មណ្ឌលគិរីៈ ប្រជាពលរដ្ឋ​ ២ ​ភូមិ​នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ទទូច​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី ដែល​អតីត​ក្រុមប្រឹក្សា​ស្រុក​អូររាំង រំលោភ​យក​ដី​របស់​ពួកគាត់ បន្ទាប់ពី​បុគ្គល​រូបនោះ​បាន​ទិញ​ដី​មួយចំនួន​ពី​ប្រជាពលរដ្ឋ ហើយ​បែរ​ជា​មក​គ្រប់គ្រង​ដី​របស់​អ្នកភូមិ​ដល់​ទៅ​ ២ ​ភូមិ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​លោក​ រ៉ាស់ និន ដែល​រស់នៅ​ភូមិ​ពូទ្រូក្រោម បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​ ២០១៧ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ប្រមាណ​ ៨​ ​គ្រួសារ​បាន​លក់​ដី​ឲ្យ​លោក​ សាន សូត្រ ហៅ​ តាផ្លោក ដែលជា​អតីត​ក្រុមប្រឹក្សា​ស្រុក​អូររាំង​ក្នុង​ទំហំ​ដី​ក្បាល​ ១០០ ​ម៉ែត្រ និង​បណ្តោយ​ ២០០ ​ម៉ែត្រ​។ ប៉ុន្តែ​បុគ្គល​រូបនោះ​មិន​យកតាម​ទំហំ​នោះទេ បែរ​ជា​សរសេរ​ក្នុង​លិខិត​ថា​បាន​ទិញ​ទំហំ​ ១០០ ​ម៉ែត្រ និង​បណ្តាយ​ ២០០០ ​ម៉ែត្រ​ទៅវិញ​។

លោក​បន្តថា ករណី​នេះ​ហើយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដី​របស់​ពលរដ្ឋ​ដទៃ​ទៀត ដែល​សរុប​មាន​ចំនួន​ ២ ​ភូមិ​គឺ​ភូមិ​ពូទ្រូលើ ភូមិ​ពូទ្រូក្រោម​ដែល​មាន​ប្រមាណ​ ៤០ ​គ្រួសារ ខណៈ​ប្រជាពលរដ្ឋ​ខ្លះ​មិន​បាន​លក់​ដី​ទាំងនោះ​ឲ្យ​ទៅ​លោក​ សាន សូត្រ នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ទិញ​ហើយ​លោក​ សាន សូត្រ បាន​ដើរ​រំលោភ​យក​ដី​ និង​បោះបង្គោល​យ៉ាង​អនាធិបតេយ្យ​រាប់រយ​ហិកតា ហើយ​នៅពេល​ឃើញ​ប្រជាពលរដ្ឋ​សង់​លំនៅឋាន និង​ធ្វើស្រែ​ចម្ការ​លើដី​របស់​ខ្លួន បែរ​ជា​នាំ​កម្លាំង​ប្រមាណ​ជា​ ១០ ​ឡាន​សរុប​មនុស្ស​ជាង​ ១០០ ​នាក់​មក​ដក​បង្គោល​របស់​ប្រជាពលរដ្ឋ​ ២ ​ភូមិ​ដែល​បាន​បោះ​ចំណាំ​ព្រំដី​នោះ​»​។

ជាមួយ​នឹង​ការរំលោភ​យក​ដី​នេះ​លោក​ រ៉ាស់ និន អះអាង​ថា​ពលរដ្ឋ​ទាំង​ ២ ​ភូមិ​បាន​ស្វែងរក​កិច្ចអន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​លើក​ច្រើនសារ​មក​ហើយ ប៉ុន្តែ​នៅតែ​មិនមាន​ដំណោះស្រាយ​។

លោក​បន្តថា​ជាថ្មី​ទៀត ប្រជាពលរដ្ឋ​បាន​ទទូច​ជាថ្មី​ទៅកាន់​សមាជិក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្ទាល់​តាម​បណ្តឹង​របស់​ពលរដ្ឋ​កាលពី​ចុង​សប្តាហ៍​មុន​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​អាច​ធ្វើ​ស្រែចម្ការ និង​រស់នៅ​លើដី​របស់​ខ្លួន​ដោយ​មិនមាន​ការភិតភ័យ​។

លោក​ សាន សុផា មេធាវី​ការពារ​ក្តី​ប្រជាពលរដ្ឋ​ទាំង​ ២ ​ភូមិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រៅពី​ការរារាំង​ពលរដ្ឋ​មិន​ឲ្យ​រស់នៅ​លើដី​របស់​ខ្លួន លោក​ សាន សូត្រ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី​សុំ​រក្សា​ការពារ​ដី​ទាំងនោះ​ផងដែរ​។

លោក​ថា ដើម្បី​ឆ្លើយតប​នឹង​ការស្នើសុំ​ដីការ​ក្សា​ការពារ​របស់​បុគ្គល​រូបនេះ ប្រជាពលរដ្ឋ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​វិញ ប៉ុន្តែ​សំណើ​របស់​អ្នកភូមិ​បែរ​ជា​ត្រូវបាន​ច្រានចោល​។

លោក​ថ្លែងថា​៖ «​ក្នុង​ដីការ​រក្សាការពារ​របស់​តុលាការ​ដែល​ភាគី សាន សូត្រ ប្តឹង​សុំ​គឺ​ក្នុង​ដី​ទំហំ​ ១៧០ ​ហិកតា​។ ប៉ុន្តែ​ជាក់ស្តែង​គាត់​បាន​ចូល​ដណ្តើម​កាន់កាប់​ដី​ពី​ប្រជាពលរដ្ឋ ដោយ​ដណ្តើម​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​ទំហំ​ធំ​ជាង​នេះ​ប្រមាណ​ជា​ ៤០០ ​ទៅ​ ៥០០ ​ហិកតា​»​។

ក្រៅពី​អះអាង​យ៉ាង​ដូច្នេះ​លោក​ សាន សុផា បញ្ជាក់ថា​លោក​មាន​ភ័ស្តុតាង​សំអាង​ហេតុ​មួយ​ទៀត​ដែល​បញ្ជាក់ថា ការទិញ​លក់​រវាង​ពលរដ្ឋ​ ៨ ​គ្រួសារ​មិនមាន​លិខិត​ផ្ទេរ​សិទិ្ធ​កាន់កាប់​ដីធ្លី​នោះទេ គឺ​គ្រាន់តែ​ជា​លិខិត​ប្រគល់ និង​ទទួល​ប្រាក់​រវាង​អ្នក​កម្រៃ​ជើងសា​លើ​ទំហំ​ដី​ជាង​ ៤៩ ​ហិកតា​ប៉ុណ្ណោះ​។

លោក​ សាន សូត្រ អតីត​ក្រុមប្រឹក្សា​ស្រុក​អូររាំង​ដែល​រង​ការចោទប្រកាន់​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេពី​ម្សិលមិញ​។

លោកស្រី​ ថ្វាន់ ត្រែល មេឃុំ​សែនមនោរម្យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កន្លង​ទៅ​ពិតជា​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​លក់​ដី​ឲ្យ​លោក​ សាន សូត្រ ពិតមែន​។ ប៉ុន្តែ​លោកស្រី​មិនដឹងថា ដី​នោះ​ប៉ះពាល់​យ៉ាងណា​បន្តទៀត​នោះទេ ព្រោះ​នៅពេល​ការទិញ​លក់​នោះ​លោកស្រី​មិនទាន់​ឡើង​ជា​មេឃុំ​នៅឡើយ​។

លោកស្រី​បន្ថែម​ថា​៖ «​លោក​ សាន សូត្រ ទិញ​ដី​នោះ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៧ អី ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្លះ​ក៏​មិនបាន​លក់​ឲ្យ​គាត់​ទេ​។ ឃើញថា​ពេលនេះ​ពលរដ្ឋ​គាត់ ចង់​ឲ្យ​លោក​ សាន សូត្រ មក​ដោះស្រាយ​វាស់វែង​ដី​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ពួកគាត់​។ ប៉ុន្តែ​មិនដឹង​គាត់​នៅឯណា ទាក់ទង​មិនដែល​បាន​។ ឮថា​គាត់​ [​សាន សូត្រ​] រស់នៅ​ភ្នំពេញ​ខ្ញុំ​មិន​ច្បាស់​ដែរ​»​។

លោក​ ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី​មិន​អាច​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។ ចំណែក​អ្នក​នាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​លោក​ សុក សេរ៉ា ក៏​មិនអាច​ទាក់ទង​បានដែរ​។

ទោះយ៉ាងណា​ថ្លែងប្រាប់​អង្គភាព Fresh News កាលពី​ថ្ងៃ​ចន្ទ​លោក​ ស្វាយ សំអ៊ាង បាន​អះអាង​ថា​លោក​នឹង​ដឹកនាំ​មន្ត្រី​ចុះទៅ​ធ្វើការ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​នៅ​ទីតាំង​ដែល​មាន​ការរំលោភបំពាន​រឿង​ដីធ្លី​នៅ​ភូមិ​ទាំង​ ២ ​ក្នុង​ស្រុក​អូររាំង​។

លោក​បាន​បន្តថា​ក្នុង​ករណី​រកឃើញ​ការរំលោភ​ពិតប្រាកដ​មែន​នោះ រដ្ឋបាល​សាលាខេត្ត​នឹង​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ និង​រឹបអូស​ដីព្រៃ​របស់​រដ្ឋ​មកវិញ និង​ចាត់វិធានការ​ទៅ​លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ឲ្យ​ខាង​តែ​បាន​៕