ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន ១៤០ គ្រួសារ បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងបរិវេណបុរី កាំង ម៉េង ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យម្ចាស់បុរីនេះគោរពតាមកិច្ចសន្យាទិញលក់ ដោយពុះកាត់ក្បាលដី និងចេញប្លង់កម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនពួកគាត់ជាអតិថិជន ខណៈពួកគាត់បានបង់លុយផ្ដាច់ទៅឲ្យក្រុមហ៊ុនតាំងពីជាង ១០ ឆ្នាំមុន។
តំណាងក្រុមប្រជាពលរដ្ឋទាំងនោះ លោក ចាវ ប៊ុនហ៊ាន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា ការតវ៉ាបានចាប់ផ្ដើមតាំងពីថ្ងៃអាទិត្យមកដោយក្រុមប្រជាពលរដ្ឋបានទាមទារឲ្យលោកឧកញ៉ា កាំង យូម៉េង នាយកក្រុមហ៊ុន លាង ហេង ត្រេឌីង និងជាម្ចាស់ដីឡូត៍ក្នុងបរិវេណបុរីកាំងម៉េង ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ចេញមុខមកពន្យល់ បកស្រាយឲ្យបានច្បាស់លាស់អំពីមូលហេតុ ដែលនាំឲ្យមានភាពយឺតយ៉ាវក្នុងការចេញប្លង់កម្មសិទ្ធិជូនពួកគាត់ ដែលគិតរហូតមកទល់ពេលនេះមានរយៈពេលជាង ១០ ឆ្នាំមកហើយ។
លោកថ្លែងថា៖ «យើងបានដាក់លិខិតតាមរយៈមេធាវីរបស់យើង ដើម្បីទាមទារឲ្យគាត់ចេញមកពន្យល់បកស្រាយនៅចំពោះមុខយើងទាំងអស់គ្នាឲ្យបានច្បាស់ថា តើឲ្យពួកយើងជាអតិថិជន រង់ចាំដល់ពេលណាទៀត ទើបក្រុមហ៊ុនពុះចែកដីឡូតិ៍ និងចេញប្លង់រឹងឲ្យពួកយើង ខណៈពួកយើងបានបង់លុយផ្ដាច់ទៅឲ្យក្រុមហ៊ុន ១០០ ភាគរយអស់ទៅហើយ ពោលគឺតាំងពី ១០ ឆ្នាំមុនមក។ ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើការបកស្រាយឲ្យបានច្បាស់លាស់នោះទេ»។
លោក ប៊ុនហ៊ាន ដែលអះអាងថា កាលពីឆ្នាំ ២០០៧ គាត់បានទិញដីឡូត៍ក្នុងបុរីកាំងម៉េងនេះរហូតដល់ ៤ ក្បាលដី (៤ ឡូត៍) ដែលក្នុង ១ ក្បាល ដីទំហំ ២០ម x ៣០ម ក្នុងតម្លៃ ៨ ០០០ ដុល្លារ ហើយគាត់បានបង់លុយផ្ដាច់ទៅឲ្យក្រុមហ៊ុន ១០០ ភាគរយ ហើយតាំងពីពេលនោះ ប៉ុន្តែក្រុមហ៊ុនបានចេញតែលិខិតផ្ទេរសិទ្ធិ ដែលទទួលស្គាល់ត្រឹមអាជ្ញាធរ ស្រុក-ខណ្ឌប៉ុណ្ណោះ។
លោកថ្លែងថា៖ «អ្វីដែលធ្វើឲ្យពួកយើងបារម្ភនោះ គឺពួកយើងមិនអាចលក់ឬផ្ទេរសិទ្ធិទៅឲ្យអ្នកដទៃទៀតបាន បើទោះជាពួកយើងបានបង់លុយផ្ដាច់ទៅឲ្យក្រុមហ៊ុនអស់ទៅហើយក្ដី។ នេះជាហេតុផលដែលពួកយើងនាំគ្នាមកតវ៉ាទាមទារឲ្យក្រុមហ៊ុនចាំបាច់ត្រូវតែរៀបចំកាត់ប្លង់កម្មសិទ្ធិឲ្យពួកយើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី កែវ បូនី ដែលបានចូលរួមនៅក្នុងការតវ៉ានោះ បាននិយាយថា គាត់ក៏បានទិញដី ១ ឡូត៍ នៅក្នុងបុរីកាំង ម៉េង នេះដែរកាលពីឆ្នាំ ២០០៧ ប៉ុន្តែដោយសារគាត់បង់រំលស់ក្នុងរយៈពេល ២៤ ខែនោះ បានធ្វើឲ្យតម្លៃដីក្នុងទំហំ ២០ម x ៣០ម កើនដល់ ១២ ០០០ ដុល្លារ ហើយគាត់បានបង់ផ្ដាច់ទៅឲ្យក្រុមហ៊ុននៅក្នុងដើមឆ្នាំ ២០១០។
អ្នកស្រី ថ្លែងថា៖ «មកទល់ពេលនេះខ្ញុំទទួលបានតែលិខិតផ្ទេរសិទ្ធិ និងទម្រង់ប្លង់ទីតាំងដីតែនៅលើក្រដាស ប៉ុណ្ណោះ រីឯដីពិតប្រាកដ ខ្ញុំមិនទាន់ទទួលបាននៅឡើយទេ។ អ៊ីចឹងហើយបានជាយើងខ្ញុំចង់ឲ្យក្រុមហ៊ុនពុះចែកក្បាលដីឡូត៍និងបោះបង្គោលកំណត់ទីតាំងឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកយើងមានទំនុកចិត្ត»។
លោក គឹម ម៉េងឃី មេធាវីតំណាងម្ចាស់បុរីកាំងម៉េង បានធ្វើការបកស្រាយតាមរយៈលិខិតមួយ ឆ្លើយតបទៅលោក ម៉ៃ វណ្ណាឌី មេធាវីតំណាងឲ្យពលរដ្ឋទាំង ១៤០ គ្រួសារនោះថា ការពន្យារពេលការអភិវឌ្ឍក្នុងបុរីកាំងម៉េង មានកត្តាច្រើន ដោយខាងបុរីមានវិបត្តិសេដ្ឋកិច្ចផ្ទួនៗ ដែលធ្វើឲ្យតម្លៃដីធ្លី គ្មានហាងឆេង។ ម្យ៉ាងទៀតក្នុងចំណោមអតិថិជនជាង ២ ពាន់ឡូត៍ ដែលទិញដីហើយទុកចោល ដោយមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍន៍ ក៏ដូចជាការបង់ថ្លៃដាក់លូ និងការបង់ថ្លៃសង់ផ្ទះវីឡាជាដើម។
លោក ម៉េងឃី អះអាងថាចំពោះការចុះបញ្ជីនឹងការផ្ទេរសិទ្ធិគឺកន្លងមកខាងបុរីកាំងម៉េង បានធ្វើការផ្ទេរសិទិ្ធកាន់កាប់និងប្រើប្រាស់ដីធ្លីជូនអតិថិជនដោយគ្មានបញ្ហាឡើយ ដែលករណីនេះអតិថិជនមួយចំនួនបានទទួលរួចរាល់ហើយ ប៉ុន្តែការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីជូនអថិតិជន ក្នុងមួយរយៈនេះមិនទាន់មានភាពរលូន ដោយបញ្ហាការងារបច្ចេកទេសរបស់មន្ត្រីជំនាញសុរិយោដីខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ក្នុងលិខិតនោះ លោក ម៉េងឃី បានបញ្ជាក់ថា៖ «ទោះបីជាយើងខ្ញុំ មិនអាចបញ្ជាក់ច្បាស់ថា តើការងារបច្ចេកទេសនេះ ដោះស្រាយរួចរាល់នៅពេលណាក៏ដោយ ក៏បុរីកាំងម៉េងបានស្នើសុំអន្តរាគមន៍ទៅមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីពន្លឿនការងារនេះជូនអតិថិជន»៕