សៀមរាបៈ ប្រជាពលរដ្ឋ ៦១ គ្រួសារនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានតវ៉ាប្រឆាំងការដំឡើងអង់តែនសេវាទូរស័ព្ទក្រុមហ៊ុនមិត្តហ្វូនដោយហេតុផលថា នឹងមានវិទ្យុសកម្មធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ដែលរស់នៅជុំវិញនោះ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកតវ៉ាទាំង ៦០ គ្រួសារ ដែលបានធ្វើការតវ៉ាកាលពីថ្ងៃទី ៥ មេសា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះពីម្សិលមិញថា ការដំឡើងអង់តែនទូរស័ព្ទក្រុមហ៊ុនមិត្តហ្វូននៅក្នុងទីប្រជុំជននេះវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងសម្រាប់ការរស់នៅរបស់ពលរដ្ឋ ព្រោះអង់តែនទូរស័ព្ទ គឺជាទីប្រជុំរលកសំឡេងដ៏ធំវាផ្ទុកទៅដោយធាតុវិទ្យុសកម្ម ដែលបណ្តាលឱ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នករស់នៅក្បែរនោះជាពិសេសស្ត្រីដែលមានផ្ទៃពោះ។
អ្នកតវ៉ារូបនេះបន្តថា កន្លងមកអាជ្ញាធរបានពន្យល់ណែនាំប្រជាពលរដ្ឋ ជុំវិញបញ្ហាវិទ្យុសកម្មដែលយកសំអាងពីខាងអង្គការសុខភាពពិភពលោក ប៉ុន្តែលើកយកតែចំណុចវិជ្ជមានមកបញ្ជាក់ប៉ុណ្ណោះ មិនបានលើកយកពីចំណុចអវិជ្ជមាន និងផលប៉ះពាល់នៃវិទ្យុសកម្មប្រាប់ពលរដ្ឋឡើយ ហើយនៅពេលពលរដ្ឋតវ៉ាបែរជាដាក់បន្ទុកប្រជាពលរដ្ឋថា មិនគោរពតាមការណែនាំធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភលើបញ្ហាផ្លូវច្បាប់។
«អាជ្ញាធរធ្វើអ៊ីចឹង គឺចង់ឱ្យក្រុមហ៊ុនបានចំណេញលុយច្រើន។ នៅស្រុកគេគេរត់ខ្សែ អ៊ីចឹងហេតុអីនៅស្រុកខ្មែរអត់មានរត់ខ្សែដូចគេ ហើយដាក់តែអង់តែន? ធ្វើអ៊ីចឹងមានន័យថា ចង់ឱ្យក្រុមហ៊ុនចំណេញច្រើនដោយគ្មានគិតពីសុខទុក្ខរាស្ត្រ អត់មានអ្នកណាខ្វល់ពីសុខភាពរបស់ប្រជាជនទេ គឺខ្វល់តែរឿងលុយចូលហោប៉ៅខ្លួនឯង»។
ប៉ុន្តែអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបលោក លី សំរិទ្ធ ថ្លែងថា មុនពេលចេញច្បាប់អនុញ្ញាតឱ្យដំឡើងអង់តែនទូរស័ព្ទមន្ត្រីជំនាញបានពិនិត្យរួចរាល់ហើយ គឺមិនមានវិទ្យុសកម្មអ្វីទេ។ ប្រទេសកម្ពុជាមានការដំឡើងអង់តែនជាច្រើនកន្លែង បើមានវិទ្យុសកម្មដែលមានផលប៉ះពាល់មែននោះ វានឹងប៉ះពាល់ស្ទើរគ្រប់កន្លែងទៅហើយ។ បើតាមលោក សំរិទ្ធ បញ្ហាដែលគួរបារម្ភគឺទីតាំងដែលត្រូវដំឡើងត្រូវមានទំហំដី គម្លាត ជើងទម្រ និងគ្រឹះសមស្រប ចំណែកវិទ្យុសកម្មនោះ មិនមែនជាបញ្ហាគួរបារម្ភឡើយ។
លោកថា៖ «យើងនឹងចាត់ចែងឱ្យមន្ត្រីទៅពន្យល់ពួកគាត់ ប៉ុន្តែបើករណីដែលក្រុមហ៊ុនគេធ្វើបានត្រឹមត្រូវហើយពលរដ្ឋនៅតែរារាំង មិនឱ្យគេដំឡើង អាហ្នឹងគឺប្រឈមនឹងផ្លូវច្បាប់ហើយ ព្រោះមុនដំឡើងអង់តែនគឺគេមានអាជ្ញាបណ្ណពីក្រសួងប្រៃសណីយ៍ និងមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន» ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនមិត្តហ្វូនបានទេកាលពីម្សិលមិញ។
យ៉ាងណាក្តីលោក តុល ញ៉ាក់ អគ្គនាយកប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងថា អង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា រលក ហ្វ្រេកង់វិទ្យុ ឬទូរស័ព្ទ មិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅជុំវិញទេ។ ការសាយភាយរលកហ្វ្រេកង់វិទ្យុពីស្ថានីយអង់តែនមិនមែនជាការសាយភាយរលកវិទ្យុសកម្មឡើយ។
លោកថា៖ «គ្រប់ប្រទេសលើពិភពលោកក៏បានសាងសង់ និងប្រើប្រាស់ស្ថានីយអង់តែនដើម្បីផ្តល់សេវាទូរគមនាគមន៍ ដូចកម្ពុជាដែរ។ ប្រសិនបើមិនមានស្ថានីយអង់តែនក៏មិនអាចមានសេវាទូរស័ព្ទចល័តដែរ ហើយប្រសិនបើមានផលប៉ះពាល់ដល់សុខភាព ប្រទេសទាំងអស់ក៏នឹងគ្មានស្ថានីយអង់តែនដែរ»៕