The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ ៥ ​នាក់​ត្រូវ​តុលាការ​ហៅ​សួរ​តាម​បណ្ដឹង​មន្ត្រី

ពលរដ្ឋ​ ៥ ​នាក់​ត្រូវ​តុលាការ​ហៅ​សួរ​តាម​បណ្ដឹង​មន្ត្រី

Content image - Phnom Penh Post
ក្រុម​ពលរដ្ឋ​ពេល​កំពុង​ពិនិត្យ​ទីតាំង​ដី​រដ្ឋ​ដែល​គេ​ថា​មន្ត្រី​ចេញ​ប្លង់​ឱ្យ​ឯកជន​។ រូបថត Fresh News

ពលរដ្ឋ​ ៥ ​នាក់​ត្រូវ​តុលាការ​ហៅ​សួរ​តាម​បណ្ដឹង​មន្ត្រី

ភ្នំពេញៈ ​តំណាង​ពលរដ្ឋ​ ៥ ​នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​តាកែវ​កោះ​ហៅ​កាលពី​ម្សិលមិញ​ដើម្បី​សាកសួរ​តាម​បណ្ដឹង​លោក ហ៊ួត ប៊ុនលីម ប្រធាន​ការិយាល័យ​សុរិយោដី​ក្រុង​ដូនកែវ​ដែល​ប្ដឹង​ពួកគេ​ពី​បទ​ «​បរិហារ​បង្កាច់​កេរ្តិ៍​» ​បន្ទាប់ពី​ពលរដ្ឋ​ ៥៦ ​គ្រួសារ​ប្ដឹង​មន្ត្រី​រូប​នេះ​ទៅ​ថ្នាក់​លើ​រឿង​ចេញ​ប្លង់ដី​កម្មសិទ្ធិ​​មិន​ប្រក្រតី​លើ​ដី​ផ្លូវ​សាធារណៈ​ថៅកែ​ស្ថានីយ​លក់​សាំង​ម្នាក់​។

តាម​ដីកាកោះ​របស់​លោក ទេព មុនិន្ទ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ​ចុះ​កាលពី​ថ្ងៃ​ទី​ ៣១ ខែ​ឧសភា ឆ្នាំ​នេះ​បាន​អញ្ជើញ​ឈ្មោះ​ ស ចាន់ដារ៉ា ភេទ​ប្រុស​, ឯម សារឿន ភេទ​ប្រុស​, សូ ធីតា ភេទ​ស្រី​, ឯម ផង់រចនា ភេទ​ស្រី និង​ឈ្មោះ​ ឯម ផង់ម៉ីម៉ី ភេទ​ស្រី បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្នល់​បែក​សង្កាត់​រកា​ក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ​ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃទី​ ១២ មិថុនា ២០១៨ វេលា​ម៉ោង​ ៨ ​និង​ ៣០ ​នាទី​ព្រឹក​ជា​កំណត់​។

លោក ឯម សារឿន តំណាង​ពលរដ្ឋ​ ៦ ​គ្រួសារ​រស់នៅ​សង្កាត់​រកា​ក្រៅ​បាន​ថ្លែង​ថា​ពួកលោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ទេ ដោយ​គ្រាន់​តែ​ផ្ដិត​មេដៃ​ប្ដឹង​ជំទាស់ លោក ហ៊ួត ប៊ុនលីម ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ពាក់ព័ន្ធ​ការចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​រដ្ឋ​ឱ្យ​ថៅកែ​សាំង ឈ្មោះ ណុប ម៉ារីយ៉ាន អាយុ​ ៥០ ​ឆ្នាំ និង​ប្ដី​ឈ្មោះ​​ នួន ផុន អាយុ​ ៥៣ ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​មន្ត្រី​រូប​នេះ​បែរ​ជា​ប្ដឹង​ពួកគាត់​ពី​រឿង​បរិហារ​បង្កាច់​កេរ្ដិ៍​ទៅវិញ​។

លោក​ថា​៖ «​ក្នុង​លិខិត​កោះហៅ​នោះ ប្ដឹង​ខ្ញុំ​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ ប៉ុន្ដែ​ការពិត​ខ្ញុំ​អត់​បាន​ធ្វើ​សកម្មភាព​ ឬ​និយាយ​​អ្វី​ប៉ះពាល់​គាត់​ទេ ខ្ញុំ​គ្រាន់​តែ​មិន​​ពេញចិត្ត​ដែល​យក​ដី​រដ្ឋ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​...»​។

លោក ផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារង​នៃ​សាលា​ដំបូង​ខេត្ត​តាកែវ​បាន​ឱ្យ​ដឹង​ថា លោក​បាន​ទទួល​ដំណឹង​នេះ ប៉ុន្ដែ​អ្នក​ទាំង​ ៥ ​នាក់​កំពុង​ត្រូវ​ចៅក្រម​សួរ «​ខ្ញុំ​អត់​ទាន់​អាច​ប្រាប់​ព័ត៌មាន​លម្អិត​ជុំវិញ​ករណី​នេះ​បាន​ទេ​ព្រោះ​ចៅក្រម​កំពុង​សួរ ហើយ​ក៏​មិន​ដឹង​ពេលណា​សួរ​ចប់​ដែរ​»​។

លោក ហ៊ួត ប៊ុនលីម ជា​ដើម​បណ្ដឹង​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​រឿង​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

តាម​លិខិត​លោក លឹម វាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចុះ​ថ្ងៃ​ ៣០ មេសា ឆ្នាំ​នេះ​បាន​បង្ហាញ​ថា​ករណី​តំណាង​ពលរដ្ឋ​ ៥៦ ​គ្រួសារ​ប្ដឹង​ឈ្មោះ ហ៊ួត ប៊ុនលីម ពី​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​សាធារណៈ​នេះ ក្រសួង​សូម​ឱ្យ​លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​តាកែវ រាយការណ៍​បំភ្លឺ​ឱ្យ​បាន​ច្បាស់​ចំពោះ​បណ្ដឹង​ពលរដ្ឋ​។

លោក នួន សុធា កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ​។

តាម​បណ្ដឹង​របស់​ពលរដ្ឋ​​ដែល​បាន​ប្ដឹង​ទៅ​លោក ជា សុផារ៉ា កាលពី​ថ្ងែ​ទី​ ២ មីនា ឆ្នាំ​នេះ​បាន​បង្ហាញ​ថា​ស្នើសុំ​ឱ្យ​លោក​រដ្ឋមន្ត្រី​ជួយ​ពិនិត្យ​មើល​សកម្មភាព លោក ហ៊ួត ប៊ុនលីម ជា​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ក្រុង​ដូនកែវ​ដែល​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ទៅ​ឈ្មោះ ណុប ម៉ារីយ៉ាន និង​ឈ្មោះ នួន ផុន ខណៈដី​នេះ​ជា​របស់​សាធារណៈ និង​មាន​ប្រព័ន្ធ​លូ​ទឹកស្អុយ​ហូរ​ពី​ផ្ទះ​ពលរដ្ឋ​ចូល​មក​ក្នុង​លូ​សាធារណៈ​នេះ​។ ម្យ៉ាង​ទៀត​ដី​ចំណុច​នេះ​ត្រូវ​បាន​អភិបាល​ខេត្ត​មុនៗ​បាន​​បដិសេធ​មិន​ឱ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ថែម​ទៀត​ផង​៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។