មណ្ឌលគិរីៈ អាជ្ញាធរ​បាន​កោះ​ហៅ​អនុប្រធាន​ភូមិ​ម្នាក់ និង​អតីត​នាយក​សាលា​ម្នាក់​ទៅ​សួរ​នាំ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​នេះ បន្ទាប់ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ៥៥ ​គ្រួសារ​បាន​ប្តឹង​ពួកគេ​រឿង​លក់​ដី​យ៉ាង​ហោចណាស់​ ៥៩ ​ហិកតា​ឲ្យ​ថៅកែ​សាំង​ម្នាក់​នៅ​ក្នុង​ក្រុង​សែនមនោរម្យ​។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ៥៥ ​គ្រួសារ​នៅ​ភូមិ​ពូរ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ឃុំ និង​អង្គការ​អាដហុក​ ខេត្ត​មណ្ឌលគិរី​កាលពី​សប្តាហ៍​មុន ដើម្បី​សុំ​អន្តរាគមន៍​រក​ដំណោះស្រាយ​រឿង​លក់​ដី​សហគមន៍​នៅ​ភូមិ​ពូរ៉ាង​។

ប្រធាន​សហគមន៍​លោក ​ញ៉ាន ស្រេវ ​បាន​ឲ្យ​ដឹង​ថា​លោក​ សេង យិ ដែល​បច្ចុប្បន្ន​ជា​អនុភូមិ និង​ជា​អតីមេភូមិ​ពូរ៉ាង ហើយ​នឹង​ឈ្មោះ​ យ៉ន សារិទ្ធ ​អតីត​នាយក​សាលាបឋមសិក្សា​ពូរ៉ាង​បាន​លួច​លក់​ដី​យ៉ាង​ហោចណាស់​ ៥៩ ​ហិកតា​ទៅ​ឲ្យ​ឈ្មោះ​ ស្រេង ឡន ដែល​ជា​ថៅកែ​លក់​សាំង​ម្នាក់​នៅ​ក្នុង​ក្រុង​សែនមនោរម្យ ដោយ​មាន​ការ​ស៊ីញ៉េ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ដើម​ឆ្នាំ​ ២០១៨ ​នេះ​។

លោក ស្រេវ ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «​យើង​អត់​ដឹង​គេ​លក់​ទេ​។ ទាល់​តែ​គេ​ឈូសឆាយ​ដី​រុញ​នឹង​អាត្រាក់​បាន​ដឹង​។ មួយ​កន្លែង​ទៀត គេ​កំពុង​តែ​ធ្វើ​របង​។ លក់​ដី​ហ្នឹង​ល្មើស​ [​ច្បាប់​] ​តែ​ម្តង​អ៊ីចឹង​បាន​ប្តឹង​»​។

លោក​បន្ត​ថា​ ​ក្រោយ​ពេល​ដឹង​រឿង​លក់​ដី​នោះ​សហគមន៍​បាន​ទៅ​សួរ​អាជ្ញាធរ​ឃុំ​ពី​រឿង​នេះ ហើយ​សាលា​ឃុំ​បាន​ប្រាប់​ថា​ដី​ដែល​លក់​នោះ​មាន​ទំហំ​ ៥៩ ​ហិកតា​។ ប៉ុន្តែ​ផ្ទៃដី​ដែល​សហគមន៍​បាន​ចុះ​ចុច GPS និង​ពិនិត្យ​ជាក់ស្តែង ឃើញ​ថា​ដី​ដែល​បាត់បង់​មាន​រហូត​ដល់​ទៅ​ ៦៣ ​ហិកតា​ឯនោះ​។ សហគមន៍​បាន​កំណត់​ព្រំប្រទល់​ព្រៃ​សហគមន៍​អស់​ហើយ និង​ត្រូវ​បាន​ចុះបញ្ជី​បឋម​រួចរាល់​ជាមួយ​​នឹង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​មាន​អង្គការ​ភូមិ​ខ្ញុំ​ជា​អ្នក​ជួយ​ជ្រោមជ្រែង​។

លោកស្រី​ ក្វាន់ ត្រែល ​មេឃុំ​សែនមនោរម្យ​បាន​ទទួល​ស្គាល់​ថា​អាជ្ញាធរ​ឃុំ​បាន​ស៊ីញ៉េ​លើ​ឯកសារ​ទិញ​លក់​ដី​នោះ​មែន ព្រោះ​ថា​ភាគី​អ្នកលក់​ទាំង​ ២ ​នាក់​មាន​ឯកសារ​កាន់កាប់​ដី​នោះ ដែល​ចេញ​ដោយ​មេឃុំ​ចាស់​កាលពី​ឆ្នាំ​ ២០០៨​។ ម្យ៉ាង​វិញ​ទៀត​សាលា​ឃុំ​ក៏​មិន​បាន​ដឹងថា ដី​នោះ​វា​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​សហគមន៍​នោះ​ដែរ​។ សហគមន៍​ទៅ​ចុច​ GPS ​លើ​ដី​ហ្នឹង​ថា​ជា​ដី​សហគមន៍​។ ខាង​លោក​ យិ និង​ សារិទ្ធ ​ហ្នឹង​បាន​ផ្ទេរ​ដី​ឲ្យ​គេ​ [​ឈ្មោះ​ ស្រេង ឡន​] ​អ៊ីចឹង​មេឃុំ​ក៏​យោង​តាម​ប្លង់​កាន់កាប់​ចាស់​ចេញ​ឆ្នាំ​ ២០០៨ ក៏​ធ្វើ​ [​ស៊ីញ៉េ​] ​ឲ្យ​ទៅ ព្រោះ​អត់​ដឹង​ថា​មាន​ផល​ប៉ះពាល់​អី​លើ​ដី​សហគមន៍​ទេ​។

លោក​ សេង យិ អនុប្រធាន​ភូមិ​ពូរ៉ាង​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ទាក់ទង​នឹង​រឿង​សហគមន៍​ចោទ​ថា​លួច​លក់​ដី​នេះ​។ ទោះ​យ៉ាង​ណា​លោក​ អ៊ុង សេរីវុទ្ធី ​មេភូមិ​ពូរ៉ាង​បាន​អះអាង​ថា​លោក​បាន​ពិនិត្យ​ឯកសារ​ដី​នោះ និង​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដី​នោះ​ផ្ទាល់ ហើយ​ឃើញ​ថា​អ្នក​លក់​មាន​លិខិត​កាន់កាប់​ដី​នោះ​កាលពី​អំឡុង​ឆ្នាំ​ ២០០០ ​មក​ទើប​ហ៊ាន​ស៊ី​ញ៉េ​ទទួល​ស្គាល់​លើ​ការទិញ​លក់​នោះ​។ ហើយ​ភាគី​អ្នក​លក់​ទាំង​ ២ ​នាក់​បាន​កាន់កាប់​ដី​នោះ នៅ​មុន​ពេល​សហគមន៍​នោះ​ត្រូវ​បាន​បង្កើត​ទៅ​ទៀត​។ ដី​ដែល​លក់​នោះ​មាន​មួយចំណែក​ជា​របស់​លោក​ យិ និង​មួយ​ចំណែក​ទៀត​ជា​របស់​លោក​ សារិទ្ធ ដែល​នៅ​ជាប់​គ្នា​សរុប​មាន​ ៥៩ ​ហិកតា​។

លោក​ សុក រដ្ឋា ​អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​បាន​ឲ្យ​ដឹង​ថា ផែនទី​ព្រាង​បឋម​ដែល​សហគមន៍​បាន​ដាក់​សុំ​ចុះបញ្ជី​នៅ​មន្ទីរ​ដែនដី​ខេត្ត​បាន​បង្ហាញ​ថា ដី​សហគមន៍​នោះ​មាន​ទំហំ​ជាង​ ៧៦១ ​ហិកតា​។ តាម​ការចង្អុល​បង្ហាញ​របស់​សហគមន៍​ឃើញ​ថា ដី​នោះ​គឺជា​ដីព្រៃ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​នឹង​សហគមន៍ ដើម្បី​ចុះ​បញ្ជី​ដី​នោះ​ជា​ដី​សមូហភាព​របស់​​សហគមន៍​។ អាជ្ញាធរ​ជា​អ្នក​ទទួល​ស្គាល់​ដី​នោះ​ជាមួយ​នឹង​សហគមន៍​ក្នុង​ការ​ចុះបញ្ជី​ជា​ដី​សមូហភាព ហើយ​បើ​បែរ​ជា​ស៊ីញ៉េ​លក់​ដី​នោះ​ទៀត​នោះ​គឺជា​កំហុស​ទាំង​ស្រុង​របស់​អាជ្ញាធរ​។

ភ្នំពេញ​ ប៉ុស្តិ៍ ​មិន​អាច​ស្វែងរក​ទំនាក់ទំនង​ជាមួយ​អ្នក​ទិញ​ដី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕