ខេត្តកណ្ដាល​: ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០ ​នាក់​កាលពី​ម្សិលមិញ​បាន​តវ៉ា​ទៅ​អាជ្ញាធរ​ស្រុក​ស្អាង​ឲ្យ​ផ្អាក​សកម្មភាព​វាស់ដី​លើ​ផ្ទៃ​ទឹក​ដោយ​ពួកគេ​អះអាង​ថា អាជ្ញាធរ​កំពុង​វាស់​ប៉ះពាល់​ដីធ្លី​របស់​ពួកគេ​។ នេះ​បើ​តាម​លោក ញឹម វណ្ណឌិន អភិបាលស្រុក​ស្អាង​។

លោក ញឹម វណ្ណឌិន បាន​បញ្ជាក់​ថា​ក្រុម​សមាជិក​គណៈកម្មការ​ចុះ​វាស់ដី​នៅ​ចំណុច​ព្រែកកាហែ និង​ព្រែកតាជ័យ ស្ថិត​ក្នុង​ឃុំ​រកា​ខ្ពស់​នោះ​ត្រូវ​បាន​ផ្អាក​សកម្មភាព​វិញ​ហើយ ដោយ​រង់ចាំ​ឲ្យ​ដី​ស្ងួត ឬ​គ្មាន​ទឹក ទើប​អាច​បន្ត​វាស់វែង​ទៀត ព្រោះ​ក្នុង​អំឡុងពេល​វាស់​កាលពី​ថ្ងៃ​ទី​ ២៤ សីហា​នោះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ខ្លាច​ក្រុម​ការងារ​វាស់​ប៉ះពាល់​ដី​ពួកគាត់​។

លោក​បន្ត​ថា​ដី​នៅក្នុង​តំបន់​នោះ​កំពុង​មាន​ទំនាស់ ទើប​ក្រុម​ការងារ​បាន​ចុះ​ទៅ​វាស់ ដើម្បី​កំណត់​ទីតាំង​ច្បាស់លាស់ និង​កំណត់​អត្តសញ្ញាណ​ដី​ឲ្យ​ត្រឹមត្រូវ​ក្នុង​ការ​ងាយស្រួល​ដោះស្រាយ​ជូន​ភាគី​ទាំងអស់​។ ម្យ៉ាង​ទៀត​ដី​ក្នុង​តំបន់​នោះ​ជា​តំបន់​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ ព្រោះ​វា​ដី​បឹង​អភិរក្ស​របស់​រដ្ឋ ដី​ប្រជាពលរដ្ឋ និង​ដី​របស់​ក្រុមហ៊ុន ទើប​ទី​នោះ​ឧស្សាហ៍​កើត​ទំនាស់​។

លោក​បញ្ជាក់​ថា​៖ «​យើង​ចុះ​វាស់​នេះ ដោយសារ​តែ​មាន​ការ​ប្ដឹង និង​ស្នើសុំ​ឲ្យ​ទៅ​ពិនិត្យ​ទេ បើ​មិន​អ៊ីចឹង​ក៏​យើង​មិន​ទាន់​ទៅ​វាស់​ដែរ​»៕