ភ្នំពេញៈ ពល​រដ្ឋ​ ១០ គ្រួសារ ​ក្នុងចំណោម​ប្រមាណ​ ៣០ គ្រួសារ​ ដែល​បាន​អា​ស្រ័យ​ផល​លើ​បឹង​កប់​ស្រូវ ហៅ​បឹង​តា​មោក​ ស្ថិត​ក្នុង​សង្កា​ត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជ​ធា​នី​ភ្នំ​ពេ​ញ បាន​រុះរើ​ផ្ទះ និង​ចា​ក​ចេ​ញ​ពី​លើ​បឹង​នេះ​ហើយ ​ក្រោយ​អា​ជ្ញា​ធរ​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ពួក​គេ​ ចាក​ចេ​ញ​ពី​លើ​បឹង​ ដើម្បី​រក្សា​ផ្ទៃ​បឹង​របស់​រដ្ឋ។

លោ​ក សុខ ស​ម្ប​ត្តិ អភិ​បាលនៃ​គ​ណៈ​​អ​ភិ​បា​ល​ខ​ណ្ឌ​ព្រែក​ព្នៅ បាន​ប្រា​ប់​ភ្នំ​ពេ​ញ​ប៉ុ​ស្តិ៍​ពី​ម្សិ​ល​មិ​ញ​ថា អាជ្ញាធរ​បាន​ចេញ​លិ​ខិត​ជូ​នដំ​ណឹង​ចំ​នួន​ ២ ​លើក​មក​ហើយ​ ដោយ​ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ​ប្រ​មា​ណ ៣០ គ្រួសារ ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ ១៥១ ស្ថិត​ក្នុង​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ ​ចាក​ចេញ​ពី​បឹង​នេះ ក្រោ​យ​ពួក​គេ​បាន​ទន្ទ្រាន​ចូល​កាន់​កាប់។

លោក​បន្ត​ថា​៖ «លិ​ខិត​ខ្ញុំ​ចេញ​ជារួម​តែ​ម្តង ឲ្យ​តែ​អ្នក​ណាសាងសង់​ធ្វើ​អាជីវកម្ម​លើ​បឹង​តា​មោក​ដែល​ជាប់​នឹង​ដី​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ​ត្រូវ​ចាកចេញ។ អ្នក​ទាំងនោះ​ គឺ​ប្រជា​ពលរដ្ឋ​ចន្លោះ​ពី ២០ ទៅ ​៣០ ​(គ្រួសារ) នៅ​តាម​បណ្ដោយ​ផ្លូវ ១៥១​ ចេញ ដោយ​ឡែក​ ម្ចាស់​ស៊ង​ត្រី​ខ្លះ គាត់​បាន​ធ្វើ​ស៊ង​ត្រី ដែល​មាន​ចេតនា​ទ​ន្ទ្រា​នយ​ក​ដី​នេះ អា​ហ្នឹង​ក៏​យើង​ឲ្យ​ចេញ​ដែរ»។

ទោះជា​យ៉ាងណា​ លោក​មិន​បាន​បញ្ជាក់ថា​នឹង​មាន​វិធានការ​ឬ​ដំណោះស្រាយ​បែប​ណា​ទៀត​ចំពោះ​ពលរដ្ឋ​ ដែល​មិន​​ទាន់​ចាកចេញ​នោះ​ទេ។

បឹង​តា​មោ​ក ឬ​បឹង​ទំនប់​កប់​ស្រូវ គឺជា​បឹង​ធម្ម​ជាតិ​ដ៏​ធំ​មួយ​ក្នុងចំណោម​បឹង​ស្តុក​ទឹ​ក​ធំ​ៗក្នុង​រាជ​ធានី​ភ្នំ​ពេញ ដែល​មាន​ផ្ទៃ ៣ ២៣៩,៧ ហិក​តា ស្ថិតនៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ហើយ​នៅ​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ រដ្ឋាភិ​បាល ចេញ​អនុក្រឹត្យ​ស្តីពី​ការ​កំណត់​ផ្ទៃ​បឹង​នេះ ដែល​គ្រប​ដ​ណ្ត​ប់​បឹង​តា​មោក (បឹង​កប់​ស្រូវ) និង​ដី​ជុំវិញ ទុក​ជា​ទ្រព្យសម្បត្តិ​សាធា​រណៈ​របស់​រដ្ឋ។

ស​ព្វ​ថ្ងៃបឹង​នេះ ត្រូវបាន​គេ​យក​ជាទី​តាំង​សម្រាប់​បង្ហូ​រទឹក​សម្អុ​យនិង​ជាទី​រំ​ដោះ​ទឹកជំនន់​ដែល​តែងតែ​កើ​ត​មា​ន​ឡើង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ បន្ទាប់​ពី​បឹង​ធ​ម្ម​ជាតិ​ធំៗ​​ចំនួន ១៥ ក្នុង​ចំ​ណោ​ម​ បឹង​ចំនួន ២៥ ក្នុង​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ចាក់​ដី​លុប ដើ​ម្បី​អ​ភិ​វ​ឌ្ឍន៍។ នេះ​បើ​យោ​ង​តា​ម​រ​បា​យ​កា​រណ៍​ក្រុមស្រាវជ្រាវ​របស់​អង្គការ​សមា​គម​ធាងត្នោត​ ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៥។

​កា​ល​ពី​ខែសី​ហា ឆ្នាំ​ ២០១៨​ កន្លង​ទៅ​នេះ​ រដ្ឋា​ភិ​បាល បា​ន​ស្នើ​សុំ​ដី​ចំនួន ២០ ហិក​តា នៅ​បឹង​តា​មោក ​ស្ថិតក្នុង​ខណ្ឌ​ព្រែកព្នៅ​នេះ​ ដើម្បី​ធ្វើ​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ ​និង​ចំ​ណ​ត​រ​ថ​យ​ន្ត​ ខណៈ​បច្ចុប្បន្ន ​ផ្ទៃ​បឹង​នេះ​ត្រូវបាន​ចាក់ដី​ពុះ​ធ្វើ​ផ្លូវ​កាត់​បឹង​ដែល​បង្ក​ការ​រិះ​គន់​។

អ្នក​ស្រី​ យន់ ថុល ដែល​អា​ស្រ័យ​​​ផល​លើ​បឹង​នេះ​ជាង ២ ឆ្នាំ​ ដើម្បី​ចិញ្ចឹម​ជីវិត ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា​ ខ្លួន និងពលរដ្ឋ​​ប្រមាណ ​១០ គ្រួសារ​ទៀត​បាន​ចាក​ចេញ​តាំង​ពី​ថ្ងៃទី ១១ ខែ​នេះ ​មក​ដោយ​ពុំមាន​ការ​តវ៉ា​នោះ​ទេ​។

អ្នកស្រី​បញ្ជាក់ថា​៖ «នៅ​ធ្វើ​អី បើ​ដី​ហ្នឹង គេ​ថា​ជា​ដី​រដ្ឋ ដល់​ប្រជាពលរដ្ឋ​រស់​នៅ គេ​ប្រាប់​ឲ្យ​ចេញ​យើង​មិន​ចេញ​តាម​គេ។ យើង​មិន​ហ៊ាន​តវ៉ា​ទេ បើ​តវ៉ា ក៏​មិន​មានបាន​អី​មកវិញ​ដែរ​ ហើយ​ពួក​ខ្ញុំ​បាន​ទៅ​នៅ​ផ្ទះជួល​អស់​ហើយ»។

អ្នកស្រី​ ឃី ធារ៉ា ​បាន​ប្រាប់​ដែរ​ថា​ ក្រោយ​ទទួលបាន​លិខិត​ពី​អាជ្ញាធរ​ឲ្យ​ចាក​ចេ​ញ ​ខ្លួន​ក៏​បង្ខំ​ចិត្ត​ទៅ​ជួល​ផ្ទះ​គេនៅ​ក្បែ​រ​នោះ​ ​ដើម្បី​ប្រកប​មុខ​របរ​ជា​អ្នកនេសាទ​និងលក់ដូរ​នៅតាម​បណ្តា​យ​ផ្លូវ​នេះ​ ​ព្រោះ​តែ​គ្មាន​ផ្ទះ​សំបែង។

អ្នកស្រី​បន្តថា​៖ «ជីវភាព​លំបាក​ តែ​ធ្វើ​ម៉េច ​បើ​គេ​ឲ្យ​ចេញ​ ហើយ​នៅ​​ជួល​ផ្ទះ​គេ​ហ្នឹង ​ណា​មួយ​ថ្លៃ​ផ្ទះ ថ្លៃ​​ទឹក​ភ្លើង។ តែ​មាន​អ្នក​ខ្លះ ​គាត់​មិនដឹង​ទៅណា ​គាត់​បន្ត​នៅ​ ហើយ​អា​ជ្ញា​ធរ​ឲ្យ​គាត់​លក់​អីៗ​នៅ​ក្រោម​ដើម​ឈើ ​ដោយ​មិន​ឲ្យ​ធ្វើ​រោង​​ឬ​បាំង​អ្វី​ទេ​ដោយ​លើ​ក​ឡើ​ង​ថា​ខ្លាច​ពួក​គាត់បន្ត​ការ​កាន់​កាប់»។

លោក ​សឿង សារ៉ន​ នាយក​ប្រតិ​បត្តិ​នៃ​សមា​គម​ធាង​ត្នោត (STT) ​និយា​យ​ថា ​ប្រជា​ពលរដ្ឋ​ទាំង​នោះ ​គឺ​សុទ្ធ​តែ​ពលរដ្ឋ​ក្រីក្រ ​ហើយ​ប្រក​បរបរ​តាមរយៈ​ផល​នេសាទ​ពី​បឹង​តា​មោក​នេះ​ ហើយ​បើ​ឲ្យ​ពួកគាត់​ចាក​ចេញ ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ពួក​គា​ត់ រីឯ​កូន​ៗរបស់​ពួក​គាត់​ នឹង​បាត់បង់​ការសិក្សា​ បើ​ពួកគេ​គ្មាន​លទ្ធភាព ​បន្ត​ការ​រស់​នៅ​​ក្នុង​តំបន់​នោះ។ ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ ជាពិ​សេស​រដ្ឋាភិបាល គួរ​មាន​គោ​ល​នយោបាយ​ជួយ​ពួក​គាត់​ ដើម្បី​បញ្ចៀ​ស​ផល​អ​វិជ្ជ​មាន​លើ​ពួក​គាត់។

លោក​បញ្ជា​ក់ថា​៖ «វា​ប្រាកដ​ណាស់ វា​អត់​មាន​តម្លាភាព​ទេ សម្រាប់​ប្រជាពលរដ្ឋ ​ដែល​គាត់​រស់នៅ​តោក​យ៉ា​ក​ហ្នឹង ត្រូវ​បាន​ស្នើ​ឲ្យ​ចាក​ចេញ ​ហើយ​អ្នក​ផ្សេង​ទៀត មិន​ទទួលបាន​ការ​ប​ណ្តេ​ញចេញ​ ខណៈ​សាលា​រាជ​ធានី​ភ្នំពេញ ​មាន​គម្រោង​លុប​ដី​នៅ​បឹង​នេះ ​ដែល​យើង​ឃើញ​សកម្មភាព​លុប​ពុះ​ដី​ឡូត៍​ជាច្រើន​ក្បែរ​បឹង​តាមោក​ហ្នឹង។ ទាក់ទង​នឹង​ចំណុច​ហ្នឹងរដ្ឋាភិ​បាល​មានការ​បើ​ក​ចំ​ហ​ព័ត៌មា​ន​ឲ្យ​ច្បាស់​លាស់​ តម្លាភាព​អ្នក​ដែ​ល​ពាក់​ព័ន្ធ​ក្នុង​ដី​នេះ»។

នៅ​ពេល​សួរ​ថា តើ​លោក​គាំ​ទ្រ​​ឲ្យ​មាន​ការ​ទន្ទ្រាន​ដី​រដ្ឋ​ឬទេ? លោក​​បាន​ឆ្លើយ​ថា៖ «ជា​ទូទៅ​អង្គការ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​រស់នៅ​និង​ទន្ទ្រានដី​រដ្ឋ​នោះ​ទេ​ តែ​ករណី​ខ្លះ​ពលរដ្ឋ​រស់នៅ​លើ​ដី​រដ្ឋ​យូរ​ហើយ​។ ហេតុនេះ​អាជ្ញា​ធរ​គួរ​ផ្តល់​សំ​ណង​ឲ្យ​គាត់​ទៅ​តាម​ច្បាប់​ ព្រោះ​គាត់​មិន​មែន​យក​ទៅ​​ធ្វើមាន​បាន​នោះ​ទេ»។​

ច្បាប់​ភូមិ​បាល​ឆ្នាំ ២០០១ បញ្ជាក់​​ថា​ ដីសា​ធា​រ​ណៈ​របស់​រដ្ឋ​ជា​ដី​សម្រា​ប់​​ប​ម្រើ​ផលប្រ​យោ​ជន៍​សាធា​រ​ណៈ​ដូច​ជា​ព្រៃឈើ​ ភ្នំ ផ្លូ​វ​ទឹក បឹង​ធម្ម​ជា​តិ គឺ​មិន​អាច​ល​ក់​ដូរ​បា​ន​ឡើយ​ហើយ​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​ទាំងនោះ​ មិន​អាច​កំណត់​​អាជ្ញា​យុកាល​បាន​ទេ៕