មណ្ឌលគីរីៈ ប្រជាពលរដ្ឋ​ ១០០ ​នាក់ ​រស់នៅក្នុង​ភូមិ​រយ៉លើ ឃុំ​រយ៉ ស្រុក​កោះញែក​បាន​ផ្ដិតមេដៃ​ស្នើសុំ​ទៅ​មន្ទីរអប់រំ​ខេត្ត​កុំ​ឱ្យ​មាន​ការផ្ទេរ​ឈ្មោះ​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋមសិក្សា​រយ៉លើ​ឱ្យ​ទៅ​បង្រៀន​នៅ​សាលា​ផ្សេង បន្ទាប់ពី​ប្រធាន​មន្ទីរអប់រំ​ខេត្ត​នេះ​បាន​អះអាងថា គ្រូបង្រៀន​ដែល​ត្រូវ​ផ្ទេរ​នោះ គឺ​ដោយសារ​បាន​ធ្វើ​ទណ្ឌកម្ម​លើ​សិស្ស​ខុស​ពី​គោលការណ៍​របស់​ក្រសួង​។

នៅក្នុង​លិខិត​មួយច្បាប់​ដាក់​ទៅ​មន្ទីរអប់រំ​ខេត្ត​កាលពី​ថ្ងៃទី ២៨ ​ខែ​តុលា​សហគមន៍​នៅ​ភូមិ​រយ៉លើ​បាន​រៀបរាប់​ថា ពួកគាត់​ទាំង​ ១០០ ​នាក់​គឺ​មិនដែល​បាន​ឯកភាព​ម្ដងណា​ឡើយ ដើម្បី​ស្នើ​សុំឱ្យ​មន្ទីរអប់រំ​ផ្ទេរ​លោក ស្រើម ចូញ ជា​គ្រូបង្រៀន​ថ្នាក់​ទី​ ១ ​នៅ​សាលាបឋមសិក្សា​រយ៉លើ​ទៅ​បង្រៀន​សាលា​ផ្សេង ហើយ​ក៏​មិន​បាន​ចោទប្រកាន់​គ្រូបង្រៀន​ម្នាក់​នេះ​ថា បាន​ប្រើប្រាស់​អំពើហិង្សា​លើ​កូនសិស្ស​នោះដែរ​។

ក្រុម​ពលរដ្ឋ​បន្ត​ថា​៖ «​ពេល​កន្លងមក​លោក ចាន់ មឿន មេភូមិ​រយ៉លើ​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ក្នុង​សហគមន៍ ដើម្បី​ស្នើសុំ​ការសាងសង់​សាលាមត្តេយ្យ​មួយ​ខ្នង ប៉ុន្តែ​លោក​មេភូមិ​រូប​នេះ​បែរ​ជា​យក​ស្នាម​មេដៃ​របស់​ពួកគាត់​ទៅ​ធ្វើ​ជា​ពាក្យ​បណ្តឹងសុំ​ដក​លោកគ្រូ ស្រើម ចូញ មិន​ឱ្យ​បង្រៀន​នៅក្នុង​សាលា​បឋមសិក្សា​រយ៉លើ​ទៅវិញ​»​។

សហគមន៍​បន្ថែមថា ពលរដ្ឋ​ដែល​មិន​ចង់​ឱ្យ​លោក​ ចូញ បន្ត​បង្រៀន​នៅ​សាលាបឋមសិក្សា​រយ៉លើ​គឺ​មាន​តែ​ ៣ ​គ្រួសារ​ទេ គឺ​មាន​លោក គឹម ជីនា លោក ព្រាន ជើស និង​លោក មឿន សុឃា ដែល​ត្រូវជា​កូនប្រុស​របស់​លោក ចាន់ មឿន មេភូមិ​​រយ៉លើ​។

លិខិត​ដាក់​ទៅ​មន្ទីរអប់រំ​អះអាង​ទៀត​ថា​ លោក ចូញ បាន​បង្រៀន​សិស្ស​សរុប​ចំនួន ២៥ ​នាក់​ ហើយ​កាលពី​កន្លងមក​កូនសិស្ស​មួយ​ចំនួន​ដែល​ចូលរៀន​មិនបាន​ស្លៀកពាក់​តឺនុយ​ និង​ទុក​សក់វែង​ដែល​ក្នុង​នោះ​មាន​ទាំង​កូន​របស់​គ្រួសារ​ទាំង​ ៣ ​នេះ​ផង គឺ​ត្រូវ​លោក​ ចូញ បាន​ណែនាំ​ឱ្យ​ស្លៀកពាក់​ត្រឹមត្រូវ និង​ត្រូវ​កាត់សក់​ខ្លី​។

ប៉ុន្តែ​ក្រោយមក​គ្រួសារ​ទាំង​ ៣ ​រួមទាំង​លោក​មេភូមិ​រយ៉លើ​ផង​ដែល​កំពុង​មាន​ជម្លោះ​ផ្សេងៗ​ជាមួយ​លោក ស្រើម ចូញ បែរ​ជា​ចោទប្រកាន់​លោក ចូញ ​ថា​បាន​ប្រព្រឹត្ត​អំពើហិង្សា​លើ​កូនសិស្ស​ទៅវិញ​។

លិខិត​សរសេរ​ថា​៖ «​លោកគ្រូ ស្រើម ចូញ ណែនាំ​ឱ្យ​កូន​គាត់ ​(​ព្រាន ជើស​) ​ទៅ​កាត់សក់​ព្រោះ​សក់​នោះ​លាបថ្នាំ​ពណ៌ ក្រោយ​មក​កូន​គាត់​ក៏​ឈឺ​ដោយ​ថា ខុស​គ្រូ​ដែល​បណ្ដាល​មកពី​លោកគ្រូ​ ស្រើម ចូញ ឱ្យ​កាត់សក់​ទើប​កូន​ឈឺ​ហើយ​ព្យាបាល​អស់​គោ​ ១ ​ក្បាល​»​។

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក​ ចាន់ មឿន មេភូមិ​រយ៉លើ​បាន​ទេ ដោយសារ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន ខណៈ​លោក ព្រាន ជើស លោក គឹម ជីនា និង​លោក មឿន សុឃា មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​បាន​។

លោក ហយ់ ចេម អាយុ​ ៥០ ​ឆ្នាំ​ ដែល​មាន​កូនស្រី​អាយុ​ ៦ ​ឆ្នាំ​ រៀន​ជាមួយ​លោកគ្រូ ស្រើម ចូញ បាន​ថ្លែងថា មូលហេតុ​ដែល​ពលរដ្ឋ​ចំនួន ១០០ ​នាក់ ​ផ្ដិត​មេដៃ​សុំ​ឱ្យ​លោក ស្រើម ចូញ បន្ត​បង្រៀន​នៅ​សាលាបឋមសិក្សា​រយ៉លើ​ដដែល ដោយសារ​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់ ហើយ​ម្យ៉ាងទៀត​គាត់​បង្រៀន​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​ខណៈ​គ្រូបង្រៀន​ថ្មី​អាច​បង្រៀន​បានតែ​ភាសា​ខ្មែរ​។

លោក​ថា​៖ «​កូនស្រី​ខ្ញុំ មិន​ដែល​រាយការណ៍​ថា គាត់​បង្រៀន​ហ្នឹង វ៉ៃ​ប្រើ​អំពើ​ហិង្សា​អី​ទេ ប៉ុន្តែ​តាម​ដឹង​គឺ​គាត់​គ្រាន់តែ​ឱ្យ​សិស្ស​ទាំងនោះ​មុន​ចូលរៀន​ត្រូវ​ស្លៀកពាក់​តឺនុយ និង​មិន​ឱ្យ​ទុក​សក់វែង​»​។

លោក​ ស្រើម ចូញ ដែល​បាន​ធ្វើ​គ្រូបង្រៀន​អស់​រយៈពេល​ ៩ ​ឆ្នាំ​មកហើយ​ បាន​អះអាង​ថា លោក​បាន​បង្រៀន​គោរព​ទៅ​តាម​គោលការណ៍​របស់​សាលា និង​មិន​ដែល​ប្រើ​អំពើហិង្សា​ឡើយ​។ ប៉ុន្តែ​លោក​ថា​លោក​បាន​ណែនាំ​ឲ្យ​សិស្ស​ស្លៀកពាក់​តឺនុយ​ដាក់​អាវ​ក្នុង​ខោ និង​សំពត់​មុន​ចូល​ថ្នាក់រៀន តែ​ក៏​មាន​កុមារី​ម្នាក់​ត្រូវ​ជា​កូន​របស់​លោក មឿន សុឃា ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​លោក​បាន​រាយការណ៍​ប្រាប់​ឪពុក​ថា គ្រូបង្រៀន​វ៉ៃ និង​សម្រាត​សំពត់​របស់​នាង​។

លោក​ថា​៖ «​កុមារី​ហ្នឹង​រាយការណ៍​ខុស​គឺថា​គ្រូបង្រៀន​ហ្នឹង​វ៉ៃ​នាង​ និង​សម្រាត​សំពត់​នាង​»​។

លោក​បន្តថា ការផ្លាស់ប្ដូរ​ឱ្យ​លោក​ទៅ​បង្រៀន​សាលា​ផ្សេង​ដែល​ស្ថិតនៅ​ភូមិ និង​ឃុំ​ផ្សេង​គឺ​ធ្វើឱ្យ​លោក​មាន​ការពិបាក ដោយសារ​សាលា​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​ ៤០ ​គីឡូម៉ែត្រ​។ លោក​បន្តថា​ប្រធាន​មន្ទីរអប់រំ​ខេត្ត​បាន​ស្ដាប់​តែ​ភាគី​ម្ខាង និង​មិន​បាន​ហៅ​លោក​ទៅ​សួរនាំ​មុន​សម្រេច​ផ្លាស់ប្ដូរ​កន្លែង​ធ្វើ​ការងារ​របស់​លោក​នោះទេ​។

កាលពី​ថ្ងៃទី​ ២១ តុលា លោក ទឹម សង្វាត ប្រធាន​មន្ទីរអប់រំ​ខេត្ត​មណ្ឌលគិរី បាន​ចេញ​លិខិត​ស្ដីពី​ការផ្លាស់ប្ដូរ​ទីកន្លែង​បម្រើ​ការងារ​របស់​លោក ស្រើម ចូញ ពី​សាលា​បឋមសិក្សា​រយ៉លើ ឃុំ​រយ៉លើ ស្រុក​កោះញែក ទៅ​បង្រៀន​នៅ​សាលាបឋមសិក្សា​ស្រែជ្រៃ​ស្ថិត​ក្នុង​ភូមិ​ណងប៊ូរ ឃុំ​ណងឃីលិក ស្រុក​កោះញែក​។

លោក​ ទឹម សង្វាត ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​កន្លង​មក​ក្រុម​ការងារ​មន្ទីរ​បាន​ចុះទៅ​សម្របសម្រួល​ជុំវិញ​សំណុំ​រឿង​រវាង​ពលរដ្ឋ​សហគមន៍​ជាមួយ​គ្រូបង្រៀន​នេះ ហើយ​កាលនោះ​គឺ​លោក ស្រើម ចូញ បាន​ព្រម​ទទួល​កំហុស​ដូច​ការចោទប្រកាន់​របស់​សហគមន៍​ថា លោក​ពិតជា​បាន​បង្រៀន​ប្រើ​ទណ្ឌកម្ម​សម្រាត​ និង​បោចសក់​កូនសិស្ស​រហូត​ធ្វើឱ្យ​កូនសិស្ស​ខ្លាច​មិន​ហ៊ាន​រៀន​ជាមួយ​។

លោក​ថា​៖ «​អ្វី​ដែល​ម៉ែឪ​ (​សិស្ស​) ​ចោទ​ហ្នឹង គឺ​គាត់​ព្រម​ទទួល​យក​ទាំង​អស់​ហើយ​ព្រម​ទទួល​យក​ការផ្លាស់ប្ដូរ​របស់​មន្ទីរ និង​ក្រសួង ព្រោះ​ម៉ែឪ​សិស្ស​គេ​សុំឱ្យ​ផ្លាស់ប្ដូរ​គ្រូហ្នឹង​ទៅ​។ គាត់​ទទួល​យក​ខ្លួន​គាត់​ដល់​រួចហើយ​ទៅ​នាំ​សហគមន៍​ទៅ​ផ្ដិត​មេដៃ​គាំទ្រ​ថា​គាត់​មិន​ខុស​មិន​អី​ឯណា​ទៅវិញ ខ្ញុំ​មិន​យល់​ថា គាត់​ចង់​ធ្វើ​អី​ឥឡូវ​ហ្នឹង​»​។

លោក ទឹម សង្វាត អះអាង​ថា​ការបង្រៀន​ប្រើ​ទណ្ឌកម្ម​បែប​នេះ​គឺ​ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឡើយ​៕