ក្រចេះ: ប្រជាពលរដ្ឋ​ ២ ​ភូមិ​ប្រមាណ​ជាង​ ៣០ ​គ្រួសារ ​នៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ ស្នើ​ឲ្យ​មានការ​ស្ដារ​បឹង​ធម្មជាតិ​មួយ​ឈ្មោះ​បឹងរុន ដែល​មាន​ទំហំ​ជិត​ ១០ ​ហិកតា ដើម្បី​ស្តុក​ទឹក​ប្រើប្រាស់ និង​ទុក​ស្រោចស្រព​ដំណាំ​ដែល​នៅ​ជុំវិញ​បឹង​នោះ​ដែល​សំណើ​នេះ ត្រូវ​បាន​អាជ្ញាធរ​ឯកភាព ប៉ុន្ដែ​តម្រូវ​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ស្តា​របឹង​បំពេញបែបបទ​ឲ្យ​ស្របតាម​ច្បាប់​។

លោក​ ហម សុភា តំណាង​ពលរដ្ឋ​ទាំង ៣០ ​គ្រួសារ​ថ្លែងថា ដោយសារ​កន្លងមក​ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​ធ្វើឲ្យ​ទឹក​បឹងរុន​រីងស្ងួត​ខ្វះ​ទឹក​ប្រើប្រាស់​ ២ ​ឬ​ ៣ ​ឆ្នាំ​កន្លងមក​ហើយ​នោះ ប្រជាពលរដ្ឋ​ ២ ​ភូមិ​គឺ​ភូមិ​អូរឫស្សី និង​ភូមិ​ក្រគរ​បាន​មូលមតិ​គ្នា​ស្នើ អាជ្ញាធរ​ជួយ​សម្របសម្រួល​ឲ្យ​មាន​ក្រុមហ៊ុន​ជួយ​ជីកដី​បឹង​ឲ្យ​បាន​ជម្រៅ​ ៣ ​ឬ​ ៤ ​ម៉ែត្រ​ទៅ​ក្រោម ដើម្បី​ធ្វើ​អាង​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង​។

លោក​បន្តថា ពលរដ្ឋ​ចង់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ (​មិនមាន​ឈ្មោះ​ត្រឹមត្រូវ​)​ ធ្វើការ​កាយ​ដី​ក្នុង​បឹង​នោះ​ហើយ​យក​អាចម៍​ដី​ទៅ​លក់​ឲ្យ​អ្នក​ដែល​ចង់​ទិញ​។ ប៉ុន្ដែ​​ក្រុមហ៊ុន​បាន​ឯកភាព​ជួយ​ស្ដារ​ដី​បឹង​នោះ​យក​អាចម៍ដី ដោយ​ក្រុមហ៊ុន​មិន​គិតថ្លៃ​សេវា​ដឹកជញ្ជូន​ ឬ​ថ្លៃ​កាយ​ដី​បឹង​នោះទេ​។

លោក ហម សុភា បញ្ជាក់ថា​៖ «​ពួកខ្ញុំ​ចង់​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ជួយ​ស្ដារ​ដី​បឹង​ដែលមាន​ទំហំ​ជិត​ ១០ ​ហិកតា ​គឺ​យើង​ចង់​ឲ្យ​គាត់​យក​អាចម៍ដី​ទៅ​លក់​ទៅ ហើយ​ម្ចាស់​គ្រឿងចក្រ​ក៏​មិន​គិត​តម្លៃ​អ្វី​ពី​ពួកខ្ញុំ ឬ​អាជ្ញាធរ​ដែរ​។ ពោល គឺ​ម្ចាស់​គ្រឿងចក្រ​គាត់​ចង់បាន​អាចម៍ដី​យក​ទៅ​លក់ រីឯ​ពលរដ្ឋ​ពួក​ខ្ញុំ ចង់​ឲ្យ​ស្ដារ​បឹង​នេះ ដើម្បី​ស្តុក​ទឹក​ប្រើប្រាស់​»​។

លោក​ តៅ ចាន់ណា ចៅសង្កាត់​ក្រគរ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៣ មីនា ថា អាជ្ញាធរ​បាន​យល់ព្រម​ឲ្យ​មានការ​ស្ដារ​បឹង​ឈ្មោះ បឹងរុន នោះ​ហើយ​។ ប៉ុន្ដែ​តម្រូវ​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ត្រូវ​ទៅ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ជាមុន​សិន ដើម្បី​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ជីក​ ឬ​ស្ដារ​បឹង​នោះ​។

ចៅសង្កាត់​រូបនេះ​បន្ថែម​ថា ម្ចាស់​គ្រឿងចក្រ​មិនទាន់​មាន​ច្បាប់​ត្រឹមត្រូវ សម្រាប់​ធ្វើ​អាជីវកម្ម​នៅឡើយ​។ កន្លងមក​គ្រឿងចក្រ​នេះ​បាន​រកស៊ី​កាយ​ដីស្រែ​បន្ដិចបន្ដួច ដើម្បី​ដឹក​ដី​មក​ដាក់​តាម​ផ្ទះ នៅពេល​ដែល​មាន​អ្នកភូមិ​ជួល​ឲ្យ​ដឹក​ប៉ុណ្ណោះ ប៉ុន្តែ​លោក​មិនបាន​ស្គាល់ឈ្មោះ​ម្ចាស់​គ្រឿងចក្រ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​ក៏​ចង់​ឲ្យ​មានការ​ស្ដារ​បឹងរុន​ហ្នឹង​ដែរ ប៉ុន្ដែ​គ្រឿងចក្រ​គាត់​ហ្នឹង​មិនទាន់​មាន​ច្បាប់​ត្រឹមត្រូវ ព្រោះ​កន្លងមក​គាត់​ធ្វើ​អាជីវកម្ម​តិចតួច​។ ដូច្នេះ​មន្ត្រី​ជំនាញ​ខេត្ត​បាន​ហាមឃាត់​គ្រឿងចក្រ​នេះ​កាយ​ដី​បណ្ដោះអាសន្ន​សិន ដើម្បី​ឲ្យ​គាត់​ទៅ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​សិន​»​។

លោក ​សេត ប៊ុនហេង អភិបាលក្រុង​ក្រចេះ​ថ្លែង​នៅ​ថ្ងៃទី​ ២៣ មីនា ថា​ លោក​បាន​ទៅ​សម្របសម្រួល​ជុំវិញ​ការស្នើសុំ​របស់​ពលរដ្ឋ ដោយ​លោក​គាំទ្រ​ឲ្យ​មានការ​ស្ដារ​បឹង​នេះ​ឡើងវិញ ដើម្បី​ទុកជា​កន្លែង​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង ប៉ុន្ដែ​ម្ចាស់​គ្រឿងចក្រ​មិនទាន់​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​។

លោក​អភិបាលក្រុង​បាន​បន្តថា បច្ចុប្បន្ន​បឹងរុន​នេះ​គឺជា​បឹង​ធម្មជាតិ​ដែល​មាន​ទឹក​បន្ដិចបន្ដួច​នៅ​រាប​បាតបឹង ប៉ុន្ដែ​មិនអាច​ប្រើប្រាស់​ជា​ប្រយោជន៍ ច្រើន​បានទេ ដោយ​គួរតែមាន​ការជីក​បឹង​ឲ្យ​ជ្រៅ​ជាង​នេះ ទើប​អាច​យក​ទឹក​ពី​បឹង​នោះ​ទៅប្រើ​ប្រាស់​តាម​តម្រូវការ​។

លោក​បញ្ជាក់ថា​៖ «​បឹង​ហ្នឹង​នៅ​ខែវស្សា​មាន​ទឹក​ច្រើន ប៉ុន្ដែ​ដល់​រដូវប្រាំង​សល់​ទឹក​តិចតួច​នៅ​បាត​បឹង ទោះ​យើង​ចង់​បូម​មកប្រើប្រាស់ ក៏​មិនអាច​បូម​បានដែរ​។ ប្រសិន​យើង​ជីក​វា​ឲ្យ​ជ្រៅ​ជាង​នេះ ប្រហែល​អាច​ប្រើប្រាស់​ទឹកបាន​ច្រើនយ៉ាង​»​។

លោក​ សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ថ្លែង​ថ្ងៃទី​ ២៣ មីនា ថា ក្រោយពី​ការចុះពិនិត្យ​ជាក់ស្ដែង​ចំពោះ​ការស្ដារ​បឹង​ធម្មជាតិ​នេះ មិន​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​ឡើយ គឺអាច​ជួយ​បម្រើ​ដល់​ផល​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ចុះទៅ​ពិនិត្យមើល​រួចរាល់​ហើយ គឺ​គ្មាន​ប៉ះពាល់​អ្វី​ដល់​បរិស្ថាន ឬ​ធម្មជាតិ​ដែល​នៅ​ជុំវិញ​នោះទេ​។ ខ្ញុំ​យល់ថា បើ​បាន​ជីក​បឹង​នោះ​ឲ្យ​ជ្រៅ​បន្ដិច​ទៀត ហើយ​យើង​រៀបចំ​មុខទឹក​ទុក​បង្ហូរទឹក​ពី​កន្លែង​នានា​ចូល (​ចៀសវាង​ទឹកស្អុយ​) ហើយ​យើង​មាន​ដាំ​រុក្ខជាតិ​លើទឹក​ដូច​ព្រលិត រំចង់ ឬ​ឈូក ថែម​ទៀត​គឺ​ពិតជា​ល្អ​ខ្លាំងណាស់​»​។

ម្ចាស់​គ្រឿងចក្រ​ដែលមាន​គម្រោង​ជីក​ «​បឹងរុន​» ​ខាងលើ​នេះ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការ​លើកឡើង​ថា គ្រឿងចក្រ​របស់​គាត់​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នេះ​នៅឡើយ​។

បន្ថែម​លើ​នេះ​ប្រជាពលរដ្ឋ​ស្នើ​ក្រុមហ៊ុន ប៊ុន ធឿន ដែលជា​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ជួយ​ស្ថាបនា​ផ្លូវ​ថ្មី និង​រៀបចំ​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ពួកគាត់​ព្រួយបារម្ភ​ថា ការធ្វើ​ផ្លូវ​ដោយ​គ្មាន​ការរៀបចំ​ប្រព័ន្ធ​លូ​ត្រឹមត្រូវ អាច​ធ្វើឲ្យ​ស្ទះ​ទឹកភ្លៀង​ជន់​លិច​ផ្ទះសំបែង សាលារៀន និង​វត្ត​អារាម​ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាង​ ១០០ ​ម៉ែត្រ​ពី​គម្រោង​ផ្លូវ​ថ្មី និង​បឹង​នោះ​។

លោក​ ប៊ុន ធឿន តំណាង​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បានទេ​។ ប៉ុន្ដែ​លោក​ ប៊ុន ធឿន ត្រូវបាន Fresh News ដកស្រង់​សម្តី​កាលពី​ពេល​កន្លងទៅ​ថា ក្រុមហ៊ុន​របស់លោក​មាន​ច្បាប់​សាងសង់​ត្រឹមត្រូវ ហើយ​ផ្លូវ​ដែល​ជាប់​ពី​មាត់បឹង​នោះ​ស្ថិត​នៅក្នុង​ដី​កម្មសិទ្ធិ​របស់លោក​ត្រឹមត្រូវ​ដែល​ទទួលស្គាល់​ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ក្រុង​ក្រចេះ​។

លោក​បាន​និយាយ​ថា ប្រសិនបើ​ក្រុមហ៊ុន​របស់​លោក​សាងសង់​ផ្លូវ ឬ​លំនៅឋាន​នៅក្នុង​ប្លង់​កម្មសិទ្ធិ​នោះ​គឺ​មិនមាន​បញ្ហា​អ្វី​ទេ ព្រោះ​លោក​អភិបាល​ក្រុង​ក្រចេះ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក៏​បាន​ចុះ​ពិនិត្យ​ពី​ផលប៉ះពាល់​រួចរាល់​អស់ហើយ​។ ប៉ុន្តែ​ប្រសិន​បើ​មានការ​ប្ដឹង​ជំទាស់​ពី​ប្រជាពលរដ្ឋ​ចំពោះ​ការអភិវឌ្ឍ​នេះ​លោក​ថា​នឹង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ គឺ​គ្រប់គ្រង​ដី​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង​របស់​លោក​ផ្ទាល់​ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នោះ​ឡើយ​៕