកម្មការ​ស្ទើរតែ​ទាំងអស់​បាន​នាំគ្នា​លាឈប់​ពី​ការងារ លើកលែង​តែ​សមាជិក​ម្នាក់​ប៉ុណ្ណោះ គឺ​លោក ស្រី ភ័ក្ត្រ ដែល​ទ្រាំ​តស៊ូ​នៅក្នុង​កិច្ចការងារ​នេះ​ជាមួយ​នឹង​រូបលោក​ដោយផ្ទាល់​។

លោក​ថ្លែងថា​៖ «​ទោះជា​បែបនេះ​ក្ដី កិច្ចប្រឹងប្រឹង​របស់​យើងខ្ញុំ នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​មិន​ឥតប្រយោជន៍​នោះទេ​គឺ​យើង​បាន​រក្សា​បឹង រក្សា​ព្រៃ​ដ៏សម្បូរ​ត្រី​ និង​សត្វ​ស្លាប​នៅក្នុង​តំបន់​នេះ​រហូត​ដល់​បាន​ការទទួលស្គាល់​ពី​អាជ្ញាធរខេត្ត​»​។

ជាមួយ​គ្នា​នេះ​លោក ស្រី ភ័ក្ត្រ ដែល​បាន​ស្ម័គ្រចិត្ត​ទៅ​សង់​កូនខ្ទម​ ១ ​រស់នៅ​ក្នុងព្រៃ​តែម្នាក់ឯង ដើម្បី​ការពារ​ និង​អភិរក្ស ធនធាន​ត្រី​ និង​សត្វ​ស្លាប​ក្នុង​តំបន់​រហាលកេះអាវៀន​ដោយ​មិន​ខ្វល់​អំពី​ការនឿយហត់ និង​បញ្ហា​ប្រឈម​ដល់​សុខភាព​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ការងារ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នេះ គឺ​ទាមទារ​ការតស៊ូ​អត់ធ្មត់ និង​ក្ដី​ស្រឡាញ់​ជ្រាលជ្រៅ​បំផុត ព្រោះ​កិច្ចការងារ​នេះ​វា​មាន​បញ្ហា​ប្រឈម​ជាច្រើន​រួមទាំង​សុខភាព​​ និង​សន្តិសុខ​ផ្ទាល់ខ្លួន​ផងដែរ​។

លោក​ថា​៖ «​ខ្ញុំ​មិនមាន​ចំណេះដឹង​ជ្រៅជ្រះ ដើម្បី​បម្រើ​ការងារ​សង្គម​ឱ្យ​បាន​ជា​ដុំកំភួន​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​កិច្ចការងារ​ជា​អ្នកការពារ​ និង​អភិរក្ស​ត្រី​ពូជ​ និង​សត្វ​ស្លាប​នៅទីនេះ គឺជា​មោទនភាព​ដ៏ធំ​បំផុត​សម្រាប់​ខ្ញុំ​និង​ក្រុមគ្រួសារ​»​។

ចំណែក​លោក​ សំ ជំនិត អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បន្ទាយមានជ័យ ទទួល​បន្ទុក​អភិវឌ្ឍន៍​សហគមន៍​ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅក្នុង​តំបន់​នេះ​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ​មក​នោះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ត្រី​ និង​សត្វ​ស្លាប​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដោយ​នៅ​ឆ្នាំ​ ២០២១ ​នេះ​លោក​ប៉ាន់ប្រមាណ​ថា តំបន់​ការពារ​ធម្មជាតិ​រហាលកេះអាវៀន​មាន​ត្រី​ចម្រុះ​ប្រភេទ​រាប់សិប​តោន និង​មាន​សត្វ​ស្លាប​រាប់សែន​ក្បាល​ទៀត​រស់នៅ​។ សត្វ​ស្លាប​ទាំងនោះ​មាន​ដូចជា មាន់ទឹក មាន់ទោ ក្រសារ កុក ខ្វែក ប្រវឹក ទាព្រៃ​...​និង​សត្វ​ទោម​។

លោក​ថ្លែងថា​៖ «​យើង​រីករាយ​ណាស់​នៅពេល​ឃើញ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ចេះ​រួមគ្នា​ការពារ​ និង​អភិរក្ស​តំបន់​ទេសភាព​នេះ​បាន​ល្អ​។ ទៅ​ថ្ងៃ​អនាគត តំបន់​នេះ​អាច​អភិវឌ្ឍ​ប្រែក្លាយ​ជា​រមណីយដ្ឋាន​អេកូទេសចរណ៍​»​។

យ៉ាងណា​ក៏ដោយ​នៅពេល​នេះ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​តិចតួច​ណាស់ ដែល​បាន​ស្គាល់​ និង​ទស្សានា​តំបន់​ការពារ​ធម្មជាតិ​រហាលកេះអាវៀន​ដោយសារ​តំបន់​នោះ​លិច​ទឹក​ក្នុង​រដូវវស្សា​ហើយ​ក្នុង​រដូវប្រាំង​ផ្លូវ​មាន​ភាព​ជង្ហុក​ខ្លាំង​ពិបាក​បើកបរ​។

ជុំវិញ​ករណីនេះ​លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា នៅពេល​នេះ​លោក​កំពុង​ស្វះ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​បាន​ប្រឹងប្រែង​ការពារ​ និង​អភិរក្ស​តំបន់​ទេសភាព​មួយ​នេះ​ចាប់​តាំងពី​ដើម​រៀងមក​។ លោក​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​កំពុង​សាងសង់​ផ្លូវ​ ១ ​ខ្សែ​ចូល​ទៅក្នុង​តំបន់​នោះ និង​រៀបចំ​ទីតាំង​សម្រាប់​ការទស្សនា​កម្សាន្ត​របស់​ភ្ញៀវទេសចរ​»​។

បើតាម​លោក ពៅ ផ្លូវ​ដែល​កំពុង​សាងសង់​នោះ​បាន​សម្រេច​ប្រមាណ ​៨០ ​ភាគរយ​ហើយ​។ ថវិកា​សាងសង់​ផ្លូវ​នេះ​ជា​ថវិកា​អភិវឌ្ឍ​មូលដ្ឋាន​របស់​រដ្ឋបាល​ស្រុក​ព្រះនេត្រព្រះ តាមរយៈ​ការចូលរួម​ឧត្ថម្ភ​របស់​សប្បុរសជន​នានា​។ លោក​សង្ឃឹមថា អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​នឹង​ចូលរួម​ជា​ដៃគូ​នៅក្នុង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​នេះ ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​៕