មណ្ឌលគីរីៈ ​រជា​ពល​រដ្ឋ​ចំនួន​ ៣ នាក់ ​នៅ​ឃុំ​ប៊ូ​ស្រា ​ស្រុក​ពេ​ជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី​បាន​អះអាង​ថា ពួកគាត់​ត្រូវ​ម្ចាស់​សិប្ប​កម្ម​កែច្នៃ​ឈើ​ម្នាក់​ឈ្មោះ ​សារឿន​ ម៉ាប់​ គំរាម​សម្លាប់​ បន្ទាប់​ពី​ពួក​គាត់​បាន​ចុះ​ថត​ទី​តាំង​កែ​ច្នៃ​ឈើ​ខុស​ច្បាប់​ចំនួន​ ៤ ​កន្លែង​ នៅ​ព្រៃ​សហគមន៍។​ អាជ្ញា​ធរ​ស្រុក​បញ្ជាក់​ថា​ ​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់​ ​ប្រសិន​បើ​ពល​រដ្ឋ​ទាំង​ ៣ នាក់​នោះ ​ដាក់​ពាក្យ​ប្ដឹង​មក​ខ្លួន។​

​​លោក​ ​គ្រើ​ង​ តុលា ​តំណាង​សហ​គមន៍​នៅ​ឃុំ​ប៊ូ​ស្រា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​លោក​ សារឿន ម៉ាប់​ ជា​អតី​ត​មន្ត្រី​យោធា ​បាន​គំរាម​លោក ​និង​ពលរដ្ឋ​ចំនួន​ ២ នាក់​ទៀត​ ឈ្មោះ ​ស្រើ​ក ​សើ​ញ​ និង​ឈ្មោះ ស្រាំង​ ​សឿន​ តាម​ទូរ​ស័ព្ទ​ផង ​និង​មក​គំរាម​ផ្ទាល់​ផង​ ដូច​ជា​ការ​ជិះ​ឡាន​បំ​បុក​ ពួន​កាប់​នៅ​នឹង​កន្លែង​ និង​ការ​គំរាម​បាញ់​សម្លាប់​ ​ដែល​ការ​គំរាមកំហែង​ទាំង​នេះ​បាន​កើត​ឡើង​ ​ក្រោយ​ពី​សហ​គមន៍​មួយ​ក្រុម​កាល​ពី​ ២ ​សប្ដាហ៍​មុន​ ​បាន​ចុះ​ថត​សកម្ម​ភាព​អារ​ឈើ​ចំនួន​ ៤ ​ទី​តាំង ​របស់​ឈ្មោះ ​សារឿន ​ម៉ាប់ ស្ថិត​ក្នុង​ភូមិ​អូរច្រាស់។​

​​លោក ​តុលា​ ​ថ្លែង​​ថា​៖ ​«​គាត់ (​សារឿន ​ម៉ាប់)​ ​ថា​ ​ម៉ូតូ​អ្នក​ឯង​ក៏​ខ្ញុំ​ស្គាល់ ​ផ្លូវ​ចេញ​ចូល​ក៏​ខ្ញុំ​ដឹង​ ហើយ​រូបរាង​អ្នក​ឯង​ក៏​ខ្ញុំ​ស្គាល់ ​អ៊ី​ចឹ​ង​មាន​ន័យ​ថា ​គាត់​គំរាម​ខ្ញុំ​បាត់​ទៅ​ហើយ។​ ហើយ​គាត់​ធ្លាប់​និយាយ​ជា​មួយ​សហគមន៍​ថា​ ​គ្រាប់​កាំ​ភ្លើង​គាត់​អត់​មាន​ភ្នែក​ទេ​ ហើយ​គាត់​ថា​ ប្រសិ​ន​បើ​ឃើញ​ពេល​ថត​ហ្នឹង ​គាត់​នឹង​កាប់​ឱ្យ​ណាណី​អ៊ីចឹង​ណា៎»។​

លោក​ តុលា ​បន្ត​ថា​ ក្រុម​សហគមន៍​បាន​ចុះ​ល្បាត​ព្រៃ​ និង​បាន​រ​ក​ឃើញ​ម៉ា​ស៊ី​នអារឈើ ​និង​ឈើ​ដែល​គេ​ច្រៀក​រួច​ហើយ​នៅ​លើ​ទីតាំង​ចំនួន​ ៤​ កន្លែង​ ​ដែល​ទីតាំង​ទាំង​នោះ​មាន​ជួល​ជន​ជាតិ​វៀត​ណាម​ជា​កម្មករ​ប្រហែល​ ១០ នាក់​ឱ្យ​នៅ​ប្រចាំ​ការ។​ ​បើ​តាម​សហគមន៍​បាន​សង្កេត​ឃើញ​ថា​ ​ទី​តាំង​អារ​ឈើ​របស់​លោក សាវឿន​ ម៉ាប់​ ​គឺ​ក្នុង​មួយ​ទី​តាំង​បាន​ដឹក​ឈើ​ចេញ​ទៅ​លក់​នៅ​តំបន់​ផ្សេង​យ៉ាង​តិច​ចំនួន​ ៣ ឡាន​ ដែល​ក្នុង ​១ ឡាន​ អាច​មាន​ឈើ​ចាប់​ពី ​៤​ ទៅ​ ៦ ​ម៉ែត្រ​គុប។​

​​លោក​ ​តុលា ​បន្ថែម​ថា​ ​បន្ទាប់​ពី​ក្រុម​សហ​គមន៍​បាន​ចុះ​ថត​ទីតាំង​អារ​ឈើ​ទាំង​នេះ​​ផ្ញើម​ក​លោក​ គឺ​លោក​បាន​ទៅ​សួររក​មូល​ហេតុ​អំពី​ការ​បើក​កន្លែង​អារ​ឈើ​ខុស​ច្បាប់​នេះ ​ប៉ុន្តែ​លោក​ សារឿន ​ម៉ាប់​ បាន​ឆ្លើយ​តប​ថា ​ការ​បើក​ទី​តាំង​នេះ ​គឺ​សម្រាប់​អារ​ឈើ​ប្រហែល​ ៦​ ម៉ែត្រ​គុប​ សម្រាប់​ធ្វើ​ផ្ទះ​ ដូច​អ្វី​ដែល​បាន​ស្នើ​ទៅ​សហ​គមន៍​ និង​អាជ្ញាធរ​ភូមិ​ប៉ុណ្ណោះ។​

​លោក​ ​តុលា​ ​ថ្លែង​​ថា​៖​ ​«​គាត់​ថា​ ដោយ​សារ​តែ​គាត់​សុំច្បាប់​ហើយ​ពី​ឃុំ​និង​សហ​គមន៍​ ប៉ុន្តែ​ច្បាប់​រប​ស់​គាត់​ហ្នឹង​គឺ​គាត់​សុំ​តែ​មួយ​ខែ​កុម្ភៈ​ដើម្បី​ធ្វើ​ផ្ទះ​ទេ​ ហើយ​ចំនួន​ឈើ​ដែល​គាត់​មាន​ប្រហែល​ពី ៦ ​ទៅ ​៧ គុ​ប​ ​និង​​មិន​មែន​ធ្វើ​រហូត​មក​ដល់​ពេល​នេះ​ទេ ​ដល់​ពេល​ខ្ញុំ​សួរ​គាត់ គាត់​ថា​ម៉ាស៊ី​ន​ខូច។​ បើ​ម៉ាស៊ីន​ខូចម៉េច​មិន​សុំ​ម្ដង​ទៀត​ ​ព្រោះ​លើស​កាល​កំណត់​ហើយ»។​

​លោក​ តុលា ​អះអាង​ថា​ ​ទី​តាំង​អារ​ឈើ​ទាំង​នេះ​ ​គឺ​ជា​កន្លែង​សម្រាប់​ទិញ​ឈើ​ពី​ក្រុម​ពល​រដ្ឋ​ខិល​ខូច​ដែល​តែង​ចូល​ទៅ​លួច​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​សហ​គមន៍​។​ ជុំវិញ​បញ្ហា​បើ​កន្លែង​អារ​ឈើ​ខុស​ច្បាប់​ និង​ការ​គំរាម​សម្លាប់​នេះ​ លោក​​បាន​ប្ដឹង​តាម​ទូរស័ព្ទ​ទៅ​អធិការ​រង​ស្រុក​ពេ​ជ្រា​ដា​លោក ​ម៉ែន​ ម៉ា​នី ​រួច​ហើយ ​ហើយ​លោក​ថា​ ប្រសិន​អាជ្ញាធរ​ស្រុក​មិន​មាន​ចំណាត់​ការ​ទេ ​លោក​​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​នា​ពេល​ខាងមុខ។​

លោក​ ​ម៉ែន​ ម៉ា​នី ​បាន​ប្រាប់​ថា​ លោក​នឹង​ចុះមក​ពិនិត្យ​អំពី​ទីតាំង​បើក​កន្លែង​អារឈើ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ហើយ​ប្រសិន​បើ​ជា​បទ​ល្មើស​ខុស​ច្បាប់​មែន​ ​​នឹង​រាយ​ការណ៍​ទៅ​ខាង​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ។ដោយ​ឡែក​ចំពោះ​ការ​គំរាម​សម្លាប់​ពី​សំណាក់​លោក​ ​សារឿន​ ម៉ាប់​ គឺ​អាជ្ញាធរ​នឹង​អនុវត្ត​តាម​ច្បាប់ ប្រសិន​បើ​សហ​គមន៍​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ។​

​លោក​ ម៉ានី​ ថ្លែង​​ថា៖​ ​«​អា​ហ្នឹង​ឱ្យ​តែ​គាត់​ប្ដឹង​ថា​ពី​ណា​មួយ​​គំរាម​កំហែង​ពួក​គាត់ ​គាត់​ប្ដឹង​មក​គេ​ធ្វើការ​តើ។ គាត់​គ្រាន់​តែ​និយាយ​តំណាល​ហ្នឹង​ ​មិន​ទាន់​ប្ដឹង​ទេ»។​

​ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​រក​ប្រភព​ដើម្បី​សុំ​ការ​បក​ស្រាយ​ពី​លោក​ សារឿន​ ម៉ាប់​ បាន​ទេ​នៅ​ថ្ងៃ​ម្សិលមិញ។​

​លោក​ ​ស្រាំង​ សឿន ​ពល​រដ្ឋ​ម្នាក់​ទៀត​បាន​លើក​ឡើង​ដែរ​ថា ​លោក ​សារឿន ​ម៉ាប់ ​បាន​ប្ដេជ្ញា​ថា ​នឹង​មិន​ទុក​ឲ្យ​​ពួក​លោក​បាន​រួច​ខ្លួន​ឡើយ ​ប្រសិន​បើ​គេ​​ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន​ ដោយ​សារ​ការ​បើក​កន្លែង​អារ​ឈើ​នេះ។​

​​លោក ​សឿន​ ថ្លែង​​ថា​៖​ ​«គាត់​ថា​ម៉ា​ប៊ូ​ស្រា​ហ្នឹង ​មាន​តែ​គាត់​ទេ​ អត់​មាន​ខ្លាច​អ្នកណា​ទេ​ អាណា​គេ​ហ៊ាន​ធ្វើ​អញម៉ា​ប៊ូស្រា​ហ្នឹង»។​​

លោក​ អៀង​ ម៉េង​លី ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ខេត្ត​មណ្ឌល​គិរី​លើក​ឡើង​ថា​ ការ​គំរាម​សម្លាប់​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ​ដែល​អាជ្ញា​ធរ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ ​ដើម្បី​ចៀស​វាង​កុំឱ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​ជនរ​ង​គ្រោះ ​ថ្វី​ដ្បិត​ពុំ​ទទួល​បាន​ពាក្យបណ្ដឹង​ជា​លាយ​លក្ខណ៍​អក្សរ​ក្ដី៕