
ពលរដ្ឋ ២ សហគមន៍ សុំឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេដែលរងការទន្ទ្រានផ្ទៃដីប្រមាណជាង ៤ ០០០ ហិកតា នៅខេត្តកំពង់ឆ្នាំ។ រូបថត សហការី
កំពង់ធំៈ សហគមន៍កួយភូមិជាំម្រេច និងភូមិសាលាឆ្តោ នៅខេត្តកំពង់ធំ ជាង ៨០០ គ្រួសារ មានផ្ទៃដីប្រមាណជាង ៤ ០០០ ហិកតា សុំឱ្យមានការចូលរួមអន្តរាគមន៍ពន្លឿនដោះស្រាយបញ្ហាដីធ្លីដល់សហគមន៍របស់ពួកគេទាំង ២ ដោយអះអាងថា ពួកគេកំពុងរងផលប៉ះពាល់ពីការទន្ទ្រានដីធ្លីពីសហគមន៍ខាងក្រៅ។
អ្នកស្រី ងួន ហៀង តំណាងសហគមន៍ជាំម្រេចនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កបានឱ្យដឹងថា សហគមន៍អ្នកស្រីមានប្រជាពលរដ្ឋ ៦៦៩ គ្រួសារ និងមានផ្ទៃដីសរុបប្រមាណ ៣ ៧១៦ ហិកតា ក្នុងនោះបែងចែកជា ២ គឺដីសហគមន៍ព្រៃឈើមានពលរដ្ឋ ៣១៩ គ្រួសារ បច្ចុប្បន្ននៅសល់ដីព្រៃតែជាង ៣០០ ហិកតាប៉ុណ្ណោះ។
ដោយឡែក ដីពនេចរមានពលរដ្ឋ ៣៥០ គ្រួសារ មានផ្ទៃដីប្រមាណជាង ២ ០០០ ហិកតា កំពុងរងផលប៉ះពាល់ ៥០ គ្រួសារ ដោយមានការឈូសឆាយពីក្រុមហ៊ុន និងឈ្មួញលើផ្ទៃដី ១០០ ហិកតា។
អ្នកស្រី ងួន ហៀង ប្រាប់ពីថ្ងៃទី ៩ កុម្ភៈ ថា៖ «ឈ្មួញកំពុងតែឈូសឆាយទាំងយប់ទាំងថ្ងៃតែម្តង ទើបពួកខ្ញុំទាមទារទៅអ្នកពាក់ព័ន្ធទាំងអស់ឱ្យពន្លឿនផ្តល់ដំណោះស្រាយបញ្ហាដីសហគមន៍ឱ្យបានឆាប់ៗ»។
ចំណែកអ្នកស្រី លួន នួន តំណាងសហគមន៍ភូមិសាលាឆ្តោស្ថិតនៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កថ្លែងថា សហគមន៍អ្នកស្រីមានប្រជាពលរដ្ឋជាង ២០០ គ្រួសារ និងមានផ្ទៃដីសរុប ១ ០០៦ ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្ននៅសល់តែ ៣៦១ ហិកតា ក្នុងនោះ ៦១ ហិកតាជាដីព្រៃ។ អ្នកស្រីអះអាងថា ការបាត់បង់ដីព្រៃនេះដោយសារតែមានសហគមន៍ និងឈ្មួញមកពីខាងក្រៅចូលមកទន្ទ្រានយក។
អ្នកស្រីថ្លែងថា៖ «ជនជាតិដើមភាគតិចកួយខ្ញុំមិនសូវជាអ្នកចេះរកស៊ីរកចុក ជំនួញជួញប្រែអីទេមានតែរបរនៅក្នុងព្រៃអ៊ីចឹង។ ខ្ញុំបាត់បង់ដីនៅក្នុងព្រៃដែលសម្តេច [ហ៊ុន សែន] ឱ្យខ្ញុំថែរក្សាជាដីរបស់រដ្ឋ។ វាបាត់បង់ព្រៃឈើ បាត់បង់ធម្មជាតិ បាត់បង់បឹងបួត្រពាំង កន្លែងរបស់ខ្ញុំគេបិទផ្លូវចាស់បិទអីដែលខ្ញុំធ្លាប់ទៅស្រែចម្ការ អ៊ីចឹងខ្ញុំចង់ឱ្យមានការជួយដោះស្រាយបញ្ហានេះ»។
អភិបាលស្រុកប្រាសាទបល្ល័ង្កលោក វណ្ណៈ សោភានិត ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៩ កុម្ភៈ ថាកន្លងមកសម្រាប់សហគមន៍ទាំង ២ នោះ ទាំងមន្ត្រីជំនាញស្រុកក៏ដូចជា ខេត្ត បានបន្តខិតខំការពារចុះបង្ក្រាបជាបន្តបន្ទាប់។ អាជ្ញាធរស្រុកក៏ធ្លាប់បានដាក់ពាក្យប្តឹងទៅតុលាការ និងចុះធ្វើការអប់រំប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោកថ្លែងថា៖ «ករណីវាមានតិចតួច ប៉ុន្តែយើងបន្តបង្ក្រាបរហូត។ កន្លងមកក៏យើងបានចុះផ្សព្វផ្សាយអប់រំច្បាប់ជាមួយនឹងប្រជាសហគមន៍ ហើយបើសិនជាក្នុងករណីមានការរាយការណ៍ពីសហគមន៍អាជ្ញាធរស្រុកក៏ដូចជាជំនាញនឹងចុះទៅបង្ក្រាប មិនដែលមិនអើពើនោះទេ»។
លោក ភោគ ចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យបានឱ្យដឹងថា នៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០ កន្លងមក ពិតជាមានការកាប់រានទន្ទ្រានយកពិតមែន។ ប៉ុន្តែក្នុងនោះកម្លាំងជំនាញក៏បានធ្វើការចាប់ឃាត់ខ្លួន និងមួយចំនួនផ្សេងទៀតដាក់ពាក្យប្តឹងទៅតុលាការ។
«ការឃាត់ខ្លួនបញ្ជូនទៅតុលាការ ខ្ញុំចាំអត់ច្បាស់ទេទាល់តែខ្ញុំស្រាវជ្រាវមើលឯកសារ។ ប៉ុន្តែដូចជា មិនក្រោម ២០ ករណីទេ ក្នុងរយៈពេល ២ ឆ្នាំហ្នឹង»។ នេះជាការបញ្ជាក់របស់លោក ភោគ ចិត្រា។
បើតាមលោក ភោគ ចិត្រា ការកាប់រានទន្ទ្រានមិនមានលក្ខណៈជាក្រុមហ៊ុនទេ គឺមានតែលក្ខណៈបុគ្គលៗដែលមកពីខេត្តផ្សេងៗ។ លោកថ្លែងថា៖ «ប្រជាពលរដ្ឋយើងខ្លះមកពីកំពង់ចាម ខ្លះមកពីណាពីណី អ៊ីចឹងទៅ គាត់ចូលទៅទិញទៅហើយគាត់កាប់រានក្នុងហ្នឹង ហើយក្នុងហ្នឹងយើងក៏បានបង្ក្រាបដែរចាប់បានអេស្កាវ៉ាទ័រអ៊ីចឹងទៅ។ អ្នកខ្លះយើងទៅអត់ទាន់ដាក់ពាក្យប្តឹងពីអញ្ញាតភាពអ៊ីចឹងទៅណា»។
មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះបញ្ជាក់ថា កម្លាំងជំនាញនៅតែបន្តរឹតបន្តឹង និងណែនាំឱ្យប្រជាសហគមន៍សហការល្បាត និងចេះប្រើសិទ្ធិ និងតួនាទីរបស់ខ្លួន។ ក្នុងករណីមិនអាចដោះស្រាយបានឱ្យពួកគាត់រាយការណ៍មកមន្ត្រីជំនាញជាបន្ទាន់ ដើម្បីសហការគ្នាជាមួយអាជ្ញាធរ និងកងកម្លាំងដើម្បីធ្វើការបង្ក្រាប៕