មណ្ឌលគិរីៈ ក្រុម​តំណាង​ពលរដ្ឋ​ក្រីក្រ​ ១៦០ ​គ្រួសារ​ នៃ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី បាន​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​តំណាង​របស់ខ្លួន​ម្នាក់​ឈ្មោះ សុះ មីឡែន ពី​បទ​លួច​លក់​ចំណែក​ដី​សម្បទាន​សង្គមកិច្ច​របស់​ពួកគាត់​ចំនួន ​២ ៤០០ ​ហិកតា ទៅ​ឲ្យ​ពលរដ្ឋ​ និង​គ្រួសារ​មន្ត្រីរាជការ​ដែល​មកពី​តំបន់​ផ្សេង​ដោយ​ខុសច្បាប់​។

លោក គ្រើង តុលា តំណាង​ពលរដ្ឋ​ក្រីក្រ​ ១៦០ ​គ្រួសារ​នោះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា យោង​អនុក្រឹត្យ​លេខ​ ៣៤ អនក្រ.បក ចុះ​ថ្ងៃទី​ ២៤ ខែ​ កុម្ភៈ ឆ្នាំ ២០១២ ស្ដីពី​ «​ការធ្វើ​អនុប្រយោគ​ជា​ដីឯកជន​របស់​រដ្ឋ​ទំហំ​ ៨០៦២ ​ហិកតា​ស្ថិត​នៅក្នុង​ឃុំ​ស្រែហ៊ុយ ស្រុក​កោះញែក​, ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា និង ឃុំ​ស្រែខ្ទម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​សម្រាប់​ធ្វើ​សម្បទាន​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់អាវុធ​ និង​គ្រួសារ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ​» ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ ១៦០ ​គ្រួសារ​ ប៉ុន្តែ​មកទល់​ពេល​នេះ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ភាគច្រើន​នៅ​មិន​ទាន់​ទទួលបាន​ចំណែក​ដី​របស់​​ពួកគេ​នោះទេ​។

លោក​ តុលា ថ្លែងថា​៖ «​ក្រោយពី​ទទួលបាន​ដីសម្បទាន​សង្គមកិច្ច​ទំហំ​ ២ ៤០០ ​ហិកតា​ ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ហើយ​នោះ​លោក សុះ មីឡែន ដែល​ជា​តំណាង​ពលរដ្ឋ​ក្រីក្រ​ ១៦០ ​គ្រួសារ​នោះ ​បាន​យក​ចំណែក​ដី​មួយ​ផ្នែកធំ​របស់​ពួកគាត់​ទៅ​លក់​ឲ្យ​ពលរដ្ឋ និង គ្រួសារ​មន្ត្រីរាជការ​ដែល​មកពី​តំបន់​ផ្សេង​ក្នុង​តម្លៃ​ពី​ ៥០០ ​ដុល្លារ​ទៅ​ ១ ៥០០ ​ដុល្លារ​ក្នុង​មួយ​ហិកតា​»​។

លោក​បាន​ថ្លែងថា ហេតុនេះ​ហើយ​ទើប​នៅ​ថ្ងៃទី​ ៣ ខែ​ មីនា ឆ្នាំ​ ២០២០ គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដែល​មិនទាន់​ទទួលបាន​ចំណែក​ដី​ពី​សម្បទាន​ដី​សង្គមកិច្ច​បាន​សម្រេច​ចិត្ត​ដាក់ពាក្យ​ប្ដឹង​បរិហារ​ប្រឆាំង​នឹង​លោក សុះ មីឡែន ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។

លោក ក្លាង ថូល ដែល​បាន​ចូលរួម​ដាក់ពាក្យ​បណ្ដឹង​បាន​និយាយថា​៖ «​យើង​ចង់​ឲ្យ​តុលាការ​ជួយ​រក​ដំណោះស្រាយ​ផ្ដល់​ភាពយុត្តិធម៌​សម្រាប់​ពួកយើង​គឺ ដកហូត​ចំណែក​ដីសម្បទាន​សង្គមកិច្ច​របស់​ពួកយើង​មកវិញ​»​។

លោក សុះ មីឡែន មិនអាច​ទាក់ទង​ស្នើសុំ​ការពន្យល់​បានទេ​កាលពី​ម្សិលមិញ​។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា តុលាការ​បាន​ទទួល​បណ្ដឹង​បរិហារ​នោះ​ហើយ​នឹង​បាន​បញ្ជូន​សំណុំរឿង​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​៕