ខេត្តកោះកុង: ប្រជាពលរដ្ឋប្រមាណ ៣ គ្រួសារ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីម្សិលមិញ បានជំរុញឲ្យក្រុមហ៊ុនចិន Union development Group (UDG) ពន្លឿនការដោះស្រាយផ្ដល់សំណងដីធ្លីឲ្យបានសមរម្យនិងឲ្យបានឆាប់ជូនពួកគាត់ ខណៈក្រុមហ៊ុនបានធ្វើរបងព័ទ្ធយកដីរបស់ពួកគាត់ ទាំងមិនទាន់បានផ្ដល់សំណងសមរម្យនៅឡើយ។
លោក ផុន សុភា ប្រជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់ ក្នុងចំណោម ៣ គ្រួសារបានឲ្យដឹងថា ជម្លោះដីធ្លីនេះ បានកើតឡើងចាប់តាំងពីឆ្នាំ ២០០៨ មកម្លេ៉ះ ប៉ុន្ដែក្រុមហ៊ុន បានធ្វើរបងព័ទ្ធយកដីរបស់ពលរដ្ឋកាលពីដើមឆ្នាំ ២០១៧ ដោយបានឈូសឆាយផ្ទះ និងបំផ្លាញផលដំណាំ ព្រមទាំងគំរាមសម្លាប់ និងចាប់ពលរដ្ឋម្ចាស់ដីដាក់គុក។
លោកបន្តថា ក្រៅបញ្ហានេះ ក្រុមហ៊ុនចិនបានប្ដឹង និងធ្វើរបងព័ទ្ធជុំវិញដី និងផ្ទះ ដើម្បីជាការគំរាមកំហែងឲ្យពួកគាត់យល់ព្រមចាកចេញដីនោះ ហើយក៏មិនអនុញ្ញាតឲ្យពលរដ្ឋ ៣ គ្រួសារ ចេញឬចូលបានដោយងាយស្រួលនោះដែរ។
លោក សុភា បានបញ្ជាក់ថា៖«ដីពួកខ្ញុំទាំង ៣ គ្រួសារមានដីសរុបជិត ៣ហិកតា ដែលពួកខ្ញុំបានរស់នៅ និងបង្កបង្កើតផលតាំងពីឆ្នាំ ១៩៩៩ មក ហើយក្រុមហ៊ុនហ្នឹងមកវិនិយោគនៅឆ្នាំ ២០០៨ ទេ ហើយក៏ចេះតែបង្កទំនាស់រហូតមក លុះដល់ឆ្នាំ ២០១៧ គេបានធ្វើរបងព័ទ្ធផ្ទះពួកខ្ញុំ មិនអនុញ្ញាតឲ្យចេញចូលទេ»។
លោក អ៊ុក សាវ៉ន ពលរដ្ឋម្នាក់ទៀត បានឲ្យដឹងថា ពួកលោកបាននាំគ្នាតវ៉ាជាច្រើនលើកមកហើយ ប៉ុន្ដែនៅតែគ្មានដំណោះស្រាយសមរម្យនៅឡើយ ហើយអាជ្ញាធរ គ្រាន់តែសន្យាដោះស្រាយឲ្យពេលនេះ ពេលនោះ គ្មានថ្ងៃបញ្ជាក់ឲ្យបានច្បាស់លាស់ ជាមួយប្រជាពលរដ្ឋនោះទេ។
លោកបញ្ជាក់ថា៖«ក្រោយពីពួកខ្ញុំបានសួរបញ្ជាក់ជាច្រើនលើកបែបនេះ ក្រុមហ៊ុនបានសន្យាថា នឹងរកដីកន្លែងផ្សេងឲ្យ ប៉ុន្ដែខ្ញុំមិនដឹងដីនៅកន្លែងណាទេ។ ពួកខ្ញុំទាមទារតែដីជាប់ផ្លូវជាតិ ឬផ្លូវធំទូលាយ ដែលអាចធ្វើអាជីវកម្មបាន ដោយក្នុងមួយគ្រួសារ សុំដីកន្លះហិកតាទេ ហើយរឿងលុយនោះ យើងមិនទាន់ពិភាក្សាគ្នាច្បាស់លាស់ទេ»។
កញ្ញា លឹម គឹមស័រ សម្មជនស្ម័គ្រចិត្ត ការពារបរិស្ថានបានឲ្យដឹងតាមរយៈវីដេអូខ្លីមួយថា កាលពីមុន ក្រុមហ៊ុនមកវិនិយោគមានប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសាររស់នៅលើដីនោះ ប៉ុន្ដែពេលក្រុមហ៊ុនបានមកដល់ ក៏មានការបណ្ដេញចេញ ដោយបង្ខំ និងផ្ដល់សំណងឲ្យបន្ដិចបន្ដួច ពួកគេក៏នាំគ្នាចេញអស់ ដោយនៅសល់តែប្រជាពលរដ្ឋ ៣ គ្រួសារប៉ុណ្ណោះ។
កញ្ញាបន្តថា ពលរដ្ឋទាំង ៣ គ្រួសារនេះ មិនព្រមចេញទេ ដោយបន្តរស់នៅលើដីនោះ ជាមួយនឹងការគំរាមកំហែងគ្រប់រូបភាព ទាំងប្រើកម្លាំងសន្ដិសុខ ប៉ូលិស ទាហាន និងតុលាការ ដើម្បីធ្វើឲ្យពួកគាត់យល់ព្រមចាកចេញពីទីតាំងដីនោះ ដោយគ្មានសំណងសមរម្យ សម្រាប់ពួកគាត់។ លុះរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានព័ទ្ធរបងជុំវិញដីពួកគេ និងមិនឲ្យពួកគេចេញចូលដោយងាយស្រួលទេ។
កញ្ញាបន្តថា៖«ខ្ញុំមានចម្ងល់ថា ក្នុងរបបសម្ដេច ហ៊ុន សែន ផ្ដល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុនចិនមួយនេះ ក្នុងគោលបំណងអ្វី? ឬវាគ្រាន់តែជារូបភាពក្លែងបន្លំ ដើម្បីផ្ដល់ឱកាសឲ្យមន្ត្រីមានអំណាច និងក្រុមហ៊ុនចិនមួយនេះ ឃុបឃិតគ្នា លួចប្លន់ដីប្រជាពលរដ្ឋតែប៉ុណ្ណោះ»។
លោក ឃឹម ច័ន្ទឌី អភិបាលរងស្រុកគិរីសាគរ និងតំណាងក្រុមហ៊ុនចិន UDG មិនអាចទាក់ទង សុំបំភ្លឺករណីនេះ បានទេកាលពីម្សិលមិញ។
ក្រុមហ៊ុនចិន UDG បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០០៨ លើផ្ទៃដីទំហំ ៣៦ ពាន់ហិកតា នៅស្រុកគិរីសាគរ ខេត្តកោះកុង រយៈពេល ៩៩ ឆ្នាំ ដើម្បីអភិវឌ្ឍទៅជាទីក្រុងទំនើប។
ក្រុមហ៊ុននិងអាជ្ញាធរមូលដ្ឋានបានសន្យាថា ផ្តល់ដីលំនៅឋាន ៥០x១០០ ម៉ែត្រ និងសង់ផ្ទះទំហំ ៦ ម៉ែត្រគុណ ៧ ម៉ែត្រ និងដីចម្ការ ២ ហិកតាចែកជូនដល់អ្នកភូមិក្នុង១គ្រួសារ ជាថ្នូរនឹងការផ្លាស់ប្តូរឲ្យអ្នកភូមិទៅនៅភូមិថ្មីនៅចម្ងាយ ២០ គីឡូម៉ែត្រពីគ្នា៕