កំពតៈ ប្រជាពលរដ្ឋ​ចំនួន​ ១៣ គ្រួសារ ​ដែល​មាន​គ្នា​ជាង ៣០ នាក់ ​រស់នៅ​ភូមិ​ត្រពាំងឈូក ឃុំ​មានរិទ្ធ​ ស្រុក​ដងទង់​បាន​ប្រមូលផ្តុំ​គ្នា​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​លោក ប្រាក់ ប៊ុយ អតីត​អភិបាលរង​ស្រុក​ដងទង់​។

លោក កង អិត តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ ១៣ គ្រួសារ​ បាន​លើកឡើង​នៅក្នុង​វីដេអូ​បន្តផ្ទាល់​ពី​ទីតាំង​មាន​ជម្លោះ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្រជាពលរដ្ឋ​ទាំង​ ១៣ ​គ្រួសារ​ បាន​កាន់កាប់​អាស្រ័យផល​លើដី​ប្រមាណ ៤០ ​ហិកតា​រយៈពេល​ជិត ៣០ ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ក្រោយមក​លោក​ថា អតីត​អភិបាលរង​ស្រុក លោក ប្រាក់ ប៊ុយ ​បាន​ប្តឹង​ពលរដ្ឋ​ដោយ​ទាមទារ​ឲ្យ​ចាកចេញ​ពី​ដី​ដែល​ពលរដ្ឋ​ធ្លាប់​រស់នៅ​តាំងពី​ឆ្នាំ​ ១៩៩៣ ​មក​ដោយ​សំអាងថា មាន​ប្លង់​ស្លាបមាន់​ក្នុង​កាន់កាប់​ដី​នេះ​។

លោក កង អិត បាន​ប្រាប់​បន្ថែមថា ចាប់តាំងពី​មាន​ជម្លោះ​កាលពី​អំឡុង ២០០១ ​មក​ពលរដ្ឋ​រងគ្រោះ​ទាំង ១៣ គ្រួសារ​ បាន​ព្យាយាម​ស្វែងរក​កិច្ចអន្តរាគមន៍​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ហើយ​ករណី​នេះ​ក៏​បាន​ឆ្លងកាត់​តាម​ប្រព័ន្ធ​តុលាការ​ទៀត​ ប៉ុន្តែ​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្តកំពត នៅតែ​កាត់​ឲ្យ​ពលរដ្ឋ​ចាញ់ក្តី​។

លោក អិត បញ្ជាក់​ថា ការប្តឹងផ្តល់​នៅ​តុលាការ​លើ​ដី​មាន​ជម្លោះ​គឺ​បាន​ធ្វើឡើង​ដោយ​ភាគី​ ២ គ្រួសារ​ផ្សេងទៀត​ជាមួយ​នឹង​លោក ប្រាក់ ប៊ុយ ដោយ​មិនមាន​ការដឹងឮ​ពី​ប្រជាពលរដ្ឋ​ចំនួន ១៣ គ្រួសារ​នោះទេ ខណៈ​ពលរដ្ឋ​ទាំង​ ១៣ ​គ្រួសារ​ត្រូវបាន​គេ​ចោទប្រកាន់​ថា រស់នៅ​លើ​ដី​របស់​អ្នកដទៃ​ទៅវិញ​។

លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​មាន​ទាំង​បង្កាន់ដៃ ចុះ​ធ្វើ​ដោយ​សុរិយោដី​ថ្នាក់ស្រុក ដើម្បី​ទទួល​ស្គាល់​ការកាន់កាប់​របស់​ប្រជាពលរដ្ឋ​ទៀត​។ ខាង​ប្រជាពលរដ្ឋ​ក៏​មិន​បានដឹង​ដែរ ថា​ខ្លួន​បែរជា​អ្នករស់នៅ​លើ​ដី​គេ​ទៅវិញ ដោយ​បន្ត​កាន់កាប់​ដី​រហូត​ដល់​ឆ្នាំ​ ២០០១ និង​ឆ្នាំ ២០០២ ទើប​មាន​ការដឹង​ថា ពលរដ្ឋ​បែរ​ជា​រំលោភបំពាន​ដី​អភិបាលរង​ស្រុក​ទៅវិញ​»​។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​និយាយ​មិន​បាន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​នៅក្នុង​វីដេអូ​ឡាយ​ក្នុង​អំឡុងពេល​តវ៉ា​ដែរ​ថា គ្រួសារ​អ្នកស្រី​បាន​រស់នៅ​អាស្រ័យផល​លើដី​នេះ​ជាយូរ​ឆ្នាំ​មកហើយ ដូច្នេះ​បើ​មាន​ការដេញ ពួកគាត់​ចេញពី​តំបន់​នេះ​នឹង​ធ្វើឲ្យ​ជីវភាព​កាន់តែ​ជួបប្រទះ​ការលំបាក​ថែមទៀត​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​សូម​សម្តេចម៉ែ សម្តេច​ ហ៊ុន សែន លោកជំទាវ​ ប៊ុន រ៉ានី សូមជួយ​កូនចៅ​ផង​ក្នុង​ការដោះស្រាយ​លើ​ទឹកដី​នេះ បើសិន​ដេញ​កូនចៅ​ចេញ​ពី​កន្លែង​នេះ កូនចៅ​មិនដឹង​ជា​ទៅ​រស់នៅ​កន្លែង​ណា​ទេ​។ ដូច្នេះ​ខ្ញុំ​សូម​សំណូមពរ​ទៅ​សម្តេច​ ហ៊ុន សែន សូមជួយ​ដោះស្រាយ​ដល់​កូនចៅ​ផង​»​។

លោក ប្រាក់ ប៊ុយ មិនអាច​ទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​។

លោក អឹម តាំ មេឃុំ​មានរិទ្ធ ស្រុក​ដងទង់ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា វា​គឺជា​រឿង​អយុត្តិធម៌​ខ្លាំងណាស់ បើសិន​ជា​តុលាការ​កាត់ក្តី​ឲ្យ​ពលរដ្ឋ​ទាំង ១៣ ​គ្រួសារ​ចាញ់ហើយ​បាត់បង់​ដី​ដែល​ជា​ទីជម្រក​របស់​ពួកគាត់​កាន់កាប់​ជាយូរ​មកហើយ​នេះ​។

លោក​បន្តថា អាជ្ញាធរ​ឃុំ​បាន​ព្យាយាម​សម្របសម្រួល ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ដី​ដែល​ធ្លាប់​កាន់កាប់​ជាយូរ​មក​ហើយ​វិញ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​ដែល​មិន​ទាំង​បាន​ស្គាល់​ទីតាំង​ដី​ច្បាស់លាស់​ផង មិន​ព្រម​ហើយ​បន្ត​ប្តឹងទៅ​តុលាការ​។ លោក​បញ្ជាក់​ថា​៖ «​ដី​ហ្នឹង​យូរឆ្នាំ​ហើយ អភិបាលស្រុក​ប៉ុន្មាន​ហើយ ក៏​ដោះ​មិនចេញ គាត់​ក៏​បញ្ជូន​ទៅលើ​រហូត​ទៅ ប៉ុន្តែ​លោក ប្រាក់ ប៊ុយ គាត់​មិន​ព្រម ហើយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ចេញ​។ ខ្ញុំ​ក៏បាន​និយាយ​ដែរ​ថា បើ​ពលរដ្ឋ​ចេញ​ឲ្យ​គាត់​ទៅ​រស់នៅ​ឯណា ព្រោះ​គាត់​មានតែ​ដី​ហ្នឹង​។ ក្នុងនាម​ខ្ញុំ​មេឃុំ​មិន​ដឹងថា អ្នកណា​មាន​ខ្នង មិន​មាន​ខ្នង​ទេ គ្រាន់តែ​ដឹងថា បើសិន​ជា​ឲ្យ​ប្រជាជន​ចាញ់ ដូច​អយុត្តិធម៌​ពេក​ហើយ​គាត់​គ្មាន​អី​មានតែ​ដី​ហ្នឹង​»​។

លោក វ៉ិត ​វឌ្ឍនា ​នាយក​រដ្ឋបាល​ខេត្តកំពត​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ជម្លោះ​នេះ ដោយ​អះអាង​ថា ករណី​នេះ​ផុត​ដែន​សមត្ថកិច្ច​របស់​ខេត្តហើយ​។ លោក​បញ្ជាក់​ថា​៖ «​ករណី​នេះ​ក៏​បាន​កើតឡើង​យូរ​ឆ្នាំ​ហើយ​ដែរ ខ្ញុំ​មិន​ចាំ​ទេ ណា​មួយ​ផុត​ដែន​សមត្ថកិច្ច​ហើយ​»​។

លោក ម៉ាន់ បូរេត ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្តកំពត ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មិន​បាន​ដឹង​ពី​ករណី​ជម្លោះដីធ្លី​នេះ​ច្បាស់លាស់​ទេ​។ ប៉ុន្តែ​លោក​ថា បើ​ពលរដ្ឋ​បាន​កាន់កាប់​ដី​នោះ​ដោយ​ស្របច្បាប់ គ្មាន​អ្នកណា​ហ៊ាន​បណ្តេញ​ពួកគាត់​ចេញ​នោះទេ​។ លោក​បញ្ជាក់​​ថា​៖ «​ខ្ញុំ​មិនដឹងថា តុលាការ​បាន​ទទួល​សំណុំរឿង​ផង ខ្ញុំ​អត់​ដឹងផង ឆ្លើយ​ថា​ម៉េច​»៕