ព្រះសីហនុៈ ប្រជាពលរដ្ឋ​ ១៦២ ​គ្រួសារ​នៅ​ភូមិ​ ៤ សង្កាត់​ ៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​ ១៨ ​ឧសភា​បាន​ជំទាស់​នឹង​គម្រោង​ធ្វើ​ផ្លូវ​របស់​អាជ្ញាធរ ដោយ​ពួកគាត់​អះអាង​ថា ការធ្វើ​ផ្លូវ​ថ្មី​នេះ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ស្ទើរ​ទាំងស្រុង ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​យោគយល់​ និង​រក​ដំណោះស្រាយ​។

លោក​ ប៊ុន ញឹម អាយុ​ ៤៥ ​ឆ្នាំ​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នកភូមិ​ទាំងនោះ និយាយ​ថា​អាជ្ញាធរ​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ប្រញាប់​រុះរើ​ផ្ទះ និង​សំណង់​មួយចំនួន​ដែល​ប៉ះពាល់​ផ្លូវ​លេខ​ ២០០ ស្ថិតនៅ​ភូមិ​ ៤ សង្កាត់​ ៤ ក្រុងព្រះសីហនុ​ចាប់ពី​ថ្ងៃទី​ ១៣ ឧសភា តទៅ​។ គម្រោង​ធ្វើ​ផ្លូវ​របស់​អាជ្ញាធរ​ធ្វើឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ១៦២ ​គ្រួសារ ​ដោយ​ខ្លះ​ប៉ះពាល់​ទាំងស្រុង និង​មួយចំនួន​ប៉ះពាល់​ពាក់កណ្ដាល​ដី​ផ្ទះ​តែម្ដង​។

លោក​បន្តថា អាជ្ញាធរ​បាន​ដាក់​គម្រោង​ចង់​ធ្វើ​ផ្លូវ​ទំហំ​ ៤០ ​ម៉ែត្រ​ប្រវែង​ជាង​ ១ ​ពាន់​ម៉ែត្រ ប៉ុន្ដែ​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា និង​ស្នើឲ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​ថ្មី​នេះ​ត្រឹម​ ១៧ ​ម៉ែត្រ គ្រប់គ្រាន់​ហើយ​ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ច្រើនពេក​។ ផ្លូវ​សព្វថ្ងៃ​មិន​សូវ​មាន​អ្វី​មមាញឹក​ទេ ដោយ​គ្រាន់តែ​ដាក់លូ និង​ជួសជុល​បន្ដិចបន្ដួច​អាច​ល្អប្រសើរ​។

លោក​ថា​៖ «​បើ​ធ្វើ​ផ្លូវ​ហ្នឹង​ ៤០ ​ម៉ែត្រ​គឺមាន​អ្នកខ្លះ​នឹង​អស់​ផ្ទះ អស់​ដី​ និង​ខ្លះទៀត​បាត់បង់​លំនៅឋាន​ទាំងស្រុង​។ ​ម្នាក់ៗ​សុទ្ធតែ​ជំពាក់​លុយ​ធនាគារ​ថែមទៀត​»​។

ពលរដ្ឋ​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើកឡើង​ថា អាជ្ញាធរ​គួរតែ​ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ការស្ថាបនា​ផ្លូវ​ដ៏ធំ​នេះ​ប៉ះពាល់​ដល់​ពលរដ្ឋ​។ ដី​ដែល​ពលរដ្ឋ​កំពុង​រស់នៅ​មិនមាន​បណ្ណ​កម្មសិទ្ធិ​ (​ប្លង់រឹង​) ​ទេ​។ ប៉ុន្ដែ​ពលរដ្ឋ​មាន​លិខិត​បញ្ជាក់​ទីលំនៅ ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ត្រឹមត្រូវ​ដោយ​ពលរដ្ឋ​រស់នៅ​ចាប់​តាំងពី​ឆ្នាំ​ ១៩៨៨ រហូត​មកដល់​សព្វថ្ងៃនេះ​។

លោក​ថា​៖ «​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​មិន​ហាមឃាត់​នឹង​ការអភិវឌ្ឍ​ទេ ប៉ុន្ដែ​ការអភិវឌ្ឍ​ដែល​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ច្រើន​គួរតែ​ជួយ​សម្រួល​និង​យោគយល់​ដល់​ពលរដ្ឋ​ក្រីក្រ​ផង​»​។

លោក​ សេង នីម ចៅសង្កាត់​ ៤ ថ្លែង​កាលពី​ថ្ងៃទី​ ១៨ ឧសភា ថា​អាជ្ញាធរ​ក្រុង និង​ខេត្ត​ព្រះសីហនុ​បាន​ជូនដំណឹង​ទៅ​ពលរដ្ឋ​ដោយ​តម្រូវ​ឲ្យ​ពួកគាត់​រុះរើ​សំណង់​គ្រប់​ប្រភេទ និង​រោង​អាជីវកម្ម​នានា​ដែល​ប៉ះពាល់​លើដី​ចំណីផ្លូវ​។ ព្រោះ​ដល់ពេល​ដែល​អាជ្ញាធរ​ត្រូវ​ធ្វើការ​អភិវឌ្ឍ និង​ស្ថាបនា​ផ្លូវ​ឲ្យ​បាន​ស្អាត​។

លោក​ថា ដី​ផ្ទះ​ពួកគាត់​មិនមាន​ប្លង់រឹង​ធ្វើ​ជា​កម្មសិទ្ធិ​ស្របច្បាប់​ត្រឹមត្រូវ​ទេ ប៉ុន្ដែ​លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​មាន​លិខិត​បញ្ជាក់​ទីលំនៅ​ពី​អាជ្ញាធរ​មូលដ្ឋាន​។ ពួកគាត់​មាន​សិទ្ធិ​រស់នៅ​លើដី​នោះ ប៉ុន្ដែ​បើ​មាន​តម្រូវការ​ណាមួយ​ពី​អាជ្ញាធរ ពួកគាត់​ត្រូវតែ​សហការ​ជាមួយ​អាជ្ញាធរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សុំ​ឲ្យ​បងប្អូន យើង​គួរ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​យើង​ធ្វើ​ផ្លូវ​ទាំងអស់​នៅក្នុង​ក្រុងព្រះសីហនុ​បាន​ស្អាត គ្រប់​ទីកន្លែង​។ ពួកគាត់​ភាគច្រើន​សុទ្ធ​មាន​ផ្ទះ​ ២ ឬ​ ៣ ​កន្លែង​ឯណោះ ខ្ញុំ​ថា​ដូចជា​មិនសូវ​ជា​ប៉ះពាល់​អ្វី​ខ្លាំង​ទេ​។ ព្រោះ​ផ្លូវ​នេះ​យើង​ធ្វើឲ្យ​មាន​កន្លែង​ថ្មើរជើង មាន​ស្លាកសញ្ញា​ចរាចរណ៍​ត្រឹមត្រូវ​។ និយាយ​រួម​គឺ​យើង​ធ្វើឲ្យ​ស្អាត​តែម្ដង​»​។

លោក​ អ៊ី សុខឡេង អភិបាល​ក្រុងព្រះសីហនុ​ថ្លែង​កាលពី​ថ្ងៃទី​ ១៨ ឧសភា ថា អាជ្ញាធរ​មិនបាន​ពង្រីក​ផ្លូវ​បន្ថែមទៀត​ទេ​គឺ​ផ្លូវ​ដែល​មាន​ស្រាប់​ទំហំ​ ៤០ ​ម៉ែត្រ​។ ប៉ុន្ដែ​ពួកគាត់​បាន​នាំគ្នា​មក​រស់នៅ​លើ​ចំណីផ្លូវ​ដែល​ជា​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រប់គ្រង​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​ធ្វើ​គឺ​យើង​ផ្អែកលើ​ប្លង់​ប្រព័ន្ធ​ដែល​ជា​ច្បាប់​ដែលមាន​យូរ​ឆ្នាំ​ហើយ ដោយ​ធ្វើ​គិត​ទៅលើ​ប្រយោជន៍​រួម ពង្រីក​ផ្លូវ​ទៅតាម​ប្លង់​ប្រព័ន្ធ​ដែលមាន​ស្រាប់​។ ប៉ុន្ដែ​ជាធម្មតា​ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ ធ្លាប់​អាស្រ័យផល​គឺ​ចង់ ឬ​មិន​ចង់ គឺ​គាត់​តវ៉ា​ហើយ​។ ជាក់ស្ដែង​កន្លងមក​យើង​បាន​ធ្វើ​ផ្លូវ​ជាច្រើន​ខ្សែ​ដូច​បែបនេះ ហើយ​ក៏មាន​ប៉ះពាល់​អ៊ីចឹង​ដែរ ប៉ុន្ដែ​ពួកគាត់​ចូលរួម​បរិច្ចាគ​ជាមួយ​អាជ្ញាធរ ដើម្បី​ប្រយោជន៍​រួម​ទាំងអស់​គ្នា​»​។

លោក បូរី វង្សសានិត្យ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បន្ថែម​បានទេ​។

សេចក្ដី​ជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី​ ១៣ ឧសភា ដែល​ទទួល​បាន​ថ្ងៃទី​ ១៨ ឧសភា​បញ្ជាក់​ថា ដើម្បី​រួមចំណែក​ក្នុង​គោលដៅ​លើកកម្ពស់​ការថែរក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ ការកែលម្អ​សោភណភាព និង​កាត់បន្ថយ ឬ​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២០០ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ជួសជុល​កំណាត់​ផ្លូវ​នេះ​ព្រម​ទាំង​ស្ថាបនា​ប្រព័ន្ធ​លូ​សំខាន់ៗ​ខាងមុខ​ឆាប់ៗ​នេះ​។

មន្ទីរ​ក៏​ស្នើ​ពលរដ្ឋ​ម្ចាស់​លំនៅឋាន​ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​រំលោភ​ដី​ចំណីផ្លូវ​សាធារណៈ​នៅ​តាម​ផ្លូវ​លេខ​ ២០០ សង្កាត់​ ៤ ក្រុងព្រះសីហនុ​ចូលរួម​សហការ​រុះរើ​សំណង់​ទីតាំង​ប្រកប​អាជីវកម្ម​ដែល​សាងសង់​លើដី​ចំណីផ្លូវ​សាធារណៈ​៕