ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ចំការមន​កាលពី​ម្សិលមិញ​បាន​ហៅ​ភាគី​ជម្លោះ​ក្នុង​រឿង​សាងសង់​សំណង់​ដែល​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នក​ដែល​រស់នៅ​ក្បែរ​ការដ្ឋាន​ឲ្យ​សម្របសម្រួល​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ ២០ ​គ្រួសារ​កាលពី​ពាក់កណ្ដាល​ខែ​វិច្ឆិកា​។

ពលរដ្ឋ​ ២០ ​គ្រួសារ​ បាន​ដាក់​ពាក្យបណ្ដឹង​មក​អាជ្ញាធរ​ខណ្ឌ​ចំការមន​ដោយ​បាន​រួមគ្នា​ផ្ដិតមេដៃ​ប្ដឹង​ក្រុមហ៊ុន​ឆាយណាខន់ស្ត្រាក់សិន​គ្រឹះស្ថាន​ទី​ ១ ដែល​ទទួល​បាន​ច្បាប់​ត្រឹមត្រូវ​កំពុង​សាងសង់​អគារ​កម្ពស់​ ៥២ ​ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​ ១២ ផ្លូវ​ច្រក​ ៩៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ចោទប្រកាន់​ថា ការដ្ឋាន​សំណង់​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​ធ្វើឲ្យ​មាន​ការភ័យខ្លាច​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។

យោងតាម​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ទាំង​នោះបាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​ឆាយណាខន់ស្ត្រាក់សិន​គ្រឹះស្ថាន​ទី​ ១ បាន​បើក​ការដ្ឋាន​សំណង់​នៅ​ជាប់​របង​ផ្ទះ​យើងខ្ញុំ និង​បាន​បង្ក​ឲ្យ​មាន​ការរញ្ជួយ​រង្គើ​ផ្ទះ ស្រុត​ប្រេះ​ជញ្ជាំង​បាន​បង្ក​សំឡេង​រំខាន​ ២៤ ​ម៉ោង សាច​កម្ទេច​ថ្ម សាច​ផ្កាភ្លើង ជះក្លិន​ឈ្ងៀម ស្រក់​ទឹក​ស៊ីម៉ងត៍​លើ​ទ្រព្យសម្បតិ្ត ដំបូលផ្ទះ និង​ធ្វើឲ្យ​មានការ​ភ័យខ្លាច​ពី​សុវត្ថិភាព ការរស់នៅ​ប្រចាំថ្ងៃ ព្រោះ​តែ​ដែក​យោង​សម្ភារ​ការដ្ឋាន​សំណង់ វិល​នៅលើ​ដំបូល​ផ្ទះ​យើងខ្ញុំ​ជាប្រចាំ​»​។

លោក ថេង សុថុល អភិបាល​ខណ្ឌ​ចំកាមន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ខណ្ឌ​បាន​យកចិត្ត​ទុកដាក់ និង​បាន​ចុះទៅ​ដល់​ការដ្ឋាន​សំណង់​មុន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង​មក​អាជ្ញាធរ​ខណ្ឌ​។

លោក សុថុល បាន​ឲ្យ​ដឹងថា​៖ «​ដោយ​យោងតាម​ពាក្យបណ្តឹង និង​ផលប៉ះពាល់ អាជ្ញាធរ​ក៏បាន​កោះហៅ​ម្ចាស់ការដ្ឋាន និង​ប្រជាពលរដ្ឋ​ដើមបណ្តឹង​មកជួប​គ្នា​នៅ​សាលាខណ្ឌ​កាលពី​ម្សិលមិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ យើង​ចុះ​សម្របសម្រួល​នេះ​មិន​ទាន់​បាន​ឯកភាព​គ្នា​ទេ ព្រោះ​តែ​ខាង​ក្រុមហ៊ុន​ក៏​គាត់​បានស្នើ​ឲ្យ​យើង​រក​អ្នកបច្ចេកទេស​ឯករាជ្យ​មួយ ដើម្បី​វាយតម្លៃ​ស្ថានភាព​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ មួយទៀត ជា​ជំហាន​ដំបូង​ការចុះ​ដល់​ទីកន្លែង​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ទីតាំង​ជាក់ស្តែង​ដែល​បញ្ហា​ធ្លាក់​ថ្ម មាន​មូលហេតុ​យ៉ាង​ម៉េច?»​។

លោក ថេង សុថុល បាន​អះអាង​ថា​បើសិន​ជា​ការសិក្សា​បញ្ហា​នេះ​ត្រូវ​បាន​រកឃើញ​ថា​បណ្តាល​មកពី​ការដ្ឋាន​សំណង់​នោះ ក្រុមហ៊ុន​នឹង​ទទួល​ការពិន័យ និង​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​។ បន្ថែម​ពី​នេះ​ក្រុមហ៊ុន​នេះ​ក៏​ត្រូវ​ធ្វើការ​កែតម្រូវ​លក្ខណៈ​បច្ចេកទេស និង​ប្រឈម​នឹង​វិធានការ​ច្បាប់​ដែល​មាន​ជា​ធរមាន​ជា​បន្តបន្ទាប់​ទៀត​ដែរ​។

លោក សុថុល ថ្លែងថា​៖ «​ប៉ុន្តែ​​ខ្ញុំ មិនបាន​បញ្ជាក់​ទេ​ថា ការសិក្សា​ចំពោះ​បញ្ហា​នេះ ពី​សំណាក់​អ្នកជំនាញ​នឹង​ត្រូវ​ចាប់ផ្តើម និង​បញ្ចប់​នៅពេល​ណា​ដោយ​គ្រាន់តែ​អះអាង​បាន​ថា ការជួប​គ្នា​នៅពេល​នេះ​គឺជា​ជំហាន​មួយ​ដែល​ល្អ​ឈាន​ទៅរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​ម្ចាស់​ក្រុមហ៊ុន​ឆាយណាខន់ស្ត្រាក់សិន មិន​អាច​ស្វែងរក​ប្រភព​ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ​កាលពី​ម្សិលមិញ​។

លោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេបាសាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា តាម​គម្រោង​សំណង់​ការដ្ឋាន​នេះ​គ្រោង​នឹង​សាងសង់​កម្ពស់ ៥២ ​ជាន់ ដោយ​មាន​ច្បាប់​សាងសង់​ត្រឹមត្រូវ​។

លោក ណារិទ្ធ បាន​ឲ្យ​ដឹងថា ក្រោយពី​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏​បាន​ចេញមក​ទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន ៤ ​គ្រួសារ​រួចមកហើយ ចំពោះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដទៃទៀត មិន​ប្រឈម​ការប៉ះពាល់​ខ្លាំង​នោះទេ​។

លោក ណារិទ្ធ ថ្លែងថា​៖ «​នៅពេល​ដែល​គាត់​ចាប់ផ្តើម​ខួង​គ្រឹះ​ហ្នឹង​មាន​ការប៉ះពាល់​តែ​ ៤ គ្រួសារ​ទេ ព្រោះ​ជាធម្មតា​ពេល​ខួង​ទៅ វា​ខ្ទាត​ថ្ម​ប្រឡាក់​តិចតួច​ហើយ​។ ប៉ុន្តែ​ក្នុងនោះ ខាង​ក្រុមហ៊ុន​បាន​ធ្វើការ​ដោះស្រាយ​ចំពោះ​ផ្ទះ​ប្រេះ​ដោយ​គេ​ឲ្យ​បងប្អូន​ទៅ​នៅ​កន្លែង​ផ្សេង​ (​ពេល​កំពុង​សាងសង់​) គេ​ទទួល​ខុសត្រូវ ហើយ​នៅពេល​ដែល​គេ​ខួង​ហើយ គេ​អាច​នឹងមាន​ដំណោះស្រាយ​យ៉ាងម៉េច វា​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ការខូចខាត​»៕