ភ្នំពេញៈ ​ពលរដ្ឋ​ ២ ​ក្រុម​មកពី​ខេត្ត​កោះកុង និង​ខណ្ឌ​ព្រែកព្នៅ​ប្រមាណ​ជិត ២០០ នាក់ កាលពី​ម្សិលមិញ​បាន​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ស្នើ​ឲ្យ​ក្រសួង​នេះ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន និង​បុគ្គល​ម្នាក់​។

ពលរដ្ឋ​ប្រមាណ​ជាង ១០០ នាក់​ដែល​ដឹកនាំ​ដោយ​អ្នកស្រី លី ជូ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​មកពី​ឃុំ​ព្រែកខ្សាច់ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន Unions Development Group (UDG)​។ ចំណែក​ពលរដ្ឋ និង​ព្រះសង្ឃ​ជាង ៥០ នាក់​/​អង្គ មកពី​ភូមិ​ព្រៃពង្រ សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​បុគ្គល​ម្នាក់​ដោយ​ពួកគាត់​ថា បុគ្គល​នោះ​បាន​លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​វត្ត​ «​សុវណ្ណ​ធម្មរាជ​» ហើយ​យក​ទៅ​ពុះ​ជា​ដីឡូត៍​លក់​ឲ្យ​អ្នក​ផ្សេង​ទៀត​។

អ្នកស្រី លី ជូ បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​ពួកគាត់​ឡើង​មក​រក​អន្តរាគមន៍​នៅ​ភ្នំពេញ​នេះ​ដោយសារ​អាជ្ញាធរ​ភូមិ ឃុំ រហូត​ដល់​ខេត្ត​មិន​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ​។ «​ខ្ញុំ​ដាក់​ញត្តិ​កន្លែង​ឃុំ កន្លែង​ខេត្ត គេ​អត់​រក​ដំណោះស្រាយ​ឲ្យ​ពួកខ្ញុំ​ទេ អ៊ីចឹង​បាន​ពួកខ្ញុំ​មក​ដល់​ភ្នំពេញ​នេះ​គឺ​មក​ជំរុញ​ឲ្យ​ពន្លឿន​ការដោះស្រាយ ព្រោះ​ពួកខ្ញុំ​បាន​ដាក់​រួច​ហើយ​កាលពី​ខែ​មុន ដូចជា​ស្ងាត់ឈឹង​មិន​ឃើញ​មាន​ឆ្លើយតប​អ្វី​ទេ​»​។

អ្នកស្រី​បន្ត​ថា​ក្រុមហ៊ុន​ចិន UDG តែងតែ​ធ្វើ​ទុក្ខបុកម្នេញ មិន​ឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល​លើ​ដី​ស្រែចម្ការ​ដែល​ពលរដ្ឋ​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​យូរ​ឆ្នាំ​មក​ហើយ​នោះ​ទេ​។ «​ខែប្រាំង​ឡើង​ដុត​ដំណាំ​ពួកយើង​ខ្ញុំ​បំបាត់​ភ័ស្តុតាង​នៅ​សល់​តែ​ដី​ទេ​»​។

អ្នក​នាំពាក្យ​ក្រុមហ៊ុន UDG ​អ្នកស្រី Bella Zhang មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​អធិប្បាយ​ទេ​កាលពី​ម្សិលមិញ​។

ចំណែក​ករណី​ទំនាស់​ដីធ្លី​នៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែកព្នៅ​ដឹកនាំ​ដោយ​ព្រះតេជគុណ គង់ សាមន ព្រះចៅអធិការវត្ត «​សុវណ្ណ​ធម្មរាជ​» ​មាន​សង្ឃដីកា​ថា ដី​ជិត ៧ ហិកតា​របស់​វត្ត​ត្រូវ​បាន​ពុទ្ធបរិស័ទ​ឯកភាព​ប្រមូល​បច្ច័យ​មកពី​គ្រប់​ទិសទី​ដើម្បី​ទិញ​យក​មក​ធ្វើ​ជា​ដី​វត្ត​ពី​អ្នកភូមិ​ចំនួន ៤ គ្រួសារ​តាំងពី​ឆ្នាំ​ ២០០៧ រហូត​មក​។ ស្រាប់តែ​ក្នុង​ឆ្នាំ​ ២០១៦ លេច​មុខ​លោក រស់ សារិន អតីត​ប្រធាន​គណៈកម្មការ​វត្ត​ចាស់​បាន​ក្លែងបន្លំ​ឯកសារ​ធ្វើ​ប្លង់​យក​ដី​របស់​វត្ត​ទៅ​លក់​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​។

ព្រះអង្គ​បន្ត​ថា ​ក្នុង​នាម​គណៈកម្មការ​អាចារ្យវត្ត​ទាំងអស់​គ្មាន​អ្វី​ក្រៅពី​ការស្នើសុំ​អំពាវនាវ​យ៉ាង​ទទូច​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​អន្តរាគមន៍​ពន្លឿន​ការដោះស្រាយ​ដើម្បី​យក​ដី​ត្រឡប់​មក​វិញ​ដែល​វត្ត​បាន​ថែរក្សា​គ្រប់គ្រង​ជា​យូរ​មក​ហើយ​តាំងពី​ឆ្នាំ ២០០៧ មក​ម្ល៉េះ​។

បើ​តាម​ពលរដ្ឋ​ដែល​មក​តវ៉ា​នោះ​លោក រស់ សារិន អតីត​ប្រធាន​គណៈកម្មការ​អាចារ្យវត្ត «​សុវណ្ណ​ធម្មរាជ​» បាន​ស្លាប់​កាលពី​ខែ​មុន ប៉ុន្ដែ​លោក​បាន​ផ្ទេរ​ដី​វត្ត​នេះ​ទៅ​ឲ្យ​កូន​របស់​​គាត់ ហើយ​កូនៗ​របស់​គាត់​បាន​យក​ទៅ​ពុះ​ធ្វើ​ជា​ដីឡូត៍​លក់​បន្ត​ទៀត​។

លោក ហេង រ៉ាន់ ប្រធាន​ក្រុមទី ៣៥ ផ្នែក​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ចេញ​មក​ជួប​ពលរដ្ឋ និង​ព្រះសង្ឃ​ទាំង​ ២ ​ក្រុម​នេះ​បាន​ស្នើឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់​សិន ខណៈ​ក្រសួង​កំពុង​ដោះស្រាយ​បញ្ហា​នេះ និង​វិវាទ​ដីធ្លី​ដទៃ​ទៀត​ដែល​ទាមទារ​ត្រូវ​ប្រើ​ពេល​យូរ​។

តែ​លោក​បញ្ជាក់​ថា​៖ «​ករណី​ដែល​គេ​រំលោភ​យក​ដី​វត្ត​នោះ​ត្រូវ​បាន​សាលាក្រុង​ភ្នំពេញ​ជួយ​ធ្វើ​អន្តរាគមន៍​រួច​ហើយ​ដោយ​សាលាក្រុង​បាន​ចេញ​លិខិត​មួយ​បង្កក​ដី​នោះ​មិន​ឲ្យ​លក់ដូរ ឬ​ធ្វើ​អ្វី​នោះ​ទេ រង់ចាំ​ការដោះស្រាយ​គ្នា​សិន​»​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ADHOC បាន​យល់​ឃើញ​ថា​ការតវ៉ា​នេះ​គឺជា​សិទ្ធិ​របស់​ប្រជាពលដ្ឋ​បន្ទាប់ពី​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ពួកគាត់​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា​កន្លង​មក​បញ្ហា​ជម្លោះដីធ្លី​នេះ គឺ​មាន​ការសន្យា​ច្រើន ប៉ុន្ដែ​មិន​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នោះ​ទេ ហើយ​មាន​ប្រជាពលរដ្ឋ​បាន​ឡើង​មក​តវ៉ា​ដល់​ក្រសួង​រៀបចំ​ដែនដី​ជា​បន្តបន្ទាប់​។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ជាច្រើន​ដង​មក​ហើយ​គឺ​ពេល​នេះ វា​ល្មម​ដល់​ពេល​ធ្វើការ​ដោះស្រាយ​ឲ្យ​ពួកគាត់​បញ្ចប់​ហើយ​»៕