ប៉ោយប៉ែតៈ ពលរដ្ឋ​ ៣១ ​គ្រួសារ​មាន​ការ​បារម្ភ​ខ្លាច​បាត់បង់​ផ្ទះ​សំបែង​ក្រោយ​ពេល​ដែល​អាជ្ញាធរ​អះអាង​ថា បាន​សាងសង់​នៅ​លើ​ដី​ផ្លូវ ក្នុង​ភូមិ​ក្បាលស្ពាន​ ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ការបារម្ភ​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​គណៈកម្មការ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ខេត្ត បាន​បដិសេធ​មិន​វាស់វែង​ឲ្យ​ពួកគាត់ ដោយសារ​តែ​ពួកគាត់​រស់នៅ​លើ​ដី​ផ្លូវ​ទទឹង​ទំហំ ២០ ​ម៉ែត្រ​បណ្ដោយ​ជាង​ ២០០ ​ម៉ែត្រ​។

លោក ឆាង ហេង ដែល​កំពុង​កាន់កាប់​ដី​មាន​ទទឹង​ ៤ ​ម៉ែត្រ និង​បណ្ដោយ​​ ២០ ​ម៉ែត្រ​ប្រហែល​ជា​ ១០ ​ឆ្នាំ​មក​ហើយ​នោះ​បាន​អះអាង​ថា បាន​ទិញ​ដី​បន្ត​ពី​អ្នក​ផ្សេង​នៅក្នុង​តំបន់​នេះ​តែ​មិន​មាន​ឯកសារ​ប្លង់​ត្រឹមត្រូវ​ទេ​។ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ចុះ​វាស់វែង​ជា​ប្រព័ន្ធ គេ​អត់​វាស់​ឲ្យ​ទេ គេ​ថា​ដី​ហ្នឹង​គេ​គម្រោង​ធ្វើ​ផ្លូវ ប៉ុន្តែ​ផ្លូវ​នេះ​ទៅ​មុខ​ទៀត​ជា​ផ្លូវ​ទាល់​។ តាំងពី​ឆ្នាំ​ ៩០ ​ជាង​អត់​មាន​ផ្លូវ​ទេ ហើយ​ក៏​អត់​មាន​ចរាចរណ៍​ដែរ​។ តាំងពី​ដើម​មក​មិន​ដែល​មាន​អាជ្ញាធរ​ចុះ​ទៅ​ប្រាប់​ថា​ពួកគាត់​រស់នៅ​លើ​ដី​ផ្លូវ​ទេ ហើយ​ក៏​មិន​បាន​ឲ្យ​ពួកគាត់​ចេញ​ដែរ​។

ក្រុម​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត កាលពី​ខែ​កុម្ភៈ​ដោយ​ស្នើ​ឲ្យ​លោក​អភិបាល​ជួយ​អន្តរាគមន៍​ឲ្យ​ពួកគាត់​ទទួល​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី​ដែល​ពួកគាត់​រស់នៅ​។

លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​ដែល​ទើប​ឡើង​ថ្មី​បាន​និយាយ​ថា​កាលណា​ជំនាញ​គេ​ថា​ផ្លូវ​គឺ​ផ្លូវ​ហើយ​។ ទោះបី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាំងពី​ ៧៩ ​ក៏ដោយ ក៏​នៅ​ជា​ផ្លូវ​ដែរ​ព្រោះ​ជា​គម្រោង​របស់​ប្លង់​មេ​។

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ដែល​ទើប​ឡើង​ថ្មី អះអាង​ថា​បាន​ទទួល​លិខិត​សុំ​អន្តរាគមន៍ ហើយ​បាន​ឆ្លើយតប​ទៅ​ពលរដ្ឋ​វិញ​ថា មិន​អាច​សម្រេច​លើ​ការស្នើសុំ​នេះ​បាន​ទេ​។ លោក​និយាយ​ថា​៖ «​បាល់​នៅ​លើ​គណៈកម្មការ​នោះ ទាក់ទង​នឹង​ស៊ុត​បញ្ចូល​ទី​ ឬ​មិន​ចូល​ទី​គឺ​គាត់​ហើយ​»​។ លោក​បន្ត​ថា​គាត់​បាន​នៅ​យូរ​មែន ប៉ុន្តែ​បើ​នៅ​បាន​ចេះ​តែ​នៅ​ទៅ បើ​គេ​មិន​ដេញ​ទៅ​ណា ករណី​ដែល​រដ្ឋ​យក​ដី​នោះ​វិញ វា​ជា​ការ​សម្រេច​របស់​រដ្ឋ​។

លោក ប្រាក់ ប៉ូលី ប្រធាន​មន្ទី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ថ្លែង​ថា​គណៈកម្មការ​មិន​អាច​ចុះបញ្ជី​ឲ្យ​ពួកគាត់​បាន​ទេ ព្រោះ​ដី​ផ្លូវ បើ​ចេញ​កម្មសិទ្ធិ​ឲ្យ​ខុស​ច្បាប់​។ ហើយ​មក​ទល់​ពេល​នេះ​ក៏​មិន​បាន​ដឹង​ថា​នឹង​មាន​គម្រោង​សាងសង់​ផ្លូវ​នោះ​នៅ​ពេល​ណា​ទេ​៕