បន្ទាយមានជ័យ: តំណាង​ពលរដ្ឋ​ ៣ ​នាក់ ​បាន​ព្យាម​យាម​ដាក់​ពាក្យបណ្ដឹង​កាលពី​សប្ដាហ៍​មុន​ទៅកាន់​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌​ទាក់ទង​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដែល​បង្គាប់​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ ១២២ ​គ្រួសារ​រុះរើ​ផ្ទះ និង​សំណង់​ផ្សេងៗ​នៅលើ​ទីតាំង​ដី​ទំហំ​ទទឹង​ ១០០ ​ម៉ែត្រ​ និង​បណ្ដោយ​ ៣០០ ​ម៉ែត្រ​ដែល​ពួកគេ​កំពុង​រស់នៅ​ស្ថិតនៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

យោងតាម​ពាក្យបណ្ដឹង​របស់​អ្នកតំណាង​ប្រជាពលរដ្ឋ​ទាំង​ ១២២ ​គ្រួសារ ដែល​មាន​ឈ្មោះ​ ផល ធា,ហ៊ុយ ឡេង និង​ លាង ច័ន្ទគ្រឹស្នា បានឱ្យ​ដឹងថា ប្រជាពលរដ្ឋ​បាន​ទិញ​ដី​ពី​ឈ្មោះ ង៉ោ ឆេង ដែល​លោក ង៉ោ ឆេង ជា​ម្ចាស់​ដី​មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ត្រឹមត្រូវ​ចំនួន​ ៣ ​បណ្ណ​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត​បន្ទាយមានជ័យ ហើយ​ទិដ្ឋភាព​ដី​នាពេល​នោះ​គឺជា​ដី​ទំនេរ​ពុំមាន​សំណង់ និង​ពុំមាន​ប្រជាជន​រស់នៅ​លើ​ទីតាំង​ដី​នោះទេ ថែមទាំង​មាន​របង​បេតុង​រឹងមាំ​ព័ទ្ធជុំវិញ​ដី​ទាំងមូល​ទៀត ហើយ​ផ្ទេរ​កម្មសិទ្ធិ​មក​ឈ្មោះ ង៉ោ ឆេង និង​បាន​បង់ពន្ធ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ ប្រជាពលរដ្ឋ​បានរស់នៅ​លើដី​នោះ​ជា​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ទើបតែ​ថ្ងៃទី​ ៦ ខែ​សីហា ឆ្នាំ​ ២០២០ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ចេញ​សេចក្ដី​បង្គាប់​ឱ្យ​រុះរើ​។

យោងតាម​ពាក្យបណ្ដឹង​បាន​ឱ្យដឹងថា​៖ «​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​បានទទួល​ដំណឹង​អំពី​ដីកា​បង្គាប់​ឱ្យ​រុះរើ​ដោយ​ស្ម័គ្រចិត្ត​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​ខ្លឹមសារ​បង្គាប់​ឱ្យ​យើងខ្ញុំ រុះរើ​ផ្ទះ និង​សំណង់​ផ្សេងៗ​ចេញពី​ដី​លំនៅឋាន​យើងខ្ញុំ ហើយ​ប្រគល់​ដី​នេះ​ឱ្យទៅ​ឈ្មោះ វ៉ែន ខេមរិន្ទ តាម​ដីកា​សម្រេច​របស់​តុលាការ​។ ក្រោយពី​បាន​ទទួល​ដំណឹង​នេះ​ភ្លាម​ធ្វើឱ្យ​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​មាន​ការតក់ស្លុត និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ទើប​យើងខ្ញុំ​បានដាក់​ពាក្យ​តវ៉ា និង​ពាក្យ​សុំឱ្យ​ផ្អាក​ការអនុវត្ត​ទៅ​តុលាការ ប៉ុន្តែ​តុលាការ​មិនទាន់បាន​ពិនិត្យ និង​សម្រេច​អំពី​បណ្ដឹងតវ៉ា​នេះ​បែរជា​បន្ត​ការអនុវត្ត ហើយ​បានកំណត់​ថ្ងៃ​អនុវត្ត​នៅ​ថ្ងៃទី​ ១៣ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ វេលា​ម៉ោង ៨ ​កន្លះ​ព្រឹក ដោយ​បង្គាប់​ឱ្យ​យើងខ្ញុំ​រុះរើ​ផ្ទះ និង​សំណង់​ផ្សេងៗ​ចេញពី​ទីតាំង​ដី​ដែល​ទង្វើ​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បានធ្វើឱ្យ​ជា​ប្រជាពលរដ្ឋ​ទាំង​ ១២២ ​គ្រួសារ​ មាន​ការភិតភ័យ និង​តក់ស្លុត​យ៉ាងខ្លាំង​។ ដូច្នេះ​សូម​លោកនាយក​រដ្ឋមន្ត្រី​ជួយ​ស្វែងរក​យុត្តិធម៌ និង​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ចំណាត់ការ​របស់​តុលាការ​ដែល​សម្រេច​បង្គាប់​ឱ្យ​ពលរដ្ឋ ដែល​បាន​ទិញ​ដី​មាន​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ និង​រាល់​ការទិញ​ និង​លក់​មានការ​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​»​។

លោក គាត ហុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​ថ្លែងថា សំណុំ​រឿងនេះ​មាន​ភាព​ស្មុគស្មាញ ហើយ​ភាគី​ទំនាស់​ទាំង​ ២ ​ក៏​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​រួចរាល់​ហើយ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ករណី​នេះ​កើតឡើង​យូរ​ឆ្នាំ​ហើយ (​ឥឡូវ​) ​គេ​ទើបតែ​សើរើ​ឡើងវិញ រីឯ​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូនទៅ​​តុលាការ ដូច្នេះ​ខ្ញុំ​អត់​អាចមាន​សិទ្ធិ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទៀត​ទេ តែ​អាជ្ញាធរ​យើង​គ្រាន់តែ​ទៅ​សម្របសម្រួល​មិនឱ្យ​មាន​ការតវ៉ា ឬ​ហាម​មិន​ឱ្យប្រើ​អំពើហិង្សា​អ្វី​ឡើយ​។ ប្រជាពលរដ្ឋ​គួរតែ​ស្វែងរក​មេធាវី​ជួយ​ការពារ​ក្ដី​ជូន​ពួកគាត់ ទើប​ប្រសើរ​ជាង​ការតវ៉ា​»​។

លោក តេង សម័យ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា តុលាការ​បាន​សម្រេច​ពន្យារពេល​អនុវត្ត​ដីកា​របស់​តុលាការ​ជា​បណ្ដោះអាសន្ន​សិន ដោយ​នឹង​ពិនិត្យ និង​កំណត់​ពេលវេលា​អនុវត្ត​ជាថ្មី​ទៅលើ​ទីតាំង​នោះ ហើយ​ពលរដ្ឋ​មិនគួរ​មករា​រាំង​ការអនុវត្ត​ច្បាប់​ទេ ព្រោះ​អាច​មានទោស​ទាក់ទង​ការរារាំង​ភារកិច្ច​របស់​មន្ត្រី​អនុវត្ត​ច្បាប់​។

លោក សម័យ ថ្លែងថា​៖ «​ពួកគាត់​មិនគួរ​មករា​រាំង ឬ​ចង់​ប្រើ​ហិង្សា​មកលើ​មន្ត្រី​អនុវត្ត​ច្បាប់​ទេ ប្រសិន​ពួកគាត់​មាន​អ្វី​ជំទាស់ គួរតែ​ចាត់​តំណាង​ណា​ម្នាក់ ឬ​ ២ ​នាក់ ហើយ​កាន់​ឯកសារ​បញ្ជាក់​មក​តុលាការ ដើម្បី​ធ្វើការ​ដោះបន្ទុក ឬ​ស្វែងរក​មេធាវី​មកជួយ​ការពារ​ក្ដី ដោយ​ចៀសវាង​ការតវ៉ា​បែបនេះ​»​។

លោក វ៉ែន ខេមរិន្ទ ដែលជា​អ្នកទទួលបាន​ដី​តាមរយៈ​ដីកា​របស់​តុលាការ មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។

លោក គង់ ចំរើន អ្នកទទួល​ញត្តិ​តំណាង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិនទាន់​បានទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ទាន់​ឃើញ​ពួកគាត់​ដាក់​មក​ខុទ្ទកាល័យ​»​។

លោក ស៊ុំ ចាន់គា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា តុលាការ​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ត្រឹមត្រូវ​មុន​នឹង​ចេញ​ដីកា​សម្រេច ឬ​បង្គាប់​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញពី​ដី​លំនៅឋាន​របស់ខ្លួន​បែបនេះ​។ ដី​ដែល​កំពុង​មានទំនាស់​នេះ ត្រូវបាន​គេ​លក់ដូរ​តៗ​គ្នា​ចំនួន ៤ ​ម្ចាស់​ហើយ ប៉ុន្ដែ​ម្ចាស់​មុនៗ​ជា​អ្នកមាន​ទំនាស់ ក្រោយមក​ម្ចាស់​ចុងក្រោយ​នេះ​ក៏​បាន​ដោះស្រាយ​រួចរាល់ ហើយ​ក៏​បានធ្វើ​បណ្ណ​កម្មសិទ្ធិ រួច​ហើយក៏​ពុះ​ឡូត៍​លក់​ឱ្យ​ពលរដ្ឋ​ទាំង ១២២ ​គ្រួសារ​ហ្នឹង​៕