សៀមរាប: ពលរដ្ឋ​​ជិត ៥០ គ្រួសារ​ដែល​រស់នៅ​ក្បែរ​គំនរ​សំរាម​ក្នុងភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រា​សាទ​បា​គ​ង​​ខេត្តសៀមរាប បាន​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធរ​ប្រញាប់​ប្ដូរ​ទីតាំង​ចាក់​សំរាម​ឲ្យ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ពួក​គាត់​ ខណៈបច្ចុប្បន្ន​កំពុង​បង្ក​ប៉ះពាល់​ដល់​សុខ​ភាព ប៉ុន្ដែ​មន្ត្រី​ និង​ក្រុមហ៊ុន​ថា​ ខ្លួន​កំពុង​រក​ទីតាំង​ថ្មី។

លោក ​ឡឹង ម៉ុ​ន ជាពលរដ្ឋម្នាក់​រស់នៅ​ជិត​ទីតាំង​ចាក់​សំរាម​ក្នុងភូមិខាងលើ​បាន​ថ្លែងថា គំនរ​សំ​រាម​នេះត្រូវបាន​ក្រុមហ៊ុនហ្គា​អុីយ៉ា ប្រមូល​ពី​ក្រុង​សៀមរាប​មក​ចាក់ចោល​ក្នុង​ភូមិ​រយៈពេល ១២ ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​អាជ្ញាធរ​ហាក់​មិន​ទាន់​មាន​វិធាន​ការទប់​ស្កាត់​ឬក៏​រក​កន្លែង​ថ្មី​ទុក​ដាក់​ឲ្យ​ឆ្ងាយ​ពី​ភូមិ​ទេ។

លោក​ថា៖ «រាល់​ថ្ងៃនេះ​ មាន​ក្លិន​ស្អុយ​អាក្រក់​ខ្លាំង​ណាស់​ចេញពី​គំនរ​សំរាម​ដែល​ពួក​ខ្ញុំ​រស់​នៅ​​ក្បែរ​នេះមាន​ការ​លំបាកនិង​បង្ក​ជំងឺ​ស្ទើរ​គ្រប់​គ្នា​ រហូត​ពួក​ខ្ញុំ​ដាច់ចិត្តឃាំង​ផ្លូវ​ឡាន​កុំ​ឲ្យ​យក​សំរាម​ទៅ​ចា​ក់នៅ​ទីនោះ​ទៀត ប៉ុន្ដែ​អាជ្ញាធរ​គ្រាន់តែ​ថា​ ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃនោះ ចាំដោះ​ស្រាយ​រាប់រយ​ដង​ហើយ»។

លោក ម៉ុ​ន បន្ថែមថា អាជ្ញាធរ និង​ក្រុមហ៊ុន​នេះ​បាន​សន្យា​កាលពីដើមឆ្នាំ ២០១៨ ថា ដាក់​សំរាម​នៅ​ទីនោះ​តែ ៦ ខែ​ទៀ​ត​​ទេ ប៉ុន្ដែ​រហូតមក​ទល់ពេលនេះនៅតែចាក់​ទីនេះ​ដដែ​ល។

ពលរដ្ឋ​ម្នាក់ទៀតសុំ​មិន​បញ្ចេញឈ្មោះបាន​ថ្លែងថា សំរាម​នៅទីនេះ បាន​បង្ក​ឲ្យ​អ្នកភូមិ​មាន​ជំងឺ​ ហើយប្រភពទឹក​ក្នុង​ដី​ដែល​ធ្លាប់​ហូប​បាន ឥឡូវ​ហូប​លែង​បាន​ហើយ រីឯដីស្រែ​ក្បែរ​នោះ ត្រូវបាន​ទឹក​សំរាម​ហូរ​ចូល​ខូច​ស្រូវ​ និង​មានក្លិនស្អុយ​ខ្លាំង​ទៀត​ផង។

លោក​ថា៖ «ខ្ញុំ​សូម​អំពាវ​នាវ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​រក​ទីតាំង​ថ្មី​សម្រាប់​ដាក់​សំរាម​ដែល​ដឹក​ពី​ក្រុង​​សៀមរាបហើយ​ខ្ញុំ​តំណាង​ប្រជាជន​សូម​ប្តូរ​ទីតាំង​កន្លែង​ចាក់​សំរាម ព្រោះ​រាល់ថ្ងៃនេះ​ស្អុយ​ខ្លាំង​ណាស់ ហើយ​ក្រៅ​ពីនេះ មាន​អ្នក​ដួល​ម៉ូតូ​រាល់ថ្ងៃ ព្រោះ​តែ​ទឹក​សំណល់​សំរាម​ដែល​កង្វក់​ធ្លា​ក់មក​ពេញ​លើ​ផ្លូវ»។

លោក សយ សីហា មេឃុំ​ត្រពាំង​ធំ​បាន​​ទទួល​ស្គាល់​ថា ពលរដ្ឋ​នៅ​ជិត​គំនរ​សំរាម​ពិតជា​ជួប​ការ​លំ​បាក​​មែន សូម្បីតែ​រូបលោក​ធ្វើការ​នៅ​សា​លា​ឃុំ​ឆ្ងាយ​ពី​គំនរ​សំរាម​ប្រមាណ​ ១ គីឡូ​ម៉ែត្រ​ក៏​រង​ឥទ្ធិពល​ពីក្លិន​វា​ដែរ ប៉ុន្ដែ​អាជ្ញាធរ​បាន​និង​កំពុង​​រក​ទីតាំង​ថ្មី​នៅ​ស្រុក​បន្ទាយ​ស្រី​ត្រង់កន្លែងគ្មាន​មនុស្ស​រស់​នៅ។

លោក​បញ្ជាក់​ថា៖ «កាល​ពី​ថ្ងៃទី ១៥ កុម្ភៈ​ ខ្ញុំ​បាន​ឃើញ​លិខិត​កោះ​អញ្ជើញ​អភិ​បាល​ស្រុក ខេត្ត និង​មន្ទីរ​ពាក់​ព័ន្ធ​ចូល​ប្រជុំ​ពី​បញ្ហា​នេះ ហើយ​ខ្ញុំ​ឮថា គេ​គ្រោង​ដាក់​នៅ​ទីតាំង​ថ្មី​លើដី​ប្រមាណ​ជាង ១០ ហិកតា​នៅ​ឃុំ​ក​ន្ដែ​ងនិង​នៅ​ស្រុក​បន្ទាយ​ស្រី ព្រោះ​ទីតាំង​នោះ​គ្មាន​មនុស្ស​រស់​នៅ​ទេ។ នេះ​គ្រាន់​តែ​គម្រោង ​ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ជាក់​លាក់​ទេ»។

លោក ឡឹ​ក ចំរើន ប្រធាន​គ្រប់​គ្រង​ផ្នែក​ដឹក​ជញ្ជូន​​សំរាម​របស់​ក្រុម​ហ៊ុន​ហ្គា​អុីយ៉ា ​បាន​​ទទួល​ស្គាល់​ថា​ ពិត​ជា​មានក្លិន​ស្អុយ​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​មែន ប៉ុន្ដែ​លោក​សុំ​ពលរដ្ឋ​អត់​ធ្មត់​ខណៈ​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​កំពុងរក​ទី​តាំងចាក់​សំរាម​ថ្មី​។

លោក​បន្ត​ថា ការរក​ទីតាំង​ចាក់​សំរាម​ថ្មី​នេះ​ជា​បន្ទុក​របស់​អាជ្ញា​ធរ​ រីឯ​ក្រុមហ៊ុន​គ្រាន់តែ​ជា​អ្នក​គោរ​ព​តាម​ការ​ណែនាំ​ប៉ុណ្ណោះ។​

លោក​បញ្ជាក់​ថា៖ «នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ អាជ្ញាធរ​ស្រុកនិង​ខេត្ត​ចុះ​ទៅ​ជម្រាប​ពី​ផល​ប៉ះ​ពាល់​នេះដែរ​ ព្រោះ​រណ្ដៅ​ដាក់​សំរាមសព្វ​ថ្ងៃនេះ​​វា​ពេញ​ហើយ ឥ​ឡូវនេះ យើ​ង​មិនអាច​បន្ត​ចាក់​នៅ​រណ្ដៅ​ចាស់​ហ្នឹង​ទៀត​ទេ គ្រាន់តែ​ថា​ឥឡូវ​នេះ ​យើង​កំពុង​រក​ទីលាន​ថ្មីយើង​សុំ​ឲ្យ​គាត់​អត់ធ្មត់ ៤ ខែ​ទៅ​មុខ​ទៀត​សិន ខ្ញុំ​បាន​សុំ​អធ្យា​ស្រ័យ​ពី​គាត់​ហើយ»។

លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទ​​បាគង ​បាន​ថ្លែងថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​សិក្សា​នៅ​ទីលាន​ចាក់​សំរាម​ថ្មី ប៉ុន្ដែ​មិន​ទាន់​ដឹង​ពី​ពេលវេលា​​ផ្លាស់​ប្ដូរ​ទេ ព្រោះ​មន្ត្រី​ជំនាញ​ត្រូវ​ការ​សិក្សា​លម្អិតដើម្បី​ចៀស​វាង​ការ​ផ្ដាស់​ប្ដូរច្រើន​លើក​នៅ​ថ្ងៃ​អនាគត។

លោក​បន្ត​ថា ទីតាំង​ចាក់​សំរាម​សព្វ​ថ្ងៃ​ ពិតជា​ប៉ះពាល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​មែន ប៉ុន្ដែ​លោក​បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ចុះ​ទៅ​ពិនិត្យ​សុខ​ភាព​អ្នក​ភូមិ​ក្នុង​តំបន់​នោះ​រាល់​ខែដោ​យ​បារម្ភ​ថា ​ពួក​គាត់​អាច​នឹង​មាន​ជំងឺ​​ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពា​ល់​ក្លិន​សំរាម​នេះ។

លោក​បញ្ជាក់​ថា៖ «កិច្ច​ការ​ងារ​នេះ យើ​ង​កំពុង​គិត​រក​ទីលាន​ថ្មី គឺ​យើង​គិតថា រក​កន្លែង​ថ្មី​ហ្នឹងគឺជា​កន្លែង​ដែល​អាចដាក់​សំរាម​បាន​រហូត ដោយ​មិន​ចាំ​បាច់​រើ​ទៅនេះ រើ​ទៅនោះ​ទៀត យើង​រើ​តែម្ដង​ហ្នឹងគឺ​រួចរាល់​តែម្ដង។ យើង​រក​កន្លែង​ដែល​គ្មាន​មនុស្ស​រស់នៅ គឺ​ឆ្ងាយ​ពី​ភូមិ ស្រុក​ពលរដ្ឋ​យើង»៕