ភ្នំពេញ:​ ប្រ​ជា​ពល​រដ្ឋ​ចំនួន​ ៣២០ ​គ្រួសារ​ រស់​នៅ​តាម​​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌ​ឫស្សី​កែវ​បាន​យល់​ព្រម​ជា​មួយ​អាជ្ញាធរ​ដើម្បី​ផ្លាស់​ប្ដូរលំ​នៅ​ថ្មី​ទៅ​រស់នៅ​ប្រប​មាត់​ប្រឡាយ​អូរ​វែង​ ក្រោយ​វត្ត​ទួល​សន្តិ​វ័​ន (វត្ត​ទួល​អស់លោក) ​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ ៦​ ដែល​ជា​ការ​ដោះដូរ​ទីតាំង​ដី​ដើម្បី​ធ្វើ​ការ​​អភិ​វឌ្ឍផ្លូវ​បេតុង​ ប៉ុន្ដែ​ប្រជាពលរដ្ឋ​ទាំង​នោះ​នៅតែ​បារម្ភ​បញ្ហា​ជីវ​ភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក ​ជា ​ពិសី ​អភិ​បាល​ខណ្ឌ​ឫស្សីកែវ ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ កាល​ពី​ម្សិល​មិញ​ថា អាជ្ញា​ធរ​គ្រោង​រៀបចំ​ការងារ​ដើម្បី​កែលម្អសោ​ភណភាព​ប្រឡាយ​អូរ​វែង ​និង​ផ្លូវ​សម្រាប់​ធ្វើ​ចរាចរ​ណ៍​ដែល​មាន​ចម្ងាយ ៤ គីឡូ​ម៉ែត្រ​ចាប់​ពី​ ហ្រេ្គន​ភ្នំពេញ​ ក្នុង​សង្កាត់​ស្វាយ​ប៉ាក​ រហូត​មក​ដ​ល់​​ចំណត​យាន​ដ្ឋាន​សុរិយា​ដឹក​អ្នក ដំណើរ ​ក្នុង​សង្កាត់​ឫស្សីកែវ។​

​លោក ​ម៉េ​ត មាស​ភក្ដី ​អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា គម្រោង​នេះ​មិន​មាន​ប្រ​ជា​ព​ល​រដ្ឋ​​តវ៉ា​ ឬ​សម្ដែង​ការមិន​ពេញ​ចិត្ត​អ្វី​ទេ ​ដោយ​ពួក​គាត់​បាន​សាទរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ។​

លោ​ក​បញ្ជាក់​ថា៖ ​«គម្រោង​នេះ ​គឺ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​រួច​រាល់​ហើយ ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ ឬ​រៀបចំ​ឲ្យ​មាន​វេ​ទិ​កាពិគ្រោះ​យោបល់​ដែរ។ ​កន្លែង​ណា​ដែល​យើង​ដោះស្រាយ​បាន​ គឺ​យើង​ចាប់​ផ្ដើម​ចាក់​បេតុង​ ឬ​ចាប់​ដំណើរ​ការ​គម្រោង​តែម្ដង​ ហើយ​ចំពោះ​អ្នក​ដែល​នៅ​ប៉ះពាល់​អត់​ទាន់​បាន​ដោះ​ស្រាយ​ គឺ​យើង​នៅ​ព្យាយាម​ដោះ​ស្រាយ​ជាមួយ​ពួកគាត់»។​

អ្នក​ស្រី ​ម៉េង​ គួ​ន តំណាង​ប្រជា​ពលរដ្ឋ​ចំនួន​ ៣២០​ គ្រួសារ​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​អាជ្ញា​ធរ​អះអាង​ថា​ បាន​ប៉ះពាល់​គម្រោង​ផ្លូវ​បេតុង​នៅ​លើ​​អតីត​ផ្លូវ​រថ​ភ្លើង​នោះ ​ត្រូវបាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ដោះដូរ​ដី​ទៅ​រស់នៅ​ប្រប​មាត់​ប្រឡាយ​អូរ​វែង​ ក្រោយ​វត្ត​ទួល​សន្តិ​វ័​ន​ (វត្ត​ទួល​អស់​លោក)​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ​វិញ ​ដោយ​ពុះ​ជា​ឡូ​ត៍ជូន​ពល​រដ្ឋ​ក្នុង​មួយ​គ្រួសារ​ចំនួន​ ១ ឡូ​ត៍ ​ដែល​មាន​​ទំហំ ​៤x១៥ ម៉ែត្រ ។​

អ្នក​ស្រី​បញ្ជាក់​ថា៖​ «​គាត់​បាន​លើក​ក្ដី​កង្វល់​ដូចជា​ផ្ទះ​គាត់​បាក់​ពុក​ ហើយ​អត់​មាន​លុយ​សាង​សង់​ថ្មី​នៅ​លើ​ដី​នោះ​ទៀត​ រីឯ​អាជ្ញា​ធរ​គាត់​ថា គាត់​អត់​មាន​លុយ​ទេ​ គាត់​មាន​តែ​ដី​សម្រាប់​ដោះដូ​រ​ផ្ដល់​ជូន។​ រឿង​នេះ ​គ្មាន​អ្នក​តវ៉ា​អ្វី​ទេ ​ប៉ុន្ដែ​គ្រា​ន់​តែ​​គាត់​នាំ​គ្នា​ត្អូញ​ត្អែរ​ថា​ អត់​មាន​លុយ​រុះរើ​ផ្ទះឬ​អត់​មាន​លុយ​ទិញ​សម្ភារ​​ធ្វើ​ផ្ទះ​ថ្មី​ ហើយ​រឿង​សេវា​ទឹក​ ភ្លើង ​និង​សេ​វា​ផ្សេង​ៗទៀត អាជ្ញាធរ​នឹង​រៀបចំ​ជូន»។

​លោក ​ស៊ឹង ​សែន​ករុណា​ អ្នក​នាំ​ពាក្យ​សមា​គមការពារ​សិទ្ធិ​មនុស្ស ​(ADHOC) ​បាន​ថ្លែង​ថា ជាគោល​ការណ៍​សិទ្ធិ​ម​នុ​ស្ស ​ដើម្បី​រស់​រាន​មាន​ជីវិត​ គឺ​ត្រូវ​ការ​មាន​ជម្រក​ជា​រឿង​សំខាន់​​ជាទី​​កក់​ក្ដៅ ​ប្រសិន​បើ​មានការ​រុះរើ ​ហើយ​គ្មាន​សំណង​សម​រម្យ ​ដើម្បី​សាង​សង់​កន្លែង​ថ្មី​នោះ ​វា​ជា​បញ្ហា​ប្រឈម​ខ្លាំង​ជាមួយ​ជីវភាព​គាត់។​

​លោក​បន្ត​ថា​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​វា​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ប៉ុន្ដែ​ទន្ទឹម​ការរីក​ចម្រើន​នេះ នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពា​ល់​​ប្រជា​ពលរដ្ឋ​ខ្លះ​ ហើយ​អ្វី​សំខាន់​នោះ ​គឺ​មន្ត្រី​ពាក់​ព័ន្ធ​ត្រូវតែ​ដោះ​ស្រាយ​ផលប៉ះ​ពាល់​ទាំង អស់​នោះ​ឲ្យ​បាន​សមរម្យ​ និង​​យល់ព្រម​​ទទួល​យក​ហេតុ​ផល​ទាំងអស់​គ្នា។​

​លោក​ សឹង សែន​ករុណា បញ្ជាក់​ថា៖​ «​ជា​ទូ​ទៅ បើ​យើង​កំពុង​រស់​នៅ​កន្លែង​ណាមួ​យ​ ហើយ​គេ​ឲ្យ​យើង​រុះរើ​ចេញពី​កន្លែង​ចាស់​នោះ ​គឺ​ពិត​ជា​មាន​ផល​ប៉ះពាល់​ខ្លាំង​ ​ជាមួ​យ​ជីវភាព​យើង​ ប្រសិន​បើ​គ្មាន​សំណង​សម​រម្យ​ណា​មួយ​ឲ្យ​យើង។​ អ្វី​ដែល​ជាការគិតគូរ​នោះ គឺ​យើង​ឃើញ​អាជ្ញាធរ​កន្លង​មក បាន​ដោះ​ស្រាយ​វិវាទ​ទំនាស់​ដីធ្លី​មួយ​ចំនួន​ទទួល​បាន​ផ្ទះ ​បាន​ដី​ដែរ​ តែ​ករ​ណី​នេះ​មាន​តែ​ការផ្ដល់​ដី​ឲ្យ​គាត់​ប៉ុណ្ណោះ»៕​