ព្រះសីហនុៈ ប្រ​ជា​ព​ល​រដ្ឋ​នៅ​ក្នុង​ស្រុក​ព្រៃ​នប់ ​៤​ នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​ខេត្ត​ព្រះ​សី​ហនុ​កាល​ពី​ម្សិល​មិញ​ ក្រោយ​ពី​ពួក​គេ​បាន​បង្ក​ឲ្យ​មាន​​របួស​ស្នាម​ទៅ​លើ​ជន​ជាតិ​ចិន​ម្នាក់ ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ចិន​។​ ​នេះ​បើ​យោង​តាម​ លោក​ សរ កក្កដា​ ​អភិបាល​ស្រុក​ព្រៃនប់។​

​លោក ​សរ​ ​កក្កដា​ ​អភិ​បាល​ស្រុក​ព្រៃ​ន​ប់​បាន​ថ្លែង​ថា​៖​ «​ការ​បញ្ជូន​ជន​សង្ស័យ​ទាំង​ ៤ នាក់​ ទៅ​តុលាការ​ពីព្រោះ​វា​ពាក់​ព័ន្ធ​ការ​បង្ក​​របួស​ស្នាម​ និង​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​រប​ស់​ក្រុម​ហ៊ុន​ចិន​ ​ក្រោយ​ពី​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​រវាង​បុគ្គលិក​ក្រុម​ហ៊ុន ​និង​ប្រ​ជា​ពល​រដ្ឋ​ហើយ​ក្រុម​​ហ៊ុន​មិន​បាន​បិទ​ផ្លូវ​ប្រ​ជា​ពល​រដ្ឋ​ទេ​គ្រាន់​តែ​គាត់​ដាក់​ប៉ុស្តិ៍​ដើម្បី​ត្រួត​ពិនិត្យ»។​

​មន្ត្រី​នគរ​បាល​ស្រុក​ព្រៃ​នប់​បាន​ឃាត់​ខ្លួន​មនុស្ស ​៤ នាក់​ កាល​ពី​ថ្ងៃ​ពុធ​ពាក់​ព័ន្ធ​នឹង​ការ​រុះរើ​រោង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ និង​ធ្វើ​ឲ្យ​បុគ្គ​លិក​ជន​ជាតិ​ចិន​ម្នាក់​របួស​​នៅ​ក្នុង​​ក្រុម​ហ៊ុន​យិះ​ចៀ​ ស្ថិត​នៅ​ក្នុង​ឃុំ​រាម​ ​ស្រុក​ព្រៃ​នប់់​ អំ​ពើ​ហិង្សា​នេះ​កើត​ចេញ​ពី​ជម្លោះ​នៃ​ការ​​ចោទ​ប្រ​កាន់​​ក្រុម​ហ៊ុន​បាន​បិទ​ផ្លូវ​ប្រ​ជា​ពលរដ្ឋ​មិន​ឲ្យ​យក​សម្ភារ​សំណង់​ចូល​ទៅ​កាន់​ភូមិ​របស់​ពួកគេ។​ ​

​លោក​ ​ឃាង​ ​ភារ​ម្យ ​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា​​ករណី​ដែល​ប្រ​ជា​​ពល​រដ្ឋ​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​តវ៉ា​និង​រុះរើ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ ​យិះ​ចៀ​ បាន​ដាក់​បិទ​នៅ​ តាម​បណ្តោយផ្លូវ​ចូល​ទៅ​កាន់​ឆ្នេរ​ ​កោះ​សំ​ពោធ​ ​និង​បាន​បង្ក​ហិង្សា​​​ធ្វើ​ឲ្យ​បុគ្គ​លិក​ជន​ជាតិ​ចិន​ម្នាក់​រង​របួស។​

​លោក​ ភា​រម្យ​ បានថ្លែង​ថា​៖​ «​ក្រោយ​កើត​ហេតុ​អាជ្ញា​ធរ​និង​សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​បាន​ចុះ​អន្ត​រាគ​ម​ន៍​ និង​ទប់​ស្កាត់​កា​រពារ​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ​ហើយអាជ្ញា​ធរ​មូល​ដ្ឋាន​​ក៏​បាន​និង​កំពុង​បន្ត​ការ​ដោះ​ស្រាយ​តាម​នីតិ​វិធី​របស់​សមត្ថកិច្ច​ស្រុក​ព្រៃនប់» ។​

ប្រ​ជា​ពល​រដ្ឋ​ម្នាក់​ឈ្មោះ​ លាប​ ​វាន​ ​ដែល​បាន​ឃើញ​ហេតុ​ការ​ណ៍នេះ​ ​បាន​ឲ្យ​ដឹង​ថា​ ​កាល​ពី​វេលា​ម៉ោង​ប្រហែល​ ២​ រសៀល ​ប្រជាពលរដ្ឋ​ជិត​ ១០០ នាក់​ បាន​​ប្រមូល​​ផ្តុំ​គ្នា​នៅ​កន្លែង​កុង​ត្រូល​ក្រុម​​ហ៊ុន ​យិះចៀ​ នៅ​ក្នុង​ភូមិ​រាម​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់់​ដើម្បី​ធ្វើ​ការ​តវ៉ា​ឲ្យ​អាជ្ញាធរ​ស្រុក​ និង​ក្រុម​ហ៊ុន​ដោះ​ស្រាយ​ រឿង​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​នាំ​គ្រឿង​សំណង់​ចូល​ទៅ​កាន់​​ឆ្នេរ​ កោះ​សំ​ពោច​ ​ហើយ​ប្រជាពលរដ្ឋ​ចាប់​ផ្តើម​ធ្វើ​ការ​រុះ​រើ​កុង​ត្រូល​របស់​ក្រុម​ហ៊ុន​ បន្ទាប់​ពី​ពួក​គេ​ប៉ះ​ពាក្យ​សម្ដីគ្នា​ជាមួយ​នឹង​​ក្រុមហ៊ុន​ និង​អាជ្ញាធរ​មូលដ្ឋាន។​

​លោក​ ​វាន​ ​បាន​ឲ្យ​ដឹង​ថា​ផ្លូវ​ដែល​ក្រុម​ហ៊ុន​ដាក់​កុង​ត្រូល​នោះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ក្រុម​ហ៊ុន​ចិន​បន្ទាប់​ពី​ក្រុម​ហ៊ុន​ទទួល​បាន​សិទិ្ធ​វិនិ​យោគ​ អភិ​វឌ្ឍទី​ក្រុង​ថ្មី ​ដែល​មាន​ឈ្មោះ​ថា​ ព្រះ​សី​ហនុ​​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​ លើ​ផ្ទៃ ​ដី​ ៣ ៣០០ ​ហិក​តា ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម​ ​ខេត្ត​ព្រះសីហនុ។​

បុគ្គ​លិកក្រុម​ហ៊ុន​តែង​តែ​ធ្វើ​ការ​រារាំង​ប្រជា​ពល​រដ្ឋ​ដែល​នាំ​គ្រឿង​សំណង់​ចូល​ទៅ​ក្នុង​ភូមិ​របស់​ពួក​គេ​ដែល​នៅ​ក្បែ​រតំបន់​អភិវឌ្ឍន៍​នោះ៕​