The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ ៤៣ គ្រួសារ​យល់ព្រម​ចេញ​ពី​ផ្ទះ​មិន​ស្របច្បាប់​ទៅ​កាន់​ទីតាំង​ថ្មី​ស្របច្បាប់

ពលរដ្ឋ ៤៣ គ្រួសារ​យល់ព្រម​ចេញ​ពី​ផ្ទះ​មិន​ស្របច្បាប់​ទៅ​កាន់​ទីតាំង​ថ្មី​ស្របច្បាប់

Content image - Phnom Penh Post
ពលរដ្ឋ ៤៣ គ្រួសារស្ម័គ្រចិត្តរុះរើសំណង់មិនស្របច្បាប់នៅចន្លោះផ្លូវដែករថភ្លើង និងផ្លូវជាតិលេខ ៥ ក្រុងប៉ោយប៉ែត ។ សហការី

ពលរដ្ឋ ៤៣ គ្រួសារ​យល់ព្រម​ចេញ​ពី​ផ្ទះ​មិន​ស្របច្បាប់​ទៅ​កាន់​ទីតាំង​ថ្មី​ស្របច្បាប់

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ ៤៣ គ្រួសារ​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​មិន​ស្របច្បាប់​នៅ​ចន្លោះ​ផ្លូវដែក​រថភ្លើង និង​ផ្លូវជាតិ​លេខ ៥ ស្ថិត​នៅ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ទៅ​រស់នៅ​ទីតាំង​អភិវឌ្ឍន៍​ថ្មី បឹង​ជង្រុក​តេជោ​ឈ្នះឈ្នះ ដែល​ស្ថិត​នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សំណង់​មិន​ស្របច្បាប់​ដែល​ត្រូវ​ទទួលបាន​ការសម្បទាន​ជា​អំណោយ​របស់​សម្តេចតេជោ​ ហ៊ុន សែន មាន​ចំនួន ៤៣ គ្រួសារ។

លោក ថ្លែងថា អាជ្ញាធរ​ក្រុង​ជួយ​សម្រួល​ទាំង​ការរុះរើ និង​ដឹកជញ្ជូន​ទៅកាន់​ដី​ស្របច្បាប់​ថ្មី។

លោក ហ៊ុល ថ្លែង​ថា៖ «ប្រជាពលរដ្ឋ​ទាំង ៤៣ គ្រួសារ​ហ្នឹង​គាត់​យល់ព្រម​អស់ហើយ គាត់​បាន​ទៅ​ទទួល​ទីតាំង​ដី​ថ្មី​ ដែល​ពួកគាត់​ផ្លាស់ប្តូរ​ទៅ​នៅ​លើដី​អភិវឌ្ឍន៍​តេជោ​ឈ្នះឈ្នះ បឹង​ជង្រុក» ។

លោក​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​បាន​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ អាជ្ញាធរ ប្រគល់​ដី​ធ្វើ​សួន​សាធារណៈ​ជូន​អាជ្ញាធរ​រៀបចំ​អភិវឌ្ឍន៍​កែលម្អ​ជា​សួន​ឱ្យ​មាន​សោភ័ណភាព​ក្នុង​ក្រុង ជាពិសេស​គឺ​បង្ក​ការងាយស្រួល​ដោយ​ធ្វើការ​ស្ម័គ្រចិត្ត​រុះរើ​ចេញ​ដោយ​ខ្លួនឯង។

Content image - Phnom Penh Post
ពលរដ្ឋ ៤៣ គ្រួសារស្ម័គ្រចិត្តរុះរើសំណង់មិនស្របច្បាប់នៅចន្លោះផ្លូវដែករថភ្លើង និងផ្លូវជាតិលេខ ៥ ក្រុងប៉ោយប៉ែត ។ សហការី

លោក​ថ្លែងថា៖ «ប្រជាពលរដ្ឋ​លោក​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួន​គាត់ យើង​គ្រាន់តែ​ជួយ​សម្រួល​ដល់​ការរុះរើ​ហ្នឹង។ អីចឹង​មកដល់​ថ្ងៃនេះ​ពលរដ្ឋ​គាត់​រុះរើ​បាន​ប្រហែល​ជា ៨០ ភាគរយ​ហើយ ហើយ​យើង​ក៏បាន​ជួយ​ដឹកជញ្ជូន​គាត់​ទៅ​កន្លែង​សាង​លំនៅ​ថ្មី​ដែល​លោក​បាន​យល់ព្រម​តាម​ដំណោះស្រាយ»។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក ប៉ាន់ ខែមប៊ុនថន នាយករង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដឹកនាំ​ក្រុម​ការងារ​ចុះ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​បាន​ទេ​នៅថ្ងៃនេះ ប៉ុន្តែ​កន្លងមក​លោក​ធ្លាប់​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដី​បឹងជង្រុក ដែល​លោក​សម្រួល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ គឺជា​ដី​សប្បុរសជន​ប្រគល់ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ហើយ​នាយករដ្ឋមន្ត្រី​ក៏បាន​យល់ព្រម​ផ្តល់​ដី​នោះ​សម្រាប់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​វិវាទ​រុំារ៉ៃ​ដោះស្រាយ​មិន​ចេញ​ចំនួន ១ ២០០ គ្រួសារ ដែល​ដី​នោះ​មាន​បែងចែក​ជា ២ ប្រភេទ។

លោក​ ខែម ប៊ុនថន ​ធ្លាប់​បញ្ជាក់ថា៖ «នៅក្នុង​នោះ​យើង​ក៏មាន​ការវាយតម្លៃ​បន្ថែម​នូវ​ដី​ប្រភេទ ១ និង​ប្រភេទ ។ អ៊ីចឹង​ប្រភេទ ១ ហ្នឹង​គឺ​មាន ៣០ គុណ ៥០ ម៉ែត្រ​ហើយ​ប្រភេទ ២ ហ្នឹង គឺ ២២ គុណ ២៥ ម៉ែត្រ។ ២ ផ្នែក​ហ្នឹង​គឺ​យើង​ចែកជូន​យោងតាម​យើង​ធ្វើ​អត្តសញ្ញាណកម្ម​ជាក់ស្តែង​ថា​អ្នកណា​យើង​គួរឱ្យ​ប្រភេទ ១ អ្នកណា​គួរឱ្យ​ប្រភេទ ២»៕

Content image - Phnom Penh Post
ពលរដ្ឋ ៤៣ គ្រួសារស្ម័គ្រចិត្តរុះរើសំណង់មិនស្របច្បាប់នៅចន្លោះផ្លូវដែករថភ្លើង និងផ្លូវជាតិលេខ ៥ ក្រុងប៉ោយប៉ែត ។ សហការី

អត្ថបទគួរចាប់អារម្មណ៍