តាកែវៈ ពលរដ្ឋ​នេសាទ​ចំនួ​ន ៥ ភូមិ ក្នុង​ឃុំ​កំពង់​ក្រសាំងបា​ន​នាំ​គ្នា​ទៅ​​តវ៉ា​ នៅ​សាលា​ស្រុក​បុរី​ជលសា​ ទាមទារ​សុំឱ្យ​អាជ្ញា​ធរ​​អនុញ្ញាត​ឱ្យ​ពួកគាត់​ប្រើប្រាស់​ឧបករណ៍​នេសាទ​លប​ពោះ​វៀ​ន​ជ្រូក​ ឬ​ប្រើស ១០០ វិញ ដើម្បី​​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ប៉ុន្តែ​ អាជ្ញាធរ​បាន​បដិសេធ​ ដោយសារ​តែ​ឧបករណ៍​នេសាទ​ប្រភេទ​នេះ​ គឺ​ខុស​ច្បាប់។

លោក ប៊ៀ​ក វណ្ណៈ ជា​អ្នក​នេ​​សាទ​អាយុ ៣៤ ឆ្នាំ​ បាន​ប្រា​ប់​ភ្នំពេញ​ប៉ុស្ដិ៍​​ថា កាលពី​ថ្ងៃទី​ ១​៦ ខែ​ កក្កដា ប្រជាពល​រដ្ឋ​ជិត ១០​០ នាក់ ​មកពី​ភូមិ​ទាំង ៥ នៃ​ឃុំ​កំព​ង់​ក្រសាំង ដូចជា​ភូមិ​បុរី​ជល​សា កំពង់​ក្រសាំង ក្ដុល​ជ្រំ សង្គម​មានជ័យនិង​ភូមិ​ព្រែក​ខ្សាច់បា​ន​នាំគ្នា​ទៅ​តវ៉ា​ នៅ​សា​លា​​​ស្រុក ដើម្បី​ស្វែងរក​ដំណោះស្រាយជុំវិញ​ការហាមឃាត់មិនឱ្យ​ប្រើ​ឧបករណ៍​នេ​សាទ​ប្រើស ១០​០ ពីព្រោះ​​ការ​ទប់ស្កាត់​មិនឱ្យ​ប្រើ​ឧបករណ៍​ប្រភេទ​នេះ គឺ​ធ្វើឱ្យ​ជីវភាព​ពួកគាត់កាន់តែ​ប្រឈ​ម​នឹង​ការខ្វះ​ខាត ដោយសារ​នេសាទ​ត្រី​លែង​បាន ខណៈ​អ្នក​ខ្លះ​កំពុង​ជំពាក់​លុយ​ធនាគារ អ្នកខ្លះ​ទៀត​ទើប​ជួបប្រទះ​នឹង​គ្រោះ​មហន្តរាយ​ខ្យល់​ព្យុះ​​រលំ​ផ្ទះ រួមទាំង​ការ​ធ្វើ​ស្រែ​កាល​ពី​ឆ្នាំមុន​ត្រូវ​ខាតបង់​ជាដើម។

លោកបន្ត​​ថា៖ «កាល​នៅ​ប្រើ​ឧបករណ៍​ហ្នឹង ១ ថ្ងៃ ​អាច​រក​បាន ៤៥ ម៉ឺន​រៀល ប៉ុន្តែ​អ្នក​ពូកែ​ដាក់​វិញ គឺអាច​រកបាន​ជិត ១០ ម៉ឺន​រៀល ​អ៊ីចឹងទៅ ហើយ​ឥឡូវ​ហ្នឹង​គេ​អនុញ្ញាតឱ្យ​ប្រើតែ​មង​ប្រវែង ១០០ ម៉ែត្រ​ទេ ប៉ុន្តែ​ប្រើ​មង ១០០ ម៉ែត្រ​យកមក​ទប់​​​ទល់​ជីវភាព​យ៉ាង​ម៉េច បើ​រកត្រី​សម្រាប់​ស្ល​មិន​ចង់​គ្រាន់​ផង កុំ​ថា​ដើម្បី​លក់​បាន​លុយ»។

បើតាម​លោក វណ្ណៈ ពលរដ្ឋ​ខ្មែរ​រស់នៅ​ឃុំ​កំពង់​ក្រសាំង​ ស្ទើរតែ​ទាំងអស់គឺ​នាំគ្នា​ប្រើ​ប្រា​ស់​ឧបករណ៍​នេសាទ​ប្រើស​ ១០០ នេះ ប៉ុន្តែ​វា​អាច​រកបាន​ខ្យង​និង​ក្ដាម​ច្រើនជាង​ត្រី និង​មិន​ធ្វើឱ្យ​ប៉ះពាល់​កូន​ត្រី​ដូចជា​ស្បៃ​​មុង​​នោះ​ឡើយ។

លោក​បន្តថា បន្ទាប់ពី​អាជ្ញាធរ​បាន​ចុះ​ទៅ​ហាមឃាត់​ប្រជា​នេសា​ទ ​មិនឱ្យ​ប្រើ​ឧបករណ៍នេសាទ​ប្រើ​ស​ ១០០ នេះ​កាលពី​សប្ដា​ហ៍​មុនគឺ​ពលរដ្ឋ​ចាប់ផ្ដើម​មាន​ក្ដី​កង្វល់​ អំពី​ជីវភាព​ទៅ​ថ្ងៃ​ខាង​មុ​ខ ហើយ​ប្រសិនបើ​គ្មាន​ដំណោះ​​ស្រាយ​នោះ វា​នឹង​ធ្វើឱ្យ​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​​វៀតណាម​ទាំងនេះត្រូវ​ប្រឈម​​​នឹង​ការធ្វើ​ចំណាក​ស្រុក។

លោក គីម សឺ​ង អ្នកនេសាទ​​ម្នាក់​ទៀត ​អាយុ ៣៧ ឆ្នាំ​ រស់​នៅ​ក្នុងភូមិ​ព្រែក​ខ្សាច់​ បាន​លើ​ក​​ឡើង​ដែរ​ថានៅ ពេល​រដូវវស្សា​មក​ដល់ គឺជា​ពេលដែល​អ្នក​​​ភូមិ​​ ចាប់ផ្ដើម​ចុះ​នេសាទ​ ប៉ុន្តែ​​លោក​​ថា ក្រោយពី​អាជ្ញាធរ​ហា​ម​​មិន​ឱ្យ​ប្រើ​ឧបករណ៍​ប្រើស ១០​០ មក គឺ​ពលរដ្ឋ​បាននាំគ្នា​ឈប់​ចុះ​នេសាទ ​និង​សម្រាក​នៅ​តែផ្ទះ។

លោក​ថា៖ «ទើបតែ​ឆ្នាំ​ហ្នឹង​​គេ​ហាម​មិន​ឲ្យប្រើ ហើយ​នៅពេល​ពួក​ខ្ញុំ​ឡើងទៅ​និយា​យ​ នៅ​សាលាស្រុក មន្ត្រី​សាលា​ស្រុ​ក​បាន​បញ្ជាក់​ថា ខាង​ស្រុក​អត់​ហ៊ាន​សម្រេច​ទេ ហើយ​គេ​ចាំ​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត»។

ទោះ​យ៉ាងណា​ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ​មិន​​អាច​ធ្វើតាម​ការតវ៉ារ​បស់​ពល​រដ្ឋ​​ទាំង​នេះ​បានទេ។

លោក​បញ្ជា​ក់​​ថា៖ «ការងារ​ហ្នឹង គឺ​យើង​យក​ច្បាប់​ជាធំហើយ​ច្បាប់​ដាក់​ចេញ​​គឺ​ត្រូវតែ​អនុវត្ត»។

កាលពី​ខែឧសភា ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសា​ទ​ បានចេញ​សារាចរ​ណែនាំ​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ នៅតាម​ខេត្ត​ក្រុង​ត្រូវ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ប្រើ​​ប្រាស់​បទល្មើស​ជល​ផល​ដោ​យ​​ប្រើប្រាស់​ឧបករណ៍​នេសាទ​លប​ពោះវៀន​ជ្រូក ​ឬ​ហៅថា​ ប្រើស​ ១០០ ឱ្យមាន​ប្រសិទ្ធភា​ព​​ខ្ពស់ក្រោយពី​ក្រសួង​បាន​សង្កេ​ត​ឃើញថាការប្រើប្រាស់​ឧបករ​​ណ៍​ខុសច្បាប់​នេះបន្ត​កើត​ឡើ​ង​គួរឱ្យ​ព្រួយ​បារម្ភ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ធនធាន​ត្រី។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​ក្រសាំង​ បឹង​នៅក្នុង​ស្រុក​បុរី​ជលសា​នេះ គឺជា​ដីស្រែ​ដែល​ត្រូវ​គោក​រយៈពេល ​៦ ខែ និង ៦ ខែ​ទៀត ទើប​មានទឹក​ឡើងមក​ពេញ ហើយ​ជា​ទម្លាប់​នៅពេល​រដូវវស្សា​ចូលមក​ដល់ អ្នក​ស្រុក​​បុរី​ជលសា​តែង​នាំ​គ្នា​ចុះ​នេសាទ​ត្រី​ដើម្បី​លក់ដូរ​ចិញ្ចឹម​ជីវិត៕