ព្រះសីហនុ: ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ​២២ ​ក្រុម ​មក​ពី ​២ ក្រុង ​និង ​៣ ​ស្រុក ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ ជា​អ្វី​ដែល​លោក ​គួច ចំរើន សន្យា​​ថា ​ជួយ​ដោះស្រាយ​ម្ដង​មួយៗ​ខណៈ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​ចាក់​ដី​ចូល​សមុទ្រ​ និង​អ្នក​កាប់​បំផ្លាញ​ព្រៃ​កោងកាង​​។

លោក យូ វាសនា តំណាង​ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​លោក​បាន​ស្នើ​នៅ​ពេល​ជួប​លោក​អភិបាល​ខេត្ត​កាល​ពី​ថ្ងៃ ​១៣ ​សីហា​ ដើម្បី​ឲ្យ​លោក​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ចំនួន ២២ ​ក្រុម ​មក​ពី​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ ស្រុក​កំពង់សិលា ក្រុង​កោះរ៉ុង និង​ក្រុង​ព្រះសីហនុ ឲ្យ​បាន​ឆាប់ ព្រោះ​ទំនាស់​ទាំង​នេះ​បាន​អូស​បន្លាយ​ពេល​​យូរ​ឆ្នាំ​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាតបង់​ពេល​វេលា និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដើម្បី​មក​តវ៉ា​គ្រប់​ទីកន្លែង។

លោក​បន្ត​ថា សហគមន៍​បាន​លើក​ឡើង​ពី​បញ្ហា​ធំៗ​ចំនួន ​២ ​ករណី គឺ​ពាក់ព័ន្ធ​នឹង​ដី​គម្រប​ព្រៃឈើ ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​ជួយ​កំណត់​ដែន​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​បើ​អាច​គួរ​កាត់​ឆ្វៀល​កន្លែង​ខ្លះ​ ជូន​ពលរដ្ឋ​ក្រីក្រ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ និង​ឈ្មួញ​អ្នក​មាន​អំណាច​ដែល​តែងតែ​គំរាម​កំហែង​ពលរដ្ឋ​ជា​ហូរហែ​ព្រម​ទាំង​ចាប់​ពលរដ្ឋ​ម្ចាស់​ដី​ដាក់​គុក​ជា​ច្រើន​នាក់​ជា​បន្ត​បន្ទាប់​ទៀត​ផង។

លោក វាសនា បញ្ជាក់​ថា៖ «ក្រោយ​ពី​យើង​បាន​លើក​បញ្ហា​ទាំង​នេះ លោក​អភិបាល​ខេត្ត​គាត់​ឆ្លើយ​ថា នៅ​ពេល​នេះ​ មាន​សំណុំ​រឿង​ចំនួន ​៩១ ​ករណី បាន​មក​ដល់​ដៃ​គាត់​ហើយ​ ហើយ​គាត់​នឹង​ព្យាយាម​បង្រួម​សំណុំ​រឿង​នេះ​ឲ្យ​ងាយ​យល់ និង​ងាយ​ស្រួល​ចុះ​​ដោះស្រាយ​តាម​ការ​ស្នើសុំ​របស់​សហគមន៍​នីមួយៗ។ ​អ៊ីចឹង​ពួក​ខ្ញុំ​មាន​សង្ឃឹម​​ច្រើន»។

ដោយ​ឡែក​​ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​ថ្លែង​ថា លោក​​ស្នើសុំ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជួយ​ពិនិត្យ​ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ជន​ខិលខូច​មាន​អំណាច​ដែល​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ ​ការ​កាប់​បំផ្លាញ​​ព្រៃ​កោងកាង​ដីព្រៃ​ឧទ្យាន​ជាតិ​រាម ចាក់​ដី​លុប​ឆ្នេរ​កំពេញ និង​កន្លែង​ផ្សេងៗ​ទៀត​ជាច្រើន ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​ខុស​ច្បាប់​។

លោក​បន្ត​ថា ជា​ពិសេស​ការ​កាប់​ទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​រាម​ដោយ​គ្មាន​ការ​ខ្លាច​ច្បាប់ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រោះ​ពួក​គេ​អាង​អំណាច និង​លុយ​ជា​ធំ បើ​ទោះ​បីជា​ពួក​គេ​ដឹង​ថា​ឧទ្យានជាតិ​រាម​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ចូល​ជា​ទីតាំង​អភិរក្ស​ក៏​ដោយ។

លោក សុខុន បញ្ជាក់​ថា៖ ​«ករណី​នេះ ខ្ញុំ​សង្ឃឹម​ថា​អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធានការ​តាម​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង បើ​មិន​ចាត់​វិធានការ​ទេ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយ​ទីតាំង​ចាប់​ដី លុប​សមុទ្រ​ កាប់​ព្រៃ​ឈើ​យ៉ាង​អនាធិបតេយ្យ»​។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​អំឡុង​ពេល​ជួប​ប្រជុំ​ជាមួយ​ពលរដ្ឋ​នៅ​ថ្ងៃទី ​១៣​ សីហា​​ ថា រដ្ឋបាល​ខេត្ត​បាន​ទទួល​ឯកសារ​របស់​ពលរដ្ឋ​ទាំង ២២ ​ក្រុម​នោះ​​រួច​រាល់​ហើយ​ដោយ​លោក​សន្យា​ជួយ​ដោះ​ស្រាយ​ម្តង​មួយៗ ព្រោះ​មិន​អាច​ដោះ​ស្រាយ ​១ ​កញ្ចប់ ​តែ​ម្តង​បាន​ទេ​។​

លោក​បញ្ជាក់​ថា៖ «ចំពោះ​រឿង​ដែល​ចូល​ដល់​ប្រព័ន្ធ​តុលាការ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​យើង​មិន​មាន​សិទ្ធិ​លូក​ដៃ​ចូល​ទៅ​ដោះស្រាយ​នៅ​ក្នុង​ដៃ​តុលាការ​ទេ។ ដូច្នេះ​ខ្ញុំ​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​រក​មេធាវី​ឲ្យ​ជួយ​ដើម្បី​ការពារ​ក្តី​របស់​បង​ប្អូន​វិញ»។

ទន្ទឹម​នោះ​ លោក​ គួច ចំរើន បាន​សុំ​ការ​យោគយល់​ពី​​ពលរដ្ឋ​ឲ្យ​មាន​ការ​អត់​ធ្មត់ ព្រោះ​រដ្ឋបាល​ខេត្ត​ត្រូវ​ជ្រើសរើស​យក​កិច្ច​ការ​សំខាន់​មក​ដោះស្រាយ​ចំពោះ​មុខ ហើយ​នៅ​មាន​ឯកសារ​ជាច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​។

លោក​អភិបាល​ខេត្ត​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ចូល​កាន់​កាប់​ដីព្រៃ​របស់​រដ្ឋ និង​ដី​ឯកជន​ដោយ​ខុស​ច្បាប់ ព្រោះ​អាជ្ញាធរ​ក៏​មិន​អនុញ្ញាត​ឲ្យ​ចាប់​យក​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​ដែរ​។ មន្ត្រី​ជា​អ្នក​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​ជា​ចម្បង ​ដើម្បី​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ​ខេត្ត​ឲ្យ​មាន​ការ​រីក​ចម្រើន និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​​នៅ​ក្នុង​មូលដ្ឋាន៕