ភ្នំពេញៈ យ៉ាងហោចណាស់​មាន​​មនុស្ស​ ៣ ​នាក់​បាន​រងរបួស និង​ផ្ទះ​ជាង​ ៣០០ ​ខ្នង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ចំនួន​ ៤ រួមមាន ខេត្តពោធិ៍សាត់​ បាត់ដំបង ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ បាន​រង​ការខូចខាត​ជាខ្លាំង​ដោយសារ​បាតុភូតធម្មជាតិ ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​ ១ ខែមេសា​​ឆ្នាំ​ ២០២០​។

លោក​ សូ សាហុង អភិបាលស្រុក​ភ្នំក្រវាញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​​ម្សិលមិញ​ថា ភ្លៀង​លាយឡំ​នឹង​ខ្យល់កន្ត្រាក់​កាលពី​រសៀល​ថ្ងៃ​ពុធ​បាន​បង្ក​របួស​ពលរដ្ឋ​ចំនួន​ ៣ ​នាក់ និង​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៤៦ ​ខ្នង​នៅក្នុង​ឃុំ​លាច និង​ឃុំ​​សំរោង​បាន​រង​ការខូចខាត ដោយ​ខ្លះ​ប៉ើងរបើក​ដំបូល សំយាប និង​បាក់​រលំ​រាប​ដល់​ដី​។

លោក សាហុង បាន​បញ្ជាក់ថា​៖ «​កាលពី​រសៀល​ថ្ងៃ​ពុធ​មាន​ភ្លៀង​ធ្លាក់​ស្រិចៗ​ប៉ុណ្ណោះ​មិនធំ​ទេ តែ​មាន​ខ្យល់​បក់បោក​ខ្លាំង​ធ្វើឲ្យ​បាក់​រលំ​ផ្ទះ​សង្កត់​ពលរដ្ឋ​ ៣ ​នាក់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​ខូចខាត​ផ្ទះ​សរុប​ ៤៦ ​ខ្នង​ក្នុង​នោះ​ ១៦ ​ខ្នង​បាក់​រលំ​ខូចខាត​ទាំងស្រុង​»​។

លោក កែវ វី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែង​​កាលពី​ម្សិលមិញ​ថា ករណី​ភ្លៀង​លាយខ្យល់​កន្ត្រាក់​នេះ​មិនមែន​កើតមាន​តែ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​នោះ​ទេ ក៏ប៉ុន្តែ​នៅឯ​ខេត្ត​បាត់ដំបង ខេត្ត​ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​ក៏​មាន​ករណី​នេះ​កើតឡើង​ផងដែរ​កាលពី​ល្ងាច​ថ្ងៃទី​ ១ ខែ​មេសា ឆ្នាំ​ ២០២០​។

លោក​ កែវ វី បាន​បញ្ជាក់ថា​៖ «​នៅ​ខេត្តបាត់ដំបង​ថ្វីដ្បិត​តែ​ពុំមាន​ជនរងគ្រោះ ​ប៉ុន្តែ​ផលប៉ះពាល់​ទៅលើ​សំណង់ លំនៅឋាន​ប្រជាពលរដ្ឋ​មាន​ទំហំ​ធំ និង​ធ្ងន់ធ្ងរ​ជាង​នៅ​ខេត្តពោធិ៍សាត់​»​។

លោក​បាន​បន្តថា បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នៅក្នុង​ខេត្តបាត់ដំបង បាន​ធ្វើឲ្យ​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៣០១ ​ខ្នង​ផ្ទះ​នៅក្នុង​ក្រុង-ស្រុក​ចំនួន​ ៥ រួមមាន ក្រុង​បាត់ដំបង ស្រុក​សំពៅ​លូន ស្រុក​រុក្ខគិរី ស្រុក​មោងឫស្សី និង​ស្រុក​គាស់ក្រឡ​។ ក្នុង​ចំណោម​​សំណង​លំនៅឋាន​ទាំងនោះ មាន​សំណង់​អគារ​លំនៅឋាន​ខ្លះ​ជា​សំណង់​​អគារ​សម័យ​បារាំង​ដែល​មាន​អាយុកាល​ជិត​ ១០០ ​ឆ្នាំ​មកហើយ​។

តាម​របាយការណ៍​រដ្ឋបាល​ខេត្ត​បាត់ដំបង​ក្នុង​ចំណោម​ក្រុង​/​ស្រុក​ទាំង​ ៥ ​ដែល​រង​ផលប៉ះពាល់​ដោយ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​​ពុធ​នោះ ស្រុក​មោងឫស្សី​មាន​ផលប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ច្រើនជាងគេ​គឺ​រហូត​​ដល់​ ១៤១ ​ខ្នង​ផ្ទះ ខណៈ​ស្រុក​រុក្ខគិរី​ប៉ះពាល់​ផ្ទះ​ ៣៦ ​ខ្នង​,​ស្រុក​សំពៅលូន ប៉ះពាល់​ផ្ទះ​ ៣១ ​ខ្នង​,​ស្រុក​គាស់ក្រឡ​​ប៉ះពាល់​ផ្ទះ​ ១២ ​ខ្នង និង​នៅ​ក្រុង​បាត់ដំបង ប៉ះពាល់​ផ្ទះ​ ៣០ ​ខ្នង​។

ដោយឡែក​លោកស្រី ចឹក ហេង អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ដែរ​ថា ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​ ១ ​មេសា ឆ្នាំ​ ២០២០ បានធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​សរុប​ ៥ ​ខ្នង​​ និង​ប៉ើង​របើក​ដំបូល​អគារ​របស់​រដ្ឋ​មួយ​​ចំនួន​រួមមាន​អគារ​សាលាខេត្ត​ចំនួន​ ១ អគារ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ចំនួន​ ១ និង​ដំបូល​អគារ​រដ្ឋបាល​មន្ទីរធនធានទឹក និង​ឧតុនិយម​ចំនួន​ ១ ព្រមទាំង​បាក់​រលំ​បង្គោល​ដងទង់​ជាតិ​នៅមុខ​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​ចំនួន​ ១ ​ផងដែរ​។

យ៉ាងណាក្ដី​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្នុង​ហេតុការណ៍​នោះ​មិនមាន​ពលរដ្ឋ ឬ​មន្ត្រី​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​»​។

ចំណែក​លោក ជា ពិសិដ្ឋ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ល្ងាច​ថ្ងៃទី​ ១ ខែ​មេសា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​​បង្ក​ផលប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​សរុប​ ២៧ ​ខ្នង​ក្នុង​ស្រុក​ចំនួន​ ៣ ​គឺ​ស្រុក​អន្លង់វែង​, ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ចុងកាល់ ប៉ុន្តែ​មិនមាន​អ្នករងគ្រោះ​​ដោយសារ​បាតុភូត​នេះ​ទេ​៕