
រថភ្លើង និងលំនៅឋានពលរដ្ឋនៅតាមបណ្តោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោកពីថ្ងៃ ២ កុម្ភៈ។ ហេង ជីវ័ន
ភ្នំពេញៈ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅភូមិ ១៦ និង ១៧ ក្នុងសង្កាត់បឹងកក់ ២ និងសង្កាត់ទឹកល្អក់ ១ ក្នុងខណ្ឌទួលគោកប្រមាណ ៣០ គ្រួសារ បដិសេធទទួលយកសំណងជាដីនៅកន្លែងតាំងទីលំនៅថ្មីដែលផ្តល់ឱ្យដោយអាជ្ញាធរ ដោយសារតែតំបន់នោះនៅឆ្ងាយ ហើយគ្មានទឹកប្រើប្រាស់។
នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ ប្រជាពលរដ្ឋប្រមាណ ១៥ គ្រួសារបាននាំគ្នាទៅជួបរដ្ឋបាលរាជធានីភ្នំពេញស្នើសុំឱ្យមានការជជែកគ្នារវាង អភិបាលខណ្ឌទួលគោក និងអភិបាលរាជធានីភ្នំពេញព្រមទាំងពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីធ្វើការសម្របសម្រួលស្វែងរកទីតាំងសមរម្យដែលពួកគាត់អាចទទួលយកបាន។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញប្រាប់ថា លោកមិនបានដឹងពីរឿងប្រជាពលរដ្ឋ មកជួបរដ្ឋបាលរាជធានីភ្នំពេញទេដោយសារតែលោកជាប់ប្រជុំនៅកន្លែងផ្សេង។
លោក កូវ សារុន តំណាងប្រជាពលរដ្ឋនៅភូមិ១៧ សង្កាត់បឹងកក់ ២ ឱ្យដឹងថា គម្រោងធ្វើផ្លូវបេតុងអមតាមផ្លូវរថភ្លើង នៅភូមិ ១៦ និង១៧ ស្ថិតក្នុងសង្កាត់បឹងកក់ ២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ប៉ះពាល់ដល់ដីផ្ទះរបស់ប្រជាពលរដ្ឋ ៣០ គ្រួសារទាំងស្រុង។ អាជ្ញាធរខណ្ឌទួលគោកតម្រូវឱ្យប្រជាពលរដ្ឋទៅយកដីនៅតំបន់ក្រុមហ៊ុន ៧ NG ក្នុងខេត្តកណ្តាល និងដីនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះក្នុងខណ្ឌកំបូល ដោយក្នុង ១ គ្រួសារទទួលបានដីមានទំហំ ៤ ម៉ែត្រ គុណ ១២ ម៉ែត្រ ជាដីវាលនៅឆ្ងាយហើយគ្មានទឹកប្រើប្រាស់ឡើយ។
លោកបញ្ជាក់ថា៖ «បងប្អូនដែលគាត់ប៉ះពាល់នៅសហគមន៍ផ្សេងៗ នៅផ្លូវដែកដូចគ្នាហ្នឹង គាត់បានដីនៅក្រោយវត្តទួលអស់លោក តែដោយឡែកបងប្អូនខ្ញុំ ប៉ះពាល់នៅផ្លូវដែកដូចគ្នា បែរជាយកពួកខ្ញុំទៅដាក់នៅគោកខ្សាច់។ ពួកខ្ញុំអត់ទៅទេ អ៊ីចឹងពួកខ្ញុំ ចង់បានដីនៅក្រោយវត្តទួលអស់លោក និងដីនៅខណ្ឌទួលគោក»។
បើតាមលោក សារុន ផ្លូវបេតុងដែលអាជ្ញាធរគ្រោងធ្វើនោះ គឺចាប់ពីផ្លូវគីមអ៊ីលស៊ុងទៅដល់ផ្លូវត្រឡោកបែក មានប្រវែងប្រមាណ ១២០០ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ។ «ផ្ទះពួកខ្ញុំនៅកៀកផ្លូវរថភ្លើងគឺត្រូវប៉ះពាល់ទាំងស្រុង ត្រូវតែដូរទីតាំង ដោយឡែកអ្នកផ្សេងដែលនៅចម្ងាយជាង ១២ ម៉ែត្រពីផ្លូវរថភ្លើងគឺទទួលបានប្លង់កម្មសិទ្ធិប្រើត្រឹមត្រូវ»។
អ្នកស្រី ស្រី ភ័ក្រ តំណាងប្រជាពលរដ្ឋនៅភូមិ ១៦ សង្កាត់ទឹកល្អក់ ១ បានថ្លែងថា ទីតាំងដែលអាជ្ញាធរសម្របសម្រួលប្តូរឱ្យនោះនៅឆ្ងាយដែលមិនអាចទទួលយកបានព្រោះពលរដ្ឋសុទ្ធតែជាអ្នកធ្វើការងារនៅភ្នំពេញ ហើយមានកូនកំពុងសិក្សាទៀតផង។
អ្នកស្រីថ្លែងថា៖ «វានៅឆ្ងាយពីកន្លែងធ្វើការ និងឆ្ងាយពីសាលារៀនរបស់កូនៗ បើប្តូរយើងពិបាកក្នុងការចំណាយលើបន្ទប់ជួលពេលមកធ្វើការនៅភ្នំពេញ»។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា ការស្ថាបនាផ្លូវនៅមិនទាន់បានធ្វើនៅឡើយទេ ព្រោះកំពុងស្ថិតនៅក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ។ លោកស្នើសុំឱ្យពលរដ្ឋស្ងប់ស្ងាត់រក្សាភាពនឹងនរសិនទុកពេលឱ្យអាជ្ញាធរខណ្ឌធ្វើការពិភាក្សាដោះស្រាយជាមួយសាលាក្រុងសិន។
លោកបញ្ជាក់ថា បើសិនជាប្រជាពលរដ្ឋចង់បានទីតាំងដីតាមចិត្តចង់ ដោយមិនមានការយោគយល់គ្នានោះ អាជ្ញាធរមិនអាចជូនតាមសំណើបានទេ ព្រោះការចង់បានបែបនេះហាក់ដូចជាដាក់កំហិតបិទផ្លូវធ្វើឱ្យអាជ្ញាធរមានការពិបាកក្នុងការដោះស្រាយ។ «យើងឱ្យដីកម្មសិទ្ធិមួយកន្លែង មានប្លង់ត្រឹមត្រូវគាត់មិនយក អីចឹងយើងពិបាកសម្របសម្រួលណាស់ហើយយើងក៏អត់ទាន់បានធ្វើអីដែរនៅទីនោះ។ សូមឱ្យពួកគាត់នៅនឹងនរចិត្តសិនយើងបានរាយការណ៍ទៅសាលាក្រុងហើយការដោះស្រាយយើងនឹងបើកទ្វារចាំចរចាសម្របសម្រួលជាមួយគាត់តែសូមឱ្យពួកគាត់កុំដៅទីតាំង អ៊ីចឹង ពិបាកដោះស្រាយ»៕