ព្រះវិហារ៖ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន ៣ ស្ថិត​ក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ថ្លែង​ដោយ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដីស្រែ ចម្ការ​ជា​បន្តបន្ទាប់ ព្រោះ​តែ​ការ​ទន្ទ្រាន​វាតទី​ពី​ក្រុមហ៊ុន​ឯកជន​ចំនួន ៣ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​រ៉ែ និង​ដំណាំ​កសិកម្ម ហើយ​បញ្ហា​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ក្រសួង​មហាផ្ទៃ បើ​ទោះបី​ពលរដ្ឋ​រងគ្រោះ​បាន​ស្វែងរក​ដំណោះស្រាយ​ជា​ច្រើន​លើក​ច្រើនសា មក​ហើយ​នោះ។

ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ពលរដ្ឋ​ប្រមាណ ២៣០ គ្រួសារ ​រស់នៅ​ក្នុង​ភូមិ​ចំនួន ៣ ក្នុង​ស្រុក​រវៀង ចោទ​ប្រកាន់​នោះ គឺ​មាន​ក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) ក្រុមហ៊ុន​តីនសាន ដែល​ជា​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​រុករក​រ៉ែ​មាស និង​ក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ធ្វើ​កសិកម្ម​ដាំ​ដុះ​កៅស៊ូ។

លោក អេត ថុន ជា​អ្នក​ភូមិ​អូរ​ទ្រ​លោក ដែល​បាន​ប្រឈម​បញ្ហា​ជាមួយ​ក្រុមហ៊ុន គីម ជាធួន​គ្រុប បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អូរទ្រ​លោក និង​អ្នក​ភូមិ​ដទៃទៀ​ត បាន​ដាក់​ញតិ្ត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​កាល​ពី​​ឆ្នាំ ២០២០ ប៉ុន្តែ​ជា​លទ្ធផល​នៅ​ពាក់​កណ្តាល​ខែ​មីនា​នេះ អ្នក​ភូមិ​ដែល​បាន​ប្រមូល​ស្នាម​មេដៃ​ប្តឹង​នោះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ហៅ​ម្តង​ម្នាក់ៗ ទៅ​សួរ​នាំ​ទាំង​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​ទទួល​បាន​ការ​ភ័យខ្លាច និង​បារម្ភ​ពី​សុវត្ថិភាព។

លោក​បញ្ជាក់​ថា៖ «ដី​របស់​ខ្ញុំ ប៉ះពាល់ ៤ ហិកតា ដាំចេក ដាំ​អី តែ​គេ​ឈូសឆាយ​វា​ទៅ​ជា​វាល​ធេង​អស់​ទៅ​ហើយ។ យើង​តវ៉ា ស្រាប់​តែ​គេ​ហៅ​យើង​ទៅ​សួរ​នាំ​រឿង​មេដៃ សួរ​នាំ​រក​អ្នក​តំណាង អ្នក​ណា​បង្ខំ​ឱ្យ​ផ្តិត? ចំពោះ​ប្រជាពលរដ្ឋ ​គឺ​ប្តឹង​ដោយ​ស្ម័គ្រចិត្ត​ដល់​ពេល​រដ្ឋបាល​ស្រុក​គេ​ហៅ​ទៅ​សួរនាំ​អ៊ីចឹង យើង​មិន​ដឹង​ថា គេ​ចង់​ធ្វើ​អ្វី​ទៀត​ទេ។ យើង​មាន​តែ​បារម្ភ និង​ភ័យខ្លាច»។

លោក ទុយ ឆេង អាយុ ៦៤ ឆ្នាំ ជា​អ្នកភូមិ​រំ​ដែង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ម្សិលមិញ​ថា ដីស្រែ​ចម្ការ​របស់​លោក ៤ ហិកតា ក្នុង​ចំណោម​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ជាច្រើន​ទៀត ត្រូវ​បាន​ក្រុមហ៊ុន​ទាំង ៣ នេះ ហ៊ុមព័ទ្ធ​យក​ជា​បន្តបន្ទាប់ ដោយ​សំអាង​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ។

លោក​បន្ត​ថា ថ្មីៗ​នេះ ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៣ ក៏​បាន​បន្តសកម្មភាព​វាត​ទី​ហ៊ុមព័ទ្ធ​យក​ដី​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​របស់​អ្នកភូមិ​ចំនួន ១០ គ្រួសារ​ទៀត បើទោះ​ជា​ពលរដ្ឋ​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍​យ៉ាង​ណា​ក៏​ដោយ។

លោក បញ្ជាក់​ថា៖ «ក្រុមហ៊ុន​រ៉ែ​មាស​នោះ គឺ​នៅ​តែ​ហ៊ុមព័ទ្ធ​យក​ដី​របស់​ប្រជាពលរដ្ឋ​ដដែល​ហ្នឹង​ឯង (នៅ​ថ្ងៃទី ១៦ និង ១៥ មីនា) គេ​ចាប់​ផ្តើម​វាត​ទី​ចេញ​ពី​កន្លែង​បង្គោល​ចាស់​គេ ប្រវែង ៥០០ ម៉ែត​ទៀត ចូល​ដី​ប្រជាពលរដ្ឋ ១០ គ្រួសារ​ទៀត»។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ស្វែងរក​ប្រភព ដើម្បី​ទាក់ទង​តំណាង​ក្រុមហ៊ុន ឌែលខម ខេមបូឌា តំណាង​ក្រុមហ៊ុន គីម ជាធួន​គ្រុប និង​តំណាង​ក្រុមហ៊ុន តីន សាន នេះ​បាន​ទេ ពី​ម្សិលមិញ។

លោក ហោ ប៊ុនហ៊ួរ អភិបាល​ស្រុករវៀង ខេត្ត​ព្រះវិហារ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ជុំវិញ​ករណី​ដែល​ពលរដ្ឋ​ចោទ​ប្រកាន់​ថា ហៅ​ពលរដ្ឋ​មក​សួរ​នាំ​នេះ​បាន​ដែរ ដោយសារ​តែ​លោក មិន​លើក​ទូរស័ព្ទ។

លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារ បាន​និយាយ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យ​ដឹង​ថា លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​បន្ត ខណៈ​លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ក្រុមហ៊ុន​ទាំង​នេះ​គឺ​អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​វិនិយោគ​ស្រប​ច្បាប់ ទើប​បាន​ជា​ពួក​គេ បន្ត​សកម្មភាព​យ៉ាង​ដូច្នេះ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថ្មី​នេះ​ទេ ចាំ​មើល​ខ្ញុំ​ទាក់ទង​សួរទៅ​អាជ្ញាធរ​ស្រុក។ វា​មាន​ការ​ប៉ះពាល់​អ៊ីចឹង គឺ​ខ្ញុំ​ពិបាក​ជម្រាប​ជូន​ណាស់។ ខ្ញុំ​នឹង​ឱ្យ​អាជ្ញាធរ​ស្រុក​រាយការណ៍​មក​បន្ថែម»។

លោក ឡោ ចាន់ មន្ត្រី​សម្របសម្រួល​ស​មាគម​អាដហុក​បាន​ថ្លែង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច គឺ​ពួក​គាត់ មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ​ តែ​បែរ​ជា​ទទួល​បាន​ការ​គំរាមកំហែង​តាមរយៈ​ការ​ហៅ​ប្រជាពលរដ្ឋ​ទៅ​សួរ​នាំ និង​ព្យាយាម​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។

លោក​ថ្លែង​ថា៖ «អាជ្ញាធរ​គួរ​ណា​តែ​មាន​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិត​ប្រាកដ ហើយ​ណា​មួយ​គួរ​តែ​យក​តាម​គោលការណ៍​រាជរដ្ឋាភិបាល​តាម​រយៈ​បទ​បញ្ជា ០០១ កន្លង​មក។ ព្រោះ​បទ​បញ្ជា​នេះ គឺ​ត្រូវ​ប្រើ​រូបមន្ត​ស្បែក​ខ្លា ដោយ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ»។ ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ និង​បន្ត​អូស​បន្លាយ​រ៉ាំរ៉ៃ ដោយ​គ្មាន​ដំណោះ​ស្រាយ​រហូត​មក​ទល់​បច្ចុប្បន្ន៕