មណ្ឌលគិរី: ប្រជាសហគមន៍​ចំនួន​ ១៧០ ​គ្រួសារ​ រស់នៅ​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី គ្រោង​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​បុគ្គល​ម្នាក់​ទៅ​តុលាការខេត្ត ដោយ​ចោទថា​ពាក់ព័ន្ធ​ការរំលោភ​ដីព្រៃ​សហគមន៍​ជិត​ ២០ ​ហិកតា ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់ ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ចប់​ចៀសវាង​​មានរឿង​ក្ដី​នៅ​តុលាការ​។

លោក ម៉ាល់ ថាច លេខា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង និង​ជា​អ្នក​តំណាង​ពលរដ្ឋ​ទាំង​ ១៧០ ​គ្រួសារ​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២៥ មករា​ថា លោក និង​ក្រុម​ពលរដ្ឋ​កំពុង​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​បុរស​ឈ្មោះ រុន វណ្ណៈ ជា​អ្នកជំនួញ​ល្បី​ឈ្មោះ​នៅក្នុង​ឃុំ​សែនមនោរម្យ​ទៅ​តុលាការ​ខេត្តមណ្ឌលគិរី ដោយសារ​បុគ្គល​រូបនេះ​បាន​ទិញ-លក់ និង​រំលោភ​យក​ព្រៃ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ប្រមាណ​ជិត​ ២០ ​ហិកតា​។

លោក​បន្តថា ពលរដ្ឋ​ធ្លាប់បាន​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ដែរ ប៉ុន្ដែ​ដូចជា​គ្មាន​ប្រសិទ្ធភាព​ទេ​។ ដី​នេះ ត្រូវបាន​ចុះបញ្ជី​ជា​ដី​សមូហភាព​ពី​ឆ្នាំ​ ២០១៦ ​តែ​ធ្លាប់មាន​គេ​ប៉ុនប៉ង​រំលោភ​យក​ជាច្រើន​លើក ហើយ​តែង​ត្រូវ​ពលរដ្ឋ​តវ៉ា​ឱ្យ​ដកហូត​មកវិញ​។

លោក ម៉ាល់ ថាច បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ជួបពិភាក្សា​ជាមួយ​មេធាវី​ពី​គម្រោង​ប្ដឹង​នេះ ហើយ​មេធាវី​ក៏​គាត់​ជួយ​ផ្នែក​បច្ចេកទេសផ្នែក​ច្បាប់​នេះដែរ​ខ្ញុំ​នឹងដាក់​ទៅ​ឆាប់ៗ​នេះ​។ ឈ្មោះ រុន វណ្ណៈ នេះ​គឺជា​ពលរដ្ឋ​ធម្មតា​ទេ ប៉ុន្ដែ​គាត់​ជា​អ្នក​រកស៊ី​ធូរធារ​នៅក្នុង​ឃុំ​សែនមនោរម្យ អ៊ីចឹង​គាត់​ទៅ​ឈូសឆាយ​ដីព្រៃ​ដោយ​ខុសច្បាប់​ជាច្រើន​កន្លែង​ហើយ​អួតថា គ្មាន​​នរណា​ហ៊ាន​តតាំង​ជាមួយ​គាត់​ទេ​»​។

លោក ប្លែវ ប៉ិល ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ក្នុងចំណោម​អ្នកប្ដឹង​នោះបាន​ថ្លែងថា លោក​មិន​ពេញ​ចិត្តនឹង​សកម្មភាព​ឈ្មោះ​ រុន វណ្ណៈ ទេ​។ លោក​ស្នើឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​លើ​បុរស​ម្នាក់នេះ​ដើម្បី​ថែរក្សា​ដីព្រៃ​សមូហភាព​ដែល​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកនេះ​។

លោក​បញ្ជាក់ថា​៖ «​ដី​ហ្នឹង គឺជា​ទីវាល​ដែល​អ្នកភូមិ​អាស្រ័យ​ផល ប៉ុន្ដែ​មិន​មែន​ជា​លក្ខណៈ​មាន​ព្រៃឈើ​ច្រើន ឬ​មាន​ដើមឈើ​ធំៗ​ទេ​គឺមាន​តែព្រៃ​របោះ​តូចៗ និង​មាន​ស្មៅ​ដុះ​ច្រើន​។ ​ចំពោះ​នៅ​រដូវភ្លៀង​ពលរដ្ឋ​សហគមន៍​គាត់​ខ្លះ​ដាំ​ដំឡូងមី សណ្ដែកដី ពោត​ ឬ​ល្ង ពោល​គឺ​ពួកគាត់​ធ្វើ​ចម្ការ​រួមគ្នា​»​។

លោកស្រី ភាន់ ប្រែល មេឃុំ​សែនមនោរម្យ​បាន​ថ្លែង​យ៉ាងខ្លី​ពីថ្ងៃ​ ២៥ ​មករា​ថា លោកស្រី​បាន​ទទួល​ព័ត៌មាន​ពី​ទំនាស់​ដីធ្លី​នេះ ប៉ុន្ដែ​លោកស្រី​មិនទាន់​អាច​និយាយ​បាន​ទេ ដោយសារ​កំពុង​ជាប់រវល់​ប្រជុំ​។ ​លោកស្រី​ថា​៖ «​ខ្ញុំ​ដឹងថា​មានទំនាស់​ដីធ្លី​នៅ​តំបន់​ហ្នឹង តែ​ខ្ញុំ​កំពុង​ប្រជុំ​មិនអាច​និយាយ​បានទេ​»​។

លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​មិន​អាច​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​បានទេ ដោយ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន​។

ចំណែក​លោក រុន វណ្ណៈ ដែល​រង​ការចោទប្រកាន់​នេះ​មិនទាន់​អាច​ស្វែងរក​ប្រភព ដើម្បី​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានដែរ​កាលពី​ថ្ងៃទី​ ២៥ មករា​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ថ្លែងថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​រក​ដំណោះស្រាយ​ជូន​ប្រជា​សហគមន៍​ឱ្យបាន​សមស្រប​ទៅ​​តាមច្បាប់ ដោយសារ​ដី​ពួកគាត់​បាន​ចុះបញ្ជី​រួចរាល់​ហើយ​។ ប្រសិន​បើ​នៅ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន ពួកគាត់​មាន​ជម្រើស​ប្ដឹងទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌​។

លោក​បន្តថា ការរំលោភ​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី​អាច​ក្លាយជា​ទម្លាប់​អាក្រក់ ប្រសិនបើ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​គ្មាន​ចំណាត់ការ​ច្បាស់លាស់​ចំពោះ​ជនល្មើស​ទេនោះ​។ ជនល្មើស​មួយចំនួន​តែងតែ​ប្រើ​អំណាច​របស់ខ្លួន​ទៅ​គំរាម​​ពលរដ្ឋ និង​អួត​ពី​អ្នកមាន​អំណាច​ចាំ​ជួយ​អន្តរាគមន៍​ពីក្រោយ​ខ្នង​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​ធ្លាប់​មាន​ជនខិលខូច​រំលោភ​យក​ដី​រដ្ឋ​បានសម្រេច​ច្រើន​ករណី បើទោះបី​ជា​ប្ដឹង​ទៅដល់​តុលាការ​ក៏ដោយ អ៊ីចឹង​គំរូ​អាក្រក់​ហ្នឹង​វា​ជះឥទ្ធិពល​ទៅដល់​អ្នកផ្សេងៗ​ទៀត​កាន់តែ​ច្រើនឡើងៗ​ដែល​ចូលទៅ​រំលោភ​យក​ដី​របស់​រដ្ឋ​ ឬ​ដី​សហគមន៍​ដែល​ចុះបញ្ជី​រួចហើយ​។ ​អ៊ីចឹង​អាជ្ញាធរ​គួរតែ​ដោះស្រាយ​ជូន​ពួកគាត់​ចៀសវាង​មាន​សំណុំរឿង​នៅ​តុលាការ​»៕