កំពង់ឆ្នាំង: ប្រជាពលរដ្ឋ​ចំនួន​ ៥៣ ​គ្រួសារ​ ក្នុង​ភូមិ​អន្លង់ព្រីង ឃុំ​ឈាន​ឡើង ស្រុក​សាមគ្គី​មានជ័យ​បាន​ចោទប្រកាន់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយ​កន្លែង​បាន​បង្ហូរទឹក​កខ្វក់​ដែល​មាន​ក្លិនស្អុយ​ចូល​ប្រឡាយ​សាធារណៈ ហើយ​កាលពី​ម្សិលមិញ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​។

អ្នកស្រី ជា សាម៉ាត់ អាយុ​ ៤៦ ​ឆ្នាំ​ ជា​អ្នកភូមិ​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ​ជា​កម្មសិទ្ធិ​របស់​លោក ស៊ឺ ម៉ៅ ដោយ​គាត់​បាន​បង្ហូរ​ទឹកស្អុយ​ចេញពី​កសិដ្ឋាន​ចូលមក​ប្រឡាយ​សាធារណៈ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន ៥៣ ​គ្រួសារ​ រស់នៅ​អម​មាត់​ប្រឡាយ​ប្រមាណ​ជាង​ ២ ​ហិកតា​។

អ្នកស្រី​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ហាក់​ដូចជា​មិនសូវ​ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​ទេ ទោះបី​ធ្លាប់​បាន​សំណូមពរ និង​ប្តឹង​ឲ្យ​ជួយ​ទប់ស្កាត់​ក៏ដោយ​។

លោកស្រី សាម៉ាត់ ថ្លែងថា​ប្រឡាយ​នេះ​មាន​ប្រវែង​វែង ពលរដ្ឋ​ ៥៣ ​គ្រួសារ​គាត់​រស់នៅ​អម​មាត់​ប្រឡាយ​។

លោក អ៊ី ផល្លា អាយុ​ ៥២ ​ឆ្នាំ អ្នកភូមិ​ម្នាក់ទៀត​បាន​ឲ្យ​ដឹងផង​ដែរ​ថា ពួកអ្នកស្រី​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​មក​ពិនិត្យ និង​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​ទឹក​ប្រឡាយ​ក្នុង​ភូមិ​បានជា​ធម្មតា​វិញ​។ ដោយ​បញ្ឈប់​ការបង្ហូរ​ទឹកស្អុយ​ចេញពី​ស្រះ​ចិញ្ចឹម​ត្រី​ទាំងនេះ ព្រោះ​ទឹក​កខ្វក់​ដែល​ចេញពី​កសិដ្ឋាន​បាន​សាយភាយ​ក្លិនស្អុយ​ដល់​អ្នកភូមិ​រយៈពេល​ជាង ២ ​ឆ្នាំ​ហើយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកភូមិ និង​សត្វ​គោក្របី​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ទឹក​ប្រឡាយ​ដែល​ពលរដ្ឋ​ធ្លាប់​ប្រើប្រាស់​នេះ​គឺ​យើង​ប្រើប្រាស់​លែងកើត​ហើយ ព្រោះ​វា​ស្អុយ​មាន​រោគ ជាពិសេស​មាន​ជាតិគីមី​នៅក្នុង​ទឹក​ហ្នឹង​ដែរ​។ អ៊ីចឹង​សូម​អាជ្ញាធរ​ជួយ​ចាត់វិធានការ​ផង ប៉ះពាល់​ពលរដ្ឋ​ខ្លាំងណាស់​»​។

លោក រស់ ខុម មេភូមិ​អន្លង់​ព្រីង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កសិដ្ឋាន​ចិញ្ចឹម​ត្រី​មាន​ផ្ទៃដី ៧ ​ហិកតា​នេះ​មាន​ស្រះ​ត្រី​ ៧ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ស៊ឺ ម៉ៅ ដែល​តែងតែ​បើកទឹក​កខ្វក់​បង្ហូរ​ចូលក្នុង​ប្រឡាយទឹក​ដែល​នៅ​កណ្ដាល​ភូមិ​ដោយ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ធ្លាប់​ប្រើប្រាស់​ទឹក​ប្រឡាយ​នេះ​។

លោក ស៊ឺ ម៉ៅ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា កាលពី​ឆ្នាំ​ ២០១៧ លោក​ពិតជា​ធ្លាប់​បាន​បង្ហូរ​មែន ប៉ុន្ដែ​រយៈពេល​ជិត ២ ​ឆ្នាំ​ចុងក្រោយ​នេះ​លោក​បាន​ឈប់​បង្ហូរទឹក​ចេញពី​កសិដ្ឋាន​ហើយ ដោយ​លោក​បាន​ជីក​ស្រះ​ ១ ​នៅក្នុង​ដី​នោះ សម្រាប់​ស្ដុក​ទឹកស្អុយ​។

លោក ម៉ៅ ថ្លែង​ថា​៖ «​ខ្ញុំ​សុំ​ឲ្យ​ពលរដ្ឋ​ពិនិត្យមើល​ដើមហេតុ​ឲ្យ​ច្បាស់​កុំ​មក​ចោទប្រកាន់​តែ​កសិដ្ឋាន​ខ្ញុំ​ពេក ហើយ​អាជ្ញាធរ​ក៏​គាត់​តែងតែ​ចុះមក​​ពិនិត្យ​កសិដ្ឋាន​ខ្ញុំ គឺ​គ្មាន​និយាយ​ពី​បញ្ហា​អ្វី​ទេ​»​។ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​ទីតាំង​កសិដ្ឋាន​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​នោះ​ហើយ​។

លោក​ថ្លែង​ថា​៖ «​មន្ត្រី​ជំនាញ​ខ្ញុំ និង​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង​គាត់​នាំគ្នា​ចុះទៅ​ពិនិត្យ​នៅ​ព្រឹក​ថ្ងៃទី​ ២៣ ខែមេសា​នេះ​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​បានដឹង​ពី​លទ្ធផល​ត្រួតពិនិត្យ​នេះ​ទេ​»៕