ព្រះសីហនុ/កោះកុងៈ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ ២២១ ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​នៅ​ក្នុង​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​កាលពី​ល្ងាច​ម្សិលមិញ ខណៈ​ដែល​អាជ្ញាធរ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ការ​ធ្វើ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​អូរគគីរ បន្ទាប់ពី​ទឹកជំនន់​បាន​បន្ដ​ហក់​ឡើង​យ៉ាង​គំហុក បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មិន​ឈប់​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​មក​នេះ​។

លោក យន្ដ មីន អភិបាលខេត្ដ​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា សម្ទុះ​ទឹក​នៅ​តំបន់​ស្ពាន​អូរគគីរ​បាន​ស្រក​ចុះ​បន្ដិច​ហើយ​តែ​នៅ​បន្ដ​ហក់​ឡើង​នៅ​តំបន់ ស្ទឹង​សំរោង​ដែល​មាន​ចម្ងាយ​ប្រហែល​ជា ១០ គីឡូម៉ែត្រ​ពី​ស្ពាន​អូរគគីរ​។

លោក​ថ្លែង​ថា​៖ «​ទឹក​បាន​លិច​នៅ​ស្ពាន​អូរគគីរ តាំងពី​ម៉ោង​ ៥ ជាង​ល្ងាច​រហូត​ដល់​ម៉ោង ៦ ល្ងាច (​ថ្ងៃ​ទី ១៦ ខែ​កក្កដា​) ទើប​លិច​លែង​អាច​ធ្វើ​ដំណើរ​បាន​។ ...​យើង​ក៏​បាន​ផ្អាក​ចរាចរណ៍​នៅ​តំបន់​នោះ​​ដែរ​»​។ លោក​បន្ថែម​ថា​៖ «​សម្ទុះ​ទឹកជំនន់​នេះ បើ​សិន​ជា​ភ្លៀង​រាំង​បាន ៤-៥ ម៉ោង នឹង​អាច​ធ្វើ​ចរាចរណ៍​បាន​ធម្មតា​វិញ​ហើយ​»​។

ទោះបី​ជា​យ៉ាង​ណា​លោក យន្ដ មីន បាន​អះអាង​ថា​មិនមាន​ផលប៉ះពាល់​អ្វី​ធំដុំ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​បាន​ទទួល​ព័ត៌មាន និង​ដឹង​ពី​ការ​ថែរក្សា​សុវត្ថិភាព​មុន​រួច​ហើយ​។

លោក វ៉ា ស៊ឹមសុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា​វិធានការ​ដំបូង​ខាង​អន្ដរ​ក្រសួង​មាន​តែ​ផ្អាក​ការ​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​។ បន្ទាប់​មក​ទើប​គណៈកម្មការ​អន្ដរក្រសួង​ពាក់ព័ន្ធ​ធ្វើ​របាយការណ៍ ដើម្បី​រក​វិធានការ​ទប់ស្កាត់​បន្ថែម​។

រថយន្ត​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បើក​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​ ៤ ​ដែល​ទឹក​ជន់​លិច​។ រូប ក្រសួង​ធនធាន​ទឹក

លោក​បាន​បន្ដ​ថា​៖ «​មាន​តែ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន និង​សុំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​វាង​តាម​ផ្លូវ​ផ្សេង​វិញ ជា​ជាង​ការកកស្ទះ និង​អាក់ខាន ហើយ​ផ្លូវ​វាង យើង​មាន​តែ​ទៅ​តាម​ផ្លូវជាតិ​លេខ ៣ ឬ​ក៏​ផ្លូវ​លេខ ៤១ ដែល​បែរ​មក​ផ្លូវ​ជាតិ​លេខ ៤ វិញ​»​។

ចំណែក​នៅ​ខេត្ត​កោះកុង​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​កន្លះ​ខែ​កន្លង​មក​ហើយ​ឈាន​ចូល​មក​ដល់​ព្រឹក​ថ្ងៃ​ម្សិលមិញ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ទូទាំង​ខេត្ត​នៅ​ឡើយ ហើយ​បើ​គិត​មក​ដល់​ត្រឹម​ល្ងាច​ម្សិលមិញ​មាន​ប្រជាពលរដ្ឋ​ចំនួន ២២១ ​គ្រួសារ​នៅក្នុង​ស្រុក​ថ្មបាំង​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

ការធ្លាក់​ភ្លៀង​ជាប់​ជា​បន្តបន្ទាប់​នេះ​ក៏​បាន​បង្ក​ឱ្យ​មាន​ទឹក​លិចលង់​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​តាតៃលើ ស្រុក​ថ្មបាំង និង​តំបន់​មួយ​ចំនួន​ជាប់​ព្រំដែន​កម្ពុជា-ថៃ​។ នេះ​បើ​តាម​អាជ្ញាធរ​ខេត្ត​។

លោក អន សុធារិទ្ធ អភិបាលស្រុក​ថ្មបាំង​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ចំណោម​ ៨ ឃុំ និង ១៦ ភូមិ នៃ​ស្រុក​ថ្មបាំង​មាន​តែ​​ ៣-៤ ភូមិ​ប៉ុណ្ណោះ​ដែល​ទទួល​រង​ពី​ជំនន់​ទឹកភ្លៀង ប៉ុន្ដែ​មិន​បាន​ជន់​លិចលង់​យូរ​ទេ ព្រោះ​តំបន់​នោះ​ជា​តំបន់​ភ្នំ​លិច​តែ​មួយ​ភ្លែត​នឹង​ស្រក​វិញ​ឲ្យ​តែ​មេឃ​ឈប់​ភ្លៀង​។

លោក​បាន​បន្ត​ថា​៖ «​ភូមិ ជាំស្លា ជន្លាប់ ស្ពាន​ក្ដារ ត្រពាំង​ខ្នារ​ដែល​ក្នុង​ចំណោម​នេះ​មាន​តែ​ឃុំ​តាតៃលើ ស្ថិត​ក្នុង​ភូមិ​ស្ពានក្ដារ​ប៉ុណ្ណោះ​ដែល​លិច​ខ្លាំង​ជាង​គេ​»​។ លោក​បន្ត​ថា​អាជ្ញាធរ​បាន​ត្រៀម​កម្លាំង​គ្រប់​ពេល​ដើម្បី​ចុះ​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​។

បើ​តាម​លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ទឹកជំនន់​ផ្ដើម​ហក់​ឡើង​ខ្លាំង​ក្នុង​រយៈពេល ២-៣ ​ថ្ងៃ​កន្លង​មក​នេះ​ដោយសារ​តែ​មាន​ភ្លៀង​ខ្លាំង និង​ទឹក​ដែល​ហូរ​ចូល​យ៉ាង​គំហុក​ពី​ប្រទេស​ថៃ ហើយ​ទឹក​នេះ​នឹង​ស្រក​ចុះ​ទៅ​វិញ ២-៣ ​ថ្ងៃ​ក្រោយ​។ លោក​បាន​ថ្លែង​បន្ដ​ថា​៖ «​ទឹកជំនន់​ដែល​ហក់​ឡើង​នា​ប៉ុន្មាន​ថ្ងៃ​នេះ​មិន​មាន​ផលប៉ះពាល់​អ្វី​ដល់​ដំណាំ​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ហើយ​នៅ​តំបន់​មួយ​ចំនួន​ទឹក​នឹង​ស្រក​ចុះ​ទៅ​វិញ​នា​ ២-៣ ​ថ្ងៃ​ខាង​មុខ​នេះ​»​។

ចំណែក​នៅឯ​ខេត្ត​ស្ទឹងត្រែង​ឯណោះ​វិញ បើ​តាម​លោក មែន គង់ អ្នក​នាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ម្សិលមិញ​កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ជា​បន្តបន្ទាប់​ដែល​នឹង​អាច​ជន់​លិច​ចូល​តាម​ស្ទឹង ព្រែក និង ប្រព័ន្ធ​ប្រឡាយ​មួយ​ចំនួន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដោយសារ​តែ​លំហូរ​ទឹក​ដែល​ហូរ​ចាក់​ពី​តំបន់​អាង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ធ្លាក់​មក​យ៉ាង​គំហុក បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។

លោក​បន្ត​ថា​៖ «​ទោះ​ជា​បែប​ណា​ក្ដី​រហូត​មក​ទល់​ពេល​នេះ យើង​នៅ​ពុំ​ទាន់​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ណា​មួយ ស្ដីពី​ការ​ជន់លិច​នៅ​ឡើយ​ទេ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​យើង​នៅ​ទូទាំង​ខេត្ត​កំពុង​ធ្វើការ​ត្រួតពិនិត្យ​តាមដាន​អំពី​ស្ថានភាព​អាកាសធាតុ និង ទឹកជំនន់​ជាប្រចាំ​»​។

លោក ប៉ាង ពេញ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ស្ទឹងត្រែង​ដែល​កំពុង​ត្រួត​ពិនិត្យ​អំពី​ស្ថានភាព​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​ថា នៅពេល​នេះ​កម្ពស់​ទឹក​ទើប​តែ​ហក់​ឡើង​ដល់ ៧,៦៨ ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​មាន​កម្រិត ១០,៥០ ម៉ែត្រ​។

លោក​ឲ្យ​ដឹង​ទៀត​ថា ​​ចំណែក​នៅ​តំបន់​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម ២ ក៏​មិន​មាន​ទឹកជន់​ឡើង​ខ្លាំង​នោះ​ដែរ​ដោយសារ​មាន​ការ​បើក​បង្ហូរទឹក​ដើម្បី​ដំណើរការ​ទួរប៊ីន​ចំនួន​ ២ សម្រាប់​ផលិត​អគ្គិសនី​ផ្គត់ផ្គង់​នៅ​ក្នុង​ខេត្ត​។

កាលពី​ម្សិលមិញ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០ គ្រួសារ​នៅ​ឃុំ​ស្រែគ និង ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ដែល​នៅ​ពុំ​ទាន់​ទទួល​យក​សំណង​គោលនយោបាយ​ពី​រដ្ឋ ដើម្បី​ចាកចេញ​ពី​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ ២ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​ ៣ ​ថ្ងៃ​មុន​នេះ​ខាង​ក្រុមហ៊ុន​បាន​បើក​ទ្វារ​ទឹក​ ១ ​កន្លែង ដើម្បី​រំដោះ​ទឹក​ចេញ​ពី​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​របស់​ពួកគេ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ស្រែគ​ចាស់ លោក វុធ ឃឿន បាន​ថ្លែង​ថា​៖ «​ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ​មក​នេះ​ទឹក​នៅ​ក្នុង​តំបន់​ដែល​យើង​កំពុង​រស់នៅ​បាន​ស្រក​ចុះ​ប្រមាណ ៣០ សង់ទីម៉ែត្រ ការ​ស្រក​នេះ​យើង​យល់​ថា​ពិតជា​មាន​ការ​បើក​ទ្វា​រអាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​នេះ​»​។

ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក កែវ វី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ស្ទឹង ព្រែក និង​ដងអូរ​នានា ជាប់​ព្រំដែន​ថៃ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ទឹកជំនន់​ដែល​ហូរ​ចាក់​យ៉ាង​គំហុក​មកពី​ប្រទេស​ថៃ​។ ដូចគ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ដូចជា​នៅ​ខេត្ត​កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង​ក៏​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្ត​ទុក​ដាក់​អំពី​សុវត្ថិភាព​កូនៗ និង ឪពុកម្ដាយ​ដែល​ចាស់ជរា​។

លោក​ កែវ វី បាន​ថ្លែង​ថា​៖ «​ដើម្បី​សុវត្ថិភាព​សូម​បងប្អូន​រក្សា​ការពារ​កូនៗ និង ឪពុកម្ដាយ​ចាស់ជរា​របស់​បងប្អូន​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទឹក​ក្នុង​អំឡុង​ពេល​ដែល​មាន​ទឹកជំនន់​កើតឡើង​»៕