ព្រះវិហារៈ សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ចំនួន​ ៦ ​នាក់​ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ឃុំ​ប្រមេរុ​ ស្រុក​ត្បែង​មានជ័យ​ ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​ពាក់ព័ន្ធ​នឹង​​សំណុំ​រឿង​បទចោទ​ប្រកាន់​ «​ចាប់​ឃុំឃាំង​ និង​បង្ខាំង​ដោយ​ខុស​ច្បាប់​» តាម​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​របស់​ចៅ​ក្រម​ស៊ើបសួរ​ឈ្មោះ ជៀន ស្រស់​។

លោក លូត សាំង ​មន្ត្រី​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ម្សិលមិញ​ថា​ នៅ​ថ្ងៃ​ទី​ ១៨ ​កញ្ញា​នេះ​តុលាការ​បាន​បើក​ការ​សាកសួរ​ពលរដ្ឋ​ទាំង​ ៦ ​នាក់​ មកពី​សហគមន៍​ឃុំ​ប្រមេរុ​ គឺ​ចាប់​ពី​ព្រឹក​រហូត​ដល់​ល្ងាច​ ​ហើយ​តុលាការ​បាន​សម្រេច​ឱ្យ​ពួកគេ​ទាំង​​ ៦ ​នាក់​ បន្ត​ស្ថិត​ក្រោមការ​ត្រួតពិនិត្យ​ពី​បទ​ចោទ​ប្រកាន់​ដដែល​ ដោយ​តម្រូវ​ឱ្យ​ទៅ​បង្ហាញ​ខ្លួន​ម្ដង​ក្នុង​មួយ​ខែ​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ឃុំ​ប្រមេរុ​។

លោក សាំង ថ្លែង​ថា​៖ ​«​ពួកគាត់​ទាំង​ ៦ នាក់ ​គឺ​មក​ឆ្លើយ​បំភ្លឺ​ ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ​ ប៉ុន្តែ​ពួកគាត់​ត្រូវ​តែ​បង្ហាញ​មុខ​នៅ​ប៉ុស្ដិ៍​ប៉ូលិស​នៅ​រៀង​រាល់ ១ ​ខែ​ម្ដង​»​។

លោក ជៀន ស្រស់ កាលពី​ថ្ងៃ​ទី​ ២៦ ខែ​ សីហា ​ឆ្នាំ​ ២០១៩ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមាជិក​របស់​សហគមន៍​ឃុំ​ប្រមេរុ​ទាំង​ ៦ នាក់​ ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​ ១៨ ខែ​ កញ្ញា​ ពី​បទ​ចោទ​ប្រកាន់​ «​ចាប់​ឃុំឃាំង​ និង​បង្ខាំង​ដោយ​ខុស​ច្បាប់»​ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ បុស្ស​ធំ ​ឃុំ​ប្រមេរុ​កាលពី​ថ្ងៃ​ទី​ ២៩ ខែ ​ធ្នូ​ ២០១៤​។

អ្នក​ទាំង​ ៦ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ម្សិលមិញ​នេះ​គឺ​កញ្ញា​ ឡន ម៉ាណ លោក សោម ផាន់​ លោក​ សុខ រាង និង​លោក រស់ ផុន ដែល​អ្នកទាំង​ ៤ ​រស់​នៅ​ក្នុង​ភូមិ​ស្រែព្រាង ខណៈ​លោក​ ថោង ស៊ុត​ និង​យុវជន ហ៊ាង រ៉ាម៉ូ រស់នៅ​ក្នុង​ភូមិ​ប្រមេរុ​។

កាលពី​ថ្ងៃ​ម្សិលមិញ​ភ្នំពេញ-ប៉ុស្ដិ៍​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​ទាំង​ ៦ នាក់​ នេះ​បាន​ទេ​ដោយសារ​លោក ថោង ស៊ុត មិន​លើក​ទូរស័ព្ទ ខណៈ​អ្នកផ្សេង​ទៀត​មិន​ប្រើប្រាស់​ទូរស័ព្ទ។ ​ចំណែក យុវជន ហ៊ាង រ៉ាម៉ូ ថា​​មិន​ចង់​និយាយ​ជា​មួយ​សារព័ត៌មាន​ឡើយ​ ដោយ​ជំរុញ​ឱ្យ​ទៅ​សួរ​មេធាវី​វិញ​ ខណៈ​លោក សេក សោភ័ណ្ឌ មេធាវី​ការពារ​ក្ដី​ក៏​​មិន​លើក​ទូរស័ព្ទ​ដែរ​។

ប៉ុន្តែ​យុវជន​ឈ្មោះ ហ៊ាង រ៉ាម៉ូ បាន​លើក​ឡើង​នៅ​ក្នុង​ឃ្លីបវីដេអូ​មួយ​បង្ហោះ​តាម​ហ្វេសប៊ុក​ក្រោយ​ពេល​ត្រូវ​បាន​តុលាការ​សាកសួរ​នៅ​ថ្ងៃ​ម្សិលមិញ​ថា​ រូបគេ​បាន​ប្រាប់​តុលាការ​ថា​ គឺ​មិន​បាន​ចូលរួម​ក្នុង​ការតវ៉ា​កាលពី​ខែ​ធ្នូ​ឆ្នាំ​ ២០១៤ ​ឡើយ​ដោយសារ​ពេល​នោះ​ជាប់​រវល់​ទៅ​ចូលរួម​ពិធី​មង្គលការ​គេ។

លោក​ថា​ បន្ទាប់​ពី​សាកសួរ​ចប់ ​ចៅក្រម​បាន​សម្រេច​មិន​ឃុំខ្លួន​ ប៉ុន្តែ​បាន​ដាក់​កំហិត​ឱ្យ​លោក​មិន​ត្រូវ​ផ្លាស់ប្ដូរ​លំនៅ​ និង​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្ដិ៍​ប៉ូលិស​រយៈពេល ១ ​ខែ​ម្ដង​។

លោក រ៉ាម៉ូ ថ្លែង​ថា​៖ ​«​ហើយ​ខាង​ចៅក្រម​គេ​ចង់​ឃុំខ្លួន ប៉ុន្តែ​ខ្ញុំ​បាន​សំណូមពរ​ថា​ មិន​ឱ្យ​ឃុំ​ខ្លួន​ទេ ដោយសារ​រឿង​ក្ដី​ដែល​គាត់​ចោទ​ប្រកាន់​ហ្នឹង ខ្ញុំ​អត់​ពាក់​ព័ន្ធ​ផង​»​។

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហេងហ្វូ នៅ​ឃុំ​ប្រមេរុ​មាន​ចំនួន​ ៣ ​ភូមិ​គឺ​ភូមិ ប្រមេរុ ភូមិ​ស្រែព្រាង និង​បុស្ស​ធំ​។

លោក ស៊ុត សាវន ប្រធាន​គណៈកម្មាធិការ​សហគមន៍​ឃុំ​ប្រមេរុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា​ ពលរដ្ឋ​ជិត​ ១០០ ​នាក់​មកពី​ឃុំ​ប្រមេរុ​បាន​ធ្វើ​ដំណើរ​តាម​គោយន្ត​មក​កាន់​សាលា​ដំបូង​ខេត្ត​ ដើម្បី​​លើក​ទឹកចិត្ត​ទៅ​ដល់​សមាជិក​ទាំង​ ៦ ​នាក់​ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ក្នុង​តុលាការ​។

លោក​បន្ត​ថា​សមាជិក​ទាំង​នោះ ៦ ​នាក់​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ឃុំឃាំង​ និង​បង្ខាំង​ដោយ​ខុស​ច្បាប់​គឺ​ពាក់ព័ន្ធ​នឹង​ការតវ៉ា​របស់​ពលរដ្ឋ​ដែល​មាន​គ្នា​ជាង​ ៣០០ នាក់​កាលពី​ចុង​ឆ្នាំ​ ២០១៤ ដើម្បី​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​ដីស្រែ​ និង​ដី​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន​ដាំ​ស្ករ​អំពៅ​ចិន​ឈ្មោះ ​ហេងហ្វូ ហើយ​ការតវ៉ា​នោះ​បាន​ឈាន​ទៅ​ឃាត់​គ្រឿង​ចក្រ​ ២ ​គ្រឿង​ និង​អ្នក​បើកបរ​ ២ ​នាក់​ទៅ​រក្សា​ទុក​នៅ​សាលា​ឃុំ​ប្រមេរុ​ដើម្បី​ដោះស្រាយ​។

លោក សាវន ថ្លែង​ថា៖ «ពលរដ្ឋ​នៅ​ឃុំ​ប្រមេរុ​បាន​នាំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ ២០១២ គឺ​ក្រោយពី​មាន​ក្រុមហ៊ុន​ចិន​ចូល​ទៅ​ឈូសឆាយ​ដីស្រែ ​និង​ដី​សហគមន៍ ប៉ុន្តែ​ទើប​នឹង​ ២០១៤ ​ប៉ុណ្ណោះ​គឺ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ​ដែល​ការតវ៉ា​ឈាន​ទៅ​ឃាត់​គ្រឿងចក្រ​ជា​លើក​ដំបូង។ ​ពលរដ្ឋ​តវ៉ា​ដើម្បី​បញ្ឈប់​ការឈូស​ឆាយ​ដី​ស្រែ​របស់​បងប្អូន​ហើយ​បាន​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​កាលពី​ថ្ងៃ​ទី​ ២៨ ​ហ្នឹង​ ប៉ុន្តែ​អត់​ឃើញ​អាជ្ញាធរ​ចេញ​ដោះ​ស្រាយ​ទេ​»​។

លោក​បន្ត​ថា​លុះ​មិន​ឃើញ​អាជ្ញាធរ​ចេញ​ដោះស្រាយ​ និង​ឈាន​ចូល​ដល់​រសៀល​ថ្ងៃទី​ ២៩ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៤ ពលរដ្ឋ​ក៏​សម្រេច​ឱ្យ​អ្នក​បើកបរ​បើក​គ្រឿង​ចក្រ​ទាំង​​ ២ ​គ្រឿង​បើក​គ្រឿងចក្រ​ទៅ​រក្សា​ទុក​នៅ​សាលា​ឃុំ ​ហើយ​មក​ដល់​ថ្ងៃ​ទី​ ៣០ មាន​មន្ត្រី​មកពី​ខេត្ត​ និង​ព្រះរាជអាជ្ញារង​ម្នាក់​ផង​បាន​ចុះ​មក​ដល់​សាលា​ឃុំ ប៉ុន្តែ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ឈូសឆាយ​ដី​ដែល​ពលរដ្ឋ​តវ៉ា​ឡើយ​ បែរ​ជា​មក​ដោះលែង​អ្នក​បើកបរ​គ្រឿងចក្រ​ទាំង​ ២ នាក់​វិញ​។

លោក ស៊ុត សាវន អះអាង​ទៀត​ថា​រហូត​មក​ដល់​ឆ្នាំ​ ២០១៧ គឺ​ជិត​មួយ​ខែ​ក្រោយ​ពី​ការបោះឆ្នោត​​ឃុំ​សង្កាត់​រួច​ ប៉ូលិស​ និង​ប៉េអឹម​ខេត្ត​ក៏​បាន​ចុះ​ទៅ​សាលា​ឃុំ​ប្រមេរុ​ម្ដង​ទៀត​ ដើម្បី​ប្រើ​រថយន្ត​សណ្ដោង​គ្រឿង​ចក្រ​ទាំង​ ២ ​គ្រឿង​ដែល​សហគមន៍​ឃាំង​រក្សា​ទុក​ក្នុង​សាលា​ឃុំ​តាំងពី​ឆ្នាំ​ ២០១៤ ​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​វិញ ហើយ​មក​ដល់​ឆ្នាំ​ថ្មីៗ​នេះ​ ស្រាប់តែ​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមាជិក​សហគមន៍​ ៦ នាក់​ចូល​ឆ្លើយ​បំភ្លឺ​អំពី​ការតវ៉ា​នោះ​ទៅ​វិញ​។

ចំណែក​លោក ធាង ហេង មេឃុំ​ប្រមេរុ​បាន​លើក​ឡើង​ថា​ ការតវ៉ា​របស់​សហគមន៍​កាលពី​ថ្ងៃទី​ ២៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៤ គឺ​លោក​មិន​ទាន់​បាន​ឡើង​ជា​មេឃុំ​នៅ​ឡើយ​ទេ ​ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា​ ការ​តវ៉ា​នោះ​មិន​មាន​ការប្រើប្រាស់​ហិង្សា​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ឡើយ​។

លោក ហេង ថ្លែង​ថា​៖ ​«​តាម​ខ្ញុំ​មើល​ទៅ​ គេ​គ្រាន់​តែ​សាកសួរ​ហើយ​​នៅពេល​ផុត​អាជ្ញាយុកាល​ចោទ​ប្រកាន់​ហ្នឹង​គឺ​មិន​អី​ទេ​ (​មិន​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ​)​»​។

លោក ឡោ ច័ន្ទ អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ព្រះវិហារ​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​ហេងហ្វូ​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរុ​ចំនួន​ ៩ ​នាក់​តាំងពី​ដើម​ឆ្នាំ ២០១៥ ពី​បទបង្ខាំង​មនុស្ស​ និង​គ្រឿងចក្រ​ដោយ​ខុស​ច្បាប់​ ​រួម​ទាំង​មន្ត្រី​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ ២ ផង​ពី​បទ​សម​គំនិត។​ លោក​ថា​ក្រោយ​មក​តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ និង​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ចំនួន​ ៦ នាក់​បន្ថែម​ទៀត​។

ទោះ​ជា​យ៉ាងណា​លោក​បន្ត​ថា​តាម​បទ​បញ្ជា​ ០០១ និង​គោលការណ៍​របស់​រដ្ឋាភិបាល​នៅ​ពេល​មាន​ការឈូស​ឆាយ​ដីធ្លី​ប៉ះពាល់​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ គឺ​ពលរដ្ឋ​មាន​សិទ្ធិ​នាំគ្នា​តវ៉ា​ដើម្បី​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​ដូច្នោះ​មិនមែន​ជា​ការ​តវ៉ា​ដោយ​​ខុស​ច្បាប់​ឡើយ​។

លោក ច័ន្ទ បាន​ថ្លែង​​ថា​៖ «ប្រសិន​បើ​ចៅក្រម​ចង់​ធ្វើ​ឱ្យ​មាន​យុត្តិធម៌​មែន​ គាត់​ត្រូ​វតែ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​ និង​ត្រូវ​យក​ចិត្ត​ទុកដាក់​ ថា​តើ​រឿង​ហ្នឹង​គ្រាន់​តែ​ប្រជាពលរដ្ឋ​ឃាត់​ក្រុមហ៊ុន​តាម​គោលការណ៍​របស់​រដ្ឋាភិបាល និង​តាម​បទបញ្ជា​ ០០១ ​ប៉ុណ្ណោះ ​ជា​រឿង​ល្មើស​ច្បាប់​ ឬ​ពួកគាត់​ធ្វើ​តាម​បទបញ្ជា​ (​របស់​​រាជរដ្ឋាភិបាល​)»៕