ភ្នំពេញៈ អង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការជួយកុមារ និងគ្រួសារក្រីក្ររស់នៅក្បែរគំនរសំរាមស្ទឹងមានជ័យបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋចំនួន ៤៨ គ្រួសារកំពុងតែគ្មានជម្រករស់នៅ ក្រោយពីរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅនេះ ស្ថិតក្នុងតំបន់សំបុកចាប សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ។
លោក ហូយ លាងហ័ន ប្រធានទំនាក់ទំនងកម្មវិធីសហគមន៍របស់ CCF បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ដើម្បីជួយដល់ពលរដ្ឋដែលបាត់បង់ផ្ទះសំបែង អង្គការបានធ្វើការអំពាវនាវនៅក្នុងបណ្ដាញសង្គមផ្សព្វផ្សាយរបស់អង្គការ ដែលជាយុទ្ធនាការស្វែងរកការបរិច្ចាគថវិកាពីសប្បុរសជន។
លោក លាងហ័ន ថ្លែងថាអង្គការ បានគិតដំបូងគឺ ចង់សាងសង់ផ្ទះឈើដែលមានជញ្ជាំងនិងដំបូលប្រក់សង្កសីទំហំ ៤/៥ ម៉ែត្រ ដែលក្នុង ១ ខ្នងអាចតម្លៃប្រហែល ១ ៥០០ ដុល្លារសហរដ្ឋអាមេរិក។
លោក បានថ្លែងថា៖ «យើងអត់ទាន់បូកសម្ភារអីផ្សេងៗ ដូចជាពូក ខ្នើយ កន្ទេលទេ ប៉ុន្តែគ្រាន់តែមានបន្ទប់ទឹក។ ផ្ទះ វាល្អជាងមុន ព្រោះភាគច្រើនបងប្អូនគាត់រស់នៅក្នុងខ្ទមដែលមានហានិភ័យច្រើនណាស់ ហើយយើងក៏មិនចង់ឃើញស្ថានភាពបែបនេះកើតឡើងទៀតដែរ»។
លោក លាងហ័ន បន្ថែមថា បច្ចុប្បន្នចំពោះពលរដ្ឋភាគច្រើនដែលគ្មានផ្ទះ គឺពួកគាត់ត្រូវបានអនុញ្ញាតឱ្យមករស់នៅបណ្ដោះអាសន្ន រួមទាំងទទួលបានការហូចចុក ១ ថ្ងៃ ២ ពេលពីអង្គការមូលនិធិកុមារកម្ពុជា ដើម្បីជាការជួយដោះទាល់រហូតពួកគាត់ អាចមានលទ្ធភាពទិញចានឆ្នាំងដើម្បីដាំស្លហូបចុកដោយខ្លួនឯងឬក៏អាចមានលទ្ធភាពសាងសង់ផ្ទះឡើងវិញ។
លោក លាងហ័ន ថ្លែងថា៖ «យើងចាត់ទុកករណីអគ្គិភ័យកើតឡើងនៅទីតាំងសំបុកចាប គឺជាករណីមានផលប៉ះពាល់ធំបំផុតដែលមិនធ្លាប់កើតឡើងនៅក្នុងសហគមន៍របស់អង្គការ គ្រួសារទាំងនោះ ពិតជាត្រូវការជំនួយ។ ពួកគេភាគច្រើនគេចចេញពីផ្ទះដោយគ្មានយកអ្វីបានទាំងអស់ពួកគេត្រូវការសម្លៀកបំពាក់ អាហារ ទឹក និងថវិកា»។
លោក លាងហ័ន បញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋក្រក្រីប្រហែល ៣ ពាន់គ្រួសារ ដោយខ្លះកំពុងទទួលបានការគាំទ្រខាងផ្នែកសុខាភិបាល និងខ្លះទៀតទទួលបានថវិកា និងអាហារ និងខ្លះទៀតទទួលបានផ្ទះស្នាក់នៅដែល ១ ខ្នងមានតម្លៃ ២ ៥០០ ដុល្លារ ពីការឧបត្ថម្ភរបស់អង្គការមូលនិធិកុមារកម្ពុជា។
លោកបញ្ជាក់ទៀតថា កម្មវិធីរៃអង្គាសថវិកាជួយពលរដ្ឋរងគ្រោះអគ្គិភ័យនេះ នឹងត្រូវលើកទៅពិភាក្សាបន្ថែមជាមួយលោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ CCF។
លោកថា៖ «នៅពេល Scott គាត់មកវិញ យើងនឹងពិនិត្យថា តើទឹកប្រាក់យើងបានប៉ុន្មាន ហើយយើងនឹងធ្វើអ្វីបានខ្លះ»។
នៅថ្ងៃទី ១៨ មីនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងនាមជាប្រធានកាកបាទក្រហមកម្ពុជានៅភ្នំពេញ បានចុះទៅដល់ទីតាំងអគ្គិភ័យនេះ និងបានផ្ដល់ជំនួយមួយចំនួន ដូចជា មី អង្ករ និងថវិកាទៅដល់ពលរដ្ឋរងគ្រោះ។
លោក មេត មាសភក្ដី មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទាក់ទងបានទេ៕