ភ្នំពេញ: អាជ្ញាធរ​ខណ្ឌ​ ៧ ​មករា​បាន​កោះហៅ​មនុស្ស​ ៥ ​នាក់ ​ក្នុង​ចំណោម​ ១៤ ​គ្រួសារ​ ទៅ​សាកសួរ​ពី​មូលហេតុ​ដែល​មិន​ព្រម​ចាកចេញ​ពី​អគារ​នៅក្នុង​បុរីកីឡា​ដែល​នៅ​មាន​បញ្ហា​រឿង​សំណង​មិន​ចុះសម្រុង​គ្នា​រវាង​អ្នក​រស់នៅ​ក្នុង​អគារ និង​ក្រុមហ៊ុន​ឯកជន ខណៈ​អាជ្ញាធរ​កំពុង​ចល័ត​គ្រឿងចក្រ​ ២ ​គ្រឿង​ បម្រុង​ឈូសឆាយ​។

អ្នកស្រី ង៉ូវ ណារី ពលរដ្ឋ​សហគមន៍​បុរីកីឡា​ដែល​អះអាង​ថា មិនទាន់​ទទួល​បាន​សំណង​សមរម្យ​ពី​ក្រុមហ៊ុន​បាន​ថ្លែង​ថា​នៅ​ថ្ងៃទី​ ១៣ ​កញ្ញា​អាជ្ញាធរ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជិត ១០ ​នាក់ ​បាន​មក​រុះរើ​អីវ៉ាន់​ពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​អគារ​បាក់បែក​នៃ​បុរីកីឡា និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ទាំងនោះ​យក​ទៅ​ដាក់​នៅ​មន្ទីរ​សង្គមកិច្ច​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​នាំខ្លួន​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​គ្នា ៥​ នាក់​ ទៅ​សាកសួរ​នៅ​សាលា​ខណ្ឌ​៧​មករា​។

អ្នកស្រី​បន្ត​ថា​ពេល​ទៅ​ដល់​សាលាខណ្ឌ អាជ្ញាធរ​បាន​សួរ​រយៈពេល​ ២ ​ម៉ោង ​ពី​មូលហេតុ​ដែល​ពលរដ្ឋ​មិន​ព្រម​ចាកចេញ​ពី​អគារ​បុរី​កីឡា​ដែល​អាជ្ញាធរ​ប៉ុនប៉ង​វាយកម្ទេច​នោះ​។ ពួក​អ្នកស្រី​បាន​ឆ្លើយ​ប្រាប់​ទៅ​អាជ្ញាធរ​ថា បើ​ក្រុមហ៊ុន ឬ​អាជ្ញាធរ​មិន​ព្រម​ផ្ដល់​សំណង​សមរម្យ​ណាមួយ​ឲ្យ​ក្រុម​អ្នកស្រី​នោះ ពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់​នឹង​មិន​ព្រម​ចាកចេញ​ពី​ទីនោះ​ជា​ដាច់ខាត ព្រោះ​គ្មាន​ទីជម្រក​ស្នាក់​នៅទេ​។

អ្នកស្រី ណារី បញ្ជាក់​ថា​៖ «​ពួក​ខ្ញុំ​សុខចិត្ត​ស្លាប់​នៅលើ​អគារ​នោះ បើ​មិន​ព្រម​ផ្ដល់​សំណង​សមរម្យ​ឲ្យ​ពួក​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​គ្មាន​កន្លែង​ផ្សេង​ទេ ហើយ​អាជ្ញាធរ​ព្រម​ផ្ដល់​សំណង​ឲ្យ​ពួក​ខ្ញុំ​ត្រឹមតែ ៣ ឬ​ ៤ ​ពាន់​ដុល្លារ​ មិន​អាច​ទិញ​ផ្ទះ ឬ​ទិញ​ដី​សម្រាប់​រស់នៅ​បាន​ទេ​។ ខ្ញុំ​មាន​កូន​ច្រើន មិនអាច​ទទួល​យក​សំណង​ប៉ុណ្ណឹង​បានទេ​»​។

អ្នកស្រី រីន រីម តំណាង​ពលរដ្ឋ​ទាំងនោះ​បាន​ថ្លែង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​គ្រឿងចក្រ​ចំនួន ២ គ្រឿង ​ដោយ​មាន​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជា ៣០ ​នាក់​ នៅ​យាម​ប្រចាំការ​ក្នុង​បុរី​កីឡា​រយៈពេល​ជិត ១០ ​ថ្ងៃ​មក​ហើយ ដើម្បី​ត្រៀម​ទទួល​បញ្ជា​វាយកម្ទេច​អគារ​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ពលរដ្ឋ​ចំនួន ១៤ គ្រួសារ​ ដែល​នៅ​មិន​ទាន់​ទទួលបាន​សំណង​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ពួក​ខ្ញុំ​ចង់​បាន​សំណង​គឺ​មាន​ចំនួន​ផ្សេងៗ​គ្នា​ក្នុង​ចន្លោះ​ពី ៣ ​ម៉ឺន​ទៅ ៤០ ​ម៉ឺន​ដុល្លារ​។ ក្រៅពី​ពួក​ខ្ញុំ ១៤ ​គ្រួសារ​ ដែល​មិនទាន់​បាន​ទទួល​សំណង​នេះ​ក៏​មាន​អ្នក​ធ្លាប់​ទទួល​បាន​សំណង​ប្រមាណ ៥ គ្រួសារ​ ក៏​បាន​មក​ចាំ​រារាំង​គ្រឿងចក្រ​នេះ​ដែរ ដោយសារ​តែ​ពួកគាត់​បាន​សំណង​តិចតួច​ពេក​»​។

អ្នកស្រី​បន្ថែម​ថា​ទីតាំង​បុរី​កីឡា​នេះ​ត្រូវបាន​ក្រុមហ៊ុន​ផាន អ៊ីមិច លក់​បន្តទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​បន្តបន្ទាប់ ប៉ុន្ដែ​ពេល​នេះ​ដី​បុរី​កីឡា​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​ឈ្មោះ CO ហើយ​ខណៈ​នេះ​ក្រុមហ៊ុន​ទាំង ២ ​នេះ​បាន និង​កំពុង​កាយ​ដី និង​បុកគ្រឹះ​សាងសង់​អគារ​នៅ​ខាងក្រោយ​អគារ​បុរីកីឡា​ចាស់​។

លោក លឹម សុភា អភិបាលខណ្ឌ ៧ ​មករា​កាលពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​។

លោក នេត ស៊ីថុន អធិការ​នគរបាល​ខណ្ឌ​៧​មករា​បាន​អះអាង​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​របស់​លោក​ពិតជា​បាន​នាំខ្លួន​ពលរដ្ឋ​ទាំង​នោះមក​សាកសួរ​មែន​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​បាន​សួរនាំ​ពួកគាត់​ផង​ខ្ញុំ​គ្រាន់តែ​ការពារ​សន្ដិសុខ​ទេ​»​។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​។

អ្នកស្រី ង៉ូវ ណារី បាន​ឲ្យ​ដឹងថា ពលរដ្ឋ​សហគមន៍​ទាំង ៥ ​នាក់​ដែល​អាជ្ញាធរ​បាន​នាំខ្លួន​ទៅ​សាកសួរ​នោះ​រួមមាន​ឈ្មោះ លឹម ប៉េងអាន អាយុ​ ៣០ ​ឆ្នាំ​, ស្រី ទូច អាយុ​ជាង ៥០ ​ឆ្នាំ​, នួន សេដ្ឋា អាយុ ៣១ ​ឆ្នាំ​, នួន សុជាតា អាយុ ២៩ ​ឆ្នាំ និង​ឈ្មោះ រ៉េត រីម អាយុ ៤០ ​ឆ្នាំ​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ថា​អាជ្ញាធរ​មិនគួរ​ប្រើពាក្យ​សម្ដី​គំរាមកំហែង​ទៅលើ​ពួកគាត់​ជា​ជនរងគ្រោះ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​អាច​នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​ហើយ​យើង​ក៏​មិន​លើក​ទឹកចិត្ត​ដែរ​ចំពោះ​ការដោះស្រាយ​ជាមួយ​នឹង​អំពើហិង្សា​»៕