ក្រចេះ: ពលរដ្ឋ​រស់​នៅក្នុង​ភូមិ​ចំនួន​​ ៤ នៃ​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ​ខេត្ត​ក្រចេះ មាន​ដូច​ជា ​ភូមិ​បន្ទាយ​ ភូមិ​សំរិទ្ធ​ ភូមិ​កំបោរ និង​ភូមិ​គោ​លាប់​បាន​នាំគ្នា​ធ្វើ​រូប​ទីង​មោង​ដាក់​នៅ​តាម​មុខផ្ទះ​ដើម្បី​បណ្ដេញ​ខ្មោច​ ព្រាយ ​បិសាច ​និង​ដើម្បី​កម្ចាត់​ជំងឺ​អាសន្ន​រោគ​ តាមបែប​អបីជំនឿ​ បន្ទាប់​ពី​មាន​មនុស្ស​និង​សត្វ​ក្នុង​ភូមិ​បាន​​ឈឺ​ច្រើន​ខុស​ពី​ធម្ម​តា​ ស្រប​ពេល​ដែល​មន្ត្រី​សុខា​ភិ​បាល​ចុះ​អប់រំ​សុខភាព​នៅ​ថ្ងៃនេះ។

អ្នក​ស្រី យីន ស្រុីន ពលរដ្ឋ​រស់នៅ​ភូមិ​គោ​លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការធ្វើ​រូប​ទីង​មោង​ដាក់នៅមុខ​ផ្ទះ​បែប​នេះគឺជា​ទំនៀម​ទម្លាប់​ដែល​អ្នក​ភូមិ​តែង​ធ្វើ​ឡើង​ស្ទើរ​​រៀង​រាល់​ឆ្នាំ នៅ​ពេល​មាន​មនុស្ស​ក្នុង​ភូមិធ្លាក់​ខ្លួន​ឈឺច្រើន​ខុស​ពី​ធម្មតា​ហើយ​ពួកគេ​តែងសង្ស័យ​ថា​ វា​អាច​ជា​ជំងឺ​អាសន្ន​រោគ​រាតត្បាត​ ដោយ​សារ​ ខ្មោច ​ព្រាយ​បិសាច។

អ្នក​ស្រី​ថា៖​ «ឆ្នាំ​ណា​ដែល​ឈឺ​ច្រើន​ទើប​ធ្វើ ហើយ​ឆ្នាំនេះ​ឈឺ​ច្រើន និង​ឈឺ​ប្លែកៗ​ច្រើន ​អ៊ីចឹង! គាត់​ខ្លាច ក៏​ដាក់​ទីង​មោង​តាម​ភូមិ​ដើម្បី​ការ​ពារ​តាម​អ​បី​​ជំនឿ។​ ក្នុង​ ១ ​ផ្ទះមាន​អ្នក​ឈឺ ៣-៤ នាក់​ ឯណោះ​ ដល់​អ៊ីចឹង​ប្លែក ​ហើយក៏​ដាក់​រូប​អ៊ីចឹង​ទៅ»។

ប៉ុន្តែ​លោក​ ឈុន​ ស្រស់ អ្នកភូមិ​គោ​លាប់​ម្នាក់​ទៀត​បាន​ប្រាប់​ថា ថ្វី​ដ្បិត​ក្នុង​គ្រួសារ​លោក​ហាក់​ប្លែក​ដោយ​សារ​មាន​កូន ​និង​ចៅ​ត្រូវ​ធ្លាក់​ខ្លួន​ដោយ​សារ​ជំងឺ​គ្រុន​ក្ដៅ ​រាករូស និង​រលាក​បំពង់ដង្ហើម​ក្ដី ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​រូបទីង​​មោង​ដាក់​នៅ​ផ្ទះ​ឡើយ ព្រោះ​លោក​ជឿ​ថា​ការ​កើត​ជំងឺ​ទាំង​នេះ គឺ​បណ្ដាល​មក​ពី​អា​កាស​ធាតុ​ឆ្នាំ​នេះ​ក្ដៅ​ខ្លាំង​ពេក។

លោក​ថា៖​ «ខ្ញុំ​ថា​មិន​ឱ្យ​ដាក់​ទេ​ព្រោះ​ចៀស​ពី​ពេទ្យ​មិន​រួច​ទេ ប៉ុន្តែ​អា​កូន​ខ្ញុំវា​ឃើញ​គេ​ដាក់ វា​ទារ​ដាក់​ដែរ។ កា​រដាក់​ហ្នឹងគឺ​តាម​មនុស្ស​ចាស់ៗ​នៅ​ក្នុងភូមិ។ អ្នក​ភូមិ​ឈឺ​ច្រើន​ណាស់​ អ្នក​ខ្លះ​គ្រុន​ឈាម ហើយ​អា​ខ្លះ​រាក​អាច​ម៍​ក៏​ថា​អា​សន្នរោគ​ដែរ តាម​ពិត​ស៊ី​ចំណី​ខុស​សោះ»។

បើ​តាម​លោក​ ឈុន ​ស្រស់​ គិត​មក​ទល់​ពេល​នេះនៅ​ឃុំ​គោ​លាប់​នៅតែ​បន្ត​រង​នូវអា​កាស​ធាតុក្ដៅ​ខ្លាំង​និង​ពុំទាន់​មាន​ការ​ធ្លាក់​ភ្លៀង​កក់​ខែ​នៅឡើយ​ទេ ​ព្រោះ​លោក​ថា​ ជា​រៀង​រាល់​ឆ្នាំ ចាប់​ផ្ដើម​ពី​ខែ ៥ ទៅ គឺ​តែង​មាន​ទឹក​ភ្លៀង​ធ្លាក់​ជា​បណ្ដើរៗ ​ដើម្បី​ឱ្យ​​ពលរដ្ឋ​អាច​ភ្ជួរ​រាស់​ធ្វើ​ស្រែ​ចម្ការ​បាន​ខ្លះ​ហើយ។

​ពលរដ្ឋ​នៅ​ឃុំ​គោ​លាប់​បានបញ្ជាក់​ទៀត​ថា ​ពួក​គាត់​បាន​យក​ចំ​ប៉ើង​មកចងនឹង​ឈើ​ឆ្កាង​រួចស្លៀក​ពាក់​ខោ​អាវ​ចាស់ៗ​ដើម្បីឱ្យ​ដូច​រូបរាង​មនុស្ស​រួច​យក​ទៅ​តាំង​នៅ​តាម​មុខ​ផ្ទះ​ រីឯ​អ្នក​ខ្លះ​ទៀត​បាន​គូរ​រូប​យក្ស​នៅ​តាម​ជញ្ជាំង​ផ្ទះ​និង​តាម​ជញ្ជាំង​របង។

លោក ​ឈុំ​ ឈូ​យ ​មេឃុំ​គោ​លាប់​បានលើក​ឡើង​ថា ពលរដ្ឋ​ដាក់​រូប​ទីង​មោង​នេះគឺ​ចាប់​ផ្ដើម​នៅក្រោយ​​ពេលចូល​ឆ្នាំ​ និង​មាន​តែ​នៅ​ក្នុង​ឃុំ​របស់​លោក​​មួយ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា​ ការ​ធ្វើ​បែប​នេះ​នៅពេល​មាន​មនុស្ស​និង​សត្វ​ក្នុងភូមិ​នីមួយៗធ្លាក់​ខ្លួន​ឈឺ​ច្រើន​ ហើយ​កាល​ពី ពេល​ថ្មីៗ​នេះបាន​ធ្វើឱ្យ​កុមារី​អាយុ​ប្រហែល ​១០ ​ឆ្នាំ​ម្នាក់ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម​និង​សត្វ​គោ​ចំនួន​ជាង​ ១០ ​ក្បាល​ទៀត​ក៏បាន​ងាប់​ដោយ​មិន​ដឹង​មូលហេតុ​ដែរ។

លោក​ថា៖​ «ទឹក​មាន​គ្រប់​គ្រាន់ ពួកខ្ញុំ​ប្រើ​ប្រាស់​ទឹក​ស្អាត​ដែលតមក​ពី​ខេត្ត​ ​ហើយ​គោ​ខ្លះ​គេ​ឱ្យ​ផឹក​ទឹក​ពាង ​ទឹក​អណ្ដូង និង​ទឹក​ស្រះ​ជា​ដើម​ព្រោះ​ទឹក​ស្រះ​ហ្នឹង​ក៏​មិន​ទាន់​រីង​អស់​រហូត​គ្មាន​ទឹក​ប្រើ​ប្រាស់​នោះ​ដែរ ​ប៉ុន្តែ​ដោយសារ​ក្ដៅ​ខ្លាំង​ វា​ធ្វើ​ឱ្យ​សត្វ​គោ​ហ្នឹងតឹង​ពោះ​ហើយ​ឈឺ​តែ​ ១ ថ្ងៃ​ក៏​ងាប់​ហើម​ស្អុយ​តែម្ដង»។

បច្ចុប្បន្ន​ពល​រដ្ឋ​រស់​នៅ​ក្នុង​ឃុំ​គោលាប់​មិន​ទាន់​មាន​មណ្ឌល​សុខ​ភាព​ប្រចាំ​ឃុំ​របស់​ពួក​គាត់​នៅ​ឡើយ​ទេ​ ដោយ​ពួក​គាត់​ត្រូវ​ទៅ​រក​សេវា​សុខាភិបាល​ពី​មណ្ឌល​សុខ​ភាព​ច​ង្ក្រ​ង់​ដែល​ស្ថិត​នៅ​ឃុំ​ផ្សេង​ទៀត។

លោក​ស្រី អ៊ុក សា​មីន​ ប្រធាន​មណ្ឌល​សុខ​ភាព​ឃុំ​ចង្ក្រង់​បាន​ប្រាប់​ថា លោកស្រី​ពុំបាន​ដឹង​អំពី​ពលរដ្ឋ​នៅ​ឃុំ​គោ​លាប់​នាំគ្នា​ដាក់​រូប​ទីង​មោង​ដើម្បី​បណ្ដេញ​ជំងឺ​អាសន្ន​រោគ​ឡើយ ​ហើយ​ក៏​ពុំ​បានដឹង​ថា​ ពលរដ្ឋ​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ពី​ជំងឺ​នោះ​ដែរ​។ លោក​ស្រី​បន្ថែម​ថា សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ ​ខាង​មណ្ឌល​សុខ​ភាព​ពុំ​ទាន់​បាន​ចុះ​ទៅ​អប់រំ​ពី​បញ្ហា​សុខ​ភាព​ទៅ​ដល់​ពលរដ្ឋ​ក្នុង​ឃុំគោ​លាប់​នៅ​ឡើយ​ទេ។

លោក​ស្រី​ថា៖​ «ការ​ចុះ​ទៅ​អប់រំ​សុខភាព​ហ្នឹង​គឺ​ចាប់​ផ្ដើម​នៅ​ខែ​ ៥​ ថ្ងៃទី​ ៦​ ឧសភានេះ គឺជា​បេស​កកម្ម​ចុះ​ចាក់​វ៉ា​ក់​សាំ​ងផង និង​អប់រំ​ផង ដើម្បី​ការ​ពារ​សុខភាព​​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ ការ​ពារ​ជំងឺ​រាក​ អប់រំ​ពី​អនាម័យ ​និង​ការ​ថែទាំ​សុខភាព»៕