ព្រៃវែងៈ ប្រជាពលរដ្ឋចំនួន ៥១៤ គ្រួសារនៅឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង សុំឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្លាស់ប្ដូរលោក ហង្ស ឆាំឆាន មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារ សាធារណៈចេញពីក្រុមការងារចុះជួយឃុំឫស្សីស្រុក ដោយអះអាងថា បុគ្គលរូបនេះមិនធ្វើអ្វីឲ្យមានប្រយោជន៍ដល់ពលរដ្ឋ។ នេះបើតាមការបញ្ជាក់ពីតំណាងរបស់ពលរដ្ឋទាំងនោះ។
អ្នកស្រី ឡេង សាមឿ តំណាងម្នាក់ក្នុងចំណោម ៩ នាក់ផ្សេងទៀត ដែលតំណាងឲ្យពលរដ្ឋជាង ៥០០ គ្រួសារ នៅឃុំឫស្សីស្រុក ប្រាប់ភ្នំពេញប៉ុស្ដិ៍ថ្ងៃទី ២៦ មេសា ថាពលរដ្ឋ ៥១៤ គ្រួសារមកពី ៤ ភូមិ នៃ ឃុំឫស្សីស្រុកបានអំពាវនាវឲ្យលោករដ្ឋមន្ត្រី ស ខេង ផ្លាស់ប្ដូរលោក ហង្ស ឆាំឆាន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈចេញពីប្រធានក្រុមការងារចុះជួយឃុំឫស្សីស្រុក ស្រុកពាមជរ។ ព្រោះបុគ្គលរូបនេះមិនបានជួយធ្វើអ្វីឲ្យមានផលប្រយោជន៍ដល់ពលរដ្ឋនៅក្នុងមូលដ្ឋានទេ។
អ្នកស្រីបន្តថា អស់រយៈពេលជាច្រើនឆ្នាំមកហើយតាំងពីលោក ហង្ស ឆាំឆាន ចុះមកជួយឃុំឫស្សីស្រុក ពុំឃើញមានជួយធ្វើ ឬដោះស្រាយបញ្ហាអ្វីឲ្យពលរដ្ឋទេ។ ប៉ុន្តែលោក ឆាំឆាន មានគំនិតឃុបឃិតជាមួយបងប្អូនខ្លួនយកប្រឡាយរដ្ឋ និងប្រឡាយដែលឧកញ៉ា ប៉ែន នួន ស្ថាបនា ៣ ខ្សែមានប្រវែងជិត ៣ គីឡូម៉ែត្រធ្វើជាអាជីវកម្មផ្ទាល់ខ្លួន។ តម្រូវឲ្យពលរដ្ឋបង់លុយ ៤៥ ម៉ឺនរៀល បើមានអ្នកចង់បូមទឹកប្រឡាយដាក់ដីស្រែ ឬចម្ការទំហំ ១ ហិកតា។
អ្នកស្រី សាមឿ បញ្ជាក់ថា៖ «ពួកខ្ញុំធ្លាប់បានដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ប៉ុន្ដែនៅតែគ្មានដំណោះស្រាយ ហើយក៏មានពាក្យបណ្ដឹងនៅខេត្តព្រៃវែង និងតុលាការខេត្តដែរ តែគ្មានដំណោះស្រាយអ្វីទេ។ ដូច្នេះពួកខ្ញុំមិនបានដាក់ពាក្យបណ្ដឹងទៅស្ថាប័នណាទៀត គឺមានតែការអំពាវនាវទៅសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយដោះស្រាយបញ្ចប់បញ្ហានេះផង»។
លោក ដាំ មៀន តំណាងពលរដ្ឋម្នាក់ទៀតនិយាយថា ប្រឡាយទឹកទាំង ៣ ខ្សែដែលអាជ្ញាធរយកមកគ្រប់គ្រងសម្រាប់លក់ទឹកឲ្យពលរដ្ឋជាជំនួយពីលោកឧកញ៉ា ប៉ែន នួន ទីប្រឹក្សាលោក ស ខេង ដែល ជាឧបនាយករដ្ឋមន្ត្រីផងនោះ។ ប្រឡាយទាំង ៣ ខ្សែត្រូវបានជីកតាំងពីឆ្នាំ ២០១៤ ប៉ុន្តែអាជ្ញាធរបានកំណត់យកប្រឡាយនេះដោយតម្រូវឲ្យពលរដ្ឋបង់លុយ ២០ ម៉ឺនរៀលបើចង់បូមទឹកដាក់ស្រែ ឬស្រោចស្រពដំណាំ។
លោកថាកាលពីឆ្នាំ ២០១៧ អាជ្ញាធរបានដំឡើងតម្លៃ ៣០ ម៉ឺនរៀល។ មកដល់ឆ្នាំ ២០១៩ និង ២០២០ ស្រាប់តែអាជ្ញាធរដំឡើងតម្លៃដល់ទៅ ៤៥ ម៉ឺនរៀល។
លោកថា៖ «ខ្ញុំគ្រាន់តែឆ្ងល់ថា ដីប្រឡាយរបស់រដ្ឋ ប៉ុន្ដែអាជ្ញាធរបែរជាយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនគាត់ទៅវិញគឺលក់ទឹកប្រឡាយនោះ។ ប្រសិនមានពលរដ្ឋណាចង់ បូមទឹកដាក់ស្រែ ឬស្រោចដំណាំត្រូវចំណាយ ៤៥ ម៉ឺនរៀល។ បើគ្មាន លុយឲ្យស្រូវទៅអាជ្ញាធរ ១៨០ គីឡូក្រាម។ ប្រសិនគ្មានលុយ ឬគ្មាន ស្រូវឲ្យអាជ្ញាធរទេ ពលរដ្ឋគ្មានសិទ្ធិបូមទឹកនេះប្រើប្រាស់ទេ»។
លោក នួន ម៉េង មេឃុំឫស្សីស្រុកឲ្យដឹងពីម្សិលមិញថា មកដល់ពេលនេះលោកមិនទាន់ឃើញក្រុមការងារថ្នាក់ស្រុកពាមជរ និងថ្នាក់ខេត្តព្រៃវែង ចុះមកជួយរកដំណោះស្រាយជុំវិញទំនាស់ទឹកប្រឡាយនេះនៅឡើយ។ លោកថា លោកក៏បានព្យាយាមសម្របសម្រួលជាច្រើនលើកដែរ ប៉ុន្តែមិនមានលទ្ធផល។
លោកបញ្ជាក់ថា៖ «ព្រោះកាលពី ប៉ុន្មានថ្ងៃមុននេះខាងក្រុមការងារបានសន្យាថាចុះមកជួយដោះស្រាយ តែឥឡូវនេះខ្ញុំអត់ទាន់ឃើញទេ។ ប្រហែលស្អែក ឬខានស្អែកទើបពួកគាត់ចុះមក ឬយ៉ាងណាទេ ព្រោះពួកគាត់មិនបានប្រាប់ខ្ញុំផង»។
ប៉ុន្តែលោក ហង្ស ឆាំឆាន បានបដិសេធការចោទប្រកាន់នេះដោយលោកថា នេះ គឺជាការមួលបង្កាច់ខុសពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ហើយថា លោកមិនពាក់ព័ន្ធនឹងការទាមទារតម្លៃទិញទឹកប្រឡាយបូមដាក់ស្រែនោះទេ។
លោកបញ្ជាក់ថា លោកគ្រាន់តែជាអ្នកសម្របសម្រួល និងប្រឹក្សាយោបល់ជាមួយអាជ្ញាធរក្នុងមូលដ្ឋានប៉ុណ្ណោះ។ លោកបានបន្ថែមថា បញ្ហាដែលអូសបន្លាយជាច្រើនឆ្នាំកន្លងមកនេះ គឺដោយសារមានឧកញ៉ាម្នាក់នៅពីក្រោយខ្នងចាំញុះញង់ឲ្យប្រជាពលរដ្ឋប្ដឹងលោក និងតវ៉ាជាមួយអាជ្ញាធរមូលដ្ឋាន។
លោក ហង្ស ឆាំឆាន បញ្ជាក់ថា៖ «ខ្ញុំត្រូវបានបក្សចាត់តាំងឱ្យចុះមូលដ្ឋាននៅឃុំឬស្សីស្រុក តាំងពីឆ្នាំ ២០០៦ មកម្លេះ ដើម្បីជួយប្រជាជនយកសំឡេងឆ្នោត មិនមែនចុះទៅរកស៊ីនោះទេ ហើយក៍គ្មានភារកិច្ចតាមមើលក្រុម បែន នួន ដែរ ហើយខ្ញុំរឹតតែគ្មានភារកិច្ចចុះទៅធ្វើប្រឡាយជាមួយអ្នកគ្រប់គ្រងប្រឡាយដែរ។ តែក្រុមការងារមានភារកិច្ចធ្វើអ្វីៗតាមសំណើរប្រជាជន រហូតឃុំនេះ ឈ្នះសន្លឹកឆ្នោតបាន ៨០ ភាគរយ ហើយខ្ញុំមិនដែលស្គាល់អ្នកកាន់កាប់ប្រឡាយទេ ព្រោះថា អ្នកទាំងនោះ គឺមេភូមិ នឹងមេឃុំឬស្សីស្រុក ជាអ្នករើស»។
លោកបន្ថែមថា ករណីនេះមានតែបុគ្គល ៣ នាក់ ដែលមានឈ្មោះ អ៊ុន ប៉ោន ប៊ូ សាវុទ្ធ និង ពេជ្រ ហូរ គឺជាអ្នកធ្វើការបូមចាប់តាំងពីស្ដារប្រឡាយលើកដំបូង ហើយបានរត់ចោលពីការងារនេះ។ ដោយពួកគាត់នេះបានលុយរាប់សិបលានរៀល នឹងខ្លះទៀតបានជំពាក់ថ្លៃទឹកប្រឡាយទៀតផង៕