
ទិដ្ឋភាពតាមឆ្នេរសមុទ្រ នៅតំបន់កោះរ៉ុងសន្លឹមកន្លងមក។ ហ្វេសប៊ុក
ព្រះសីហនុៈ តំណាងពលរដ្ឋនិងអង្គការសង្គមស៊ីវិលបានសម្ដែងក្ដីបារម្ភពីផលប៉ះពាល់បរិស្ថាននៅតំបន់ទេសចរណ៍នៃកោះរ៉ុងសន្លឹម បន្ទាប់ពីបានដឹងថា លោកអភិបាលខេត្ដព្រះសីហនុបានឯកភាពឲ្យក្រុមហ៊ុនជីធីវីស៊ីអឹមផត ខូអិលធីឌី របស់លោក ទៀ វិចិត្រ សាងសង់ស្ថានីយប្រេងលើផ្ទៃសមុទ្រក្នុង ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានថ្លែងកាលពីម្សិលមិញថា លោកមានការបារម្ភពីផលប៉ះពាល់បរិស្ថាន និងសមុទ្រកម្ពុជាក្នុងតំបន់ទេសចរណ៍ដែលមានសក្តានុពលនេះ បន្ទាប់ពីបានឃើញលោកអភិបាលខេត្ដព្រះសីហនុឯកភាពឲ្យក្រុមហ៊ុនសាងសង់ស្ថានីយ ប្រេងឥន្ធនៈនៅទីនោះ។
លោកថា៖ «រដ្ឋបាលខេត្ដព្រះសីហនុមិនត្រូវអនុញ្ញាតឲ្យសាងសង់ស្ថានីយប្រេងលើសមុទ្រនោះទេ គួរតែពិចារណាឡើងវិញ។ ប្រសិនបើមានការសាងសង់គួរតែសាងសង់លើដីគោកទៅ សាងសង់ឲ្យឆ្ងាយពីឆ្នេរសមុទ្រដើម្បីកុំឲ្យកើតមានឡើងនូវផលប៉ះពាល់បរិស្ថាន»។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើនៅតែបណ្ដោយឲ្យក្រុមហ៊ុនហ្នឹង សាងសង់ស្ថានីយប្រេងនៅលើសមុទ្រ វានឹងបណ្ដាលឲ្យមានផលប៉ះពាល់កើតឡើងជាមិនខាន។ ពេលផលប៉ះពាល់កើតឡើងហើយ យកវិធានការទប់ស្កាត់មិនបានទេ ព្រោះប្រេងជាវត្ថុរាវ មិនអាចមិនឲ្យហូរចូលសមុទ្របានទេពេលវាកំពប់ទៅ វានឹងធ្លាក់ហូរចូលសមុទ្រហើយពេលហូរចូលសមុទ្រទៅទឹកសមុទ្រនឹងខូចងូតលែងកើត ហើយប្រេងនោះនឹងអណ្ដែតពាសពេញទឹកសមុទ្រ»។
បើតាមលោក សុខុម ការសាងសង់នេះគឺធ្វើជាផែលើផ្ទៃសមុទ្រ រួចបន្ដសង់ស្ថានីយប្រេងពីលើផែនោះតែម្ដង។ តាមលិខិតរដ្ឋបាលសាលាខេត្ដព្រះសីហនុចុះថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ចុះហត្ថលេខាដោយលោក យន្ដ មីន ជាអភិបាលខេត្ដបានប្រាប់ទៅ លោក ទៀ វិចិត្រ ជាម្ចាស់ក្រុមហ៊ុនជីធីវីស៊ីអឹមផត ខូអិលធីឌី ដោយបានឯកភាពជាគោលការណ៍ជុំវិញសំណើសុំសាងសង់ស្ថានីយប្រេងឥន្ធនៈនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ខេត្ដព្រះសីហនុ។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ដបានបញ្ជាក់ថា លោក ទៀ វិចិត្រ ត្រូវគោរព និងអនុវត្ដតាមគោលការណ៍ណែនាំមួយចំនួនដូចជា ត្រូវរៀបចំប្លង់ស្ថាបត្យកម្មនិងឯកសារពាក់ព័ន្ធជូនគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាដើម្បីពិនិត្យនិងសម្រេច។
ត្រូវមានរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននិងមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល និងត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន (ក្រុង/សង្កាត់/ភូមិ) ជំនាញពាក់ព័ន្ធនិងភាគីជាប់ព្រំ។
ទាក់ទឹននឹងករណីនេះ លោក នាង សំប៊ុន តំណាងពលរដ្ឋនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹមក៏បានសម្តែងការបារម្ភចំពោះការសាងសង់ស្ថានីយប្រេងឥន្ធនៈនេះផងដែរ ដោយសារខ្លាចប៉ពាល់ជីភាពពរដ្ឋដែលប្រកបរបរផ្នែកសេវាទេសចរណ៍ក្នុងតំបន់នេះ។
លោកបានថ្លែងថា៖ «ខ្ញុំបាននិយាយចំពោះផលប៉ះពាល់នេះដែរ កាលពីគេចុះមកសិក្សាដំបូងកន្លែងសាងសង់ស្ថានីយនេះ ប៉ុន្ដែនិយាយទៅ គេមិនឆ្លើយតបនឹងយើង។ខ្ញុំមានយោបល់ទៅ គេមិនបានកត់ចូលក្នុងកំណត់ហេតុទេព្រោះមើលទៅយោបល់ខ្ញុំបែបមិនសូវឯកភាពឲ្យសាងសង់ស្ថានីយនេះ»។
លោកបន្ថែមថា៖ «ការធ្វើនេះវាមានផលប៉ះពាល់ច្រើន គ្រាន់តែគេ (ម្ចាស់ក្រុមហ៊ុន) ធានាថានឹងវេចខ្ចប់មិនឲ្យប៉ះពាល់ ប៉ុន្ដែធម្មតាប្រេងខ្ញុំអ្នករស់នៅលើសមុទ្រហើយគ្រាន់តែធ្លាក់មួយតំណក់ទៅលើទឹកវារីកភាយរហូត។អ៊ីចឹងប្រសិនបើការវេចខ្ចប់របស់ពួកគាត់មិនល្អវាប៉ះពាល់ដល់តំបន់ឆ្នេរនិងភ្ញៀវទេសចរ ដែលគាត់ទៅលេង»។
បើតាមលោក សំប៊ុន ដែលបានចុះដល់ទីតាំងត្រូវសង់ស្ថានីយប្រេងឥន្ធនៈនេះជាមួយក្រុមការងារខេត្ដព្រះសីហនុដើម្បីពិនិត្យនាពេលកន្លងមកនោះ បានឲ្យដឹងថា ស្ថានីយប្រេងនេះគ្រោងសាងសង់ជាផែពីលើគោកទៅសមុទ្រមានប្រវែងប្រមាណ ១០០ ម៉ែត្រចូលទៅសមុទ្រនិងទទឹងប្រហែល ៣០ ម៉ែត្រ។
លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញដែរថា លោកបានដឹងពីគម្រោងនេះ ប៉ុន្ដែមិនទាន់ដឹងថាច្បាប់បានកំណត់ឲ្យសាងសង់ក្នុងទំហំប៉ុនណានោះទេ។
លោកថា៖ «កាលពីឆ្នាំមុន ធ្លាប់បានឃើញសំណើសាងសង់ម្ដង ក្រោយមកពលរដ្ឋបានតវ៉ា ព្រោះបារម្ភពីការបំពុលបរិស្ថាន ការគ្រប់គ្រងប្រេងមិនបានល្អពេលកំពប់ប្រេងទៅវាអាចបំពុលបរិស្ថាន ព្រោះនៅភូមិកោះតូចកំពុងមានកំណើនភ្ញៀវទេសចរផង» ។
លោកថា៖ «ឥឡូវយើងកំពុងប្រឹងប្រែងសម្អាតបរិស្ថានដូចជា សំរាមអីមិនឲ្យមានទេ។ បើប្រេងនោះកំពប់មកអាចបណ្ដាលឲ្យមានបញ្ហាបន្ថែមទៀតនាំឲ្យភ្ញៀវឈប់មកលេង អាចប៉ះពាល់ជីវភាពពលរដ្ឋដែលកំពុងរស់នៅតំបន់នេះ» ។
បើតាមលោក ចន្ថា កន្លងមកក៏ធ្លាប់មានពាក្យបណ្ដឹងរបស់ពលរដ្ឋជំទាស់មិនឲ្យសាងសង់ស្ថានីយប្រេងឥន្ធនៈលើសមុទ្រនេះដែរហើយលោកបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់ខេត្ដរួចហើយ។ លោកបានឲ្យដឹងថា បច្ចុប្បន្ននៅភូមិកោះតូចនៃសង្កាត់កោះរ៉ុងសន្លឹម មានពលរដ្ឋរស់នៅអចិន្រៃ្តយ៍ ១៣២ គ្រួសារ និងមានអ្នករស់នៅបណ្ដោះអាសន្នជាង ៤០០ គ្រួសារ។ដោយឡែកពលរដ្ឋរស់នៅអចិន្រៃ្តយ៍ក្នុងសង្កាត់កោះរ៉ុងសន្លឹមទាំងអស់មានចំនួន ២៩២ គ្រួសារ។
លោក ចន្ថា បញ្ជាក់ថា៖ «ជាសំណើរបស់ពលរដ្ឋនិងជាយោបល់ខ្ញុំដែរ ស្ថានីយប្រេងឥន្ធនៈនេះគួរសាងសង់លើគោកវិញ ជាជាងលើទឹក។ កាលណានៅក្នុងទឹកឲ្យតែកំពប់ទៅវាប៉ះពាល់ហើយ»។
លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានឲ្យដឹងកាលពីម្សិលមិញដែរថា៖ «ខ្ញុំបានឃើញហើយ គឺតម្រូវឲ្យក្រុមហ៊ុនមានការធ្វើរបាយការណ៍ដំបូង និងសង្គមពេញលេញនៃរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) លើគម្រោងសាងសង់នេះ ដើម្បីសិក្សាទើបយកមកដាក់ឆ្លងខេត្ដនិងក្រសួងមុននឹងសម្រេចធ្វើ»។
លោកបន្ថែមថា៖ «អ៊ីចឹងបាននៅក្នុងចំណុចនេះគឺតម្រូវឲ្យមានការសិក្សាសិន។ពេលសិក្សាហើយ តើមានក្ដីបារម្ភយ៉ាងម៉េច យើងនឹងដាក់បញ្ចូលដើម្បីជជែកគ្នាបើថ្នាក់ដឹកនាំគាត់សម្រេចយ៉ាងម៉េចគឺត្រូវគិតគូរតាមហ្នឹង»។
បើតាមលោក សុធារិទ្ធិ កាលណាចុះសិក្សាតាមរយៈរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននេះ គឺត្រូវចុះដល់មូលដ្ឋានសម្ភាសពលរដ្ឋផ្ទាល់និងហៅអង្គការសង្គមស៊ីវិលឲ្យចូលរួមជាដើម។
លោកថា៖ «លទ្ធផលនឹងបង្ហាញនៅពេលយើងសិក្សារួច។យើងតម្រូវហើយនៅក្នុងហ្នឹងបើក្រុមហ៊ុនបំពេញលក្ខណៈអត់បានធ្វើមិនកើតទេ»។
លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុកាលពីម្សិលមិញសុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយលោកថា មិនទាន់ទទួលបានព័ត៌មាននៅឡើយ។
លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុ និងលោក ទៀ វិចិត្រ ម្ចាស់ក្រុមហ៊ុនជីធីវីស៊ីអ៊ឹមផត ខូអិលធីឌី មិនអាចសុំការពន្យល់ជុំវិញការសាងសង់ស្ថានីយប្រេងនេះបានទេ ដោយសារទូរស័ព្ទលោកទាំង ២ នាក់ មិនមានអ្នកទទួល កាលពីម្សិលមិញ៕