ព្រះវិហារៈ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ​បាន​អះអាងថា​ យ៉ាងយូរ​នៅ​សប្តាហ៍​ក្រោយនឹងមាន​ការដោះលែង​ប្រជា​ពលរដ្ឋ​ចំនួន ១៤ នាក់​ និង​តំណាង​ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ ឡយ លី​ហ៊ួ​រ ​ដែល​ត្រូវ​ចាប់ឃុំខ្លួន​ជាបន្តបន្ទាប់ ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ជុំវិញ​ការចោទប្រកាន់​ពីបទរំ​លោភ​បំពាន​ដី​អភិរក្ស​គូលែន​ព្រហ្ម​ទេព ​ប៉ុន្តែ​ពលរដ្ឋ​ថា ​ជា​ដី​របស់​ខ្លួន​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​មេត្រី​ភាព។

លោក​ ទី សុវិនថាល់​ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ ​អះអាង​ពី​ម្សិលមិញ​ថា ​ការសម្រេច​ដោះលែង​ពួកគេ​ទាំង​ ១៥ នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​ក្នុងពេល​ខាងមុខនេះ​ ក៏​ព្រោះតែ​មានការ​អន្តរា​គម​ន៍​ពី​ភាគី​ពាក់ព័ន្ធ ​ដូច្នេះពួកគេ​នឹង​ត្រូវបាន​ដោះលែង​ក្នុង​ពេល​ឆាប់ៗនៅពេល​តុលាការ​រៀបចំ​ឯកសារ​រួចរាល់តាម​សំណើ​ទាំង​នេះ។

លោក​ថា​៖ «ឡយ លី​ហ៊ួ​រ ហ្នឹង​មាន​បទល្មើស​ តែ​ដោយសារតែ​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ ​ជួយ​សម្រួល​អន្តរា​គម​ន៍ទៅ​តុលាការ​ហើយ​ អ៊ីចឹង​អាច​ដោះ​ក្នុង​ពេលឆាប់ៗ​ហ្នឹង ​គឺ ១ ​ទៅ ​២ សប្តាហ៍​ទៀត ​ហើយ ១៤ នាក់​ទៀត​ មានការ​អន្តរាគម​ន៍​ពី​មេធាវី​រាជ​រដ្ឋាភិបាល​កំពុង​រៀបចំ​សំណើសុំ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ជា​បន្ត​បន្ទាប់»។

លោក​បន្តថាការដែល​តុលាការ ​សម្រេច​​បន្ត​ឃុំខ្លួន​ពួកគេ​ ដល់ពេលនេះ​ ព្រោះតែ​ប្រជាពលរដ្ឋ​ទាំងនោះ ​មិន​សហការ​ជាមួយ​តុលាការនិង​ព្យាយាម​លាក់បាំង ​ពលរដ្ឋ​ម្នាក់ ​ឈ្មោះ ​ស៊ុំ ម៉ឺន ​ដែល​ប្រកាសថា​បាត់​ខ្លួន ​ក្នុងអំឡុង​ពេលដែល​អាជ្ញាធរ ​ឃាត់ខ្លួន​ តែ​ក្រោយមក​ត្រូវបាន​រកឃើញ​វិញ​ថាបានរត់គេច​ដោយ​ខ្លួនឯង​ពី​សំណាក់​អាជ្ញាធរ។

លោក ឡយ លី​ហ៊ួ​រ តំណាង​ពលរដ្ឋ​ដីធ្លី​ក្នុង​ខេត្ត​ព្រះវិហារ ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី ២៤ ​មេសា ​ពីបទ​ចាប់​បង្ខាំង​មនុស្ស ​ធ្វើ​ទារុណកម្ម​ និងលួច​យក​អាវុធ ​និង​ត្រូវ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពន្ធនាគារ​ខេត្ត។ ចំណែក​ប្រជា​ពលរដ្ឋ​ចំនួន ១៤ នាក់ ​ទៀត​ ត្រូវបាន​ចាប់ ​និង​ឃុំខ្លួន ជា​បន្តបន្ទាប់​ចាប់តាំងពី​ពាក់​កណ្តាល​ខែមករា​មក ​ដោយ​ចោទប្រកាន់​ពីបទទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ និង​ដី​របស់​ក្រុមហ៊ុន​មេត្រី​ភាព។

លោក​ សុង ច័ន្ទ​សុជាតិ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​វិហារ បាន​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា ​តំណាង​​ពលរដ្ឋ​ម្នាក់ ​មាន​ឈ្មោះ ​ឡយ លី​ហ៊ួរ ​ពិតជា​ត្រូវបាន​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី ២៤​ មែន ​តែ​លោកមិនអាច​បញ្ជាក់​បាន​ក្រៅ​ពី​នេះ​ទេ។

វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​កើតឡើង​ក្នុងភូមិ​អន្ទិល ឃុំ​យាង ​ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះវិហារ​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​ឧត្ត​រមានជ័យ ​បាន​ផ្ទុះ​ឡើង​រហូត​នាំ​ឲ្យ​ប្រជា ពលរដ្ឋ​ប្រមាណ ​៣០០ គ្រួសារ​ ឡើង​មកសុំ​អន្តរា​គម​ន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ត្រូវបាន​សម្របសម្រួល​ កាលពី​ខែកុម្ភៈ​ ដោយ​ក្នុងនោះ ​អភិបាល​ខេត្ត​ព្រះវិហារ ​លោក ​អ៊ុន ចាន់​ដា ​បាន​សន្យាថា​ នឹង​បញ្ឈប់​ការចេញ​ដីកា​កោះហៅ​ ឬ​ចាប់ខ្លួន​ពលរដ្ឋ​បន្តទៀត​ ហើយ​នឹង​រៀបចំ​បែបបទ​តាម​នីតិវិធី​ក្នុងការ​ដោះលែង​ពលរដ្ឋទាំង​១៤នាក់​ ដែល​បាន​ចាប់​ខ្លួន។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អ៊ុន ចាន់​ដា ​អភិបាល​ខេត្ត​ព្រះវិហារ​បានទេកាលពី​ម្សិលមិញ ​ជុំវិញ​ការឃាត់​ខ្លួន​ពលរដ្ឋ​ជាថ្មី​ទៀត​ ព្រោះតែ​លោក​មិន​លើក​ទូរស័ព្ទ។

លោក​ ឡោ ចាន់​ មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​ព្រះ​វិហារ ​បាន​និយាយ​ពី​ម្សិលមិញ​ថា ​ការ​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ជាថ្មី​ទៀត​ បើទោះជា​មានការ​ធានា​ពី​មន្ត្រី​រដ្ឋាភិបាល​ក៏ដោយ​ នេះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ ជាពិសេស​លោក​ ឡយ ឡី​ហ៊ួរ ​ផ្ទាល់ ​ព្រោះ​អាជ្ញាធរ​បាន​អះអាង​ហើយ​ថា ​នឹង​គ្មាន​ការចាប់​ខ្លួន​លោក​នោះ​ទេ។

លោក ​ឡោ ចាន់ បានប​ន្តថា៖​ «ខ្ញុំ​សង្ឃឹមថា​ ពួកគាត់​នឹង​ត្រូវបាន​ដោះលែង​ទាំងអស់​គ្នា ​ព្រោះ​ករណី​ចាប់ខ្លួន​នេះ ​គឺ​ករណី​ដីធ្លី ​ហើយក៏​មិនមែន​មាន​វិវាទ​ជាមួយ​ដី​របស់​រដ្ឋ​ដែរ ​គឺ​ដី​ដែល​ពលរដ្ឋ​បានមក​រស់នៅ ​តាំងពី​ក្រុមហ៊ុន​មេត្រីភាព​មិន​ទាន់​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើដី​នេះ»៕