
អាជ្ញាធររៀបចំហិបឆ្នោតឱ្យពលរដ្ឋចាប់យកទីតាំងលំនៅថ្មីនៅសៀមរាប។ រូបថត រដ្ឋបាល
សៀមរាបៈ ប្រជាពលរដ្ឋចំនួន ៤០៥ គ្រួសារ បានយល់ព្រមផ្លាស់ប្ដូរទីលំនៅ ទៅទីតាំងថ្មីស្ថិតនៅ តំបន់អភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមការបែងចែករបស់អាជ្ញាធរ ដែលជាថ្នូរនឹងការរើចេញពីតាមបណ្ដោយដងស្ទឹងសៀមរាបចាប់ពីចំណុចស្ពាននាគ ទៅដល់ស្ពានអង្គរ។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាបបានប្រាប់ឱ្យដឹងថា មូលហេតុដែលអាជ្ញាធរតម្រូវឱ្យប្រជាពលរដ្ឋរស់នៅលើស្ទឹងសៀមរាប ផ្លាស់ប្តូរទៅនៅទីតាំងថ្មី គឺដើម្បីស្ថាបនាដងផ្លូវអមសងខាងដងស្ទឹងប្រវត្តិសាស្ត្រសៀមរាបឱ្យកាន់តែមានសម្រស់ស្រស់ត្រកាលសម្រាប់ទាក់ទាញទេសចរ។
លោក ហ៊ី សាយ បានឱ្យដឹងថានៅថ្ងៃទី ១៩ ខែធ្នូ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសហការជាមួយអាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីចាប់ឆ្នោត។ ប្រជាពលរដ្ឋ ៤០៥ គ្រួសារក្នុងចំណោម ៤៣០ គ្រួសារ យល់ព្រមចាប់ឆ្នោតយកទីតាំងដីថ្មីនោះ ប៉ុន្តែមាន ២៥ គ្រួសារមិនបានទៅចូលរួមចាប់ឆ្នោតយកទីតាំងដីថ្មីឡើយ។
លោក សាយ ថ្លែងថា៖ «ចំពោះពលរដ្ឋចំនួន ២៥ គ្រួសារទៀតហ្នឹងមានមួយចំនួនគាត់ប្រហែលជារវល់មិនបានមកចូលរួមចាប់ឆ្នោត ហើយក៏មានអ្នកខ្លះគាត់មិនសុខចិត្តដែរ។ មូលហេតុដែលពួកគាត់ប្រមាណ ២ ឬ ៣ គ្រួសារមិនពេញចិត្តនោះ ខ្ញុំមិនទាន់ដឹងច្បាស់ថា មកពីមូលហេតុអ្វីទេ»។
តាមការបញ្ជាក់របស់លោក ហ៊ី សាយ ដីដែលប្រជាពលរដ្ឋត្រូវទទួលបានមានទំហំ ២០ គុណ ៣០ ម៉ែត្រក្នុង ១ គ្រួសារ។ យ៉ាងណាទីតាំងដីថ្មីនេះពលរដ្ឋត្រូវធ្វើការកាប់ឆ្ការព្រៃដោយខ្លួនឯង ដែលព្រៃនោះមិនមែនជាព្រៃស្រោងទេគឺជាព្រៃរបោះតិចតួចប៉ុណ្ណោះ។
លោក សាយ ថ្លែងថា៖ «យើងធ្វើនេះជាលក្ខណៈធម្មជាតិ ផ្លូវវាមានកោងមានកាច់អ៊ីចឹងទៅ ទំហំដីវាមានការលម្អៀងតិចតួចមិនអាចមានទំហំ ២០ គុណ ៣០ ម៉ែត្រស្មើគ្នាទាំងអស់ទេ»។
លោក សាយ ប្រាប់ថា នៅថ្ងៃទី ២១ ខែធ្នូ អាជ្ញាធរខេត្តបាននាំពលរដ្ឋទៅមើលទីតាំងដីថ្មី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធបោះបង្គោលព្រំដាក់លេខឡូត៍ និងការរៀបចំប្រព័ន្ធភ្លើងផងដែរ។
អ្នកស្រី ពេញ ចន្ទម៉ារីណែត មានអាយុ ៤០ ឆ្នាំ ជាពលរដ្ឋដែលបានទទួលយកដីថ្មីតាមការរៀបចំរបស់អាជ្ញាធរបានសម្តែងការសប្បាយរីករាយនៅពេលបានឃើញទីតាំងដីថ្មី ដែលអាជ្ញាធរជួយរៀបចំឱ្យមានទាំងផ្លូវ ភ្លើងអគ្គិសនី អណ្តូងទឹក និងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ទៀតផង។
អ្នកស្រី ចន្ទម៉ារីណែត ថ្លែងថា៖ «ថ្ងៃនេះខ្ញុំបានមកដល់កន្លែងដីហ្នឹងហើយ តែគ្រាន់ថា ដីមិនទាន់ឈូសឆាយស្អាតនៅព្រៃនៅឡើយទេ យ៉ាងណាពួកខ្ញុំក៏នៅតែសប្បាយចិត្ត។ ទោះបីទីតាំងហ្នឹងជិត ឬឆ្ងាយ មិនជាបញ្ហាទេ សំខាន់ពួកខ្ញុំមានកន្លែងរស់នៅត្រឹមត្រូវ»។
ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកទំនាក់ទំនងសុំការបំភ្លឺពីប្រជាពលរដ្ឋមួយចំនួនដែលមិនទទួលយកដីថ្មី តាមការរៀបចំរបស់អាជ្ញាធរឡើយកាលពីម្សិលមិញ។
លោក សួស ណារិន មន្ត្រីឃ្លាំមើលការងារសិទ្ធិមនុស្ស ដីធ្លី នៃសមាគមអាដហុកយល់ឃើញថា អាជ្ញាធរគួរតែផ្តល់ដំណោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្នាមិនថាតែអ្នកដែលរស់នៅតាមមាត់ស្ទឹងសៀមរាបនោះទេ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបនេះ អ្នកដែលប៉ះពាល់ដោយសារតែការពង្រីកផ្លូវ ការអនុវត្តគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាលនេះ គួរតែបានដំណោះស្រាយទាំងអស់គ្នាមិនសំដៅតែអ្នកមាត់ស្ទឹងសៀមរាបទេ»។
លោក ណារិន បញ្ជាក់ថា មកដល់ថ្ងៃទី ២១ ខែធ្នូ សមាគមអាដហុកមិនទាន់ទទួលបានពាក្យបណ្តឹងណាមួយរបស់ប្រជាពលរដ្ឋ ជុំវិញផលប៉ះពាល់ក្នុងការពង្រីកផ្លូវ ឬការអភិវឌ្ឍនៅក្នុងក្រុងសៀមរាបនេះទេ៕