កណ្ដាល: ប្រជាពលរដ្ឋ​ ១៤៣ ​គ្រួសារ​ បាន​អំពាវនាវ​ដល់​អាជ្ញាធរ ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​ឈ្មួញ​បង់លុយ​ថ្លៃ​ទិញ​ដី​របស់​ពួកគេ​ដែល​នៅសល់ ក្រោយពី​បង់​ត្រឹម​ ២០ ​ភាគរយ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩​។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១៤៣ ​គ្រួសារ ​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​នាំគ្នា​លក់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​ចាប់​តាំងពី​ឆាំ​ ១៩៩២ ​ដែល​មាន​ទំហំ​សរុប​ប្រមាណ​ជាង​ ១០០ ​ហិកតា ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ ១ ​ក្រុម​ (​មិន​ស្គាល់​អត្តសញ្ញាណ​) ​ដែល​បាន​មក​ចរចា​ទិញ​ដី​ពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ​។ ប្រជាពលរដ្ឋ​យល់​ព្រម​លក់​ក្នុង​មួយ​ហិកតា​ចាប់ពី ៤ ​ទៅ ៦ ​ម៉ឺន​ដុល្លារ​ដោយ​ប្រគល់​តែ​លុយ​កក់ ២០ ​ភាគរយ​នៅ​ដំណាក់កាល​លើក​ទី​ ១ ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៩​។

លោក​បន្តថា ដោយ​ពួកគេ​បាន​សន្យា​រយៈពេល​ ១ ​ខែ​បន្ទាប់​នឹង​ប្រគល់​ប្រាក់​ ៤០ ​ភាគរយ​បង្គ្រប់​ឲ្យ​បាន ៦០ ​ភាគរយ​ដែលជា​ដំណាក់កាល​ទី​ ២ និង​ ១ ​ខែក្រោយ​ទៀត​ប្រគល់​លុយ​ផ្តាច់​គ្រប់​ ១០០ ​ភាគរយ​តែម្តង​ជា​ដំណាក់កាល​ទី​ ៣​។ ប៉ុន្ដែ​ចាប់តាំងពី​ប្រគល់​លុយ​លើក​ទី​ ១ ​មក​ក្រុម​ឈ្មួញ​មិនទាន់​បាន​ប្រគល់​លុយ​តាម​កិច្ចសន្យា​ទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ស្គាល់​ពួក​អ្នកទិញ​ដី​ខ្ញុំ​ទេ គេ​ថា គេ​តំណាង​ក្រុមហ៊ុន​ ១ ​ធំ​ណាស់ ហើយ​គេ​ទិញ​ដី​នេះ​សម្រាប់​ធ្វើ​រោងចក្រ ហើយ​ពួកខ្ញុំ​ក៏​យល់ព្រម​លក់​ឲ្យ​ពួកគាត់​តែម្ដង​។ ឥឡូវនេះ​ខ្ញុំ​មិនដឹង​ទៅ​ទារលុយ​បង្គ្រប់​ពី​ណា​មក​ទេ ព្រោះ​ពួក​ខ្ញុំ​បាន​ផ្ដិតមេដៃ​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ឲ្យ​គេ​រួចហើយ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បញ្ហា​ពួកខ្ញុំ​នេះ​ផង​»​។

ពលរដ្ឋ​ម្នាក់ទៀត​ក៏​សុំ​មិន​​បញ្ជេញ​ឈ្មោះ​ដែរ​បាន​និយាយថា រហូត​មក​ដល់​ពេលនេះ កិច្ចសន្យា​បាន​ផុតកំណត់ បើ​គិត​រយៈពេល​អ្នក​លក់​មុន និង​លក់​ក្រោយ​ខ្លះ​ផុតកំណត់​ជាង​កន្លះ​ឆ្នាំ​ទៅ​ហើយ បែរ​ជា​ក្រុម​ឈ្មួញ​មិន​ត្រឹមតែ​មិនបាន​ប្រគល់​លុយ​តាម​កិច្ចសន្យា​ទេ ថែមទាំង​បញ្ចុះតម្លៃ​ដី​ក្នុង​ ១ ​ហិចតា​ ១ ​ម៉ឺន​ដុល្លារ​ទៀតផង​។ ​លោក​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​ព្រួយបារម្ភ​ខ្លាំង ខ្លាច​នៅពេល​ដែល​ពួកខ្ញុំ​យល់ព្រម​បញ្ចុះតម្លៃ​ហើយ ឈ្មួញ​នៅ​តែ​មិន​ព្រម​ប្រគល់​លុយ​គ្រប់ ហើយ​ខ្លាច​បាត់បង់​ដីធ្លី ដោយសារ​ឈ្មួញ​អាច​នឹង​យក​ដីធ្លី​របស់​ពួកខ្ញុំ​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ផ្សេងទៀត ពីព្រោះ​ពួកខ្ញុំ​បាន​ផ្តិតមេដៃ​លើ​លិខិត​ទិញ​លក់​ផ្តាច់​ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​រួច​ទៅ​ហើយ​»​។

លោក លន់ លាង មេឃុំ​ក្រាំងយ៉ូវ​បាន​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុម​ឈ្មួញកណ្តាល​ (​អ្នក​គួកជេដី​មិន​ស្គាល់​អត្តសញ្ញាណ​) ​បាននិង​កំពុង​ដើរ​ទិញ​ដី​ចំនួន​ជាង ១០០ ​ហិកតា​ ដែល​ជា​ដី​អាងទឹក​របស់​រដ្ឋ​មួយ​ឈ្មោះ​ «​អាងទឹក​ទួល​ពន់រៃ​» ​ពី​ប្រជាពលរដ្ឋ​ចំនួន ១៤៣ គ្រួសារ​ កំពុង​អាស្រ័យផល​។ ដី​របស់​រដ្ឋ​នេះ​គ្មាន​ចេញ​ច្បាប់​ឲ្យ​បុគ្គល​ណា​ម្នាក់​ទេ ប៉ុន្ដែ​ពលរដ្ឋ​អាច​អាស្រ័យផល​ធ្វើ​ស្រែ​រដូវប្រាំង​ជា​លក្ខណៈ​គ្រួសារ​។

លោក​បន្តថា ពួកគាត់​បាន​អាស្រ័យ​ផល​ចាប់​តាំងពី​ឆ្នាំ​ ១៩៩២ ​មក ប៉ុន្ដែ​អាជ្ញាធរ​មិន​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទេ​។ ក្នុង​អំឡុងពេល​ធ្វើ​ស្រែ​ចម្ការ​នោះ​មាន​ឈ្មួញ​ ១ ​ក្រុម​បាន​មក​បញ្ចុះបញ្ចូល និង​ចរចា​ឲ្យ​ពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ​លក់​ទៅ​ឲ្យ​ខ្លួន​ក្នុង​មួយ​ហិកតា​បាន​តម្លៃ ៤ ​ម៉ឺន​ដុល្លារ ប៉ុន្ដែ​ក្រុម​ឈ្មួញ​បាន​ប្រគល់​លុយ​ឲ្យ​ពលរដ្ឋ​ត្រឹមតែ ២០ ​ភាគរយ​សិន​។

ពួកគាត់​ទទួល​បាន​លុយ​ ២០ ​ភាគរយ​នេះ​រយៈពេល​ជិត​ ១ ​ឆ្នាំ​ហើយ​ដោយ​មិនទាន់​បាន​ទទួល​លុយ​បន្ថែមទៀត​ទេ ខណៈ​ពលរដ្ឋ​បាន​ផ្ដិត​ស្នាម​មេដៃ​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​រួចរាល់​ទៅហើយ​។ ឥឡូវនេះ​ពួកគាត់​ចាប់ផ្ដើម​ព្រួយបារម្ភ​ដែល​ឈ្មួញ​ប្រើល្បិច​មិន​ប្រគល់​ឲ្យ​លុយ​គ្រប់​ចំនួន ប៉ុន្ដែ​បែរ​ជា​យក​ដី​ពួកគាត់​ទៅ​លក់​ឲ្យ​អ្នកផ្សេង​វិញ​។

លោក លន់ លាង បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់លើ​សិន តែ​មិនដឹង​ដឹង​ដោះស្រាយ​យ៉ាងណា​ទេ ព្រោះ​ខ្ញុំ​ធ្លាប់បាន​ប្រាប់​ទៅ​ពួកគាត់​ថា កុំ​លក់​ដី​ហ្នឹង​ឲ្យ​ឈ្មួញ ឬ​ក្រុមហ៊ុន​ពី​ឆ្ងាយ ប្រយ័ត្ន​ចាញ់បោក​គេ ព្រោះ​ពួកគេ​អ្នក​រកស៊ី​បែបនេះ​គឺ​គេ​ល្បិចៗ​ខ្លាំង​ណាស់ ប៉ុន្ដែ​បើ​ចង់​លក់ អាជ្ញាធរ​មិន​ហាមឃាត់​ទេ​គឺ​លក់​ឲ្យ​ទៅ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​យើង​ទៅ​ល្អ​ជាង ដី​ហ្នឹង​គាត់​អាច​ទិញ​លក់បាន ប៉ុន្ដែ​ខ្ញុំ​មិន​ឯកភាព​ចេញ​ប្លង់​រឹង​ឲ្យ​ទេ​»​។

លោក គុណ គឹម មេភូមិ​ត្រពាំងគោ​ក្នុង​ឃុំ​ក្រាំងយ៉ូវ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ដំបូង​ឡើយ​ដី​នេះ​ជា​អាង​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ឃុំ បន្ទាប់មក​នៅ​ឆ្នាំ​ ១៩៩០ អាជ្ញាធរ​បាន​បង្កើត​ប្រឡាយ​ស្ដុកទឹក​វិញ ដោយ​បង្វិល​ដី​អតីត​អាងទឹក​នេះ​ទៅ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នៅ​ឆ្នាំ​ ១៩៩២៕